loader

លោក ផៃ ស៊ីផានជឿថាខេត្តផ្សេងមានវៀតណាមនៅលើទឹក នឹងធ្វើដូចខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ លោក ផៃ ស៊ីផាន ថ្លែងដោយជឿជាក់យ៉ាងមុតមាំថា ខេត្តផ្សេងទៀត ដែលមានជនអន្តោប្រវេសន៍វៀតណាមនៅផ្ទះបណ្ដែតទឹក នឹងបម្លាស់ទីនៃការរស់នៅរបស់ពួកគាត់មកដីគោកវិញដូចខេត្តកំពង់ឆ្នាំង ។  អ្នកវិភាគក៏អះអាងស្រដៀងគ្នានេះដែរថា ប្រសិនបើគម្រោងនៃការផ្លាស់ទីរស់នៅរបស់ជនអន្តោប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំង ធ្វើទៅប្រកបដោយភាពជោគជ័យ នោះកិច្ចការប្រភេទនេះនឹងអាចបន្តកើតមាននៅតាមខេត្តមួយចំនួនទៀតនៅកម្ពុជា ។ តែមន្ត្រីអតីតគណបក្សប្រឆាំង ថ្កោលទោសចំពោះកិច្ចការរបស់អាជ្ញាធរបែបនេះ ។

រាយការណ៍ដោយ លោក សោម លាភ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពី “ផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងរស់នៅលើគោកវិញនៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង” ថា លោកជឿជាក់ថា ខេត្តផ្សេងទៀត ដែលមានពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក នឹងធ្វើបម្លាស់ទីពលរដ្ឋទាំងនោះ មករស់នៅលើគោកវិញ ដូចគម្រូនៅខេត្តកំពង់ឆ្នាំង ។

លោកថា កិច្ចការបម្លាស់ទីរបស់ខេត្តកំពង់ឆ្នាំងនេះ ជាការអនុវត្តបានយ៉ាងល្អប្រសើរ លើប្រជាធិបតេយ្យថ្នាក់ក្រោម ។

លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងនិរទេសខ្លួននៅប្រទេសហ្វាំងឡង់ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើការអនុវត្តការប្ដូរការរស់នៅរបស់ជនអន្តោប្រវេសន៍វៀតណាមនៅលើទឹកមកលើដី ៤០ ហិកតានៅខេត្តកំពុងឆ្នាំងធ្វើទៅប្រកបដោយភាពជោគជ័យ នោះការរើបែបនេះ នឹងកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួនទៀតនៅកម្ពុជា ។

លោកបន្ថែមថា ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមយ៉ាងពិតប្រាកដ ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងថា នៅក្នុងទឹក និងនៅលើដី គឺជាទឹកដីខ្មែរដូចតែគ្នា ដូចនេះហើយ បម្លាស់មកនៅលើដីប្រសើរជាងនៅលើទឹក ។

លោក ស៊ុន សុវណ្ណារិទ្ធ ថាជនជាតិវៀតណាម ដែលមិនអនុវត្តន៍តាមច្បាប់កម្ពុជា និងកាតព្វកិច្ចតម្រូវ កម្ពុជានឹងបញ្ជូនទៅប្រទេសរបស់សាម៉ីខ្លួនវិញ ។

អ្នកវិភាគរបស់គណបក្សសង្គ្រោះជាតិ លោក ឡុង រឹទ្ធីវង្សថា កិច្ចការនេះនាពេលអនាគត នឹងផ្ដល់ផលវិបាកដល់កម្ពុជាយ៉ាងខ្លាំងយ៉ាងជាក់ច្បាស់ ។

សូមបញ្ជាក់ថា បើតាមអភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងពាក់ព័ន្ធនឹងការបម្លាស់ទីនេះពលរដ្ឋនៅលើទឹក មកដីគោក ៤០ ហិកតានេះថា គឺផ្អែកទៅលើគោលការណ៍ពីរ ទី១ គឺគោលការណ៍ស្ម័គ្រចិត្ត និងគោលការណ៍ម្ចាស់ការ ។ ក្នុងន័យនេះ គឺស្ម័គ្រចិត្តសម្ដៅទៅលើថា ពួកគាត់ស្ម័គ្រចិត្តបម្លាស់ទីរស់នៅដោយគ្មានការបង្ខំ ហើយម្ចាស់ការគឺសម្ដៅទៅលើ រាល់ចំណាយទាំងអស់ជារឿងរបស់បុគ្គល មិនមែនជាបន្ទុកចំណាយរបស់រដ្ឋនោះទេ ។

យ៉ាងណា សម្រាប់ជនជាតិខ្មែរ និងខ្មែរឥស្លាមដែលទៅរស់នៅទីនោះ គឺមានការចែកជូនដីមួយប្លង់ដោយឥតគិតថ្លៃក្នុងទំហំ ៥ ម៉ែត្រ គុណនឹង ២០ ម៉ែត្រ ។ ដោយឡែកសម្រាប់ជនអន្តោរប្រវេសន៍វៀតណាមវិញ គឺមានសិទ្ធិត្រឹមតែជួល ដោយមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិនោះទេ ។ ចំពោះជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅទីនោះ បើតាមលោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ថា មានចំនួនជិត ២៤០០គ្រួសារ ឬស្មើនឹងប្រមាណ ជាង ១០០០០នាក់ ។

ទាក់ទិននឹងករណីនេះ បើតាមសេចក្ដីថ្លែងការណ៍របស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកាលពីថ្ងៃទី ៥ ធ្នូ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាជ្ញាធរ ដែលចលនានេះហៅថាជាការសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចនៅភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន ៤០ ហិកតា ដល់ជនអន្តោប្រវេសន៍វៀតណាមរស់នៅ ។ 

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបន្ថែមទៀតថា បើរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសជម្រើសយកការផ្ដល់សិទ្ធិឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងធ្វើបែបនេះបាន គឺនឹងផ្ដល់ជាគម្រូដល់ខេត្តដទៃទៀតបន្តធ្វើ ក៏ដូចជាលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍វៀតណាមមកតាំងទីលំនៅនៅកម្ពុជាថែមទៀត ។ ចលនានេះបន្តថា ដី៤០ ហិកតាតូចទេ តែអាចប៉ះពាល់ ឬបង្កហានីភ័យយ៉ាងធំធេងចំពោះការរស់រានរបស់ជនជាតិខ្មែរទូទៅ ៕

ព័ត៌មានទាក់ទង

សម្ដេច ស ខេងថានគរបាលជាតិមិនមែននគរបាលបក្សទេ ត្រូវអនុវត្តន៍ច្បាប់មិនរើសមុខ

ភ្នំពេញ៖ សម្ដេច ស ខេង ថ្លែងថានគរបាលជាតិ ជានគរ[...]

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោប[...]

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត