loader

ស្ដេចស្រីខ្មែរមួយអង្គត្រូវបានអាណ្ណាមលើកបន្ដុបឱ្យឡើងសោយរាជ្យ ហើយថ្វាយព្រះឋានៈភាសាខ្លួនថា ” ថាមីឡាម​ក្វានជួ”

 

សម័យឧត្តុង្គ ជាសម័យដែលសៀម និង អាណ្ណាម តាមហែកហួរខ្មែរមានទាំងប្រកាប់ប្រចាក់ គ្នាលើទឹកដីខ្មែរ។ រាជ្យព្រះអង្គចន្ទ កម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់សៀមផង របស់អាណ្ណាមផង តាមដោយការទន្រ្ទានបាននូវភូមិសាស្រ្ដនយោបាយ និង គ្រប់គ្រងលើតួអង្គសំខាន់ៗជាអាយុជីវិតជាតិ។ មុនសុគតព្រះអង្គច័ន្ទជ្រាបច្បាស់ថា ពេលនេះព្រះរាជាណាចក្រកម្ពុជាធ្លាក់ក្នុងដៃស្ដេចមិញម៉ាងហើយ និង ដោយព្រះអង្គគ្មានបុត្រាស្នងរាជ្យ។ ទីបំផុតអាណ្ណាមក៏លើកបន្ដុបក្សត្រីអង្គម៉ី  និង អភិសេកឱ្យឡើង គ្រងរាជ្យក្រោមបរមនាម ដែលខ្លួនថ្វាយឋានៈក្នុងភាសាអាណ្ណាម  ខ្លួនថា  “ថាមីឡាមក្វានជួ”។

ដើម្បីជ្រាបពីដំណើរដើមទងប្រវត្តិសាស្រ្ដនេះ កញ្ញា ឆោមពៅនិកាជូនសេចក្ដីអត្ថាធិប្បាយ៖

គ.ស ១៨៣៤​ ដល់ ១៨៤១ គឺជារជ្ជកាលព្រះរាជាអង្គម៉ី។ ទោះបីជាទំនៀមទម្លាប់បុត្រីមិនអាចឡើង សោយរាជ្យបានទេ តែព្រះនាងជាបុត្រីទី២របស់ព្រះអង្គច័ន្ទត្រូវបានអាណ្ណាមគិតគូរ មើលទៅគឺស័ក្កសមបំផុតសម្រាប់ការឡើងគ្រងរាជ្យបន្ដពីបិតា។ ដោយហេតុថា ព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និង អង្គស្ងួនវិញ ពួកអាណ្ណាមមិនយល់ព្រមឲ្យឡើងសោយរាជ្យទេ ព្រោះអ្នកទាំង៣បានចេញព្រះភ័ក្រ្ដប្រយុទ្ធប្រឆាំងនឹងរាជ ចូលដៃជាមួយសៀម និងទៅរស់នៅស្រុកសៀម។ សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា អេដាម៉ារ ឡឺក្លែរ ថាក្សត្រីអង្គបែនជាព្រះរៀមព្រះនាង ត្រូវជាចៅរបស់ចៅហ្វ៊ាបែន ដែលបានលើកកូនស្រីថ្វាយព្រះរាជាក្រោយពីបានប្រគល់ដីបាត់ដំបងឱ្យសៀម ដូច្នេះទោះជាបុត្រីច្បង ក៏អាណ្ណាមមិនអើពើឱ្យលើកជាក្សត្រនោះទេ ។ ​​

ក្នុងព្រះជន្ម២១ព្រះវស្សា បន្ទុករាជការនគរកម្ពុជាទាំងមូលបានធ្លាក់ទៅលើព្រះនាងតាមការត្រួតពិនិត្យ របស់រដ្ឋបាលអាណ្ណាមទាំងស្រុង។ អាណ្ណាម ដូចដែលពង្សាវតារថា ខ្លួនគេមិនពេញចិត្តនឹងក្សត្រីអង្គបែន ក៏លើព្រះអនុជក្សត្រី ព្រះនាងម្ចាស់ពៅ ឱ្យធ្វើជាឧបរាជទាំងក្មេងខ្ចី ហើយលើកក្សត្រីស្ងួនក្នុងឋានៈ ជាព្រះកែវហ៊្វា។

មានមូលហេតុថា អាណ្ណាមធ្វើរឿងនេះ ក៏គ្រាន់តែដើម្បីទម្លាប់ប្រជាជនឱ្យស៊ាំនឹងភាពគ្មានស្ដេចសោយរាជ្យ ឱ្យបំភ្លេចព្រះរាជវង្សានុវង្សចោលបន្ដិចម្ដងៗ ឱ្យដឹងថា ក្សត្រខ្លួនកាន់តែអសមត្ថភាពទៅៗ ហើយទីបំផុត រាជាណាចក្រនេះស្ថិតក្នុងរង្វង់ដៃខ្លួន នៃអំណាចធំបំផុតពីក្រុងវ៉េ របស់ស្ដេចមិញម៉ាញឯណោះ។

អាណ្ណាមព្យាយាមបំផ្លាញទាំងស្រុងនូវអត្តសញ្ញាណខ្មែរ

អ្វីៗបានសំដែនចេញឱ្យឃើញច្បាស់ថា អាណ្នាមប្រុងប្រៀបនឹងយកកម្ពុជាជាទឹកដីរបស់គេមែនទែន ហើយ។

គេឃើញមានព្រះរាជក្រឹត្យរបស់ស្ដេចអាណ្ណាម តែងតាំងមន្រ្ដីបីរូប រួមមាន ទ្រឿងមិញយ៉ាង ផាមវ៉ាន់ឌាន និង ត្រាន់វ៉ាន់ណាង ឱ្យមកនៅដឹកនាំប្រទេសដោយមានជំនួយពីរដ្ឋមន្រ្ដិនិងចៅហ្វាយខែត្រខ្មែរជាច្រើន នាក់លុះតាមការបញ្ចូលរបស់គេអស់។

រ៉េស៊ីដង់អាណ្ណាមនៅពេលនោះគិតថាខ្លួនមានអំណាចខ្លាំងណាស់ ក៏បង្ខំឱ្យមន្រ្ដីទាំងអស់ ប្រើប្រាស់សម្លៀក បំពាក់ តែងខ្លួន បួងសក់ ហាត់រៀនភាសាអាណ្ណាម និង​ផ្ដល់ឋានៈតាមរបៀបអាណ្ណាម និង ដាក់មេអាណ្ណាម ម្នាក់នៅជាប់នឹងចៅហ្វាយខែត្រកម្ពុជា ទុកត្រួតពិនិត្យលើរាល់សកម្មភាពផង និង ដឹកនាំការងាររដ្ឋបាល ផង។

ប៉ុននេះមិនគ្រប់គ្រាន់ទេ អាណ្ណាមចង់បំបាត់ឬសគល់ខ្មែរទាំងស្រុងតាមរយៈការលុបបំបាត់ឈ្មោះ ស្រុកទេសទាំងអស់។ កាលណោះ ខ្មែរមានរដ្ឋបាលដែនដី​ ខេត្តចំនួន៥៦  តែកម្ពុជាទាំងមូលពេលនោះ ត្រូវបានអាណ្ណាមបែងចែកជា៨ភូ ប្រែថា ៨ខែត្រ និង ១៨ ហ្វៀន ជាមណ្ឌលរដ្ឋបាល

ភ្នំពេញជារាជធានីប្រែឈ្មោះជា ត្រានតាយ ឬ ត្រានណាំយ៉ាង មានមណ្ឌលរដ្ឋបាល ថៃអាន និង លូអាន  ខេត្តបាក់ណាម​ទៅជា បាណាម បារាយណ៍​(បាឡាយ) ព្រៃវែង ទៅជា ឡាវេន កោះសូទិនទៅជា ខាស៊ុម លង្វែក ហៅថា ឡូវៀត សំរោងទងប្រែជា​ឡុងទន សម្បូរ ប្ដូរជា សានភូ ជាដើម។ ​​ ​​

ដោយឡែក ឯកសារប្រវត្តិសាស្រ្ដខ្មែរ របស់អ្នកនិពន្ធត្រឹងងា បានរំលេចនូវ ព្រះពុទ្ធសាសនាជាសាសនា មហាជននៃសម័យឧត្តុង ត្រូវបានរាជការអាណ្ណាមធ្វើទុកបុកម្នេញយ៉ាងខ្លាំង។​វត្តអារាមត្រូវបានរុះរើ ព្រះពុទ្ធរូបត្រូវបានកំទេច ដោយឱ្យសង្ឃខ្មែរប្ដូរនិកាយទៅកាន់ផ្នែកមហាយាន។

ចំណែកវិស័យការពារជាតិវិញ អាណ្ណាមបានបែងចែកជាង២៥កងពល ដោយមានកងពលពិសេសមួយ ទទួលបន្ទុកផ្នែកថែរក្សាពង្រាប និង បង្ហាត់ដំរីចម្បាំង សរុបកងពលជាង៤ម៉ឺននាក់។

រៀបដូច្នេះរួចហើយ ស្ដេចអាណ្ណាមបានចាត់តាង ឡេវ៉ាន់ឌុក ធ្វើជាធិញលុករាជអធិការរបស់ព្រះរាជា ប្រចាំកម្ពុជា។

ព្រះរាជាស្រីក្នុងដៃអាណ្ណាម

ថ្ងៃអភិសេកបរមសិរីរាជសម្បត្តិ ព្រះក្សត្រីអង្គម៉ី ដែលពួកអាណ្ណាមតាមហៅថា ង៉ុកវ៉ាន ត្រូវបានថ្វាយព្រះ ឋានៈជាភាសាអាណ្ណាមថា ថាមីឡាម​ក្វានជួ ប្រែសេចក្ដីជាភាសាខ្មែរថា ព្រះមហាក្សត្រីនៃភូមីឡាម។ នេះបើតាមសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជាទំព័រទី ៣៧២ របស់លោក អេដេម៉ារ ឡឺក្លែរ។

រាជវង្សានុវង្សរបស់ព្រះអង្គ ក៏ត្រូវប្រែឈ្មោះជារាជវង្សថ្មីមួយរបស់វៀតណាម មានព្រះក្សត្រីបែន ទទួលឋានៈជាលូអានក្វាន។ ព្រះនាងទីបីគ្រងឋានៈជាឧបរាជក្រោមឈ្មោះថ្មីថា ថាវជុងក្វានក្វាន និង ក្សត្រីចុងក្រោយ ប្ដូរទៅជាក្សត្រីតាប់និញក្វានក្វាន។

ត្រង់ព្រឹត្តិការណ៍ដែលពួកអាណ្ណាមដូរឈ្មោះមហាក្សត្រខ្មែរនេះ ទំនង ជាផែនការរៀបចំប្រវត្តិសាស្រ្ ដមួយដើម្បីប្រកាសអំពីភាពជាចំណុះផ្ដាច់មុខរបស់កម្ពុជា ទៅលើប្រទេសអាណ្ណាម រួចបង្រួបបង្រួម កម្ពុជាចូលទឹកដីកូសាំងស៊ីនជាអាណ្ណាមតែមួយនាពេលខាងមុខ។

អំពើបះបោរនឹងរបបថ្មី​ ក្រោមស្មារតីស្នេហាជាតិ

សភាពកាន់តែអាក្រក់ៗទៅ ប្រជាជនខ្មែរកាប់សម្លាប់គ្នាឯងតាមការបញ្ជាពីបរទេស ។ ដោយរស់ក្រោមអំណាចផ្ដាច់ការឃោរឃៅរបស់ពួកអាណ្ណាមដែលត្រួតត្រាកម្ពុជា ស្មារតីស្នេហាជាតិរបស់ប្រជារាស្រ្ដខ្មែរចាប់ផុសឡើង បណ្ដាលឱ្យបងប្អូន២នាក់ នៅឯកំពង់សោម មានឋានៈជាឧកញ៉ា គឺ ឧកញ៉ាជ័យ និង ជូ បានកាន់អាវុធប្រឆាំងឡើយ។ តែមិនអាចបង្រ្កាបទ័ព ចម្រុះ អាណ្ណាម- ខ្មែរបាន ហៀបតែនឹងគេចាប់ទៀតនោះ ក៏នាំគ្នារត់ទៅជ្រកកោននៅបាងកក។ មាននៅឯខេត្តកំពង់ស្វាយ ឧកញ៉ាតេជោរាមក៏ជាអ្នកបះបោរនឹងរបបថ្មី តែត្រូវអុងទួនគុន អ្នកកាន់ទ័ព បានបញ្ជាឱ្យរកមុខយកទៅសម្លាប់ចោលបានសម្រេច។  ក្រោយមកអាណ្ណាម បានលើកស្នងអី ជាជំនួយការរបស់តេជោរាម ឱ្យឡើងកាន់អំណាចបន្ដ។ មុនដំបូងស្នងអីនេះធ្វើការបានល្អណាស់ រហូតដល់ឆ្នាំ១៨៣៧ ក៏សម្លាប់រ៉េស៊ីដង់អណ្ណាមចោល ហើយចាប់កេណ្ឌទ័ព រួចរត់ទៅកាន់ស្រុកស្ទៀង ដើម្បីសុំសិទ្ធិការពារពីស្រុកសៀម។ អាណ្ណាមឃើញបែបនេះក៏ខឹងសម្បារ ហើយចាប់អ្នកស្រុកខែត្រ កំពង់ស្វាយសម្លាប់ចោល។

ក្រឡេកមកមើលខេត្តបាត់ដំបងហាក់មានភាពសុខុម សន្ដិសុខណាស់  ក្រោយស្ដេចសៀមបានឱ្យព្រះអង្ គឯមគង់នៅទីនេះ និង អនុញ្ញាតឱ្យព្រះអង្គឌួងគង់នៅមង្គលបុរី។ ទីបំផុត ប្រជានុរាស្រ្ដមើលឃើញថា មានតែព្រះរាជាពីរអង្គនេះហើយ ដែលជាសេចក្ដីសង្ឃឹមចុងក្រោយរបស់ប្រទេសជាតិ ។

អាណ្ណាមបានដឹងដូច្នេះគិតថា ថាមពលរបស់កម្ពុជានៅតែមាន ហើយថ្ងៃណាមួយនឹងរើបម្រះមិនខាន ក៏ចាត់ឱ្យជនបង្កប់វៀតណាម ចូលទៅ​បំបែកបំបាក់ទំនាក់ទំនងរវាងអង្គឯម និង អង្គឌួង ថា ព្រះអង្គមាន ផែនការក្បត់នឹងព្រះអង្គដែលមុននឹងក្រោយ ព្រះអង្គឯម នឹងត្រូវបានពួកអាណ្ណាមឱ្យឡើងសោយរាជ្យ។ ​ព្រះឧបរាជគិតថាខ្លួនមានសំណាងក៏ក្លែងសារលិខិតឱ្យសៀមធ្វើទារុណកម្មព្រះអង្គឌួង ព្រោះទ្រង់មានឧបាយកលប្រឆាំងនឹងប្រយោជន៍សៀម។

ងាកមកកាន់រាជវាំងកម្ពុជាវិញ អាណ្ណាមបានជម្លៀសព្រះនាងអនុជព្រះរាជាទាំងអស់ទៅនៅសាយហ្គន។ អាណ្ណាមបន្ដរៀបចំកាត់ប្លង់ដីជូនប្រជារាស្រ្ដ តាមរយៈការចុះស្ទង់មតិ ប្រជារាស្រ្ដពេលនេះស្រាប់ តែផ្ទុះកំហឹងហើយចាប់កាប់សម្លាប់អាណ្ណាមមិនរើសមុខ ព្រោះគិតថា ពួកគេមានចេតនាយកទឹកដីហើយ។ ៨ថ្ងៃនៃចលនានេះ កម្ពុជាសឹងតែគ្មានអាណ្ណាម។ ទន្ទឹមនឹងពេលនោះមន្រ្ដីធំៗសម្រេច គ្នាហៅសៀមមក ជួយកម្ពុជាម្ដង និង សុំលើកព្រះអង្គឌួងជាព្រះមហាក្សត្រ។ ស្ដេចសៀមក៏បានឯកភាព ហើយជួយរុញទ័ព អាណ្ណាមដកថយដល់ចូវដុក។

ក្សត្រីអង្គម៉ី ត្រូវជាព្រះភាគិនេយ្យា របស់ព្រះអង្គឌួង។​ប្រវត្តិសាស្រ្ដហៅរជ្ជកាលទ្រង់ថា ជារជ្ជកាលដែល ទទួលរងឥទ្ធិពលបំផុតពីសំណាក់អាណ្ណាម តែសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដវង់សុធារ៉ា ថ្លែងបញ្ជក់ថា ទោះអាណ្ណាមលើកបន្ដុបក៏ពិតមែន ព្រះរាជាអង្គនេះមិនបានសុគតដោយសារជម្ងឺវិកលចរិត ទេ និង មិនមានចិត្តអ្វីក្រៅពីចង់បង្រួបបង្រួម និង ស្រោចស្រង់ជាតិឡើយ ពោលគឺហ៊ាន លះបង់រាជ បល្ល័ង្គរបស់ខ្លួន​មកធ្វើជាព្រះមហាក្សត្រីធម្មតា ការណ៍ដែលឃើញព្រះអង្គឌួងមកសង្គ្រោះមាតុភូមិ ទ្រង់មានព្រះរាជអំណរជាខ្លាំង៕

​​

 

 

 

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖ ម៉ាឌូរ៉ូចាប់ផ្ដើមលេងល្បែងឆ្មាចាប់កណ្ដុរជាមួយអាមេរិក ដោយGame ចាស់ដដែល

បន្ទាប់ពីបង្ក្រាបក្រុមប្រឆាំងបានដោយជោគជ័យ  ជន[...]

បក្សធំពីរនៅថៃត្រូវការអាប់ភីស៊ីតជានាយករដ្ឋមន្ត្រីដើម្បីរាំងខ្ទប់លោកបា្រយុទ្ធមិនឱ្យធ្វើ ជា​នាយ​ក​រដ្ឋមន្ត្រី

  លទ្ធផលបោះឆ្នោតសភាប្រទេសថៃ បានប្រកាសជាផ[...]

ឯកសារប្រវត្តិសាស្រ្ដ៖ ព្រះបាទយសោវរ្ម័ន ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអាទិត្យ

ចក្រភពអង្គរដ៏រុងរឿងត្រូវបានកសាងដោយព្រះរាជាជាច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត