loader

វិភាគ៖ចិននិងរុស្ស៊ីជាម្ចាស់បំណុលដ៏ធំនៅវេណេហ្សូអេឡាភ័យខ្លាចការដួលរលំលោកម៉ាឌូរ៉ូតែពួកគេគិតផ្សេងគ្នាបន្តិច  

ការសម្រេចមួយរបស់សហរដ្ឋអាមេរិក បានកំពុងបង្កឱ្យមានភាពភ័យខ្លាច និង ហានិភ័យអំពីសេដ្ឋកិច្ចដោយសារតែសហរដ្ឋអាមេរិក រៀបចំដើម្បីបញ្ចប់របបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ។ សហរដ្ឋអាមេរិកបានដឹកនាំប្រទេសយ៉ាងតិច៤០ប្រទេសទៀត ដែលសុទ្ធសឹងជាប្រទេសប្រជាធិបតេយ្យជឿនលឿន បានទទួលស្គាល់មេបក្សប្រឆាំងដែលជាប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្ដីទី ជំនួសលោកនីកូឡាស ម៉ាឌូរ៉ូដែលអាមេរិក ចាត់ទុកថា ជាប្រធានាធិបតីខុសច្បាប់។ប្រទេសម្ចាស់បំណុលធំ២ គឺចិននិងរុស្ស៊ី មើលទៅស្ថិតក្នុងភាពភ័យខ្លាច ពីការខាតបង់​ប្រាក់​បំណុលនិងការធ្លាក់ចុះទំហំពាណិជ្ជកម្មរបស់ខ្លួន មានភាគហ៊ុន ក្នុងមុខជំនួញប្រេងជាមួយលោកម៉ាឌូរ៉ូ​ដែលជិតរលំហើយនេះ។  

 សូមស្ដាប់ការប្រែសម្រួល របស់កញ្ញា ឆោម ពៅនិកា ដូចតទៅ៖

 

រយៈពេលចុងក្រោយប្រជាជនវ៉េណេហ្សូអេឡា រាប់ម៉ឺននាក់បានបះបោរទម្លាក់លោកម៉ាឌូរ៉ូពីអំណាច មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចដ៏ធំមួយនៃពិភពលោកត្រូវបានរាយការណ៍មកថាកំពុងរៀបចំ កងទ័ពដើម្បីចូលលុកលុយវេណេហ្សូអេឡាហើយបញ្ចប់របបម៉ាឌូរ៉ូ។ មើលទៅពិបាកស្មានថា លោកម៉ាឌូរ៉ូអាចការពារអំណាចបានយូរទៅមុខទៀតនោះឃើញថា ចិន រុស្ស៊ី ដែលជាម្ចាស់បំណុលដ៏ធំបំផុតរបស់ម៉ាឌូរ៉ូ កំពុងតែស្ថិតក្នុងភាពភ័យខ្លាចពីការទូទាត់បំណុលរបស់ខ្លួនឡើងវិញប្រសិនបើលោកម៉ាឌូរ៉ូត្រូវបានបណ្ដេញពីអំណាចនោះ។

យ៉ាងណា អ្នកវិភាគឱ្យគេហទំព័រ ក្រុមប្រឹក្សាទំនាក់ទំនងអន្ដរជាតិ គឺលោក Rocio Cara Labrador និង អ្នកវិភាគម្នាក់ទៀត ឱ្យបណ្ដាញផ្សាយព័ត៌មាន CNBC  Russ Dalen មានទស្សនៈប្រហាក់ប្រហែលគ្នាថា ចិននិង រុស្ស៊ី ភ័យដូចគ្នាពីបំណុលរបស់ខ្លួននៅប្រទេសវេណេហ្សូអេឡា តែប្រទេសពីរនេះគិតផ្សេងគ្នា។

របបម៉ាឌូរ៉ូ ធ្លាក់ក្នុងបំណុលរបស់ចិននិង រុស្ស៊ី ប្រមាណជា ១០០ពាន់លានដុល្លារ​។ ប៉ុន្ដែបំណុលចិនធំជាងរុស្ស៊ីជាងពីរដង គឺមានប្រមាណជា៧០ពាន់លានដុល្លារ។ ម្ចាស់បំណុលទាំងពីរនេះ គឺជាខ្នងបង្អែកដ៏រឹងមាំជាច្រើនទសវត្សមកហើយនៃរបបលោកម៉ាឌូរ៉ូ ។ ប្រទេសរុស្ស៊ីគឺជាចៅហ្វាយរបស់វេណេហ្សូអេឡាតាំងពីសម័យសង្គ្រាមត្រជាក់។ យ៉ាងណា មានការចោទសួរថា តើប្រទេសពីរនេះភ័យខ្លាចការផ្ទេរបំណុលមកវិញបានត្រឹមត្រូវបានដែរឬទេ ខណៈដែលភាពស្របច្បាប់លោកម៉ាឌូរ៉ូ សឹងតែអស់ទៅហើយនោះ។

ចិន ជាម្ចាស់បំណុលដ៏ធំនៃរបបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា

ចិន ជាអ្នកទ្រទ្រង់សង្វាក់ផលិតកម្ម ឧស្សាហកម្មប្រេងដ៏ធំបំផុតនៃប្រទេសវេណេហ្សូអេឡា។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលេខពីរនេះ មិនត្រឹមតែជាម្ចាស់បំណុលដ៏ធំរបស់របបម៉ាឌូរ៉ូប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាអ្នក ទិញប្រេងឆៅ ពីវេណេហ្សូអេឡា លំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក គឺមួយថ្ងៃ ៣សែនបួនម៉ឺនធុង។ ទំហំពាណិជ្ជកម្មប្រេង ជាមួយវេណេហ្សូអេឡា គឺជាការ ដោះដូរ និង ផ្ទេរសងប្រាក់បំណុល ទៅឱ្យចិន។ ប៉ុន្ដែ បរិមាណ ផលិតប្រេងសម្រាប់ប្រទេសចិនគឺមានការធ្លាក់ចុះជាលំដាប់ ចាប់តាំងពី វេណេហ្សូអេឡា ក្រោមការដឹកនាំរបស់នីកូឡាសម៉ាឌូរ៉ូជួបចលាចលនយោបាយយ៉ាងខ្លាំង គឺចាប់តាំងពីឆ្នាំ២០១៦មក។

មកដល់ពេលនេះ វេណេហ្សូអេឡា នៅតែជំពាក់ចិន ច្រើនលើសលុបនៅឡើយគឺប្រមាណជា៧០ពាន់លានដុល្លារ។ កាលពីថ្មីៗនេះ អ្នកសេដ្ឋកិច្ចបានប្រមើមើលថា ទីក្រុងប៉េកាំង ដែលស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់នេះ ប្រហែលជាអាចទទួលយកបាន សំណើរបស់លោកជួនហ្គៃដូមេដឹកនាំបក្សប្រឆាំងដែលសហរដ្ឋអាមេរិក នៅពីក្រោយហើយសំណើនេះ លោកជួនហ្គៃដូបានធានាថា នឹងធ្វើការ សងបំណុលទៅឱ្យចិន តាមលក្ខន្ដិកៈស្របច្បាប់។ លោកជួនហ្គៃដូ បាន ប្រាប់ទីក្រុងប៉េកាំងថា សូមឱ្យដកខ្លួនចេញពីរបបលោកម៉ាឌូរ៉ូបើ ក្រុងប៉េកាំង ចង់រក្សាទុកបំណុលរបស់ខ្លួនឡើងវិញនោះ។ ដោយឡែក ករណីនយោបាយវិញ ទីក្រុងប៉េកាំង រយៈពេលចុងក្រោយនេះ ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ហើយសូម្បីតែ ចេញសេចក្ដីថ្លែងការណ៍ការពារ របបលោកម៉ាឌូរ៉ូសឹងតែមិនឃើញផង។ ទីក្រុងប៉េកាំង ជាអ្នកស្រោចស្រង់សេដ្ឋកិច្ចវេណេហ្សូអេឡាពេលនេះ ហាក់បាត់បង់ ទំនាក់ទំនងការទូតជាមួយលោកម៉ាឌូរ៉ូជាច្រើនគឺចាប់តាំងពី លោកជួនហ្គៃដូ ប្រកាសដណ្ដើមតំណែងប្រធានាធិបតីពីលោកម៉ាឌូរ៉ូដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។​ ភាពស្ងប់ស្ងាត់របស់ទីក្រុងប៉េកាំងគឺគ្មានអ្វីក្រៅពី ប្រទេសធំនេះ បារម្ភពីការខាតបង់អត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះ។

រុស្ស៊ី និង វេណេហ្សូអេឡា

រុស្ស៊ី ជាមហាមិត្ត និង ជាចៅហ្វាយ របស់វេណេហ្សូអេឡា តាំងពីសម័យសង្គ្រាមត្រជាក់។

រុស្សី មិនត្រឹមតែជាម្ចាស់បំណុលវេណេហ្សូអេឡាជិត៣០ពាន់លានដុល្លារនោះទេ។ តែប្រទេសមហាអំណាចមួយនេះ គឺជាអ្នកការពារសន្ដិសុខជាតិយ៉ាងខ្លាំង ទៅលើរបបលោកម៉ាឌូរ៉ូបច្ចុប្បន្ននេះផងដែរ។ រុស្ស៊ីបានក្លាយជាអ្នកលក់អាវុធដ៏ធំមួយសម្រាប់ប្រទេសវេណេហ្សូអេឡា។ ក្រៅពីជំនួញអាវុធ រុស្ស៊ី មានភាគហ៊ុន វិនិយោគទុន ខួងប្រេងនៅវេណេហ្សូអេឡា ៤៩ភាគរយ។ យ៉ាងណាក៏ដោយ វេណេហ្សូអេឡាកំពុងធ្លាក់ក្នុងកូនបំណុលរបស់រុស្ស៊ីធ្ងន់ធ្ងរផងដែរ។ ក្រៅពីនេះ ទីក្រុងម៉ូស្គូមានគោលនយោបាយដឹកនាំប្រទេស ប្រហាក់ប្រហែលគ្នានឹងវេណេហ្សូអេឡា ក្រោមការដឹកនាំមួយនៃរបបសង្គមនិយម។ រយៈពេលចុងក្រោយនេះ រុស្ស៊ី បានត្រឹមតែគម្រាមសហរដ្ឋអាមេរិក កុំឱ្យធ្វើអន្ដរាគមន៍ផ្នែកកងទ័ពដើម្បីផ្ដួលរលំសម្ព័ន្ធមិត្តរបស់ខ្លួនតែប៉ុណ្ណោះ គឺមិនឃើញមាន ការចល័តទ័ពដើម្បីទៅការពារលោកម៉ាឌូរ៉ូដោយផ្ទាល់នោះទេ។ រុស្ស៊ីប្រកាសប្រឆាំង លោកជួនហ្គៃដូជាប្រធានាធិបតី តែបានអំពាវនាវឱ្យគូវិវាទនយោបាយទាំងពីរនេះត្រូវស្វែងរក ដំណោះស្រាយដោយសន្ដិវិធី។ យ៉ាងណា សារព័ត៌មានរបស់រុស្ស៊ី Sputnik  បានចុះផ្សាយថា មិនយូរមិនឆាប់ អាមេរិក នឹង ធ្វើអន្ដរាគមន៍កងទ័ពដើម្បីបញ្ចប់របបម៉ាឌូរ៉ូ។ គឺសមដូចនេះមែន ទាំងរដ្ឋមន្រ្ដីការបរទេសម៉ៃប៉ុមប៉ូ និង ទីប្រឹក្សាសន្ដិសុខជាតិ ចងប៊ុលតុង រួមទាំងលោកប្រធានាធិបតីដូណាល់ត្រាំ បានព្រមានឱ្យដឹងថា  ដំណាក់កាលចុងក្រោយគឺជាការបញ្ចប់ របបម៉ាឌូរ៉ូដោយអន្ដរាគមន៍របស់កងទ័ព។

សរុបសេចក្ដីទៅ មហាមិត្តទាំងពីររបស់លោកម៉ាឌូរ៉ូមានការខ្វាយខ្វល់ពីបញ្ហាប្រាក់បំណុលប្រហាក់ប្រហែលគ្នា ប៉ុន្ដែពួកគេគិតផ្សេងគ្នាបន្ដិច ត្រង់ថាក្រុងប៉េកាំង បារម្ភយ៉ាងខ្លាំងពីការសងបំណុលត្រឡប់មកវិញប្រសិនបើ ម៉ាឌូរ៉ូត្រូវបានបញ្ចប់ដោយការដកហូតអំណាច។ តែសម្រាប់ទីក្រុងម៉ូស្គូវិញ គិតខុសពីក្រុងប៉េកាំងបន្ដិចត្រង់ថា បើមានការដោះដូរមេដឹកនាំនៅវេណហ្សូអេឡា ទោះតែរូបភាពណាក៏ដោយគឺជាការបាត់បង់ឥទ្ធិពលប្រទេសមហាអំណាចមួយនេះទៅលើទ្វីបអាមេរិក។ មានន័យថា អតីតបក្សសម្ព័ន្ធវ៉ាសូវី របេះមួយទៀតទៅនៅក្រោមពួកប្រជាធិបតេយ្យ។មួយវិញទៀតក្រុងម៉ូស្គូ គិតថា បើមានការដោះដូររបបមែននោះ ក្រុមហ៊ុនរបស់ខ្លួនក៏អាចរងគ្រោះថ្នាក់ផងដែរ ហើយចង់មិនចង់ ខាតបង់ប្រាក់បំណុលនិង ការវិនិយោគទុនទៀតផង។ សហរដ្ឋអាមេរិក ដែលរៀបចំផែនការ លុកលុយវេណេហ្សូអេឡា ត្រូវបានអ្នកវិភាគខ្លះ គិតថា ក្រុងវ៉ាស៊ីនតោន កំពុងតែសម្លឹងទៅរក ការគ្រប់គ្រង ភាគហ៊ុនប្រេងនៅវេណេហ្សូអេឡាជាជាង អាមេរិក ចង់ស្ដារលទ្ធិប្រជាធិបតេយ្យរបសប្រទេសនេះឡើងវិញ៕

អត្ថបទ ដោយ នួន បូរិន

ព័ត៌មានទាក់ទង

ព្រះបាទជ័យរវ្ម័នទី២ និង ការកសាងចក្រភពអង្គរ

ព្រះបាទជ័យរវ្ម័នទី២ និង ការកសាងចក្រភពអង្គរ

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩

ដើមគ្រឹស្ដសករាជទី៩ ស្ដេចមួយអង្គព្រះនាមជ័យរវ្ម[...]

អ្នកវិភាគថាជើងឯកប្រជាធិបតេយ្យមកកាន់កម្ពុជានឹងមិនផ្ដល់​តម្លៃ​នយោ​បាយ​ដល់​កម្ពុជាឡើយ

សម្ដេច ហ៊ុន សែន ថ្លែងឱ្យដឹងនៅថ្ងៃ២៣ មេសាថា លោ[...]

វិភាគ៖តើចិនមានផែនការរឹបអូសកោះហ្វីលីពីនជាថ្នូរនឹងគុណបំណាច់ប្រាក់កម្ចីពាន់លានដុល្លាឬចង់សាកមើលអំណាចកូនបំណុលឌូទើតេ?

គិតមើលដល់ថ្ងៃទី១៨មេសានេះ គឺជាង១០ថ្ងៃហើយ ដែលចិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត