loader

លោក សម រង្ស៊ី ថាត្រៀមនឹងធ្វើរឿង ៤ យ៉ាងនៅខែកក្កដានេះ

ភ្នំពេញ៖ លោក សម រង្ស៊ី បានប្រកាសថា ក្នុងខែកក្កដា ឆ្នាំ ២០១៩នេះ លោក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិទូទាំងពិភពលោកត្រៀមនឹងធ្វើរឿងចំនួន ៤ យ៉ាង ។

រាយការណ៍ដោយ សោម លាភ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១១ ខែកក្កដានេះ ដោយរំលេចឡើងនូវបួនព្រឹត្តិការណ៍ ដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងត្រូវធ្វើនៅក្នុងខែកក្កដានេះ  ។

សម្រាប់កិច្ចការទីមួយដែលលោក សម រង្ស៊ី ថានឹងត្រូវធ្វើ គឺនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ លោកនឹងទៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនេះ ក៏មានគោលបំណង ជួបពិភាក្សាជាមួយតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានបង្ហាញឆន្ទៈ អមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ ។

ជាងនេះទៅទៀត នៅថ្ងៃទី ១៧ កក្កដាដដែល លោក សម រង្ស៊ី ក៏បានបញ្ជាក់ថា អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ទូទាំងពិភពលោក ត្រៀមរៀបចំពិធីរំលឹកខួបទី ០៧ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃ ១៧ កក្កដា ២០១២ ។

ពីរថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី ១៩ ខែកក្កដា  អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ទូទាំងពិភពលោក ត្រៀមរៀបចំពិធីរំលឹកខួបទី ០៦ នៃការធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី កាលពីថ្ងៃ ១៩ កក្កដា ២០១៣ ។

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៣ លោក សម រង្ស៊ី បានវិលត្រឡប់ចូលកម្ពុជាវិញ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រិត្យលើកលែងទោសឱ្យលោក ។

ដោយឡែក នៅថ្ងៃ ២៩ ខែកក្កដា ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិសរសេរបន្ថែមទៀតថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ត្រៀមធ្វើសកម្មភាព ដើម្បីរំលឹកខួបលើកទី ០១ ដែលលោកថា ជាការរំលឹកខួបនៃការបោះឆ្នោតក្លែងក្លាយ នៅកម្ពុជា កាលពីថ្ងៃ ២៩ កក្កដា ២០១៨ ។

កាលពីការបោះឆ្នោតសភានីតិកាលទី ៦ មានតែគណបក្សប្រជាជនកម្ពុជាតែមួយបក្សតែប៉ុណ្ណោះដែលឈ្នះឆ្នោត មានសម្លេងក្នុងរដ្ឋសភា ។ យ៉ាងណាព្រឹត្តិការណ៍នៃការបោះឆ្នោតនោះ ធ្វើឡើងមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ២០ គណបក្ស ប៉ុន្តែមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនោះទេ ។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយការពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមហេតុផលនៃការចោទប្រកាន់ថាមេដឹកនាំគណបក្សនេះគឺលោក កឹម សុខា ពីទោសក្បត់ជាតិ ។ តែយ៉ាងណា ការរំលាយគណបក្សសង្គ្រោះជាតិ, ការដកហូតអាសន្នៈសភារបស់មន្ត្រីគណបក្សនេះ, ការរំលាយអាសន្នៈឃុំសង្កាត់របស់មន្ត្រីគណបក្សនេះ និងការហាមឃាត់ដល់មន្ត្រីគណបក្សនេះចំនួន ១១៨ រូបមិនឱ្យធ្វើនយោបាយ គឺធ្វើឡើងទាំងដែលលោក កឹម សុខា មិនទាន់មានសេចក្ដីសម្រេចផ្ដន្ទាទោសជាស្ថាពរនៅឡើយនោះទេ ។

បន្ទាប់ពីការបោះឆ្នោត គ.ជ.ប បានបង្ហាញលទ្ធផលថា មានប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតរហូតដល់ទៅ ៨២,៣ % ។

លទ្ធផលនៃការបោះឆ្នោត អតីតគណបក្សសង្គ្រោះជាតិ សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិមួយចំនួន បានបង្ហាញជំហមិនទទួលស្គាល់លទ្ធផលនេះទេ ។ ពួកគេ តែងតែទទួចឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។ ជាងនេះ ពួកគេក៏ទាមទារឱ្យមានការដោះលែងលោក កឹម​ សុខា, បើកឱ្យមន្ត្រីអតីតប្រឆាំងអាចធ្វើនយោបាយឡើងវិញ និងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ។

យ៉ាងណា លោក សម រង្ស៊ីថា ខ្លួន និងអ្នកគាំទ្រ នឹងជម្រុញសហគមន៍អន្តរជាតិ ឲ្យបន្តការមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ។ លោកថា ការបោះឆ្នោតនេះទៀតសោត គឺផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ការឆ្នោតកន្លងទៅ ជាការបោះឆ្នោតត្រឹមត្រូវទៅតាមច្បាប់ដែលមានជាធរមាននៅកម្ពុជា ។ ជាងនេះ មន្ត្រីទាំងនោះថា លទ្ធផលនៃការបោះឆ្នោត គឺជាជ័យជម្នះដ៏មហិមា មិនអាចកាត់ថ្លៃបាន ។ ប្រទេសក្នុងតំបន់មួយចំនួន ជាពិសេសប្រទេសកុម្មុយនីស្ត បានស្វាគមន៍ចំពោះលទ្ធផលនោះ ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន តែងតែអះអាងថា កម្ពុជាគោរពរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន ដែលរដ្ឋធម្មនុញ្ញតម្រូវឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

បើទោះបីជារដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលចែងអំពីការបោះឆ្នោតបែបនេះក្ដី ក៏សម្ដេច ហ៊ុន សែន តែងតែប្រកាសថា ខ្លួននឹងកាន់អំណាចជានាយករដ្ឋមន្ត្រីមិនតិចជាងពីអាណត្តិទៀតនោះទេ ។

ពាក់ព័ន្ធនឹងការប្រកាសថា នឹងមានការធ្វើមាតុភូមិនិវត្តន៍ពីលោក សម រង្ស៊ី និងមានអន្តរជាតិអមផងនោះ ក្រសួងការបរទេសកម្ពុជាថា នឹងដកទិដ្ឋការរបស់អន្តរជាតិ ដែលអមមកនោះ ។

យ៉ាងណា អ្នកវិភាគថា អន្តរជាតិទាំងនោះ មិនងាយស្រួលក្នុងការចូលកម្ពុជានោះទេ បើមានការដកទិដ្ឋាការមែននោះ ។ ប៉ុន្តែអ្នកវិភាគបន្តថា ពួកគាត់អាចមកតាមច្រកព្រំដែនបាន ដោយមកមុនលោក សម រង្ស៊ី ។

ដោយឡែក ចំពោះវត្តមានរបស់លោក សម រង្ស៊ី និងបក្សពួកមួយចំនួនទៀត សម្ដេច ហ៊ុន សែន ថានឹងកំទេចឱ្យខ្ទេច ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត