loader

វិភាគ៖ អន្តរកាលនេះគេមិនត្រូវឱ្យលោកសមរង្ស៊ីឈប់ធ្វើជាប្រធានស្ដីទីអតីតCNRPបានទេ

ភ្នំពេញ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ  ដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ គឺក្រុមគាំទ្រលោក កឹម សុខា បានបង្ហាញនូវចេតនាចង់ឱ្យលោក សម រង្ស៊ី ឈប់ធ្វើជាប្រធានស្ដីទីនៃគណបក្សនេះ ហើយទៅធ្វើជាព្រឹទ្ធាចារ្យនយោបាយ សម្រាប់ផ្ដល់ប្រឹក្សានយោបាយទៅវិញ ។ តែយ៉ាងណា អតីតគណៈកម្មការនាយកនៃគណបក្សនេះ រួមទាំងអ្នកវិភាគ មានប្រសាសន៍ថា អន្តរកាលនេះ អតីតគណបក្សសង្គ្រោះជាតិ មិនអាចអត់លោក សម រង្ស៊ីបានទេ។

រាយការណ៍ដោយ លោក សោម លាភ

 

លោក ហុង លឹម អតីតអ្នកតំណាងរាស្ត្រអូស្រ្តាលីសញ្ជាតិខ្មែរបានមានប្រសាសន៍កាលពីថ្ងៃទី ១៣ ឧសភា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily  ដែលជាការរំលឹកដល់លោក សម រង្ស៊ី ឱ្យឈប់ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។លោក ថាលោកសមរង្ស៊ី គួរគោរពការសន្យាកន្លងមក។

ជាមួយគ្នានេះ លោក ហុង លឹម ដែលធ្លាប់ជួបកូនស្រីលោកកឹមសុខា គឺកញ្ញាកឹម មនោ​វិទ្យា​​កាលពីឆ្នាំ​ទៅមិញ​នៅប្រទេសអូស្ត្រាលី បានទាមទារអោយលោកសមរង្ស៊ី មើលគំរូ របស់លោកអាប់ភីស៊ីត ដែលបានលាលែងពីគណបក្សប្រជាធិបតេយ្យដោយសារ បក្ស​លោក​បានជ្រុះអាសនៈ ជាង១០០ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤មីនា ឆ្នាំ​២០១៩។

តែយ៉ាងណា លោកសមរង្ស៊ី បានដឹកនាំគណបក្សសមរង្ស៊ី បានចូលរួមប្រកួត ចំនួនបី​អាណត្តិដោយដំណ្ដើមអាសនៈ កើនឡើង។ តែនៅពេលលោក រួបរួមជាមួយ គណបក្ស​សិទ្ធិមនុស្ស ដឹកនាំដោយលោកកឹមសុខា ដោយបង្កើតគណបក្សសង្រ្គោះជាតិ ហើយ​លោក​ជា​ប្រធានគណបក្សគឺបក្សប្រឆាំងនេះ បានអាសនៈដល់ទៅ៥៥ ក្នុងចំណោម ១២៣​អាសនៈដោយទាញទម្លាក់អាសនៈបក្សកាន់អំណាច ២២អាសនៈ។ តែបក្សនេះ ត្រូវបាន​រំលាយដោយអំណាចតុលាការកំពូលគឺរំលាយមុនការបោះឆ្នោតសភាអាណត្តិទី៦កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៨។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីខែមីនា ថ្លែងក្នុងខួបកំណើត ៧០ ឆ្នាំរបស់លោក ដោយលោកស្នើឱ្យអ្នកយោបាយទាំងអស់ព្រមទាំងលោកខ្លួនលោកផ្ទាល់ ត្រូវចូលនិវត្តន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនដឹកនាំប្រទេសវិញម្ដង។

គេសង្កេតឃើញថា ខាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយនោះ មិនថាក្រុមលោក សម រង្ស៊ី និងក្រុមលោក កឹម សុខា គឺបង្ហាញនូវចេតនាផ្ដល់ឱកាសដល់យុវជនក្នុងការធ្វើនយោបាយដឹកនាំប្រទេស ។ ពួកគេថា យុវជនកម្ពុជាបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្ពុជា ។

ការណ៍នេះផ្ទុយពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន​ ដែលសម្ដេចតែងតែអះអាងថា មនុស្សចាស់ ទើបមានបទពិសោធន៍ និងយុទ្ធសាស្ត្រច្រើនក្នុងការដឹកនាំប្រទេស ។ យ៉ាងណា សម្ដេចនៅតែរក្សាមនុស្សចាស់ដែលជាមន្ត្រីរបស់ខ្លួន ដែលនាយករដ្ឋមន្ត្រីថា ព្រោះតែពួកគាត់ទើបគណបក្សប្រជាជនកម្ពុជាអាចកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះ ដែលមានរយៈពេលជិតបួនទសវត្សហើយនោះ ។

ពាក់ព័ន្ធទៅនឹងករណីដែលលោក សម រង្ស៊ី នៅតែបន្តធ្វើសកម្មភាពនយោបាយក្នុងនាមជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះ ខាងអ្នកនិយមលោក កឹម សុខា តែងតែបញ្ចេញវោហាសាស្ត្រថា  មានលោកសម រង្ស៊ី គឺនឹងគ្មានការដោះស្រាយបញ្ហានយោបាយនោះទេ ។ ពួកគេថា ព្រោះលោក សម រង្ស៊ី ជាមនុស្សហឹង្សា មិនមែនដូចលោក កឹម សុខា ដែលកំពុងស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមនុស្សអហឹង្សានិយម និងជាមនុស្សរក្សាបាននូវការស្ងៀមស្ងាត់ខ្ពស់ ។

យ៉ាងណា លោក រ៉ុង ឈុន អតីតគណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៦ ឧសភានេះថា ក្នុងអន្តរកាលនេះគេមិនត្រូវទាមទារឱ្យលោក សម រង្ស៊ី ឬអ្នកផ្សេងទៀត ចុះចេញពីដំណែងនោះទេ តែជាអន្តរកាលដែលត្រូវរួបរួមគ្នាដើម្បីប្រយោ​ជន៍ជនរួមជាតិ ។

លោករ៉ុង ឈុនថា គេមិនអាចយកលោក សម រង្ស៊ី ទៅប្រៀបធៀបជាមួយលោក អាប់ភីស៊ីត អតីតនាយករដ្ឋមន្ត្រីថៃនោះទេ ព្រោះលទ្ធផលនៃសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី មិនដែលធ្លាក់ចុះទេ ព្រោះបក្សដែលលោកសមរង្ស៊ីដឹកនាំគឺអាសន្នៈរដ្ឋសភាមានការកើនឡើងរហូត ។ លោកបន្ថែមថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយនោះ បានចូលរួមប្រកួតប្រជែងកាលពីព្រឹត្តិការណ៍បោះឆ្នោតសភាកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ គណបក្សនេះអាចនឹងឈ្នះឆ្នោត ហើយដឹកនាំរដ្ឋាភិបាលក៏ថាបាន ។  

លោក បណ្ឌិតមាស នី អ្នកវិភាគនយោបាយក្នុងសង្គមកម្ពុជា មានប្រសាសន៍ថា វប្បធម៌នយោបាយនៅបស្ចឹមប្រទេស ប្រសិនបើអ្នកនយោបាយបក្សណាមួយប្រកួតប្រជែងក្នុងការបោះឆ្នោតរយៈពេលមួយ ឬពីរអាណត្តិ ហើយមិនទទួលបានជោគជ័យ បុគ្គលនោះនឹងដើរចេញ ហើយឱ្យអ្នកផ្សេងជំនួសដំណែង ។

តែយ៉ាងណា លោកបណ្ឌិតថា ក្នុងបរិបទកម្ពុជាសព្វថ្ងៃមិនអាចធ្វើបែបនេះបានទេ ហើយ​ថាបើគ្មានលោកសម រង្ស៊ី គណបក្សសង្គ្រោះជាតិ និងមានផលវិបាក និងឧបសគ្គច្រើន ។

លោក សម រង្ស៊ី បានលាចេញពីដំណែងជាប្រធានគណបក្សសង្រ្គោះជាតិចៀសវាងការរំលាយគណបក្ស ក្រោយសភាអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនត្រូវឱ្យប្រធានបក្សណាមួយមានទោសឡើយ ។

កាលពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ ២០១៧ គណបក្សសង្រ្គោះជាតិ ទទួលបានដំណែងរហូតជាង ៥០០០អាសន្នៈ ។តែគណបក្សប្រឆាំងធំនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ចិការឆ្នាំ ២០១៧ មុនការបោះឆ្នោតសភានីតិកាលទី ៦ ក្រោមហេតុផលសំអាងថា លោក កឹម សុខា ប្រធាននៃគណបក្សនេះឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។

មកដល់ពេលនេះ លោក កឹម សុខារស់នៅក្នុងជីវិតដែលពុំមានសេរីភាពក្នុងការដើរហើរ ក្នុងការជួបជុំមនុស្សមួយចំនួនអស់រយៈពេលជិត ២ ឆ្នាំហើយ ។  

លោក សម រង្ស៊ី ត្រូវបានជ្រើសតាំងឱ្យធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលដែលលោក កឹម សុខា មិនទាន់មានសេរីភាពដើរហើរ ជួបជុំ និងសេរីភាពធ្វើនយោបាយ ។ លោកសម រង្ស៊ី ប្ដេជ្ញាថា នឹងធ្វើសកម្មភាពដើម្បីបង្រួបបង្រួមគណបក្ស និងចុះចេញពីដំណែងនេះពេលដែលលោក កឹម សុខា មានសេរីភាពឡើងវិញ។ បន្ថែមលើនេះទៀត លោក​សន្យាថានឹងវិលចូលកម្ពុជា នៅឆ្នាំ២០១៩នេះដើម្បីមកធ្វើសកម្មភាព​ផ្ទាល់ជាមួយអ្ន​កគាំទ្រលោកនិងអតីតគណបក្សសង្រ្គោះ​ជាតិ៕

អត្តបទដោយ៖ សោម លាភ

 

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖ ម៉ាឌូរ៉ូចាប់ផ្ដើមលេងល្បែងឆ្មាចាប់កណ្ដុរជាមួយអាមេរិក ដោយGame ចាស់ដដែល

បន្ទាប់ពីបង្ក្រាបក្រុមប្រឆាំងបានដោយជោគជ័យ  ជន[...]

បក្សធំពីរនៅថៃត្រូវការអាប់ភីស៊ីតជានាយករដ្ឋមន្ត្រីដើម្បីរាំងខ្ទប់លោកបា្រយុទ្ធមិនឱ្យធ្វើ ជា​នាយ​ក​រដ្ឋមន្ត្រី

  លទ្ធផលបោះឆ្នោតសភាប្រទេសថៃ បានប្រកាសជាផ[...]

ឯកសារប្រវត្តិសាស្រ្ដ៖ ព្រះបាទយសោវរ្ម័ន ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអាទិត្យ

ចក្រភពអង្គរដ៏រុងរឿងត្រូវបានកសាងដោយព្រះរាជាជាច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត