loader

លោក សម រង្ស៊ី និងអ្នកវិភាគថា រាជរដ្ឋាភិបាលធ្វើឱ្យកម្ពុជាលំបាកទាំងបច្ចុប្បន្ន និងអនាគត

ភ្នំពេញ៖ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថ្លែងថា ​នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន បានដឹកនាំកម្ពុជាធ្វើឱ្យពលរដ្ឋមានការលំបាកក្នុងការរស់នៅខ្លាំង​ ។ ដោយឡែកអ្នកតាមដានការអភិវឌ្ឍសង្គមកម្ពុជាមើលឃើញថា កម្ពុជាកំពុងតែវិវត្តន៍ទៅរករបបផ្ដាច់ការ ។ មន្ត្រីជាន់ខ្ពស់កម្ពុជាថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន រកបាននូវសមិទ្ធិផលជូនជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

សូមស្ដាប់លោក សោម លាភ រាយការណ៍អំពីព័ត៌មាននេះ៖

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងពិធីអបអរសាទរមាតុភូមិនិវត្តរបស់លោក នៅប្រទេសបារាំងកាលពីថ្ងៃទី ៩ កញ្ញា ម្សិលមិញថា បើមើលប្រវត្តិសាស្ត្ររាប់រយឆ្នាំ ប្រជាជនកម្ពុជា ដែលរស់នៅក្នុងប្រទេសអំណោយផលស្ទើគ្រប់វិស័យពិសេសគឺធនធានធម្មជាតិ មិនដែលធ្លាក់ខ្លួនដូចនៅបច្ចុប្បន្ននេះទេ ។

លោកថា ការដែលពលរដ្ឋកម្ពុជាចំណាកស្រុកទៅរកស៊ីនៅបរទេស បានមកដោយសាតែនយោបាយដោយចេតនារបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន  ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្ថែមថា សង្គមខ្មែរបច្ចុប្បន្ន មានការចរាចរណ៍ លក់គ្រឿងស្រវឹងពាសទឹកពាសដី រួមទាំងគ្រឿងញៀនបង្វក់ស្មារតីយុវជន ដែលអ្នកលក់គ្រឿងញៀនទាំងនេះលោកថា ជាអ្នកមានអំណាចនៅកម្ពុជា ។

លោកបន្ថែមថា អាហារគីមីបច្ចុប្បន្ន ដែលលោកថា អាជ្ញាស៊ីលុយដើម្បីបើកឱ្យនាំបន្លែគីមីមកពីវៀតណាម ក៏ជាបញ្ហាចោទខ្លាំងសម្រាប់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ផងដែរ ។ ជាងនេះទៅទៀត លោកបន្ថែមថា អ្នកធំ អ្នកមានអំណាចនៅកម្ពុជាបើកឡានល្អៗ បុកពលរដ្ឋហើយបោះលុយ ជាដើម ។

លោកថាទាំងនេះហើយ ជាបញ្ហាសង្គម ដែលលោក និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវតែចូលមកដោះស្រាយ ដែលលោកហៅថាចូលមកសង្គ្រោះជាតិ ។

ពាក់ព័ន្ធនឹងពាក្យសង្គ្រោះជាតិនេះដែរ ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មិនយល់សោះឡើយចំពោះក្រុមលោក សម រង្ស៊ី ថាមកសង្គ្រោះជាតិកម្ពុជា ខណៈដែលប្រទេសនេះមានសន្តិភាពពេញលេញ ។ លោកទៀ បាញ់ថា ការសង្រ្គោះជាតិ គួរតែនិយាយ និងធ្វើក្នុងសង្គមកម្ពុជាមានសង្គ្រាមទើបត្រឹមត្រូវ ។

លោកបណ្ឌិតមាស នី មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ក្នុងនាមលោកជាអ្នកតាមដានការអភិវឌ្ឍសង្គមថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរបបផ្ដាច់ការ ។ 

លោកបញ្ជាក់ពីការមើលឃើញថា​ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ កម្ពុជាមានការកើនឡើងនូវវិនិយោគិនចិនជាខ្លាំង ។

លោកបណ្ឌិតមាសនីថា ការដែលបើកឱ្យវិនិយោគិនចិនចូលមកវិនិយោគ ដោយមានការបង្កើត និងផ្ដល់នូវភាពស្របច្បាប់ដល់កាស៊ីណូជាច្រើន គឺជាការវិវត្តសម្រាប់គ្រឹះសេដ្ឋកិច្ចមួយប្រភេទដែលមិនត្រូវការដៃគូរកស៊ី និងទិញលក់ជាមួយបរទេស ។ ជាងនេះទៅទៀត ក៏ជាការបង្កើត កន្លែងការងារជាច្រើនដល់កម្មករ និងជាប្រភពចំណូលដែលរដ្ឋងាយប្រមូល តាមរយោៈការលាងលុយកខ្វក់ ។

យ៉ាងណា អ្នកតាមដានការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យរូបនេះបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន កំពុងតែមានតម្រុយបង្ហាញថា មានការវិវត្តទៅរបបផ្ដាច់ការហើយ ។

លោកផៃ ស៊ីផានថា កម្ពុជាក្រោមការដឹកនាំកម្ពុជារបស់សម្ដេច ហ៊ុន សែន ធ្វើឱ្យពលរដ្ឋរស់នៅសុខសាន្ត មានសនិ្តភាព មានសេរីភាពបញ្ចេញមតិ មានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងខ្លា ។

លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនបានយកចិត្តទុកដាក់ដល់ពលរដ្ឋនោះទេ ។ លោកថាប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសង្គមកិច្ចនៅកម្ពុជា គឺមានការទន់ខ្សោយយ៉ាងខ្លាំង ។

កាលពីថ្ងៃទី ២ កញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោកមហាធៀ មហាម៉ាត់ ប្រាប់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិនបើមានរដ្ឋាភិបាលមិនស្របច្បាប់ គួរតែបញ្ឈប់រដ្ឋាភិបាលនោះ ។

មន្ត្រីកម្ពុជា រួមទាំងសមាជិករាជរដ្ឋាភិបាលតែងតែអះអាងថា កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩

ភ្នំពេញ៖ ដំណាក់កាលចុងក្រោយថ្មីៗនេះ កម្ពុជាមាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត