loader

សហភាពសហជីពកម្ពុជាសុំព្រះរាជអន្តរាគមន៍ពីព្រះហាក្សត្រដោះស្រាយវិបត្តិនយោបាយ

ភ្នំពេញ៖ សហភាពសហជីពកម្ពុជា សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រកម្ពុជា ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដើម្បីបញ្ចៀស ការបាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។ មន្ត្រីព្រះបរមរាជវាំងថា ព្រះមហាក្សត្របើតាមរដ្ឋធម្មនុញ្ញ គឺមិនអាចចាត់វិធានការលើករណីពាក់ព័ន្ធនយោបាយឡើយ ។  អ្នកវិភាគថា ការស្នើនេះជាការល្អ បើទោះបីជារដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រ គឺអព្យាក្រិត្យ ប៉ុន្តែលោកថា មិនខុសនោះទេ បើគ្រាន់តែព្រះមហាក្សត្រអំពាវនាវឱ្យរួបរួមគ្នា ។

រាយការណ៍ដោយលោក សោម លាភ

ក្នុងលិខិតដែលចុះផ្សាយកាលពីថ្ងៃទី ៤ កញ្ញានោះ សរសេរថា សមាជិកទាំងនអស់នៃសហភាពសហជីពកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយកម្ពុជា ដែលសហភាពនេះថា មានភាពអាប់អួរជាខ្លាំង ។

សហភាពសហជីពកម្ពុជា បញ្ជាក់ក្នុងលិខិតដដែលនោះថា ប្រជាធិបតេយ្យនៅកម្ពុជា សិទ្ធិមនុស្ស សេរីភាពជួបប្រជុំសម្ដែងមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលការនេះជាការរំលោភទៅលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩៣ ។

ក្នុងលិខិតនោះដែលមានការចុះហត្ថលេខាដោយ លោក យាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា លោក ស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក មាស ម៉ុង អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បញ្ជាក់ថា ស្ថានភាពអាប់អួរខ្លាំងនៃនយោបាយនេះហើយ អាចធ្វើឱ្យកម្ពុជាប្រឈមខ្លាំងទៅនឹងការអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។

លិខិតទាំងនេះសរសេរក្នុងន័យដើមថា កត្តាទាំងនេះគឺជាផលវិបាកសង្គម ជាបន្ទុកទាំងស្រុងរបស់សង្គម ដែលធ្វើឱ្យកម្ពុជាទទួលរងការគាបសង្កត់ និងការព្រមានដាក់ទណ្ឌកម្មនានាពីសំណាក់សហគមអន្តរជាតិ ពោលគឺយន្តការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក កឹម សុខា មេដឹកនាំរបស់គណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនយ៉ាងអយុត្តិធម៌ និងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ ។   

សហភាពសហជីពកម្ពុជារំលេចឡើង ដោយបង្ហាញនូវក្ដីកង្វល់ថា ប្រសិនបើបាត់បង់ការអនុគ្រោះពន្ធទាំងពីរប្រភេទទាំងលើនេះ នោះកម្មករខ្មែរជាង ៧០ ម៉ឺននាក់ ប្រឈមនឹងការបាត់បង់ការងារ ហើពលរដ្ឋរាប់លាននាក់ទៀត នឹងត្រូវទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនយោបាយនេះ ដែលមានអាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក អ្នករត់ឡានឈ្នួល និងញាតិមិត្តរបស់កម្មករ ។

សហភាពនេះថា នេះគឺដោយសារតែក្រុមអ្នកនយោបាយ មិនព្រមបន្ទន់ឥរិយាបថរកគ្នា មិនព្រមរិះរកដំណោះស្រាយរួមគ្នាដើម្បីដោះស្រាយបញ្ហាជាតិ ។ យ៉ាងណា ប្រិសិនបើមានការបាត់បង់ EBA និង GSP មែននោះ រាជរដ្ឋាភិបាល គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខជាតិ មុខប្រជាពលរដ្ឋ និងមុខប្រវត្តិសាស្ត្រ ។

សហភាពសហជីពកម្ពុជាយល់ឃើញថា ដើម្បីបញ្ចៀសនូវវិបត្តិសង្គម និងវិបត្តិនយោបាយដ៏រ៉ាំរ៉ៃនេះ លុះត្រាតែអ្នកនយោបាយទាំងអស់ រួបរួមគ្នាផ្សះផ្សារភាពប្រេះស្រាំ និងចូលតុចរចាដើម្បីផលប្រយោជន៍ជាតិ ។

បន្ថែមពីលើនេះ សហភាពសហជីពកម្ពុជា បានស្នើសុំព្រះរាជអន្តរាគមន៍​ពីព្រះមហាក្សត្រ ធ្វើជាព្រះរាជអធិបតីអង្គប្រជុំជួយសម្របសម្រួលអ្នកនយោបាយ ទាំងភាគីគណបក្សប្រជាជនកម្ពុជា និងភាគីគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ មានប្រសាសន៍សន្និសីទសារព័ត៌មានក្រោមប្រធានបទ «កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ» ថា កម្ពុជាអនុវត្តន៍បាននូវប្រជាធិបតេយ្យរបស់កម្ពុជាបានយ៉ាងល្អប្រសើរ ហើយស្ដង់ដារនៃការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ គឺទៅតាមប្រទេសនីមួយៗ ដែលមន្ត្រីនាំពាក្យថា មិនមែនអនុវត្តន៍តាមការដាក់សម្ពាធពីប្រទេសដទៃទេ ។

ចំពោះបញ្ហា EBA និង GSP មន្រ្តីជាន់ខ្ពស់កម្ពុជាថា ទោះបីជាមានឬមិនមានសម្រាប់កម្ពុជាក៏ដោយ ក៏មិនមែនជាបញ្ហាចោទឡើយ ។

លោក អ៊ំ ដារ៉ាវុធ ខុទ្ទកាល័យព្រះបរមរាជវាំង មានប្រសាសន៍ថា ព្រះមហាក្សត្រមិនអាចចាត់វិធានការលើករណីនយោបាយបានទេ ។

អ្នកវិភាគនយោបាយ លោក ហង្ស វិទូ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ៥ កញ្ញានេះថា ការស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ គឺជាវិធីដ៏ល្អមួយ ក៏ប៉ុន្តែលោកថា អាចនឹងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលដែលចែងថាព្រះមហាក្សត្រ គឺអព្យាក្រិត្យ ។

ប៉ុន្តែលោកថា ប្រសិនបើព្រះមហាក្សត្រ ដោយគ្រាន់តែចេញព្រះរាជអំពាវនាវឱ្យ មានការរួបរួមគ្នា មិនមែនជាការខុសទេ លើកលែងតែព្រះអង្គកាន់ជើងភាគីណាម្ខាង ។

លោកបង្ហាញការអង្កេតមើលឃើញថា ការស្នើសុំព្រះរាជអន្តរគមន៍កន្លងទៅព្រះមហាក្សត្រកន្លងទៅ មិនទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលទេ ខណៈដែលការស្នើសុំនោះទៀតសោត គឺមិនដែលទទួលបានជោគជ័យ ។

តាមការអង្កេត កម្ពុជាហាក់ដូចជាមានទំនាស់នយោបាយ រវាងអ្នកនយោបាយមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជារឿយៗ ជាពិសេសគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ មិនឱ្យចូលរួមបោះឆ្នោតសភានីតិកាលទី ៦ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត