loader

វិភាគ៖ស្លាបម្ខាងរបស់លោកកឹមសុខានៅតែមិនចាត់ទុកលោកសមរង្ស៊ីជាមេបក្សស្ដីទី អ្នកវិភាគថាក្រុមនេះយល់ខុសហើយ

ភ្នំពេញ៖ បន្ទាប់ពីមានការកំណត់ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹក​នាំ​អតីតគណបក្សសង្គ្រោះជាតិមកកម្ពុជា មានមតិចម្រុះផុសឡើងចេញពីបណ្ដាមជ្ឈដ្ឋានជាច្រើន ក្នុងនោះមិនមែនមានតែគណបក្សកាន់អំណាចនោះទេ គឺត្រូវបានគេមើលឃើញថា នៅក្នុងស្លាបម្ខាងរបស់លោកកឹមសុខាក៏មានបំណង បន្តុចបង្អាក់ ពីការធ្វើមាតុភូមិនិវត្តន៍ របស់លោកសមរង្ស៊ីផងដែរ ។ អ្នកវិភាគ យល់ថា ស្លាបម្ខាងរបស់លោកកឹមសុខាគួរនៅស្ងប់ស្ងាត់ប្រសើជាង។

សូមស្ដាប់លោក សោម លាភ អធិប្បាយពីព័ត៌មាននេះ៖

មុនពេលមិនទាន់កំណត់កាលបរិច្ឆេទវិលចូលកម្ពុជាពីលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សនេះ មានមតិលើកឡើងមិនតិចទេ ដែលថាលោក សម រង្ស៊ី គ្មានថ្ងៃវិលចូលស្រុកឡើយ ។

ការណ៍នេះ ក្រុមម្ខាងរបស់លោកកឹមសុខា ដែលចាត់ទុក លោកសមរង្ស៊ី ជាមេដឹក​នាំបក្សប្រហារ ដំណ្ដើម ពីលោកកឹមសុខា ទោះជាលោកសមរង្ស៊ីស័្មគ្រចិត្តលាលែងពីបក្សក៏ដោយ។

ជាថ្មីម្ដងទៀត នៅពេលដែលលោកសមរង្ស៊ី និងថ្នាក់ដឹកនាំបក្ស ប្រកាសជាផ្លូវការនៃការវិល​ចូលកម្ពុជាវិញ  គឺនៅថ្ងៃទី៩វិច្ឆិកា គេសង្កេតឃើញថា ក្រុមលោកកឹមសុខាមួយចំនួន បាន វាយប្រហារជាចំហលើបណ្ដាញសង្គមទៅលើលោកសមររង្ស៊ី ដែលជាបច្ចុប្បន្ន ជាប្រធានស្ដីទី នៃអតីតគណបក្សសង្រ្គោះជាតិ។

លោក អ៊ូ ចាន់រ័ត្ន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយស្នើសុំសិទ្ធិនេះវិញនោះ មានប្រសាសន៍ក្នុងវិទ្យាវាយោថា លោកមិនជឿថាលោក សម រង្ស៊ី វិលចូលកម្ពុជានោះទេ ។

លោក ហ៊ុន កុសល សកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកគាំទ្រខ្លាំងខាងលោក កឹម សុខា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៧ សីហាក្នុងន័យដើមថា «០៩-១១-២០១៩ បើចូលមកដោយភាពក្លាហាន នឹងក្លាយជាវីរបុរសពិតប្រាកដ ប៉ុន្តែបើមិនមកទេ នឹងក្លាយជាអ្នកនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងហើយ»

 លោកក៏បញ្ជាក់ថា លោកមិនជឿថាលោក សម រង្ស៊ី វិលចូលកម្ពុជាវិញនៅថ្ងៃនេះនោះទេ ។

លោក ហ៊ុន កុសល បង្ហាញក្ដីបារម្ភថា ប្រសិនបើប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ សូមទោស និងសូមភ្លើងខៀវពីនាយកករដ្ឋមន្ត្រីកម្ពុជានោះលោកថា លោក សម រង្ស៊ី មិនមែនជាអ្នកនយោបាយប្រឆាំងទេ ។

ជាមួយគ្នានេះ លោក ហ៊ីង សុខសាន្ត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិវិញ ដែលកំពុងតែនិរទេសខ្លួននៅសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងបទសម្ភាសរបស់សារព័ត៌មាន  The Cambodia Daily ថា លោកសាទរចំពោះការដាក់កាលបរិច្ឆេទធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី បែបនេះ ។

លោកបង្ហាញអំពីការមើលឃើញថា​លោក សម រង្ស៊ី អាចនឹងមិនចូលតាមការកំណត់នេះនោះទេ ។

លោក ហ៊ីង សុខសាន្តបញ្ជាក់ដោយមិនទទួលស្គាល់ថា លោក សម រង្ស៊ី មិនមែនជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ជាងនេះការកំណត់កាលបរិច្ឆេទនេះក៏មិនមែនធ្វើឡើងដោយសា្មរតីរបស់គណបក្សនេះដែរ ដែលលោកថាធ្វើឡើងដោយក្រុមហែហមលោក សម រង្ស៊ី តែប៉ុណ្ណោះ ។

កញ្ញាហ្សិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចានៃអតីតគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាសកម្មជនឆ្នើមនៃអតីតគណបក្សនេះ ឆ្លើយតបទៅលោក ហ៊ីង សុខសាន្ត ដោយចោទសួរទៅវិញថាតើលោកសម រង្ស៊ី កុហកខ្លួនឯង កុហកសកម្មជន កុហកអ្នកគាំទ្រពីពេលណា ។

កញ្ញាថា លោក ហ៊ីង សុខសាន្ត មានចំពោះយុទ្ធសាស្ត្រនយោបាយក្មេងខ្ចីណាស់ ។

លោកស្រី ម៉េង សុភារី មេធាវីតំណាងឱ្យលោក កឹម សុខា ធ្លាប់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា លោក កឹម សុខា ពុំមានបុព្វសិទ្ធិជាប្រធានបក្ស CNRP ទៀតទេតែអ្នកគាំទ្រនៅចាត់ទុកលោកជាប្រធានបក្សដដែល ។

អ្នកសង្កេតការណ៍ មើលឃើញថា ចរន្តបាក់បែកនៅក្នុងអតីតបក្សសង្រ្គោះជាតិ មិនអាចកើតមានទេ ទោះបីមានក្រុមណាមួយក្នុងបក្សនេះចង់បំផ្លាញក៏ដោយ គឺភាពរឺងមាំរវាងលោកសមរង្ស៊ីនិងលោកកឹមសុខា។

លោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយ មើលឃើញពីការធ្លាក់ចុះ ប្រជាប្រិយភាពនៃស្លាបម្ខាងរបស់លោកកឹមសុខា ដែល មិនធ្វើសកម្មភាពដើម្បីបក្សខ្លួន ។ លោកថា ក្រុមនេះ ពេលខ្លះហាក់មានការយល់ខុសអំពីសកម្មភាពនិងតួនាទីរបស់លោកសមរង្ស៊ី។

បើនិយាយពី បក្សកាន់អំណាចវិញ ចំពោះការវិលមកវិញរបស់លោកសមរង្ស៊ី គឺមានចាប់ខ្លួន តែប៉ុណ្ណោះ។

សម្ដេច ហ៊ុន សែន ថា កម្ពុជាត្រៀមស្វាគមន៍លោកសម រង្ស៊ី ដោយដាក់ខ្នោះលោក សម រង្ស៊ី ឱ្យខានតែបាន ។

ក្នុងនោះថ្នាក់ដឹកនាំកំពូលកម្ពុជា គឺនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា លោក សម រង្ស៊ី មិនមកកម្ពុជាទេ ពោលគឺសម្ដេចថា អ្នកនយោបាយនិរទេសខ្លួនរូបនេះ នឹងបន្តពន្យាពេលទៀត ។

កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ប្រកាសសង្គ្រាមជាមួយលោក សម រង្ស៊ី និងព្រមានដោយការបង្រ្កាបដោយប្រើកម្លាំក្ដី ។

សមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃកម្ពុជា ដែលទទួលបន្ទុកពាក់ព័ន្ធ ពិសេសគឺមន្ត្រីផ្នែកគ្រប់គ្រងសន្តិសុខប្រទេស ពោលគឺមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីគ្រប់គ្រងផ្នែកការពារជាតិ គឺក្រសួងការពារជាតិ ធ្លាប់អះអាងថា នឹងអនុវត្តតាមបញ្ជា ដើម្បីប្រឆាំងនឹងវត្តមានលោក សម រង្ស៊ី ។

មន្ត្រីបក្សកាន់អំណាច តែងតែអះអាងថា ការប្រឆាំងនឹងវត្តមានលោក សម រង្ស៊ី ជាការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ដើម្បីយកមកអនុវត្តន៍ទោស ។

សម្ដេច ​ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បង្ហាញតាមរយៈអត្តបទនៅលើទំព័រហ្វេសបុករបស់ខ្លួនថា ការ​ចង់​មក​កម្ពុជា​របស់​លោក​សម រង្ស៊ី គឺមានការ​ប៉ុនប៉ង​ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នៅ​កម្ពុជា​ ។ សម្ដេចថាការណ៍នេះក៏ព្រោះ​ថា​កាល​ណា​ចូលមក​ខុស​ច្បា​ប់ ​ប្រមូល​កម្លាំង​គាំទ្រ​ចូលរួម​ ដើម្បី​​ទទួល​ឬ​ធ្វើ​សកម្មភាព​ណា​មួ​យ​ បានន័យថា ​ប្រឆាំង​ជាមួយនឹង​ច្បាប់ ប្រឆាំងនឹង​សុខ​សន្តិភាព ស្ថិរភាពដែលកម្ពុជា​កំពុង​តែ​មាន​សព្វថ្ងៃ​នេះ ។

យ៉ាងណាមិញ សម្ដេច ស ខេង ក៏បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ខ្លួនដើម្បី​បង្រ្កាប និង​បំផ្លាញ​ចោល​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ ដែលសម្ដេចថា ជាសកម្មភាពមាន​បំណង ឬ​ធ្វើ​សកម្មភាព​បំផ្លាញ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីដើមឆ្នាំ ២០១៩ ក្នុងន័យសម្ដៅដល់ការបញ្ជាឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបាន ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។

យ៉ាងណាមិញ ខណៈពេលដែលលោក សម រង្ស៊ី ត្រូវបានសម្រេចកាលបរិច្ឆេទជាក់លាក់ឱ្យចូលមកទឹកដីកម្ពុជាវិញ គិតមកដល់ពេលនេះមិនទាន់មានការចេញសេចក្ដីថ្លែងការណ៍ណាមួយជុំវិញករណីនេះពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយនោះទេ ។

តែគេបែជាមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការ ដោយបង្ហាញការគាំទ្ររាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង ក្នុងការចាត់វិធានការនានា ដើម្បីរក្សាសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខជាតិ និងការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ ចុះផ្សាយកាលពីថ្ងៃទី ១៦ សីហា បានសម្រេចឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគណបក្សនេះវិលត្រឡប់ចូលកម្ពុជាវិញ នៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ដែលជាខួបទី ៦៦ ដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង ។

ដោយមើលឃើញដូចនេះ គឺអ្នកវិភាគ ឯកសុវណ្ណារ៉ា  យល់ថាទោះជាលោកមិនទាន់ជឿជាក់មួយររភាគរយថាលោកសមរង្ស៊ី វិលតាមកាលបរិច្ឆេទនេះ ក៏ដោយ តែ ការកំណត់ថ្ងៃទី៩វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យ ជាតិ ដែលព្រះមហាក្សត្រតែងតែគង់នៅក្នុងប្រទេស គឺជាភាព​​វ័យ​ឆ្លាតរបស់លោកសមរង្ស៊ី។

សម្រាប់លោក សម រង្ស៊ី អះអាងថា ពេលវេលានេះទុំជ្រុលហើយ ដែលលោក នឹងមន្ត្រីមួយចំនួនទៀត ត្រូវចូលមកកម្ពុជាជាចាំបាច់ និងមិនអាចពន្យាពេលបានទៀតនោះទេ ។

លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសបុករបស់លោក បញ្ជាក់ថា គោលដៅដែលលោកចូលមកកម្ពុជានៅថ្ងៃនោះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប, ប្រគល់សងដីធ្លី និងផ្ទះសម្បែងជូនជនរងគ្រោះដោយអំពើអយុត្តិធម៌, បំបាត់អំពើពុករលួយ លើកស្ទួយជីវភាពពលរដ្ឋ, ដោះស្រាយបំណុលរបស់ពួកគាត់  , រៀបចំប្រព័ន្ធតុលាការឡើងវិញ ដើម្បីឱ្យមានភាពឯករាជ្យ ភាពស្អាតស្អំ និងយុត្តិធម៌, ការពារផលប្រយោជន៍ និងភាពថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៧​ ។ មានការលើកឡើងថា ការរំលាយគណបក្សនេះ មិនមែនធ្វើឡើងដោយអនុ​លោមទៅតាមច្បាប់នោះទេ ពោលគឺជារឿងនយោបាយ ។

ការរំលាយ​គណបក្សនេះក្រោមហេតុផលដោយមានការចោទប្រធានគណបក្សនេះគឺលោក កឹម សុខា ពីបទក្បត់ជាតិ ។ លោក កឹម សុខា កំពុងស្នាក់នៅក្នុងផ្ទះ ដោយស្ថិតក្រោមកា​រត្រួតពិនិត្យតាមផ្លូវតុលាការ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត