loader

វិភាគ៖ សន្លឹកបៀរពីរសន្លឹករបស់អ្នកស្រីសៃអ៊ីងវិន បន្តធ្វើឲ្យចិនអាម៉ាស់មុខ

ក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណ្ណត្តិឆ្នាំ ២០២០នេះ ប្រធានាធិបតីលោកស្រី សៃ អ៊ីងវិន បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី ១១ ខែ មករា បន្តជាប្រធានាធិបតីស្រីដំបូងគេរបស់តៃវ៉ាន់ដែលកាន់តំណែងពីរអាណ្ណិត្ត។ លោកស្រី សៃអ៊ីងវិន ជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលមានទំនោរប្រឆាំងចិន ចង់បានឯករាជ្យភាព សេរីភាព និង អធិបតេយ្យភាពជូនប្រជាកោះតៃវ៉ាន់ ខណៈដៃគូរប្រកួតប្រជែងសន្លឹកឆ្នោតប្រធានាធិបតីគឺលោក ហានគួរយូរជាបេក្ខជនមកពីគណបក្សគូមីងតាងដែលគេស្គាល់ថាជាបក្សមាននិន្នាការទៅរកចិនដីគោក។

បើតាមលទ្ធផលផ្លូវការបង្ហាញថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ​ គឺលោកស្រី សៃ អ៊ីងវិន ទទួលបានការគាំទ្រប្រមាណ ​៨.២ លានសន្លឹកឬស្មើនឹង ៦១ភាគរយ កើនឡើងប្រមាណ ១.៣ លានសន្លឹកបើប្រៀបនឹងការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ខណៈលោក គួរយូមកពីគណបក្សគួមីនតាងទទួលបានសំឡេងតែ ៣៩ ភាគរយប៉ុណ្ណោះ។ 

អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ និង ភូមិសាស្រ្តនយោបាយយល់ថា ជ័យជម្នះរបស់លោកស្រី សៃ អ៊ីងវិន ដែលមានប្រៀបលើដៃគូរប្រកួតប្រជែងរបស់ខ្លួននោះគឺសំអាងលើសន្លឹកបៀចំនួន២ ដែលអ្នកស្រីប្រើប្រាស់សម្រាប់ទាញយកប្រជាប្រិយភាព តើសន្លឹកបៀរយុទ្ធសាស្រ្តទាំងនោះគឺជាអ្វី។

មិនចង់ក្លាយជាហុងកុងទី ២

សំណួរនេះមិនពិបាកឆ្លើយទេ ព្រោះថាអ្នកណាក៏ដឹងហើយថា នៅចំពោះមុខថ្នាក់ដឹកនាំចិន ប្រជាជនប្រមាណ ២៣ លាននាក់របស់តៃវ៉ាន់គឺគ្មានទំងន់អ្វីទេ តៃវ៉ាន់គឺគ្រាន់តែជាដែនកោះគ្មានឯករាជ្យភាព និង បូរណភាពទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន។

បរាជ័យរបស់គណបក្សគួរមិញតាង គ៏ជារឿងយ៉ាងអាម៉ាស់សម្រាប់ថ្នាក់ដឹកនាំប្រទេសចិន ព្រោះថាចិនមិនចង់ឃើញតៃវ៉ាន់មានមេដឹកនាំ​ចង់បំបែកខ្លួនពីចិននោះឡើយ។ ចិននៅតែបន្តរក្សាមហិច្ចតារបស់ខ្លួន ដើម្បីលេបយកកោះតៃវ៉ាន់។ ស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី សៃអ៊ីងវិន ចិននៅតែខ្លាចបារម្ភខ្លាចលោកស្រីដឹកនាំផ្តាច់ខ្លួនតៃវ៉ាន់ជារដ្ឋឯករាជ្យ។ ប្រសិនណាបើតៃវ៉ាន់ហ៊ានតែប្រកាសឯករាជ្យ ក្នុងករណីនេះ ចិនត្រៀមខ្លួនរួចជាស្រេចវាយយកតៃវ៉ាន់ ហើយក៏ត្រូវត្រៀមខ្លួនប្រយុទ្ធនឹងសហរដ្ឋអាមេរិកផងដែរ ព្រោះថា ជោគវាសនារបស់តៃវ៉ាន់គឺវាអាស្រ័យលើទំនាក់ទំនងការទូតរវាងតៃវ៉ាន់ និង អាមេរិក។

យើងត្រូវរំលឹករឿងរ៉ាវ ប្រវត្តិសាស្ត្រនៃសង្គ្រាមផ្ទៃក្នុង របស់ប្រទេសចិន នាទសវត្សន៍ឆ្នាំ៣០ និងឆ្នាំ៤០ ដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នា រវាងក្រុមចិនកុម្មុយនីស និងក្រុមចិនជាតិនិយម។ វត្តមាន​នៃ​ប្រទេស​ចិន​ពីរ​បាន​ផ្តើម​ឡើង តាំង​ពី​ឆ្នាំ​១៩៤៩​មក​ម្ល៉េះ។ កាល​ណោះ កង​ទ័ព​អ្នក​ជាតិ​និយម​ចិន​ដែល​ដឹកនាំ​ដោយ ជាង កាយជាក​ (Chiang Kai-Shek) បាន​ច្បាំង​ចាញ់​កង​កម្លាំង​កុម្មុយនិស្ត​របស់ ម៉ៅ សេទុង (Mao Tsé-Toung) ហើយ​បាន​មក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិន នៅ​លើ​កោះ​តៃវ៉ាន់។ រី​ឯ ម៉ៅ សេទុង វិញ បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ឆ្នាំ​១៩៤៩ នោះ​ដែរ។

ក្រោយ​មក ចិន​ដី​គោក​បែរ​ទៅ​ខាង​ពិភព​កុម្មុយនិស្ត ចំណែក​តៃវ៉ាន់​វិញ ចុះ​ចូល​ជាមួយ​លោក​សេរី ជាហេតុ​ធ្វើ​ឲ្យ​ដែនដី​ទាំង​ពីរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​ប្រឆាំង​គ្នា ទាំង​នៅ​លើ​វិស័យ​របប​នយោបាយ ទាំង​នៅ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច។ នៅ​ខាង​ចិន​ដី​គោក គឺ​ជា​អំណាច​ផ្តាច់ការ និង​សេដ្ឋកិច្ច​ផែនការ។ នៅ​ខាង​ចិន​តៃវ៉ាន់​វិញ គឺ​ជា​របប​ពហុបក្ស និង​សេដ្ឋកិច្ច​ផ្សារ​សេរី។​

សព្វថ្ងៃនេះ សាធារណមតិនៅតៃវ៉ាន មិនចង់ត្រឡប់​ ទៅនៅក្រោមចិនកុម្មុយនីសនោះឡើយ ប៉ុន្តែ​ពួកគេក៏មិនចង់ផ្ដាច់ខ្លួន ទាំងស្រុងនោះដែរ ដោយហេតុថា ការប៉ុនប៉ងនៃការផ្ដាច់ខ្លួនទាំងស្រុង នឹងបង្ក​ឲ្យ​ក្រុង​ប៉េកាំងខឹងក្រេវក្រោប ហើយអាចឈានទៅដាក់ទឹកដីតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពគ្រោះថ្នាក់។ ហើយនោះ គឺជា​នយោបាយ របស់ក្រុមអភិរក្សនិយម ដែលមានឫសគល់ ពីក្រុមជាតិនិយមចិន និងដែលបានកាន់​អំណាច​យ៉ាង​​ចាស់​​វស្សា នៅតៃវ៉ាន់។

ប៉ុន្តែជំហរ«ជើងមួយ ឈរជាន់ទូកពីរ»នេះ មិនបានជួយឲ្យតៃវ៉ាន់ ទទួលបាន​នូវសន្តិភាព​ពេញ​លេញ​នោះ​ទេ។ ការខិត​ចូលទៅជិតប្រទេសចិន កាន់តែខ្លាំង បានធ្វើឲ្យបណ្ដាជនតៃវ៉ាន់ ព្រួយបារម្ភកាន់តែច្រើនឡើង ជា​ពិសេស​​ពួក​គេ​​មិន​ចង់ឃើញ កោះតៃវ៉ាន់ ក្លាយជាក្រុងហុងកុងទី២ឡើយ។ នៅចំពោះការព្រួយបារម្ភនេះ បើសូម្បីគណបក្ស នៃ​ក្រុម​គួងមីងតាំង ខ្លួនឯង ក៏បាន​ផ្លាស់ប្ដូរមនុស្ស ដែលមាននិន្នាការមិនសូវស្និតនឹងចិន ឲ្យមកឈរឈ្មោះ ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​នោះដែរ។

កត្តាជីវភាព

បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលរដ្ឋាភិបាលរបស់គណបក្ស គួងមីងតាំង បាន​ចុះ​ហត្ថលេខា ជាមួយប្រទេសចិនដីគោក បានធ្វើឲ្យការបាត់បង់ការងារ នៅតៃវ៉ាន់ មានទំហំកាន់តែច្រើន​ថែម​ទៀត។ នាពេលកន្លងមក រលកចលនានៃការខឹងសម្បារ ទៅនឹងនយោបាយរបស់គណបក្ស គួងមីងតាំង ខាង​​លើ​នេះ បាន​បង្ក​ឲ្យមានការចុះតវ៉ា ​នៅ​តាម​ដងផ្លូវជាច្រើនដង ពីសំណាក់បណ្ដាជន និង​និស្សិត​នៅ​លើកោះ។

ដូច្នេះប្រតិកម្មរបស់បណ្ដាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត រហូតជ្រើសរើស​បាន​ប្រធានាធិបតីថ្មីមួយរូប​របស់​ខ្លួន ក្នុងពេលនេះ មានគោលបំណងច្បាស់លាស់៖ នោះគឺបណ្ដុះនយោបាយ ដើម្បីបង្កើតជាប្រទេសមួយ មាន​​ឯករាជ្យ​បរិបូណ៍ មានសិទ្ធិមនុស្ស និងដើម្បីការរួមរស់ ដោយសុខដុមរម្យនា ទៅមុខ។ តែរឿង​ដែល​ត្រូវ​គិត ក្នុង​ពេល​ជាមួយគ្នាដែរនោះ ថាតើគោលបំណងនេះ នឹងអាចដុតបញ្ឆេះរដ្ឋាភិបាលក្រុងប៉េកាំង ឲ្យផ្ទុះ​កំហឹង​បាន​ដល់​កម្រិត​​ណា៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ

ព័ត៌មានទាក់ទង

តើសមុទ្រវេណេហ្សូអេឡាអាចទេជាទីលានប៉ះទង្គិចអាវុធអ៊ីរ៉ង់អាមេរិក?

ខណៈវេណេហ្សូអេឡា ដែលជាប្រទេសផលិតប្រេងធំទី៤ នៅល[...]

តើកូរ៉េខាងជើងចាំបាច់អី្វលេងល្បែងសុខភាពរបស់លោកគីមជុងអ៊ុន ស្លាប់ឬរស់នៅពេលនេះ?

 មកដល់ពេលនេះ  នៅពុំទាន់ទទួលបានដំណឹងជាផ្លូវការ[...]

តើលោកគីមជុងអ៊ុនគេចពីរបៀបវារៈជាតិធំៗទៅលំហែកំសាន្ដឬ?

អាមេរិកបានចាប់យករូបថតរថភ្លើងប្រចាំត្រកូលលោកគី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត