loader

សកម្មជនអតីតបក្សប្រឆាំង និងអ្នកវិភាគយល់ឃើញខុសគ្នាចំពោះការរៀបចំភារកិច្ចថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។  អ្នកវិភាគថា នេះគឺជារឿងធម្មតាទេ ក្នុងយន្តការនៃការដឹកនាំរាជរដ្ឋាភិបាល ។ តែសកម្មជនអតីតគណបក្សសង្គ្រោះជាតិថា ការណ៍នេះជាល្បិចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការខ្ចីដៃឧបនាយករដ្ឋមន្ត្រីក្នុងការកម្ចាត់ក្រុមលោក សម រង្ស៊ី ។

រាយការណ៍ដោយលោក សោម លាភ

កាលពីថ្ងៃទី ១០ កញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្ដៅធានាការអនុវត្តច្បាប់ និងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ។

ក្នុងសេចក្ដីសម្រេចនោះ ត្រង់ប្រការ ៣ ចែងថា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស ការដឹកនាំប្រតិបត្តិការណ៍ទប់ស្កាត់ភារវកម្ម ។ ជាងនេះទៅទៀត សម្ដេចស ខេង ក្នុងនាមជានាយករដ្ឋមន្ត្រីស្ដីទី ដែលជួយទៅលើកិច្ចការងាររបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម និងការបំផ្លាញចោលអាវុធ ព្រមទាំងការងារភូមិឃុំមានសុវត្តិភាព ការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការងារផ្សេងៗទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី ។

ប្រការដដែលបន្ថែមថា សម្ដេច ទៀត បាញ់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការពារជាតិ ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនកងកម្លាំងការពារសន្តិភាពពិភពលោករបស់អង្គការសហប្រជាតិ បញ្ជាអង្គភាពពិសេសប្រឆាំងភេវរកម្មផ្សេងៗ ។

ប្រការ៣ នេះដែលក៏មានការបែងចែកអំណាចដល់ឧបនាយករដ្ឋមន្ត្រីជាច្រើនរូបទៀត ពិនិត្យកិច្ចការទៅលើអ្វីដែលខ្លួនកំពុងតែបំពេញការងារតាមបណ្ដាក្រសួងស្ថាប័នពេលនាយករដ្ឋមន្ត្រីអវត្តមាន ។

យ៉ាងណា ប្រការ ៥ នៃសេចក្ដីសម្រេចដដែល បញ្ជាក់ថា កិច្ចការរបស់ឧបនាយករដ្ឋមន្ត្រី ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ត្រូវស្របទៅតាមមាត្រា ៣០ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី ។ មាត្រា​ ៣០ នៃច្បាប់នេះចែងថា ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី ។ កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ​ឯករាជ្យនៅកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ១១ កញ្ញានេះថា ការបែងចែកអំណាច និងការរៀបចំរបៀបរបបនៃការដឹកនាំរាជរដ្ឋាភិបាលនេះ គឺជារឿងធម្មតាទេ ក្នុងយន្តការនៃការដឹកនាំរាជរដ្ឋាភិបាល  ។

គួររំលឹកថា សេចក្ដីសម្រេចនេះគឺជាការកែសម្រួលពីសេចក្ដីសម្រេចកាលពីថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រោយពេលមានការដកតំណែងលោក ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី ។

លោក ញឹម វណ្ណដា ត្រូវបានដកពីដំណែងក្រោយពេលដែលមានការបាក់ស្រុតអាគារនៅខេត្តព្រះសីហនុ តាំងពីខែមិថុនាកន្លងទៅ ដោយសម្ដេច ហ៊ុន សែន ថា លោកខ្វះការទទួលខុសត្រូវ និងភូតភរកុហកច្រើន  ។

គិតមកដល់ពេលនេះ រយៈពេលជិត ៣ ខែហើយទើបមានការកែសម្រួលសេចក្ដីសម្រេចនេះ ។  យ៉ាងណាការកែសម្រួលនេះ ស្របពេលដែលកម្ពុជាបញ្ជាក់ថានឹងមានការប្រើប្រាស់កម្លាំងដើម្បីថែរក្សាសណ្ដាប់ធ្នាប់ តាមរយៈការប្រកាសពីសមាជិករាជរដ្ឋាភិបាលថា នឹងប្រឆាំងនឹងវត្តមានរបស់លោក សម រង្ស៊ី និងបក្សពួក ដែលប្រកាសថានឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។

លោក ឆាំ ឆានី សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅបរទេស បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនពាក់ព័ន្ធនឹងការបែងចែកអំណាច និងការងារនេះ ដោយចោទសួរក្នុងន័យដើមថា «ស ខេង អាចជាប់អន្ទាក់ ហ៊ុន សែន» ?

លោកសរសេរបន្ថែមថា ការដែលនាយករដ្ឋមន្ត្រីផ្ទេរតំណែងទៅឧបនាយករដ្ឋមន្ត្រីនេះ គឺជាការធ្វើទាំងបង្ខំក្រោមហេតុផលចំនួន ៥ យ៉ាងដូចតទៅ៖

ទី១. ដោយសារសម្ដេច ហ៊ុន សែន ព្រួយបារម្ភថាសម្ដេច ស ខេង បង្កើតបញ្ហាផ្ទៃក្នុង ព្រោះតែការរំលោភអំណាចទាំងក្នុងបក្ស និងក្នុងរដ្ឋាភិបាលកន្លងមក ។

ទី២. អាចជាការដោះដូររឿងមិនបានសម្រេចកាលប្រជុំ គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល កន្លងមកនេះ និងតម្លើងកូនប្រុសទៅជាសមាជិកគណៈអចិន្រ្តៃយ៍ និង ការផ្ទេរអំណាចនានានៅពេលខាងមុខ ។

ទី៣. លួងចិត្តមួយអន្លើកុំអោយសម្ដេច ស ខេង ប្រឆាំង ឬមានផែនការផ្តួល ។

ទី៤. ដោយសាសម្ដេច ហ៊ុន សែន មិនមានសមត្ថភាពដោះស្រាយវិបត្តិនយោបាយជាមួយសហគមន៍អន្តរជាតិ ពិសេសរឿង EBA  និង

ទី៥. គឺដោយសារសម្ដេច ហ៊ុន សែន ចង់ប្រើដៃសម្ដេច  ស ខេង ឲ្យកំទេចលោក សម រង្ស៊ី សកម្មជន និងអ្នកគាំទ្រ នៅពេលលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជា ។

លោកបន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាខ្លួនឯងផ្ទាល់ កំទេចលោក សម រង្ស៊ី នោះនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវប្រឈមចំពោះសហគមន៍អន្តរជាតិកាន់តែខ្លាំង ។

លោកថា បើជាសម្ដេច ស ខេង កំទេចលោក សម រង្ស៊ី នោះឧបនាយរដ្ឋមន្ត្រីរូបនេះទៅវិញទេ ដែលប្រឈមជាមួយសហគមន៍អន្តរជាតិជំនួសឱ្យសម្ដេច ហ៊ុន សែន ហើយសម្ដេច ហ៊ុន សែន នៅបន្តអំណាចដដែល ។ លោកថា ប្រសិនបើសម្ដេច ស ខេង កំទេចលោក សម រង្ស៊ី មិនបាននោះសម្ដេច ស ខេង នៅតែជាអ្នកខុស ។

យ៉ាងណា ការពន្យល់និងការវិភាគរបស់​ លោកលោក ឆាំ ឆានី ដែលជាអ្នករិះគន់បក្សកាន់អំណាច និងរាជរដ្ឋាភិបាលឥសម្ចៃមាត់ តែងតែទទួលរងប្រតិកម្មវិញពីមន្ត្រីរបស់បក្សកាន់អំណាច ដោយចាត់​ទុក ការយល់​ឃើញបែបនេះ គឺជាការគិតខុស ហើយមានចេតនា វាយប្រហារលើបក្ស​ប្រជាជន​កម្ពុជា ​ដែល​មិនអាច ទទួលយកបានឡើយ។

តែយ៉ាងណា បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ មាត្រា មាត្រា ១២៤ ថ្មី ចែងថា «នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្ត្រី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន​»

មាត្រា ១២៥ ថ្មី ក៏ចែងដែរថា «បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន»

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត