loader

សន្ដិសុខ​ស្ដ្រី​ ៖​ ខ្លាច​ករណី​គ្រោះថ្នាក់​ពេលធ្វើការ​ តែ​ជា​ការងារ​ស្របច្បាប់​

​ភ្នំពេញ​ ៖​ បច្ចុប្បន្ន​នេះ​ទាំង​ស្ដ្រី​ និង​បុរស​ គឺ​មាន​សិទ្ធិ​ស្នើ​គ្នា​ក្នុង​ការ​សម្រេចចិត្ដ​ ដើម្បី​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ពេញចិត្ដ​។​ តែ​យ៉ាងណា​ការងារ​ទាំងអស់​គឺ​មិន​ដូច​គ្នា​ទេ​ តែងតែមាន​ផល​លំបាក​ និង​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ​ពី​គ្នា​។​ ជាក់ស្ដែង​ការងារ​ជា​សន្ដិសុខ​ គេ​កម្រ​ឃើញ​មាន​ស្ដ្រី​បំពេញ​តួនាទី​បែប​នេះ​ណាស់​ បើ​មាន​ក៏​តិច​តូច​តែ​ប៉ុណ្ណោះ​ លើកលែងតែ​ក្នុង​ជួរ​មន្ដ្រី​ប៉ូ​លី​ស​ ឬ​ទា​ហ៊ាន​។​

​ជា​ទូទៅ​ស្ដ្រី​ត្រូវ​បាន​ គេ​មិនសូវ​អោយ​តម្លៃ​ច្រើន​ទេ​ ចំពោះ​ការងារ​ប្រើ​កម្លាំង​ ឬ​ក៏​ការងារ​ដែល​មាន​សកម្មភាព​ ច្រើន​ហើយ​ប្រឈម​គ្រោះថ្នាក់​ឬ​បញ្ហា​ផ្សេងៗ​។​ ការ​ចាត់​ទុក​ស្រី​បែប​នេះ​ ដោយសារ​ផ្នត់គំនិត​ មិន​ទុក​ស្ដ្រី​លើ​មុខ​តំណែង​ធំ​ និង​មុខ​តំណែង​រក្សា​សុវត្ថិភាព​ជាដើម​។​ នៅ​ថ្ងៃនេះ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ សូម​លើកយក​ជីវៈ​ប្រវត្ដិ​របស់​ អ្នកស្រី​ លី​ន​ដា​ ដែល​មានបទពិសោធន៍​ជិត​ ៦​ឆ្នាំ​ ក្នុង​តួនាទី​ ជា​សន្ដិសុខ​។​

​ជីវៈ​ព័ត៌មាន​នេះ​ រៀបចំ​ឡើង​ដោយ​លោក​ លៀ​ ស៊ី​ណា​ ៖

 

​ការងារ​ជា​សន្ដិសុខ​ គឺ​មាន​តួនាទី​នៅ​ចាំ​ការពារ​ទ្រព្យសម្បតិ្ត​របស់​ក្រុមហ៊ុន​ឬ​ទ្រព្យ​របស់​បុគ្គល​ណាមួយ​។​ ការងារ​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ ប្រឈម​ហានិភ័យ​ច្រើន​។​ តែ​ចំណុច​ដែល​គួរ​បារម្ភ​ជាងគេ​នោះ​ គឺ​អំពើ​ចោរកម្ម​ ដែល​សន្ដិសុខ​ប្រឈម​នឹង​គ្រោះថ្នាក់​អាច​ធ្ងន់ធ្ងរ​។​ ជា​រួម​ការងារ​សន្ដិសុខ​ ពិត​មិន​ស្រួល​ឡើយ​ ក៏​ប៉ុន្ដែ​ប្រាក់ខែ​សម្រាប់​មុខ​តំណែង​មួយ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ​។​

​ស្ដ្រី​ ភាគច្រើន​តែងតែ​ចាប់​យក​ការងារ​ណាមួយ​ដែល​ពួក​គាត់​គិត​ថា​ សម​ស្រប​ជាមួយ​សមត្ថភាព​ និង​ចំណេះ​របស់​ពួក​គាត់​។​ តែ​ចំពោះ​ការងារ​សន្ដិសុខ​នេះ​ បើ​មាន​ស្ដ្រី​ចូល​ធ្វើការ​ក៏​នៅ​តិច​តូច​ជាង​ការងារ​ផ្សេងៗ​ ដែល​មាន​ដូច​ជា​ កម្មការិនី​រោងចក្រ​ជាដើម​ ព្រោះ​ពួក​គាត់​មើលឃើញ​ថា​ ការងារ​សន្ដិសុខ​លំបាក​ និង​ប្រឈម​ហានិភ័យ​ខ្ពស់​។​

​អ្នកស្រី​ ហេ​ន​ លី​ន​ដា​ វ័យ​ ២៣​ឆ្នាំ​ ស្រុក​កំណើត​មក​ពី​ស្រុក​ បរិបូណ៌​ ខេត្ដកំពង់ឆ្នាំង​។​ បច្ចុប្បន្ន​អ្នកស្រី​បាន​រៀប​ការ​រួច​ហើយ​ និង​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​ រវាង​អ្នកស្រី​ និង​ស្វាមី​។​ ស្ដ្រី​វ័យក្មេង​រូប​នេះ​បាន​សម្រេចចិត្ដ​បោះបង់​ចោលការ​សិក្សា​ត្រឹម​ថ្នាក់​ទី​០៩​ ខណៈ​ដែល​អ្នកស្រី​មើលឃើញ​ថា​ អ្នក​ម្ដាយ​វ័យ​ចំណាស់​របស់​ខ្លួន​មាន​វ័យ​កាន់តែ​ចាស់​។​ ក្រោយ​បោះបង់​ការ​សិក្សា​ភ្លាមៗ​នៅ​ឆ្នាំ​២០១៣​ អ្នកស្រី​ លី​ន​ដា​ បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តាម​ម្ដាយមីង​ម្នាក់​ ដែល​ត្រូវជា​សាច់ញាតិ​ខាង​ម្ដាយ​។​ វា​ជា​លើក​ទី​១​ហើយ​ សម្រាប់​ស្ដ្រី​វ័យក្មេង​រូប​នេះ​ ដែល​ចាក​ស្រុក​កំណើត​ មក​ផ្ញើ​វាសនា​នៅ​ភ្នំពេញ​ ដែល​ជា​ទឹកដី​ដ៏​សម្បូរ​ទៅ​ដោយ​ការងារ​ច្រើន​ប្រភេទ​។​ នាង​មក​ដល់ទី​ក្រុង​ទាំង​ដែល​មិន​បាន​ខ្វាយខ្វល់​ពី​អ្វី​ទាំងអស់​ ក្រៅពី​ការ​រក​លុយ​ដើម្បី​ផ្ដល់​ជូន​ម្ដាយ​វ័យ​ចំណាស់​ និង​ជា​ស្ដ្រី​មេម៉ាយ​នៅ​ ឯ​ស្រុក​ ៖«​អត់​ទេ​បង​ អត់​គិត​អី​ទាំងអស់​ពេល​ដែល​មក​ហ្នឹង​ ព្រោះ​អី​ខ្ញុំ​អត់​មាន​ឪពុក​។​ ណាមួយ​ខ្ញុំ​ធ្វើស្រែ​តែ​ពីរ​នាក់​គាត់​ (​ម៉ែ​)​ កាល​ហ្នឹង​ខ្ញុំ​ធ្វើស្រែ​ប្រាំង​ ស្រែប្រាំង​ហ្នឹង​ដល់​ខែ​ស្ទូង​ហើយ​អី​អ​ញ្ចឹ​ង​ ត្រូវ​យក​ស្មៅ​បាញ់ថ្នាំ​។​ ប៉ុន្ដែ​ស្ទូង​ហើយ​អី​ហើយ​ ត្រូវការ​លុយ​ទិញ​ថ្នាំ​ទិញ​អី​យក​ទៅ​បាញ់​ ដល់​អ​ញ្ចឹ​ង​ខ្ញុំ​មក​ធ្វើការ​ផ្ដល់​លុយ​ឲ្យ​គាត់​ (​ម៉ែ​)»​។​

​ជា​ការ​ពិត​ន​ណា​ក៏​មើលឃើញ​ថា​ ការងារ​ជា​សន្ដិសុខ​នេះ​ គឺ​លំបាក​ ហើយ​សម្រាប់​អ្នកស្រី​ លី​ន​ដា​ ក៏​ទទួលស្គាល់​ដែរ​ ថា​ ការងារ​ជា​សន្ដិសុខ​នេះ​ គឺ​លំបាក​ ពិសេស​សម្រាប់​នាង​ជា​ស្ដ្រី​ថែម​ទៀត​។​ ក៏​ប៉ុន្ដែ​អ្នកស្រី​ថា​ បើ​ទោះជា​ការងារ​តួនាទី​ជា​សន្ដិសុខ​នេះ​លំបាក​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​វា​ហាក់​ស្ថិត​នៅ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​សម្រាប់​បទ​ពិសោធន៍​ នៃ​ការ​ធ្វើ​ការងារ​លំបាកៗ​ជា​ច្រើន​របស់​អ្នកស្រី​កន្លង​មក​ ៖«​ធ្វើ​សន្ដិសុខ​ពិបាក​ ព្រោះ​អី​ស្រី​ហើយ​ណាមួយ​គេ​អត់​យក​ខ្ញុំ​ទៅ​ដាក់​មួយ​កន្លែង​អ​ញ្ចឹ​ង​ទេ​។​ ពេល​ខ្វះ​គេ​យក​ខ្ញុំ​ទៅ​ណេះ​ទៅ​ឯណោះ​ ទៅ​កន្លែង​ហត់​ ទៅ​អង្គុយ​ហាលថ្ងៃ​ក៏​មាន​ដែរ​។​ កន្លែង​ស្រួល​ក៏​មាន​កន្លែង​ពិបាក​ក៏​មាន​ មិនមែន​ថា​ ឃើញ​ខ្ញុំស្រី​ឲ្យ​ទៅ​នៅ​កន្លែង​ស្រួល​អី​មិនមែន​ទេ​។​ ពេល​ដែល​ខ្វះ​ដឹក​ខ្ញុំ​ទៅ​យាម​កន្លែង​ក្ដៅ​ក៏​មាន​ កន្លែង​ម្លប់​ក៏​មាន​។​ តែ​ខ្ញុំ​មិន​ដែល​គិត​ថា​ ហត់​ចង់​ឈប់​អី​ផង​ព្រោះ​ខ្ញុំ​ធ្លាប់​ពិបាក​ពី​មុន​មក​ហើយ​ ហើយ​ពិបាក​ប៉ុណ្ណឹង​ក៏​អត់​អី​ដែរ​»​។​

​ការងារ​តួនាទី​ជា​សន្ដិសុខ​នេះ​ មាន​មនុស្ស​ជា​ច្រើន​រាប់​តាំងពី​អ្នក​ភូមិ​ រហូត​ដល់​សាច់ញាតិ​របស់​សា​ម៉ី​ខ្លួន​ទៅ​ទៀត​ គ្មាន​ន​ណា​ម្នាក់​បង្ហាញ​ការ​គាំទ្រ​ ឬ​ក៏​លើកទឹកចិត្ដ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​កា​រិះគន់​ និង​ការ​ប្រើ​ពាក្យ​ឌឺដង​ ដៀមដាម​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ លី​ន​ដា​ ពេល​ខ្លះ​មាន​អារម្មណ៍​តូចចិត្ដ​ម្ដងៗ​ដែរ​។​ តែ​យ៉ាងណា​អ្នកស្រី​មិន​បាន​បោះបង់​ការងារ​មួយ​នេះ​ ព្រោះតែ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ​ ព្រោះ​អ្នកស្រី​ គិត​ថា​ វា​ជា​ការងារ​ស្របច្បាប់​ មិនមែន​ជា​ការ​លួច​ប្លន់​ទ្រព្យ​អ្នក​ដទៃ​ បើ​ទោះជា​វា​ប្រឈម​គ្រោះថ្នាក់​ខ្លះៗ​ក្ដី​ ៖«​គេ​ធ្លាប់​ថា​តើ​បង​ ខ្ញុំ​ធ្លាប់​អន់ចិត្ដ​ដែរ​តើ​ គេ​ថា​ ខ្ញុំ​ហ្នឹង​ចូល​ចិត្ដ​ធ្វើ​សន្ដិសុខ​វា​ស្រួល​ អត់​ខ្លាច​ទេ​ស្រី​អ​ញ្ចឹ​ង​ ខ្លាច​ចោរ​ខ្លាច​អី​មក​ភ្ជង់​យក​របស់​យក​ម៉ូតូ​អី​អ​ញ្ចឹ​ង​។​ ខ្ញុំ​មិនមែន​ថា​ ខ្ចិ​ល​ ធ្វើការ​សន្ដិសុខ​វា​ស្រួល​ទេ​ ខ្ញុំ​សមត្ថភាព​ខ្ញុំ​វា​អត់​ខ្លាំង​ដូច​គេ​ អី​ក៏​ដោយ​ឲ្យ​តែ​បាន​ប្រាក់ខែ​ច្រើន​ខ្ញុំ​ធ្វើ​ហើយ​ ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​កុំ​ឲ្យ​តែ​ការងារ​ហ្នឹង​ខុស​បាន​ខ្ញុំ​អត់​ធ្វើ​ »​។​

​ស្ដ្រី​វ័យក្មេង​រូប​នេះ​ បើ​ទោះជា​ការ​សិក្សា​បាន​តិច​តូច​ក៏​នាង​ មិន​ធ្លាប់​គិត​ថា​ ទៅ​ប្រព្រឹត្ដ​អំពើ​ណាមួយ​ដែល​សង្គម​ស្អប់ខ្ពើម​ឡើយ​។​ អ្នកស្រី​បន្ដ​ថា​ ការ​ដែល​អ្នក​ទាំង​អស់នោះ​និយាយ​ដាក់​នាង​ដូច្នេះ​ ទំនង​មក​ពី​ពួក​គេ​មិន​បានដឹង​ពី​ការ​លំបាក​របស់​អ្នកស្រី​ ដែល​បាន​ជួប​ប្រទះ​តាំងពី​ក្មេង​មក​ ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ ហើយ​កំព្រា​ឪពុក​ថែម​ទៀត​។​ អ្នកស្រី​ លី​ន​ដា​ សំណូមពរ​ដល់​អ្នក​ដែល​តែងតែ​ចាំ​បេះបោច​ រឿងរ៉ាវ​របស់​អ្នក​ដទៃ​ សូម​ឲ្យ​បញ្ឈប់​ការ​ធ្វើ​បែប​នេះ​ ហើយ​គួរតែ​មើល​សិន​ ថា​ តើ​មូលហេតុ​អ្វី​បានជា​ស្ដ្រី​មួយ​រូប​សុខចិត្ដ​ចាប់​យក​អាជីព​ជា​ សន្ដិសុខ​ ៖«​ចង់​ផ្ដាំ​ទៅ​ថា​ កុំ​តែ​មើល​គេ​មក​ ថា​ធ្វើ​សន្ដិសុខ​ហ្នឹង​គេ​ខ្ចិ​ល​គេ​ស្រួល​ អត់​ចង់​ពិបាក​មិនមែន​ថា​ អ​ញ្ចឹ​ង​ទេ​។​ ខ្ញុំ​គិត​ថា​ ប្រាក់ខែ​បាន​សមរម្យ​និង​ខ្ញុំ​ខ្ញុំ​ធ្វើ​ហើយ​ ខ្ញុំ​មិនមែន​ថា​ ធ្វើការ​ហ្នឹង​ស្រួល​បាន​ធ្វើ​ មក​តែ​អង្គុយ​ មក​ដើរ​ ងើប​អង្គុយៗ​ មក​យក​លុយ​គេ​ស្រួល​អ​ញ្ចឹ​ង​ទើប​ខ្ញុំ​ធ្វើ​ទេ​ អត់​ទេ​ ខ្ញុំ​គិត​ថា​ បាន​ប្រាក់ខែ​មក​សម​នឹង​ចំណេះ​ខ្ញុំ​»​។​

​យ៉ាងណា​នៅ​ឆ្នាំ​ទី​០៦​ នៃ​ការ​មក​ដល់ទី​ក្រុងភ្នំពេញ​នេះ​ អ្នកស្រី​ ហេ​ន​ លី​ន​ដា​ បាន​ផ្លាស់​ប្ដូរ​ការងារ​ស្នូល​ពី​សន្ដិសុខ​ ទៅ​ជា​ជំនួយការ​ចុងភៅ​វិញ​។​ តែបើ​ទោះជា​អ្នកស្រី​ មានការ​ងារ​ស្នូល​ជា​ជំនួយការ​ចុងភៅ​ក្ដី​ ក៏​ប៉ុន្ដែ​អ្នកស្រី​ នៅ​តែ​មិន​បោះបង់​ការងារ​ជា​សន្ដិសុខ​នេះ​ ដោយ​អ្នកស្រី​តែងតែ​ឈ្លៀត​ទៅ​ធ្វើ​នៅ​ពេល​ដែល​មាន​កន្លែង​ណា​ត្រូវ​អ្នក​ជំនួស​១​ថ្ងៃ​ ឬ​កន្លះ​ថ្ងៃ​។​ អ្នកស្រី​លើកទឹកចិត្ដ​ដល់​ស្ដ្រី​គ្រប់​រូប​ ត្រូវ​តែ​មានការ​ងារ​ផ្ទាល់ខ្លួន​មួយ​ជាក់លាក់​ ដោយ​មិន​ត្រូវ​ភ័យ​ខ្លាច​ការ​លំបាក​ ហើយ​រង់​ចាំតែ​ស្វាមី​ចិញ្ចឹម​នោះ​ទេ​។​ អ្នកស្រី​ថា​ ការ​មាន​ប្រាក់​ចំណូល​ខ្លួនឯង​ គឺ​បង្ហាញ​ថា​ ជា​ភរិយា​ ជា​ម្ដាយ​ ដ៏​រឹង​មាំ​ម្នាក់​៕

ព័ត៌មានទាក់ទង

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត