loader

វិភាគ​៖​ តើ​សម្ដេច​ ហ៊ុន​ សែន​ អាច​កាន់​អំណាច​បាន​ដល់​អាយុ​ ៩៩​ ឆ្នាំ​មែន​ទេ​?(មានសំឡេង)

​ភ្នំពេញ​៖​ មាត្រា​៥១​នៃ​រដ្ឋ​ធម្ម​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​ អនុវត្ត​នយោបាយ​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ហើយ​អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​។​​ចុះបើ​នាយក​រដ្ឋមន្ដ្រី​ប្រកាស​ក្ដែ​ងៗ​ថា​ លោក​នឹង​គ្រប់គ្រង​អំណាច​ជា​នាយក​រដ្ឋមន្ដ្រី​ រហូត​ដល់​លោក​អាយុ​ ៩៩​ឆ្នាំ​ តើ​អាច​ទៅ​រួច​ដែល​ទេ​ ?​

សម្ដេច ហ៊ុន សែន នៅក្នុងពិធីបុណ្យសមុទ្រ កាលពីថ្ងៃសៅរ៍ ទី២៤ ធ្នូ ឆ្នាំ២០១៦នៅឯខេត្តព្រះសីហនុ។ សារ​នយោបាយ​ថ្មី​មួយទៀត​របស់​ សម្ដេច​ ហ៊ុន​ សែន​ ដែល​លោក​បាន​ប្រកាស​ ប្រាប់​ មហាជន​ គឺ​ លោក​បាន​បញ្ជាក់​ថា​ លោក​នឹង​ធ្វើ​នាយក​រដ្ឋមន្ដ្រី​រហូត​ បើ​លោក​មាន​អាយុ​៩៩​ឆ្នាំ​ ហើយ​បើ​លោក​មិន​ទាន់​ស្លាប់​ កុំ​ទាន់​សង្ឃឹម​ ហើយ​ក៏​កុំ​ទាន់​គំរាម​ បើ​លោក​ឈរ​នៅ​ទី​នេះ​ កុំ​សង្ឃឹម​អោយ​សោះ​។​

​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៤​ ធ្នូ​ ឆ្នាំ​២០១៦​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​។​ តែ​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មកនេះ​ បាន​អះអាង​ថា​លោក​នឹង​មាន​អាយុ​៩៩​ឆ្នាំ​ គឺ​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរាសាស្ត្រ​។​ នៅ​ក្នុង​ពិធី​នោះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​៖«​ក៏​ប៉ុន្ដែ​តាម​ទំនាយ​ខ្ញុំ​មាន​អាយុ​ដល់​៩៩​ឆ្នាំ​ឯ​ណ៎ះ​ ចឹ​ង​ទេ​មាន​ន័យ​ថា​ ខ្ញុំ​នៅ​ជិត​៤០​ឆ្នាំ​ទៀត​ណ៎ះ​ មិន​ទាន់​ងាប់​ងាយៗ​ទេ​ ហើយ​អ្នក​ដែល​ចង់​ទទួល​តំណែង​ពី​ ហ៊ុន​ សែន​ នឹង​កុំ​អាល​សង្ឃឹម​ កុំ​អាល​គំរាម​ បើ​ ហ៊ុន​ សែន​ ឈរ​នៅ​ទី​នេះ​ កុំ​សង្ឃឹម​ សូម​ប្រាប់​ទៅ​វិញ​…»​។​

​ប្រសាសន៍​ របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដូចនេះ​  អាច​ជា​សារ​ថ្មី​មួយទៀត​ ដែល​ប្រមុខ​បក្ស​កាន់​អំណាច​រូប​នេះ​ ធ្លាប់តែ​ ព្រមាន​ថាបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​នឹង​មាន​សង្គ្រាម​។​ តែ​ពេល​នេះ​ ស្រាប់តែ​ ប្រើ​សារ​ថា​ កាន់​អំណាច​បាន​រហូត​ បើ​ មានជីវិត​ដល់​អាយុ​៩៩​ឆ្នាំ​ដែល​ខ្វះ​តែ​មួយ​ឆ្នាំ​គឺ​ ១០០​ឆ្នាំ​។​

​បើ​តាម​ រដ្ឋធម្មនុញ្ញ​ កម្ពុជា​ ត្រូវ​ប្រកាន់​គោលនយោបាយ​សេរី​ពហុបក្ស​ គឺ​មាន​ន័យ​ថា​ បើ​បក្ស​ណា​ ចាញ់ឆ្នោត​ គឺ​អស់អំណាច​ហើយ​ ត្រូវ​ផ្ទេរអំណាច​ទៅ​ឱ្យ​បក្ស​ដែល​ឈ្នះ​ឆ្នោត​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ យល់​ឃើញ​ថា​ សារ​របស់​សម្ដេច​ ហ៊ុន​ សែន​ គ្រាន់​ជា​ការ​ភ័យ​ខ្លាច​មួយ​ ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ តែ​ប៉ុណ្ណោះ​។​ លោក​ ព្យាករណ៍​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ទំនង​បក្ស​ប្រជាជន​កម្ពុជា​ បន្ត​ធ្លាក់សន្លឹក​ឆ្នោតទៀត​។​

លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក​ គឹ​ម​ សុខ​ ៖«​គាត់​ភ័យ​ខ្លាច​បំផុត​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ គឺ​ ការ​ផ្លាស់​ប្ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មួយ​ចំនួន​ធំ​ ហើយ​ការ​ផ្លាស់​ប្ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បើសិនជា​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​នៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ជា​ គណបក្សប្រឆាំង​ ដូច្នេះ​គេ​ទៅ​គ្រប់គ្រង​ព្រឹទ្ធសភា​ បើ​ទៅ​គ្រប់គ្រង​ព្រឹទ្ធសភា​ បាន​ន័យ​ថា​ សភា​ មាន​តុល្យភាព​អំណាច​ហើយ​  គណបក្សកាន់អំណាច​ទៅ​គ្រប់គ្រង​រដ្ឋសភា​ គណបក្សប្រឆាំង​គ្រប់គ្រង​ព្រឹទ្ធសភា​ នៅ​ពេល​នោះ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ការ​ស្រមៃ​អំណាច​របស់​គាត់​នៅ​ឆ្នាំ​២០១៨»​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្រី្ត​កាលពី​ថ្មីៗ​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​សម្ដែង​ការ​សង្ឃឹមថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​នឹង​ឈ្នះ​ឆ្នោត​ ព្រោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​នាំ​អោយ​មាន​ភាព​សុ​ក្រឹត្យ​ តម្លាភាព​ និង​យុត្ដិធម៌​។​

​ករណី​នេះ​ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស​សង្ឃឹមថា​ គណបក្ស​របស់​លោក​នឹង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨​ ព្រោះ​គណបក្សកាន់អំណាច​មិន​អាច​បន្លំ​សន្លឹក​ឆ្នោត​បាន​ទេ​។​ ជាមួយ​គ្នា​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​ព្រមាន​ថា​ បើ​បក្ស​កាន់​អំណាច​មិន​ផ្ទេរអំណាច​ដោយ​សន្ដិវិធី​ គឺ​ បក្ស​មួយ​នេះ​នឹង​ក្លាយជា​ក្រុម​ឧទ្ទាម​ ហើយ​សហគមន៍​អន្ដរជាតិ​នឹង​អន្ដរា​គម​បង្ខំ​ឱ្យ​ផ្ទេរអំណាច​។​ ​យ៉ាងណា​ក៏​ដោយ​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​និរទេស​ខ្លួន​ដោយសារ​តែ​ លោក​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ​ ដែល​ប្ដឹង​ដោយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សារ​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​អះអាង​ថា​ លោក​មាន​អាយុ​ចូល​ដល់​ ៩៩​ឆ្នាំ​ ហើយ​ឌឺដង​ ថា​ កុំ​សង្ឃឹមថា​ អ្នក​នឹង​កាន់​អំណាច​បាន​នោះ​ គឺ​ គ្មាន​ផ្លូវ​ទេ​។​

​សង្គ្រាម​វោហា​សាស្ដ្រ​ចាប់ផ្ដើម​ជា​ថ្មី​ទៀត​ រវាង​ប្រមុខ​រដ្ឋាភិបាល​ និង​ប្រមុខ​បក្ស​ប្រឆាំង​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ថយកម្ដៅ​បន្ដិចបន្ដួច​។​

​អ្នកវិភាគ​ម្នាក់​ទៀត​ គឺ​ លោក​បណ្ឌិត​ មាស​ នី​ គិត​ថា​ សម័យ​ទំនើប​នេះ​ គ្មាន​បុគ្គល​ណា​តោង​អំណាច​បាន​យូរ​ទេ​ ព្រោះ​ប្រទេស​មានច្បាប់​ មាន​ទម្លាប់​។​

​លោក​បណ្ឌិត​ មាស​ នី​ បាន​បន្ដ​ទៀត​ថា​ តាម​ធម្មតា​អ្នកដឹកនាំ​ម្នាក់ៗ​តែងតែ​និយាយ​ពី​អ្វី​ដែល​ខ្លួនឯង​មាននៅ​ក្នុង​ចិត្ត​ ហើយ​ការ​និយាយ​ទាំងនោះ​ សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ពី​ចរិត​កំណើត​របស់​ខ្លួន​ ដែល​មិន​អាច​ទទួល​ថា​ខ្លួនឯង​ចាញ់​បាន​។​

​លោក​បណ្ឌិត​ មាស​ នី​ បាន​បញ្ជាក់​ដូចនេះ​ថា​ ៖«​ ខ្ញុំ​គិត​ថា​ សង្គម​ជាតិ​សង្គម​ជាតិ​ដូច​ជា​មិន​ដល់​ថ្នាក់​ទុក​គាត់​ឱ្យ​នៅ​ដល់​ ៩៩​ឆ្នាំ​នោះ​ទេ​ ព្រោះថា​ ការ​បោះ​ឆ្នោត​តែងតែ​មានការ​ផ្លាស់​ប្ដូរ​។ ​ប៉ុន្ដែ​ខ្ញុំ​មើល​ថា​ ពេល​ខ្លះ​ មាន​អ្នកដឹកនាំ​ខ្លះ​ ដល់​ពេល​គាត់​ង៉ក​នឹង​អំណាច​មែនទែន​ គិត​ថា​គាត់​មើលទៅ​ស្អីៗ​នៅ​ជុំវិញ​ខ្លួន​គាត់​នឹង​សុទ្ធតែ​ជា​របស់​គាត់​ទាំងអស់​ គឺ​ គ្មាន​អ្នក​ណា​ខ្លាំង​ជាង​គាត់​ គ្មាន​អ្នក​ណា​ដូច​ថា​មាន​អំណាច​ជាង​គាត់​ គ្មាន​អ្នក​ណា​ពូកែ​ជាង​គាត់​ ទាល់តែ​ថ្ងៃ​ណា​ដែល​ថា​ទាល់តែ​ថ្ងៃ​ណា​ធ្លាក់​ពី​តំណែង​តែ​ម្ដង​បាន​ទទួលស្គាល់ តែបើ​ល្មមៗ​នៅ​តែ​មិន​ទទួលស្គាល់​។»​។​

​យ៉ាងណា​ក៏​ដោយ​ តាម​គេហទំព័រ​Wikimedia​ សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​រក​ឃើញ​ថា​ មេដឹកនាំ​កាន់​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិភពលោក​ គឺ​ លេខ​រៀង​ទី​៦​ ក្នុង​ចំណោម​ ២៥​រូប​។​​ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ចម្លែក​នោះ​ជន​ផ្ដាច់​ការ​នៅ​ប្រទេស​ស៊ឹ​ម​បា​វ៉េ​ នៃ​ទ្វីបអាហ្វ្រិក​ គឺ​ លោក Robert Mugabe បន្ដ​កាន់​  អំណាច​នៅ​ពេល​លោក​មាន​អាយុ​ ៩២​ឆ្នាំ​ ដោយ​គិត​មក​ដល់​ពេល​នេះ​ លោក​កាន់​អំណាច​បាន​ជាង​ ៤០​ឆ្នាំ​ហើយ​។​

​ប្រជាជន​របស់​ប្រទេស​នេះ​ មាន​អ្នកខ្លះ​ចង់​ទម្លាក់​រូប​លោក​ពី​អំណាច​ ហើយ​មាន​អ្នកខ្លះ​ចង់ឱ្យ​លោក​បន្ដអំណាច​ ប៉ុន្ដែ​ភាគច្រើន​ចាត់​ទុក​បុគ្គល​នេះ​ជា​ជន​ផ្ដាច់​ការ​ ដោយសារ​លោក​ប្រើប្រាស់​អំណាច​ជា​ អវតា​ នៃ​ជីវិត​របស់​លោក​។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ ហាក់​មិន​យល់​ស្រប​ពី​ការ​លើក​ឡើង​ទាំងនេះ​ទេ​។​ លោក​ អះអាង​ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​ នៅ​តែ​មាន​ប្រជាប្រិយភាព​ ហើយ​ប្រជាជន​នៅ​តែ​ទុក​ចិត្តការ​ដឹកនាំ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​យល់​ថា​ អ្នក​ដែល​ថា​គណបក្ស​ប្រជាជន​ធ្លាក់​ប្រជាប្រិយភាព​ គឺ​ ជា​អ្នកប្រឆាំង​ទេ​ ដែល​ថា​ចឹ​ង​។​ បើ​តាម​ពិត​ឥលូវ​គ្រាន់តែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ចំណោម​ ៨១​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​៦៧​ភាគរយ​ហើយ​ ដែល​ជាសមាជិក​គណបក្ស​ប្រជាជន​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​រួម​គ្នា​មួយ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដើម្បី​សួរសុខទុក្ខ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​នេះ​ កាលពី​ចុងឆ្នាំ​ ២០១៤​ សម្ដេច​ ហ៊ុន​ សែន​ បាន​និយាយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក​ សម​ រ​ង្ស៊ី​ ថា​ បើ​សម្ដេច​អស់អំណាច​ ហើយ​លោក​ សម​ រ​ង្ស៊ី​ ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ សូម​ទុក​ឱ្យ​គ្រួសារ​ និង​ សម្ដេច​ មាន​សេចក្ដីសុខ​ផង​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត