loader

សម្តេច ហ៊ុន សែន បញ្ជាឱ្យក្រសួងបញ្ចេញថវិការដ្ឋដោះស្រាយបញ្ហាថៅកែរត់ចោលកម្មករ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ កុម្ភៈនេះ បានដាក់ចេញនូវអនុសាសន៍ថ្មីមួយដោយបញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវបញ្ចេញសាច់ប្រាក់ជាថវិការបស់រដ្ឋ ដើម្បីដោះស្រាយបញ្ហារបស់កម្មករកាត់ដេរដែលត្រូវបានថៅកែបិទទ្វាររត់ចោលពួកគេនោះ។

សហជីពការពារផលប្រយោជន៍កម្មករសាទរចំពោះអនុសាសន៍ថ្មីនេះ ដោយយល់ថាជម្លោះតវ៉ារ៉ាំរ៉ៃដែលកើតមានកន្លងមកគឺកើតចេញពីថៅកែមិនបើកប្រាក់អត្ថប្រយោជន៍ជូនកម្មករពេលបិទរោងចក្រ។

 

                              ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់ទឹកថ្លា។

 

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់ទឹកថ្លា​ រាជធានីភ្នំពេញជាង ១ម៉ឺននាក់ សម្តេច ហ៊ុន សែន បានបញ្ជាទៅក្រសួងពាក់ព័ន្ធ ពិសេសគឺក្រសួងការងារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបញ្ចេញថវិការដ្ឋ ដើម្បីដោះស្រាយបញ្ហាតវ៉ារបស់កម្មករពេលថៅកែរត់ចោលពួកគេ។

សម្តេចប្រកាសថា អនុសាសន៍ថ្មីបន្ថែមទៀតនេះ ក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យទាន់ពេលវេលា ជៀស វាងបណ្តែតបណ្តោលទុកឱ្យកម្មករចេញតវ៉ា ឬធ្វើកូដកម្មយ៉ាងអនាធិបតេយ្យនៅមុខរោងចក្រនោះ។

ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលនេះពេលនេះ គឺបន្ទាប់ពីកម្មកររោងចក្រចំនួន ៣ ក្នុងខ័ណ្ឌពោធិ៍សែនជ័យត្រូវបានថៅកែបិទទ្វាររត់ចោល ក្រោយពីថៅកែបញ្ចូនពួកគេឱ្យមកស្រាប់ និងជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ០៧ កុម្ភៈ កន្លងទៅ។

សម្តេច ហ៊ុន សែន៖«អញ្ចឹងបញ្ហានេះកុំឱ្យកើតជាជំងឺរ៉ាំរ៉ៃ កើតមានស្ថានភាពហ្នឹងភ្លាម​ចុះដោះស្រាយបញ្ហាភ្លាម ដកថវិកាយ៉ាង ណាដើម្បីដោះស្រាយនូវប្រាក់បៀរវត្តន៍ឱកយកម្មករជំនួសសិន។ ខ្ចីប្រាក់ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬក៏ក្រសួងណាក៏ប្រាក់ណា ក៏ដោយដោះស្រាយឱ្យកម្មករកម្មការិនីសិន បន្ទាប់ទៅជំហានបន្តយើងដោះយ៉ាងម៉េចទៀត កុំឱ្យកម្មករគាត់ខ្វះប្រាក់ខែក្នុងពេលវេលាហ្នឹង នេះជាអនុសាសន៍មួយបន្ថែមទៀតដែលមានស្រាប់»

ទាក់ទិនបញ្ហានេះលោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅកាត់ថា(ស៊ីខៅឌូ) សាទរចំពោះអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល។ លោកបន្តថា ជម្លោះតែងតែកើតឡើងនាពេលកន្លងមក គឺភាគច្រើនកើតចេញពីម្ចាស់រោងចក្របិទទ្វារដោយមិនទូទាត់ប្រាក់អត្តប្រយោជន៍នានាជូនកម្មករ។

លោក អាត់ ធន់៖«ខ្ញុំគិតថាវាជារឿងមួយល្អដែលរដ្ឋជួយអន្តគមន៍បញ្ចេញសាច់ប្រាក់បុរេប្រទានជូនកម្មករ ហើយទូទាត់តាមក្រោយ ព្រោះជម្លោះរ៉ាំរ៉ៃ​វិវាទ ដែលកើតឡើងគឺបញ្ហាដែលមិនបើកលុយឱ្យកម្មករហ្នឹង»

                                លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា(ស៊ីខៅឌូ)

 

កាលពីថ្ងៃទី៨ កុម្ភៈ កម្មករ-កម្មការិនីប្រមាណ ២ ពាន់នាក់បានតវ៉ានៅមុខរោងចក្រចំនួន ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី​ម្ចាស់​រោងចក្រ​បាន​បិទ​ទ្វារ​រត់​គេច​ខ្លួន​ ក្រោយ​ពី​បញ្ជូន​កម្មករ​ទៅ​ស្តាប់​សុន្ទរកថា​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករនោះ​។​

កម្មករ​នៅ​រោងចក្រ Yu Fa Garment Industry ​ រោងចក្រ Yu Da Garment Industry និង​រោងចក្រ SRE Garment Co Ltd បាន​ប្រាប់អ្នកសារព័ត៌មានថា ពួកគេ​ត្រូវបានថៅកែរត់ចោល ទាំងមិនទាន់​ទទួល​បាន​ប្រាក់​បំណាច់​ ឬ​ប្រាក់ខែ​ក្នុង​ខែ​មករា ​ឆ្នាំ២០១៨នេះទេ​។ យ៉ាងណាតាមការគូសបញ្ជាក់ពីលោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីព​ចលនា​កម្មករ​ រោងចក្រចំនួនពីរ Yu Da Garment Industry និងរោងចក្រ SRE Garment Co Ltd ​បានដោះស្រាយបញ្ចប់ជម្លោះជាមួយកម្មកររួចហើយកាលពីសប្តាហ៍មុន។

តាមការ បញ្ជាក់ដោយប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ គឺយ៉ាងហោចណាមានរោងចក្រចំនួន១០ដែលមានទីតាងក្នុងរាជធានីភ្នំពេញបានបិទទ្វាររត់ចោលកម្មករដោយពុំបានទូទាត់អត្ថប្រយោជន៍ជូនកម្មករនោះឡើយ។ ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បញ្ជាក់ថា រោងចក្រដែលបានរត់ចោលកម្មករទាំងនេះ ភាគច្រើនជារោងចក្រដែលមានកម្មករតិចតួចតែប៉ុណ្ណោះ៕

 

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត