loader

វិភាគ៖ថ្ងៃនេះហុងកុងថ្ងៃស្អែកតៃវ៉ាន់ តើអាចគេចចេញពីក្រញ៉ាំដៃចិន ដែរឬទេ?

ត្បិតសេដ្ឋកិច្ចរបស់ចិនខ្ពស់មុខខ្ពស់មាត់តែសញ្ញាណនៃភាពអត់ធ្មត់លើគោលនយោបាយប្រទេសមួយប្រព័ន្ធពីរគឺគួរឱ្យប្រយ័ត្នពីគ្រោះថ្នាក់។

ពោលគឺចិនបានជ្រើសរើសមាគ៌ាអភិវឌ្ឍសេដ្ឋកិច្ចជាមុនអំឡុងតែពីរទសវត្សប៉ុណ្ណោះអាចត្រួសត្រាយខ្លួនជាមហាអំណាចពិភពលោក តែនយោបាយក្នុងប្រទេសចិនវិញ ហាក់នៅមានភាពច្របូកច្របល់ដោយកន្លែង។យ៉ាងហោចណាស់ភូមិសាស្រ្ដនយោបាយក្នុងប្រទេសពីរកន្លែងធំៗដែលជាទិសដៅចិនប្រជុំគ្នាក្នុងកិច្ចប្រជុំសភាប្រជាជនកាលពីប៉ុន្មានថ្ងៃមុននេះគឺសំដៅដល់ការបង្រួបបង្រួមចិននិងតៃវ៉ាន់ និង ការរៀបចំសណ្ដាប់ធ្នាប់ហុងកុងឱ្យបានសម្រេចដោយសេចក្ដី ព្រាងច្បាប់ថ្មីស្ដីសន្ដិសុខជាតិចិនលើដែនដីហុងកុងនេះ។តែដែនកោះពីរនេះដែលចាក់ឬសចាក់គល់ដោយជីវជាតិប្រជាធិបតេយ្យទៅហើយហាក់ដូចជាមិនចង់បានទឹកស្រោចស្រង់ពីបក្សកុម្មុយនីស្ដចិនសោះ។

ភ្លាមៗរលកបាតុកម្មប្រឆាំងនឹងចិននៅលើដែនដីហុងកុងបានកើតមានឡើងសារជាថ្មី ត្បិតក្នុងទ្រង់ទ្រាយតូចជាងមុនព្រោះខ្លាចកូវីដក្ដីតែអាជ្ញាធរហុងកុងបានបំបែកកម្លាំងក្រុមបាតុករនោះតាមរយៈការបោកគ្រាប់បែកទឹកភ្នែក បាញ់ទឹកបណ្ដេញបាតុកម្មជាដើម។ បីថ្ងៃមកនេះប៉ូលីសហុងកុងដេញចាប់ប្រផាប់ប្រផីងបានបាតុករចំនួនជាង៣០០នាក់មកឃុំខ្លួនព្រោះល្មើសបទជួបជុំខុសច្បាប់ប៉ុនប៉ងបង្កវិទ្ធង្សនាដល់សង្គម។ក្នុងរូបភាពបែបនេះតៃវ៉ាន់ដែលជាដែនកោះឯនាយរបស់ចិនដែលឱ្យតម្លៃលើសេរីភាពបានផ្ទុះកំហឹងឈឺឆ្អាលក្នុងរឿងនេះដោយសន្យាក្នុងការផ្តល់ជំនួយចាំបាច់តាមដែលអាចធ្វើទៅបាន។

បើបែបនេះមែននោះតើថ្ងៃនេះហុងកុងថ្ងៃស្អែកតៃវ៉ាន់មែនទេ?

ហុងកុង ជាដែនកោះភាគខាងកើតប្រទេសចិនដែលស្ថិតក្នុងគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរតែចិនតែមួយ ដោយឡែកតៃវ៉ាន់បានប្រកាសថាខ្លួនមិនខ្វល់ ពីគោលនយោបាយអ្វីរបស់ចិននោះទេព្រោះតៃវ៉ាន់ជារដ្ឋឯករាជ្យពីចិន។ប៉ុន្ដែថ្មីៗនេះមេដឹកនាំកំពូលចិនបានប្ដេជ្ញាចំពោះមុខមហាសន្និបាតបក្សថាខ្លួននឹងបើកយុទ្ធនាការបង្រួបបង្រួមជាតិ ក្រោយពីមួយថ្ងៃដែលតៃវ៉ាន់ប្រកាន់ជំហរបន្ដឯករាជ្យ ភាពរបស់ខ្លួន ហើយទន្ទឹមនឹងពេលនេះបែបផែននយោបាយថ្មីរបស់ចិន ក៏នឹងធ្វើឱ្យបាននុវការគ្រប់គ្រងសង្គមហុងកុងជាបណ្ដើររហូតដល់ឆ្នាំ២០៤៧ដែលហុងកុងនឹងចូលទៅដល់អភិក្រមនៃចិនតែមួយតែម្ដងយ៉ាងស្មើមុខស្មើមាត់។តែពេលវេលានៅវែងឆ្ងាយនៅឡើយ បក្សកុម្មុយនីស្ដចិនបានសម្រេចចង់បង្កើតច្បាប់ថ្ មីសិនក្នុងការគ្រប់គ្រងសន្ដិសុខចិនជាពិសេសក្រោយពីខកខានក្នុងការបង្កើតច្បាប់យកជនសង្ស័យហុងកុងមកកាត់ទោសនៅចិនដីគោករួចមក។អ្វីដែលជាការព្រួយបារម្ភរបស់បក្សកុម្មុយនីស្ដចិនពេលនេះគឺជំហរក្រាញននាលរបស់ពលរដ្ឋហុងកុងដែលចង់បានលទ្ធិប្រជាធិបតេយ្យនិងស្វ័យភាពបែបនេះតទៅទៀតទើបពលរដ្ឋហុងកុងរាប់ពាន់នាក់មិនខ្វល់ពីគម្លាតសង្គមដើម្បីសុវត្ថិភាពកូវីដទេជំនួសមកវិញដើម្បិសុវត្ថិភាពហុងកុងនិងពលរដ្ឋជំនាន់ក្រោយទឹកដីនេះ។សម្រាប់ចិនទំនងនៅតែប្រកាន់ជំហរថាមេមិនដែលនៅក្រោមស៊ុតនោះទេ ក្រោយពីប្រកាសផែនការបង្រួបបង្រួមនេះហើយចិនបានសម្លឹងមើលឃើញពីការអនុវត្តច្បាប់ថ្មីដើម្បីទប់ស្កាត់ដែនដីហុងកុងដែលស្គាល់ប្រជាធិបតេយ្យកាន់តែយូរកាន់តែងាកចេញពីចិនឱ្បបានទាន់ពេលវេលា។អាមេរិកទាំងរដ្ឋមន្រ្ដីការបរទេសទាំងត្រាំបានចាត់ទុកថាច្បាប់ថ្មីនេះនឹងបញ្ចប់ភាពជាហុងកុងពីមុនបានហើយពួកគេបានលើកយកបញ្ហាពាណិជ្ជកម្មមកគម្រាមកំហែងចិនតួយ៉ាងការដើរចេញពីកិច្ចព្រមព្រៀងសេរីនឹងហុងកុងឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចិន។ជាការឆ្លើយតបចិនបានព្រមានដល់អ្នកលេងទាំងអស់ជាពិសេសរដ្ឋបរទេសភាគខាងលិចថាការលូកដៃចូលផ្ទៃក្នុងចិនជារឿងដែលមិនអាចអត់អោនបានដោយថាបើកាន់តែលូកដៃកាន់តែគ្រោះថ្នាក់សម្រាប់សន្ដិសុខជាតិចិន។មជ្ឈដ្ឋានខាងក្រៅមានការបារម្ភចំពោះចិនអំពីការអនុវត្តច្បាប់ថ្មីលើហុងកុងជាការប៉ះពាល់សិទ្ធិសេរីភាពពលរដ្ឋលំនៅហុងកុងជាពិសេសក្រុមប្រឆាំងតែរដ្ឋមន្រ្ដីការបរទេសចិនលោកវ៉ានយីទទូចកុំឱ្យព្រួយបារម្ភជ្រុលពេកនិងធានអំពីភាពស្របច្បាប់និងផលប្រយោជន៍ទាំងពលរដ្ឋហុងកុងនិងវិនិយោគបរទេសនៅទីនៅទោះច្បាប់នេះនឹងចូលជាធរមានក៏ដោយក្ដី។ច្បាប់ថ្មីនោះមានគោលបំណងក្នុងការទប់ស្កាត់អប្បគមន៍ ការបះបោរ និងអំពីវិទ្ធង្សនាផ្សេងដែលគម្រាមដល់សន្ដិសុខជាតិចិន ដែលនៅប៉ុន្មានថ្ងៃទៀតនេះទេច្បាប់នេះនឹងត្រូវបានលើកយកទៅពិភាក្សានៅសភាព្រមទាំងមានការព្យាការណ៍ថានឹងដាក់អនុវត្តមុនខួបវិញ្ញាណក្ខន្ធពលរដ្ឋនៅទៀនអានមិនដែលត្រូវបានបក្សកុម្មុយនីស្ដចិនសម្លាប់ចោលយ៉ាងរង្គាលនៅឆ្នាំ១៩៨៩។ច្បាប់នេះត្រូវបានសង្ស័យថាជាចំណុចចាប់ផ្ដើមមានន័យផែនការបង្កប់ដោយពាក្យថាបង្រួបបង្រួមរបស់បក្សកុម្មុយនីស្ដចិន ។ បើច្បាប់នេះលេចរូបរាងឡើងមែនមានន័យថាផែនការAបានសម្រេចនោះមិនយូរមិនឆាប់ចិននឹងអនុវត្តជំហានបន្ទាប់ដែលអាចជាការសម្លឹងទៅរកតៃវ៉ាន់ហើយ។នាយករដ្ឋមន្រ្ដីចិនបានតបតនឹងមេដឹកនាំតៃវ៉ាន់រួចទៅហើយដោយការបដិសេធមិនទទួលយកសំណើចង់ជួបសន្ទនារបស់តៃវ៉ាន់ដើម្បីសន្ដិភាពខណៈសកម្មភាពយោធាចិនទៅមកទៅមកនៅលើឈូងសមុទ្រតៃវ៉ាន់រាល់ពេលណាដែលតៃវ៉ាន់ហ៊ានក្អកជាមួយខ្លួន។

នេះជាខ្លឹមសារទីមួយដែលមានន័យថាថ្ងៃនេះចិនកំពុងធ្វើដាក់ហុងកុងហើយបើធ្វើបានសម្រេចចិននឹងបន្ដមហិច្ឆតានៅថ្ងៃខាងមុខដោយធ្វើដាក់តៃវ៉ាន់ដូចគ្នា។

ថ្ងៃនេះហុងកុងជាហុងកុង ថ្ងៃស្អែកហុងកុងជាតៃវ៉ាន់?

នេះជាជម្រើសងាកចេញរបស់ហុងកុង រហូតដល់ឆ្នាំ២០៤៧ខណៈចិនចង់ពន្លឿនគោល នយោបាយប្រទេសមួយប្រព័ន្ធពីរទៅរកចិនតែមួយទៅហើយ។ត្បិតថាគ្មាននរណាដឹងពីចេតនារបស់បក្សកុម្មុយនីស្ដចិនក្រៅពីចិនតែក៏គ្មាននរណាដឹងពីសុខទុក្ខហុងកុងក្រៅពីហុងកុងដែរ តែបើតាមរយៈបដាពលរដ្ឋហុងកុង តាំងបញ្ឈរអមដោយពលរដ្ឋរាប់លាននាក់ស្រែកតវ៉ាតាំងពីឆ្នាំទៅមិញក៏ដូចជាថ្ងៃអាទិត្យគឺពួកគេអស់ចិត្តពីចិនទៅហើយដោយនិយាយថា ពួកគេមិនអាចនិយាយបានទៀតទេថាពួកគេស្រលាញ់ចិន ថែមទាំងថា អ្វីដែលនៅសល់ក្នុងជីវិតបើសិទ្ធិត្រូវបានគេហាមឃាត់ ក៏ដូចជាដោះលែងហុងកុងឱ្យមានសេរីភាពទៅ​​ និងការពារអធិបតេយ្យភាពហុងកុង។សម្រែកសោកសង្រេងទាំងនេះធ្វើឱ្យអង់គ្លេស កាណាដា អូស្រ្ដាលី ចេញសេចក្ដីថ្លែងការណ៍រួមបង្ហាញការព្រួយបារម្ភជាខ្លាំង ទន្ទឹមនឹងអាមេរិកប្រកាសថ្កោលទោសតែម្ដង។ជាពិសេសសម្រែកឈឺចាប់របស់តៃវ៉ាន់គឺបានរំជួលចិត្តតៃវ៉ាន់ រហូតឈានដល់មេដឹកនាំសាយអិនវិនសរសេរសារក្នុងហ្វេសប៊ុកថាសេចក្ដីព្រាងច្បាប់នោះជាការគម្រាមលើសិទ្ធិសេរីភាពនិងឯករាជ្យភាពតុលាការហុងកុង។លោកស្រីសុំធ្វើជាសាក្សីថាការធ្វើទុក្ខបុកម្នេញរបស់ចិនបានកើតមានជារូបភាពនៃការភៀសខ្លួនរបស់អ្នកប្រជាធិបតេយ្យចូលមកទឹកដីតៃវ៉ាន់យ៉ាងច្រើន។លោកស្រីដៀលត្មះចិនថាគ្រាប់កាំភ្លើងការគាបសង្កត់មិនមែនជាដំណោះស្រាយសម្រាប់ស្មារតីដក់ជាប់នៃសេរីភាពនិងប្រជាធិបតេយ្យពលរដ្ឋហុងកុងទេ ប្រឈមនឹងបញ្ហានេះលោកស្រីស្ម័គ្រជួយឱ្យល្អបំផុតនូវការផ្ដល់ឱ្យពលរដ្ឋហុងកុងនូវជំនួយចាំបាច់ដែលមានជាអាទិ៍ការសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។

មាននិស្សិតហុងកុងម្នាក់ឈ្មោះថាAlex Loបានបញ្ចេញទស្សនៈឱ្យBloombergថា

ឆ្នាំ២០៤៧ ពលរដ្ឋហុងកុងភ័យខ្លាចថាលែងស្គាល់អ្វីទៅជាការបោះឆ្នោត មិនអាចលេងហ្វេសប៊ុក អ៊ីនស្ដាក្រាមដូចចិនសព្វថ្ងៃ នៅ២០៤៧សេរីភាពពួកយើងនឹងគ្មានទេលើទឹកដីហុងកុង ដូចនេះបានជាយើងត្រូវការដើរតាមផ្លូវប្រាប់រដ្ឋាភិបាលថាអ្វីដែលយើងកំពុងគិត។

បុគ្គលិករដ្ឋបាលឈ្មោះថាThomas Taoiវ័យ២៦ថា

យើងចេញមកក្រៅដើម្បីផ្ញើសារទៅកាន់ចិនថា បើអ្នកមិនធ្វើរឿងសមរម្យលើផ្នែកសេរីភាពដល់យើងតាមច្បាប់ជាតិទេ វាពិបាកណាស់ដែលអ្នកយកយើងទៅគ្រប់គ្រងនៅថ្ងៃខាងមុខ។

Kelvin Laវ័យ 21, ជានិស្សិតម្នាក់បារម្ភថាចិន

នឹងកសាងជំរុំលាងខួរក្បាលរបស់មនុស្សនៅជិត San Uk Lingធ្វើដាក់ហុងកុងដូចជាធ្វើដាក់ជនជាតិអ៊ុយហ្គ៏រដូចនេះដែរនេះជាការរឹតត្បិតនយោបាយ មនុស្សជំនាន់ក្រោយហុងកុងនឹងបាត់បង់អនាគតនិងសេរីភាពរបស់ពួកគេតែពួកយើងនឹងចាស់ពួកយើងធ្វើអ្វីបាន គឺយើងសល់តែ២៧ឆ្នាំទៀតទេសម្រាប់ការតស៊ូ ព្រោះចិនហាក់ក្បត់សន្យាទៅហើយ។

ក៏គួរឱ្យដឹងថាបាតុកម្មជាង៦ខែកាលពីឆ្នាំ២០១៩ជារូបភាពប្រយុទ្ធដ៏ស្វិតស្វាញមួយដែលបញ្ចប់បានជាបណ្ដោះអាសន្នតែប៉ុណ្ណោះដោយឥទ្ធិពលកូវីដចូលមកយ៉ាងកម្រោល។ទោះបែបនេះក្ដីឆន្ទៈនយោបាយរបស់ពលរដ្ឋហុងកុងមិនបានចុះញ៉មនោះទេបូករួមជាមួយនឹងកម្លាំងចិត្តគាំទ្រពីខាងក្រៅទៀតជាពិសេសពីតៃវ៉ាន់ដែលជាមិត្តដែនកោះដែលយល់ចិត្តនិងជាគម្រូ ហុងកុងនឹងអាចធ្វើខ្លួនឱ្យដូចតៃវ៉ាន់នៅថ្ងៃខាងមុខ។

បើដូចនេះ ហុងកុងនិងតៃវ៉ាន់មានលទ្ធភាពគេចចេញពីក្រញ៉ាំដៃចិនឬ?

អ្វីដែលជាការចង់បានរបស់ហុងកុងខ្លួនឯងផ្ទាល់ត្រូវបានគេមើលឃើញថាមិនប្រាកដប្រជានៅឡើយឬថាតើជាឯករាជ្យក្រោមលក្ខខណ្ឌឬជាឯករាជ្យផ្ដាច់មុខ។ការដែលមិនច្បាស់នោះគឺមកពីហុងកុងស្ថិតក្នុងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរដែលក្ដីសម្រេចចិត្តធំបំផុតជាអាយុជីវិតនយោបាយស្ថិតក្នុងដៃបក្សកុម្មុយនិស្ដចិនដដែលទាស់តែវាប្រឆាំងនឹងបំណងរបស់ពលរដ្ឋប៉ុណ្ណោះ។មេដឹកនាំហុងកុង នៃចរន្ដនយោបាយតំបន់រដ្ឋបាលពិសេសហុងកុងត្រូវបំពាក់មកពីខាងចិនដីគោកទាំងអស់។តំបន់រដ្ឋបាលហុងកុងនេះដូចនឹងម៉ាកាវដែរដែលអង់គ្លេសចុះសន្ធិសញ្ញានិងចិនគឺរក្សាទុកនូវស្វ័យភាពសេដ្ឋកិច្ចប្រព័ន្ថច្បាប់និងរូបិយវត្ថុរបស់ខ្លួនលើកលែងតាកិច្ចការពារជាតិនិងការទូតទេជាសេចក្ដីសម្រេចរបស់ចិនហើយនឹងជាសេចក្ដីសម្រេចពេញលេញរបស់ចិននៅឆ្នាំ២០៤៧។ប៉ុន្ដែមានការយល់ឃើញថា

មុនឆ្នាំ២០៤៧មកដល់បើហុងកុងគឺមានភាពសមហេតុសមផលគ្រប់គ្រាននៃការអនុវត្តប្រជាធិបតេយ្យមិនមែនក្នុងផ្លូវហិង្សាគឺការអភិវឌ្ឍជាចីរកាល រដ្ឋាភិបាលកណ្ដាល នឹងសម្រេចអនុវត្តបន្ដគោលនយោបាយប្រទេសមួយប្រព័ន្ធពីរតែបើអត់នោះទេចលាចលហិង្សានៅតែបន្ដនៅហុងកុង ក្រុងនេះជៀសមិនផុតនឹង ការបញ្ចប់ការអនុវត្តប្រព័ន្ធពីរតទៅទៀតនោះទេ។

អាស្រ័យបែបនេះបាតុកម្មនៅហុងកុងនេះគឺជាវិញ្ញាសាដាក់ចេញរបស់បក្សកុម្មុយនីស្ដចិនដែលដើម្បីស្រង់មូលវិចារយ៉ាងណានៅឆ្នាំ២០៤៧ថាតើនឹងសម្រេចបែបណានឹងជោគវាសនាហុងកុង។

តែបើក្រឡេកមកមើលតៃវ៉ាន់វិញគោលនយោបាយរបស់ចិនមិនបង្កឱ្យមានការភ័យព្រួយដល់តៃវ់ាន់ច្រើនពេកទេ​ព្រោះតៃវ៉ាន់បានរស់ជាខ្លួនឯងយូរមកហើយព្រមទាំង កសាងសម្ព័ន្ធភាពបែបការទូតនិងការពារជាតិគ្រប់គ្រាន់បម្រុងជារដ្ឋឯករាជ្យទៅហើយ។តៃវ៉ាន់ទទួលបានការគាំទ្រភាពស្របច្បាប់នៃចរិតនយោបាយរបស់ខ្លួនជា ជាងហុងកុងទៅទៀត។ចិនទោះដាក់សម្ពាធទាំងពាក្យសម្ដីនិងកាយវិការក្ដីតៃវ៉ាន់ខិ តខំធ្វើទំនើបកម្មយោធារបស់ខ្លួនកាន់តែខ្លាំងដើម្បីអាចទន្ទឹមបាននឹងចិន។តៃវ៉ាន់និងចិននឹងនៅតែបន្ដរស់នៅបែបបំភ័យនិងគម្រាមគ្នាតែបែបនេះដើម្បីប្រយោជន៍សេដ្ឋកិច្ច នយោបាយជាធំហើយមានតែមានតែការប្រកាសឯករាជ្យទេដែលធ្វើ ចិនក្រពុលមុខបំផុតហើយនឹងចាត់វិធានការណ៍យោធាដែលបង្កគ្រោះថ្នាក់ទ្រង់ទ្រាយធំពិតប្រាកដជាអំណោយហេតុមួយយ៉ាងក្នុងការវាយលុកយកតៃវ៉ាន់។ប៉ុន្ដែជាបឋមចិនត្រូវប្រើល្បិចល្បួងយ៉ាងណាឱ្យធូរស្រាលចលនាជាតិ និយមនៅតៃវ៉ាន់ព្រោះថាការយកតៃវ៉ាន់ដោយកម្លាំងយោធាបង្កឱ្យមានហិង្សាមនោសញ្ចេតនាជាតិនិយមខ្លាំងណាស់៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហ[...]

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត