loader

សម្ដេចហ៊ុន សែនថា កម្ពុជាគ្មានលទ្ធភាពធ្វើផ្លូវថ្នល់ និងស្ពានមានដូចសព្វថ្ងៃទេ បើមិនពឹងចិន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនមានលទ្ធភាពធ្វើផ្លូវល្អរាប់ពាន់គីឡូម៉ែត្រ និង ស្ពានឆ្លងទន្លេ ដែលមានដូចសព្វថ្ងៃនេះទេ បើមិនពឹងពាក់ចិននោះ ។  សម្ដេច ហ៊ុន សែន បញ្ជាក់ថាសម្ដេចមិនជឿថាកម្ពុជានឹងធ្លាក់ក្នុងអន្ទាក់បំណុលចិននោះទេ ហើយអ្នកដែលលើកឡើងថាកម្ពុជានឹងធ្លាក់ក្នុងបំណុលចិន គឺជាអ្នកដែលមើលងាយឥរិយាបថរបស់ចិន ។ អ្នកតាមដានសង្គម ព្រួយបារម្ភចំពោះការដែលកម្ពុជាងាកជ្រៅទៅរកចិន ហើយខ្ចីបុលរាប់ពាន់លានដុល្លារ ។

រាយការណ៍ដោយលោក សោម លាភ

ការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយអង្គភាពសារព័ត៌មានហ្រ្វេសញូ នៅរសៀលថ្ងៃទី ១៨ វិច្ឆិកានេះ ក្នុងឱកាសខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងវីដេអូផ្សាយផ្ទាល់នោះ គឺសម្ដេច ហ៊ុន សែន បានជូនពរបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាល ឱ្យបង្កើតឱ្យបាននូវសមិទ្ធិផលបន្ថែមទៀតសម្រាប់ប្រជាជាតិចិន ។

មិនត្រឹមតែចិនផ្ដល់ផលប្រយោជន៍ឱ្យកម្ពុជាតែប៉ុណ្ណោះនោះទេ សម្ដេច ហ៊ុន សែន ក៏បញ្ចាក់ថា ចិនបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់ និងពិភពលោក ។

យ៉ាងណាសម្ដេច ហ៊ុន សែន បញ្ជាក់ថាសម្ដេចតែងតែប្រាប់ទៅកាន់មន្ត្រីទាំងនៅក្នុងគណបក្ស ទាំងក្នុងជួររដ្ឋាភិបាលថា អំពីថាកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលនេះ គឺជាការគោរពនូវអធិបតេយ្យភាពរបស់ចិន ។

សម្ដេចបន្ថែមថា ការគោរពអធិបតេយ្យភាពរបស់ចិន គឺដូចទៅនឹងការគោរពអធិបតេយ្យកម្ពុជាខ្លួនឯងដែរ  ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ចិនមិនចង់បានអ្វីពីកម្ពុជាក្រៅពីភាពស្មោះត្រង់នោះទេ ។

សម្ដេច ហ៊ុន សែន រំលឹកថាបើគ្មានជំនួយចិន កម្ពុជានឹងគ្មានផ្លូវថ្នល់ល្អ និងស្ពានធំៗដូចសព្វថ្ងៃនេះនោះទេ ។

សម្ដេចថា កម្ពុជាត្រូវតែពឹងពាក់ចិនក្នុងការធ្វើតភា្ជប់ក្នុងប្រទេស ក៏ជាប្រទេសជិតខាង មានជាមួយថៃ វៀតណាម និងឡាវ ព្រោះកម្ពុជាមិនអាចធ្វើបានដោយខ្លួនឯងទេ ។

សម្ដេច ហ៊ុន សែន បង្ហាញការសោមនស្សរីករាយជាខ្លាំងដែលបានធ្វើការជាមួយចិន ដោយមិនមានលក្ខខ័ណ្ឌ ។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាថា ខ្លួនមិនជឿថាកម្ពុជានឹងធ្លាក់ក្នុងអន្ទាក់បំណុលចិននោះទេ ព្រោះកម្ពុជានឹងមិនខ្ចីចិនឱ្យលើសពីអ្វីដែលបានកំណត់នោះទេ ។

សម្ដេចហ៊ុន សែន ថាអ្នកដែលថាកម្ពុជានឹងធ្លាក់ក្នុងអន្ទាក់បំណុលចិន ជាអ្នកមិនប្រាកដនិយម និងមើលងាយឥរិយាបទរបស់ចិន ។

គួររំលឹកថា ចិនបានផ្ដល់ជំនួយជាច្រើនពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩៤  ដោយផ្តោតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ពុជា ហើយចិន ជាម្ចាស់បំណុលដ៏ធំជាងគេសម្រាប់កម្ពុជាដែលគិតមកត្រឹមឆ្នាំ ២០១៩ នេះ ។ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  កម្ពុជាជំពាក់ចិនប្រមាណ ៤ ពាន់លានដុល្លារអាមេរិក ។

ពាក់ព័ន្ធទៅនឹងការដែលកម្ពុជាចាប់ផ្ដើមបង្កើនទំនាក់ទំនងយ៉ាងខ្លាំងជាមួយចិន ព្រមទាំងខ្ចីលុយជាច្រើនពីចិននោះមានការរិះគន់ពីមជ្ឈដ្ឋានទូទៅយ៉ាងច្រើន ។

អ្នកវិភាគបារម្ភថា ការខ្ចីបុលពីប្រទេសចិនយ៉ាងច្រើនសន្ធឹកបែបនេះអាចជាភាពគ្រោះថ្នាក់មួយ ឬ អាចហៅបានថាជាអន្ទាក់បំណុលដែលស្រាយមិនរួច ដូចករណីប្រទេសស្រីលង្ការ ដែលគ្មានប្រាក់ក្នុងការសងទៅប្រទេសចិន ហើយប្រទេសនេះក៏សម្រេចត្រូវប្រគល់ទឹកដីនៅតាមឆ្នេរសមុទ្រទៅឲ្យប្រទេសចិនគ្រប់គ្រងក្រោមរូបភាពសម្បទានរយៈពេល ៩៩ ឆ្នាំ ។

អង្គការសង្គមស៊ីវិលថា កម្ពុជាគួរបន្ថយការខ្ចីបុលពីចិន ហើយគ្រប់គ្រងបំណុលទាំងនោះឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ។

ដោយឡែកលោកសម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្ស​សង្រ្គោះជាតិ ដែលកំពុងដាក់ផែនការ​វិលចូលប្រទេសវិញ នៅថ្ងៃទី៩វិច្ឆិកា តែតែងបង្ហាញការព្រួយបារម្ភពីឥទ្ធិពលចិនលើកម្ពុជា ។ លោកថា លោកនឹងសើរើខ្លះ គោលនយោបាយចិន នៅកម្ពុជា បើលោកជាមេដឹកនាំរាជរដ្ឋាភិបាល ។ យ៉ាងណា សម្ដេចហ៊ុនសែន ក៏តែងតែច្រានចោល ទស្សនៈ ចង្អៀតចង្អល់នឹងចិន ខណៈសម្ដេច ធានា​ថា កម្ពុជាមិនអាចរងឥទ្ធិពល ឬជារដ្ឋមួយក្រោមអាណានិគមប្រទេសណាមួយម្ដងទៀតឡើយ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

លោក សម រង្ស៊ីប្រាប់សភា IPUថា លោកមានបំណងមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ

ភ្នំពេញ៖ លោក សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និស[...]

វៀតណាមផ្ដល់ជំនួយជាង៥២ម៉ឺនដុល្លារឱ្យកម្ពុជា ដើម្បីជួយរុករកអដ្ឋីធាតុកងទ័ពវៀតណាមស្លាប់​នៅកម្ពុជា

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត