loader

វិភាគ៖តើមូលហេតុអ្វីបានជាកម្ពុជាមិនអាចងាកខ្លួនចេញពីចិន?

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីសប្ដាហ៍មុនឃើញថា នាយករដ្ឋមន្រ្ដីកម្ពុជានិងសមភាគីវៀតណាមបានប៉ះទង្គិចគំនិតគ្នា ដោយសារតែ វៀតណាមចង់អោយនាយករដ្ឋមន្រ្ដីកម្ពុជាងាកទៅរកប្រទេសអាមេរិកខ្លះ ដើម្បីឲ្យអាមេរិកចូលពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង តែកម្ពុជា មិនចង់ឲ្យអាមេរិកចូលលូកលាន់ទេ។ តើហេតុអ្វីបានជាកម្ពុជា ប្រកាន់ជំហរបែបនេះ មិនងាកទៅរកអាមេរិកខ្លះ?

hun-sen-priminster-01

កាលពីថ្មីៗនេះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភលោក ទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន បានថ្លែងពីជំហររបស់កម្ពុជាឱ្យពិភពលោកដឹងថា លោក​មិនចង់ឃើញវត្តមានអាមេរិក​នៅក្នុងតំបន់ទេ ហើយលោកក៏បានប្រាប់ទៅមេដឹកនាំហ្វីលីពីន ​ជាសម្ព័ន្ធមិត្តរបស់អាមេរិក​ឲ្យពិចារណាឡើងវិញ ក្នុងការផ្តល់ទីតាំងទ័ពអោយអាមេរិកឈរជើងនៅហ្វីលីពីន​។​

នៅក្នុងវេទិកានោះ សម្ដេច ហ៊ុន​ សែន ក៏បានថ្លែងបញ្ជាក់ទៀតថា ​ ប្រទេសក្នុងតំបន់នឹងមានការអភិវឌ្ឍន៍ដោយ​សន្តិភាព ​ប្រសិនជាមិនមានការលូកដៃចូលប្រទេសខាងក្រៅនោះ។ ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីអតីតកាល និងបច្ចុប្បន្ន​ដែលអាមេរិក​ចូលក្នុងតំបន់នាំឲ្យមានសង្គ្រាមនៅកម្ពុជា ឡាវ វៀតណាម​ និងបង្កជម្លោះតានតឹង ពិសេស គឺ ធ្វើអោយប្រទេសសមាជិកអាស៊ាន​មានជម្លោះជាមួយចិន ។

ផ្ទុយពីគោលជំហររបស់នាយករដ្ឋមន្រ្ដីកម្ពុជា នាយករដ្ឋមន្រ្ដីប្រទេសវៀតណាម លោក ង្រ្វៀន សួនផុក បានប្រាប់ទៅសម្ដេច ថា បញ្ហាដ៏រាំរ៉ៃ និងជម្លោះជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ក៏ដូចជា ការអភិវឌ្ឍន៍ផ្សេងៗលោកចង់អោយមានការចូលរួមចរចាគ្រប់ភាគី មានចិន និងអាមេរិក ជាដើម។ នេះបើយោងតាមការសម្រួលរបស់គេហទំព័រក្នុងស្រុកមួយនៅកម្ពុជា។ នេះបើយោងតាមការប្រែសម្រួលអត្ថបទរបស់គេហទំព័រមួយនៅកម្ពុជា។

តើហេតុអ្វីបានជាកម្ពុជាមិនអាចងាកខ្លួនពីចិនបាន?

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវច្បាប់ និងគោលនយោបាយការបរទេស យល់ឃើញថា អាចមកពីកត្តា ២យ៉ាង ដែលកម្ពុជាមិនអាចងាកខ្លួនពីចិនបាន ។

លោកបន្តថា កត្តាទីមួយ អាចនិយាយបានថា គឺជា កត្តាទីតាំងភូមិសាស្រ្ដនយោបាយ ដែលអាចជជែកដោយត្រថា រង់ដ្ឋាភិបាលកម្ពុជា ចង់ប្រើប្រាស់នូវឥទ្ធិពលចិនដើម្បីជួយឃុំគ្រងកម្ពុជាពីវៀតណាម ហើយនិងពីឥទ្ធិពលអាមេរិកកាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។កត្តាទីពីរ. គឺ អាចមកពីប្រវត្តិសាស្រ្ដនយោបាយជាក់ស្ដែងរបស់ប្រទេសកម្ពុជា ហើយនឹងចរិកនយោបាយរបស់មេដឹកនាំកម្ពុជា ដែលមិនត្រូវធាតុគ្នាជាមួយមេដឹកប្រទេសអាមេរិកកាំង។

ឡុង គឹមឃន ៖ «នេះជាបញ្ហា ទីតាំងភូមិសាស្រ្ដនយោបាយ ដែលរដ្ឋាភិបាលសម្លឹងមើលថា ការរាប់អានជាដៃគូរយុទ្ធសាស្រ្ដជិតស្និទ្ធជាមួយនិងមហាយក្សចិន គឺ មានផលប្រយោជន៍សម្រាប់កម្ពុជាច្រើនជាងជាមួយអាមេរិកកាំង ជាពិសេស នៅក្នុងខណៈពេលដែលអាមេរិកកាំងបានរឹតចំណងមិត្តភាពជិតស្និទ្ធខ្លាំងជាមួយនិងប្រទេសវៀតណាមដែលជាភូមិផងរបងជាមួយប្រទេសកម្ពុជា ទីមួយ។ ប៉ុន្ដែទីពីរ គឺ ខ្ញុំថា វាចេញអំពីប្រវត្តិសាស្រ្ដនយោ បាយជាក់ស្ដែងរបស់ប្រទេសកម្ពុជា ហើយនឹងចរិកនយោបាយរបស់មេដឹកនាំកម្ពុជា គឺ មិនត្រូវធាតុគ្នា ជាមួយមេដឹកប្រទេសអាមេរិកកាំងទេ»។

ជុំវិញរឿងនេះដែរ លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយលើកឡើងថា ករណីនេះដោយសារតែ កម្ពុជាចង់ពឹងចិនយកលុយមកចាយ ដើម្បីទប់អំណាចរបស់ខ្លួន។

លោក​ គឹម សុខ ៖ «បានន័យថា ទំនាក់ទំនងល្អដែលគាត់ធ្វើជាមួយចិន មិនមែនជាទំនាក់ទំនងចិនស្មើមុខទេ គ្រាន់តែជាទំនាក់ទំនងដែលគាត់ឃើញចិនមានលុយអង្វរ ចិនយកលុយចិនមកទប់អំណាច ពីព្រោះដើម្បីបន្ដអំណាចគាត់អត់សង្ឃឹមការបោះឆ្នោតបែបប្រជាធិបតេយ្យ គាត់ត្រូវសង្ឃឹមលើកំលាំងបាយ ហើយកំលាំង​បាយនេះ គឺ ប្រើអាវុធ ។ដូច្នេះគាត់ពឹងចិន ដើម្បីយកលុយចិនមកចាយ ជាពិសេសបញ្ហាលុយកាក់នៅប្រទេសកម្ពុជាយើង » ។

ប៉ុន្ដែនៅពេលដែលងាកទៅអាមេរិក គាត់ងាកមិនបានពីព្រោះអី?

លោក គឹម សុខ បានពន្យល់ដូចនេះថា៖ «កាលណាយើងងាកទៅរកអាមេរិក ទំនាក់ទំនងល្អជាមួយអាមេរិក ទាល់តែធ្វើតាមស្ដង់ដារមួយ​ដែលអាមេរិកគេមើលឃើញថា អាចទៅរួចក្នុងបែបបទប្រជាធិបតេយ្យដែរ។ តើគាត់ហ៊ានទេ? ខ្ញុំគិតថា គាត់មិនហ៊ានទេក្នុងការប្រកួតប្រជែងដោយយុត្ដិធម៌នោះ ម្ល៉ោះហើយគាត់មានតែនៅអោយឆ្ងាយពីអាមេរិកជាជាងនៅជិតអាមេរិក ហ្នឹងហើយដែលគាត់បដិសេធវត្តមានអាមេរិកនៅតំបន់អាស៊ី ឬអាស៊ីអាគ្នេយ៍នោះ »។

តែយ៉ាងណាអ្នកវិភាគរូបនេះ យល់ថា កម្ពុជាគួរធ្វើនយោបាយកណ្ដាលនិយម គឺ ត្រូវតែមានទំនាក់ទំនងល្អជាមួយចិន និងទាំងជាមួយអាមេរិក ។

​យ៉ាងណាក៏ដោយមន្រ្ដីគណបក្សប្រជាជនកម្ពុជា ជាពិសេសអ្នកនាំពាក្យគណបក្សនេះ តែងតែបដិសេធរាល់ការចោទថា បក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៅក្រោមឥទ្ធិពលប្រទេសចិន ក្នុងការធ្វើសេចក្ដីសម្រេចគោលនយោបាយរបស់ខ្លួន។

របាយការណ៍​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​រក​ឃើញ​ថា នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជាបាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ប្រមាណ ១០​ពាន់​លាន​ដុល្លារ ដែល​សមាមាត្រ​នឹង​ទឹក​ប្រាក់ ៧០០​​លាន​ដុល្លារ​អាមេរិក​​រៀង​រាល់​ឆ្នាំ។ រដ្ឋាភិបាល​ចិន​ ក៏​បាន​ប្រកាស​ថា នឹង​ផ្ដល់​​កម្ចី​ដល់​ប្រទេស​កម្ពុជា បន្ថែម​ ក្នុង​ចន្លោះ​ទឹក​ប្រាក់ ៥០០​លាន ទៅ ៧០០​លាន​ដុល្លារ​​អាមេរិក​​ក្នុង​មួយ​ឆ្នាំ ។ ក្រុមហ៊ុន​ចិន​វិញក៏​គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​​លាន​ដុល្លារ​ទៀត​ ដើម្បី​សាងសង់​រោងចក្រ​នានា​នៅ​​ប្រទេស​កម្ពុជា។

ពាណិជ្ជកម្មកម្ពុជា-ចិន រយៈពេលចុងក្រោយនេះ បានកើនឡើង ៤ពាន់លានដុល្លារអាមេរិក តែក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវបានគេដឹងថា ជំពាក់បំណុលចិនច្រើនពាន់ដុល្លារផងដែរ។ តែនៅពេលជាមួយគ្នានេះ កម្ពុជាបានសម្រេចផ្អាកការធ្វើយោធាសមយុទ្ធជាមួយអាមេរិក ដោយមិនបានកំណត់ថា ចាប់ផ្ដើមធ្វើនៅពេលណាវិញនោះទេ។ ករណីនេះ​ នាំអោយអ្នកវិភាគមើលឃើញថា កម្ពុជាកាន់កាន់តែបោះបង់អាមេរិកចោល ហើយងាកទៅរកចិនខ្លាំងជាងមុន ខណៈកម្ពុជាមិនបានប្រកាសផ្អាកធ្វើសមយុទ្ធយោធាជាមួយចិននោះទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត