loader

លោក កឹម សុខាថា​ បើតុលាការដោះស្រាយរឿងលោកតាមផ្លូវច្បាប់គឺត្រូវតែទម្លាក់ចោលការចោទប្រកាន់

ភ្នំពេញ៖ លោក កឹម សុខា អះអាងថា បើតុលាការជំនុំជម្រះសំណុំរឿងរបស់លោក ដោយឈរទៅមូលដ្ឋានច្បាប់ នោះតុលាការត្រូវតែទម្លាក់បទចោទលើរូបលោក ព្រោះលោកថាច្បាប់ក៏គ្មាន ភស្ដុតាងដាក់បន្ទុកក៏គ្មាន ។ កន្លងទៅចៅក្រមស៊ើបសួរថាមានភស្ដុតាងដាក់បន្ទុករឿងក្ដីលោក កឹម​ សុខា គ្រប់គ្រាន់ ហើយមេធាវីរាជរដ្ឋាភិបាលក៏អះអាងថា មានភស្ដុតាងប្រហែលកន្លះឡានលើសំណុំរឿងលោក កឹម សុខា ។

រាយការណ៍ដោយ លោក សោម លាភ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិអះអាងប្រាប់អ្នកសារព័ត៌មានមុនសវនាការជំនុំជម្រះលើកទី ៣ នៃរឿងក្ដីរបស់លោកនៅថ្ងៃទី ២២ មករាថា បើតុលាការជំនុំជម្រះករណីសំណុំរឿងរបស់លោក ដោយឈរទៅគោលការច្បាប់ នោះតុលាការត្រូវតែទម្លាក់បទចោទលើរូបលោក ព្រោះលោកថាច្បាប់ក៏គ្មាន ភស្ដុតាងដាក់បន្ទុកក៏គ្មាន ខណៈលោកថាសកម្មភាពរបស់លោកស្របច្បាប់ទាំងអស់ ។

ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា ជំហានទី១ នៃសកម្មភាពនយោបាយរបស់លោក គឺឱ្យពលរដ្ឋយល់ដឹងពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជំហានទី២ គឺសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតផ្លាស់ប្ដូរជាវិជ្ជមាន មិនមែនធ្វើរដ្ឋប្រហារ ដែលលោកថានេះជាយុទ្ធសាស្ត្រច្បាស់លាស់របស់លោក ។ 

លោក កឹម សុខា អះអាងថា ភស្ដុតាងដែលមេធាវីតំណាងលោកដាក់ទៅតុលាការគឺគ្រប់គ្រាន់សម្រាប់ដោះបន្ទុកលោកហើយ ព្រោះនៅក្នុងវីដេអូនោះ គឺបញ្ជាក់ច្បាស់ថាលោកមិនមែនដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ ។

លោកក៏បានប្រាប់មូលហេតុ និងជំហររបស់លោក ពាក់ព័ន្ធនឹងអ្វីដែលលោកបានថ្លែងសន្ទរកថានៅប្រទេសអូស្ដ្រាលីបែបនោះ ។

នៅថ្ងៃជំនុំជម្រះកាត់ក្ដីលើកទី៣ លើ លោក កឹម សុខានេះ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសបុករបស់ខ្លួនម្ដងទៀតថា លោក កឹម សុខា ពាក់ព័ន្ធតិចជាងលោក សម រង្ស៊ី ឆ្ងាយណាស់ ក្នុងឧក្រិដ្ឋកម្មសន្ទិដ្ឋិភាពជាមួយបរទេស ។

លោកក៏បានបង្ហោះរូបថតជាច្រើនសន្លឹកដែលលោកអះអាងថា ជាភស្តុតាងថាលោកបានសហការជាមួយអង្គការបរទេសជាច្រើន ក្នុងគោលបំណងរៀបចំឲ្យមានការផ្លាស់ប្តូររបបនយោបាយ នៅប្រទេសកម្ពុជា ដែលលោកថាគឺផ្លាស់ប្តូរពីរបបផ្តាច់ការ មករបបប្រជាធិបតេយ្យ ។

សូមបញ្ជាក់ថា រឿងក្ដីលោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរអូសបន្លាយរយៈពេលប្រមាណ២ ឆ្នាំ ដើម្បីស៊ើបសួរ ។ ក្នុងរយៈកាលប្រមាណ ២ ឆ្នាំនោះ គឺលោកជាប់ពន្ធនាគារផង និងនៅគេហដ្ឋានក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ដែលជាការបំបិទសិទ្ធិសេរីភាពលោកជាខ្លាំង ។

បន្ទាប់ពីបិទការស៊ើបសួរ សំណុំរឿងក្ដីរបស់ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានបញ្ជូនទៅជំនុំជម្រះ ដែលចៅក្រមស៊ើបសួរបញ្ជាក់ថាមានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់សម្រាប់បទល្មើសក្បត់ជាតិមួយនេះ ។

មេធាវីការពារក្ដីខាងរាជរដ្ឋាភិបាលអះអាងថា ភស្ដុតាងដែលបញ្ជាក់ថាលោក កឹម សុខា ពិតជាបានប្រព្រឹត្តបទល្មើសតាមការចោទនោះ មានដល់ទៅកន្លះឡាន ។

យ៉ាងណារឿងក្ដីនេះ បើតាមប្រធានសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថាអាចនឹងប្រើពេលប្រមាណ ៣ ខែ ដោយមួយសប្ដាហ៍ជំនុំជម្រះ២ ថ្ងៃគឺនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍នៃសប្ដាហ៍នីមួយៗ ។ ថ្ងៃនេះគឺជាថ្ងៃជំនុំជម្រះលើកទី ៣បន្ទាប់ពីជំនុំជម្រះកាលពីសប្ដាហ៍មុនពីរលើកមកហើយ ។

អ្នកតាមដានការវិវត្តន៍សង្គមថ្លែងថា សវនាការរឿងក្ដីលោក កឹម សុខា គ្រាន់តែជាការធ្វើសវនាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះភស្ដុតាង ការកោះហៅសាក្សី និងរយៈពេលក្នុងសំណុំរឿងនេះ តាមដែលមាន និងដាក់ឱ្យដំណើរការនីតិវិធី មិនអាចផ្ដល់យុត្តិធម៌ឱ្យលោក កឹម សុខាឡើយ ។ ពួកគាត់តែងតែអះអាងថា គេនឹងដោះស្រាយករណីនេះតាមផ្លូវនយោបាយវិញ ដើម្បីបញ្ជៀសពីសម្ពាធអន្តរជាតិ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនសុំចិនកុំរត់ចោលកម្ពុជា ខណៈកម្ពុជាបាត់បង់EBA

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា [...]

កម្ពុជាគ្រោងកោះហៅទូតម៉ាឡេស៊ីមកបំភ្លឺរឿងស្ត្រីអាមេរិកថាផ្ទុកមេ​រោគកូរ៉ូណា

សម្តេច នាយករដ្ឋមន្រ្តី បានព្រមាន ថា ប្រមុខការ[...]

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត