loader

ហេតុអ្វីប៉ុលពតផ្ដួលរលំរបបលន់នល់​បានជោគជ័យ?

កន្លះទសវត្សដែលកម្ពុជាក្រោមរបបដឹកនាំគ្មានព្រះមហាក្សត្រជាប្រមុខរដ្ឋបានបញ្ចប់ដោយចុងកាណុងបដិវត្តន៍របស់ជនកុម្មុយនីស្ដឆ្អិនឆ្អៅមួយរូបដែលមានឈ្មោះថា សាឡុត ស។ មុនរបបសាធារណរដ្ឋត្រូវបានរំលំទាំងស្រុងនៅថ្ងៃទី១៧មេសា១៩៧៥ យ៉ាងហោចណាស់កត្តាព្យុះភ្លៀងបួនយ៉ាងទាំងក្នុងនិងក្រៅប្រទេសកើតមាន។

កញ្ញា ពៅនិកា អត្ថាធិប្បាយប្រវត្តិសាស្រ្ដ៖

អាវុធគ្រប់ដៃទង់ជ័យខ្មែរក្រហមនិងសំឡេងឃោសនារបស់ជនបដិវត្តន៍ បានចូលមកដល់រដ្ឋធានីភ្នំពេញ ក្នុងម៉ោងប្រមាណ៩ព្រឹកនាថ្ងៃទី១៧មេសាឆ្នាំ១៩៧៥។ទីស្នាក់ការកណ្ដាលនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរសល់តែអាគារ ព្រោះ មន្រ្តី​ជាន់​ខ្ពស់​ ​នៃ​រដ្ឋាភិបាលនេះ បាន​ប្រុងប្រៀបរៀបចំខ្លួនលាចាកមាតុភូមិតាមរយៈឧទ្ធម្ភាគចក្រ នៅឯពហុកីឡដ្ឋានជាតិខណៈព្រលានយន្ដហោះកម្ពុជាប៉ុលពតចូលកាន់កាប់រួចទៅហើយ។ ទោះខំគេចយ៉ាងណាក៏គេចមិនទាន់ ទាហានខ្មែរក្រហមបានចាប់ខ្លួននិងសម្លាប់ នាយករដ្ឋមន្រ្ដីឡុងបូរ៉េត ឧត្តមសេនីយ៍ស្រីយ៉ានិងឥស្សរសជនជាច្រើនទៀត។ចំណែកទ្រង់ ស៊ីសុវត្ថិ សិរីមតៈ និងលន់នន់ ដែលជឿជាក់រដ្ឋាភិបាលថ្មីមិនសម្លាប់ពួកគេ​ក៏បានស្លាប់ក្រោមដៃ ពួក​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​នោះ​ដែរ។ អ្នកនយោបាយសាធារណរដ្ឋបានភៀសខ្លួនក្រោមសម្ពាធនៃការសងសឹករបស់ពួកវណ្ណៈអធន ខណៈប្រជាពលរដ្ឋដែលរស់នៅនិងស្នាក់នៅរដ្ឋធានីភ្នំពេញរាប់លាននាក់ភ្លាមៗបានអបអរសាទរដល់ទាហានខ្មែរក្រហមដោយយល់ឃើញថាសង្គ្រាមស៊ីវិលនៅកម្ពុជាច្បាស់ជាផុតរលត់។តែមិនប៉ុន្មានម៉ោងទេទាហានឈុតខ្មៅនោះបានអនុវត្តគោលនយោបាយយ៉ាងកម្រោលជម្លៀសពលរដ្ឋ២លាននាក់ចេញពីរដ្ឋធានីដោយឥតមាននរណាម្នាក់ប្រកែកបានក្រោមការអះអាងមិនពិតថា នឹងមានការទម្លាក់គ្រាប់បែកមកលើទី​ក្រុងពីសំណាក់សហរដ្ឋអាមេរិក។តើនេះជាមូលហេតុដែលប៉ុលពតអាចផ្ដួលរលំរបបលន់ណុលបានឬ?

យើងអាចមើលឃើញមួយភ្លែតនូវស្នាមញញឹមពោរពេញដោយក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរនៅពេលដែលខ្មែរក្រហមចូលមកដល់។ដែរមានន័យថាពលរដ្ឋហាក់ដូចជាគាំទ្រចលនាផ្ដួលរលំរបបនេះចោលក្រោមបុព្វហេតុនៃសាវតារមួយបញ្ជាក់ថា

រដ្ឋាភិបាលលន់នល់អសមត្ថភាព

ថ្ងៃទី១៤ ខែ សីហា ឆ្នាំ១៩៦៩ សម្ដេចនរោត្តមសីហនុ បានផ្ដល់អំណាចអោយលន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សិរីមតៈ ក្នុងការដឹកនាំរាជរដ្ឋាភិបាលដែលមានឈ្មោះថា រាជរដ្ឋាភិបាលស្រោចស្រង់ជាតិដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងនយោបាយកើតពីភាពទ័លច្រកកជាមួយក្រុមប្រទេសកុម្មុយនីស្ដនិងបង្ហាញពីជំហរភក្ដីភាពលួងលោមសហរដ្ឋអាមេរិក។រដ្ឋាភិបាលនេះបានបង្កឱ្យជាឱកាសដែលរបបលន់ណល់ត្រូវបានបង្កើតឡើងដោយរដ្ឋប្រហារថ្ងៃទី១៨មិនា១៩៧០ និងការពឹងអាស្រ័យទាំងស្រង់ពីជំនួយសហរដ្ឋអាមេរិក។របបនេះបាន អូសបន្លាយការបង្កើតរដ្ឋាភិបាលដោយមានការដណ្ដើមអំណាចរវាងប្អូនប្រុសលោកលន់ណុល និង ព្រះអង្គម្ចាស់សិរីមតៈ។ឯករណីជួរទ័ពពោរពេញដោយអំពើពុករលួយ នៅក្នុងជួរព័ទមានតែឈ្មោះគ្មានទ័ព ឬ ហៅទ័ពខ្មោចនោះ តម្រូវឲ្យរដ្ឋអំណាចកេណ្ឌកម្លាំងថ្មីនិងក្មេងៗទៅច្បាំងទាំងគ្មានបទពិសោធន៍ទទួលការបណ្តុះបណ្តាលបានតិច ឬ មិនទទួលបានការបណ្តុះបណ្តាលនោះវាកាន់តែគ្រោះថ្នាក់មួយកម្រិតទៀត។ អ្នកស្រែចំការសម្រេចបង់បោះមុខរបរមកសម្រុកចូលរដ្ឋធានីដើម្បីរកការងារធ្វើតែគ្មាន កំណើនប្រជាជនហួសប្រមាណ ព្រោះប្រជាជន១/៣ ភៀសខ្លួនមកកាន់ទីក្រុង  ប្រជាជនរងទុក្ខលំបាកវេទនា និង កំសត់ទុរគត ព្រោះខ្វះស្បៀង ម្ហូបអាហារឡើងថ្លៃហួសប្រមាណ។ ខណៈរដ្ឋាភិបាល សប្បាយចាយនឹង​ ​ជំនួយ​គ្រប់យ៉ាង​ពី​អាមេរិក មិនផ្ដោតលើវិស័យអាទិភាព។នេះជាហេតុមួយដែលរុញឱ្យមានពលរដ្ឋ អស់ជំនឿនឹងរដ្ឋាភិបាលសាធារណរដ្ឋនិងសង្ឃឹមថាមានមេដឹកនាំថ្មីនឹងមកសង្គ្រោះជីវិតពួកគេ។

ទស្សនៈពលរដ្ឋជឿស្លុបថាខ្មែរក្រហមមានសម្ដេចសីហនុនៅពីក្រោយ

ប្រជាជនខ្មែរមួយភាគធំបានមានការមិនពេញចិត្ត មិនស្វាគមន៍រួចទៅហើយនូវ របបសាធារណរដ្ឋឡើយ ហើយប្រជាជនជនបទយ៉ាងច្រើនដែលស្រឡាញ់របបរាជានិយមបានរត់ចូលព្រៃម៉ាគីតាមការអំពាវនាវរបស់សម្ដេចសីហនុនៅទីក្រុង កង់តុង  ប្រទេសចិន ដើម្បី តស៊ូផ្តួលរំលំរបបសាធារណរដ្ឋ ។ កម្លាំងនៃប្រជាជន ដែលរត់ចូលព្រៃ និង កងទ័ពខ្មែរក្រហមមាននៅក្នុងព្រៃតាំងពីមុនពេលធ្វើការធ្វើរដ្ឋប្រហារ បានធ្វើឲ្យចំនួនកងទ័ពនៅក្នុងព្រៃទាំងនោះមានកាន់តែច្រើនឡើង។ ដោយយោងតាមសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដែលនិពន្ធដោយលោក ដេវិឌ ឆាណ្ឌល័រ ត្រង់ទំព័រទី ២៤២ និង ២៤៣ បានឲ្យដឹងថាក្រោយពីទទួលដំណឹងពីរដ្ឋប្រហារ ព្រះបាទ សីហនុ បានសុំសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំង។ ព្រះអង្គបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ជូ អេនឡាយ និង នាយករដ្ឋមន្រ្តីវៀតណាមខាងជើង លោក ផាម វ៉ាន់ ដុង រួមមកក៍សម្រេចចិត្តធ្វើជាប្រធានរដ្ឋាភិបាល រណសិរ្យរួបរួមជាតិកម្ពុជាដែលមានសម្ព័ន្ធភាពជាមួយវៀតណាមខាងជើង និងពួកខ្មែរកុម្មុនិស្ត។ ព្រះអង្គបានអំពាវនាវតាមវិទ្យុអោយប្រជាជនដែលគាំទ្រព្រះអង្គ ក្រោកឡើងកាន់អាវុធប្រឆាំងនឹងលោក លន់ នល់។ ត្រង់នេះហើយដែរបង្កើនប្រជាប្រិយភាពដល់ទ័ពខ្មែរក្រហមក្នុងការប្រយុទ្ធឱ្យបានជោគជ័យលើទ័ពលោកលន់នល់។

សង្គ្រាមយៀកកុង និង លន់នល់

ឡើងកាន់អំណាចភ្លាម លោកប្រធានាធិបតីលន់នល់បានប្រកាសសង្រ្គាមនឹងយៀកកុងដែលកំពុងតែរស់នៅលើទឹកដីខ្មែរព្រំដែនដោយសេចក្ដីស្អប់ខ្ពើមលើល្បិចឈ្លានពានរបស់ជនជាតិនេះ។បើតាមសៀវភៅប្រវត្តិសខ្មែរនិពន្ធដោយដេវីដ ឆាល័ណ្ដដដែលក្នុងជំពូកទី១១បង្ហាញថារបបសង្គមរាស្រ្ដនិយមបានចុះល័ក្ខខ័ណ្ឌនៃសម្ព័ន្ធភាពនឹងវៀតណាមខាងជើងគឺទី១អនុញ្ញាតអោយកងទ័ពវៀតណាមបោះទ័ពនៅលើទឹកដីខ្មែរ និង ទី២ អនុញ្ញាតអោយកងទ័ពយួនកុម្មុនិស្តទទួលយកអាវុធនិងស្បៀង អាហារដែលបញ្ជូនមកពី វៀតណាមខាងជើង និងប្រទេសចិនតាមកំពង់ផែក្រុងព្រះសីហនុ។ជាថ្នូរមកវីញវៀតណាមយល់ព្រម ទទួលស្គាល់ព្រំដែនកម្ពុជានិងជៀសវៀងការប៉ះទង្គិចជាមួយកងទ័ពខេមរភូមិន្ទ។តែនៅពេលវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិចបានដឹងពីវត្តមានរបស់កងទ័ពវៀតណាមខាងជើងនិងការបញ្ជូនអាវុធនិងស្បៀងដើម្បីផ្គត់ផ្គង់កងទ័ពហើយត្រូវបានព្រះបាទសីហនុបានបដិសេធថាគ្មានកងទ័ពវៀតណាមខាងជើងណាម្នាក់នៅក្នុងប្រទេសកម្ពុជាឡើយបានធ្វើអោយអាមេរិចនិងវៀតណាមខាងត្បូងខឹងយ៉ាងខ្លាំង។សម្ដេចនរោត្តមសីហនុ បានឈប់ទទួលជំនួយយោធាពីសហរដ្ឋអាមេរិចដោយសារព្រះអង្គចង់រក្សាទំនាក់ទំនងល្អជាមួយ ប្រទេសកុម្មុនិស្ត។តែមកដល់រដ្ឋាភិបាលលោកលន់នល់ដែល គាំទ្រពេញទំហឹងដោយអាមេរិកក៏បានបើកយុទ្ធនាការណ៍យោធា ទ្រង់ទ្រាយធំចំនួនពីរលើកដើម្បីបណ្តេញ កងទ័ពយៀកកុងដែលមកសំងំខ្លួនខុសច្បាប់ នៅលើទឹកដី នៃប្រទេសកម្ពុជា ។ លទ្ធផលនៃការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និង កងទ័ពយៀកកុងគឺកងទ័ពយៀកកុង ទទួលជ័យជម្នះ ហើយកងទ័ពខ្មែរត្រូវបរាជ័យពុំអាចវាយ បណ្តេញកងទ័ពយៀកកុង ឲ្យចេញពី ទឹកដីខ្មែរ បានឡើយ។ការបាត់បង់និងចុះខ្សោយកម្លាំងទ័ពដោយត្រូវបំបែកវាយនិងយៀកកុងផងនេះទើបបង្កឱ្យខ្មែរក្រហមមានលទ្ធភាពកាន់តែខ្ពស់ក្នុងការចូលកាន់កាប់បន្ដិចៗម្ដងលើទឹកដីរបស់រដ្ឋាភិបាលលន់នល់។

របបលន់នល់រលំទៅឯងសហរដ្ឋអាមេរិកផ្លាស់ប្ដូរនយោបាយការបរទេសរបស់ខ្លួន

ផ្អែកលើសៀវភៅកម្ពុជាក្នុសង្រ្គាមវៀតណាមត្រង់ទំព័រទី៣៣៥ ដល់ ៣៣៨ចាប់ពីឆ្នាំ១៩៧២អាមេរិកដើម្បីផលប្រយោជន៍នយោបាយក្នុអាណត្តិលោកនិចសុនបានបោះបង់ចោលកម្ពុជាឡាវវៀតណាមខណៈរកឃើញថាចិនបានក្លាយជាសម្ព័ន្ធមិត្តអាមេរិកហើយដើម្បីទប់ទល់ចលនាសង្គមនិយមនៃលទ្ធិម៉ាក្សលេននីនសូវៀតវិញម្ដង។នយោបាយការបរទេសអាមេរិកធ្វើឱ្យនយោបាយការបរទេសកម្ពុជាកាច់ចង្កេះមិនទាន់តែវៀតណាមបានជ្រើសរើសយករុស្ស៊ីជាខ្នងបង្អែកដើម្បីបញ្ជៀសឱ្យបានពីការគ្រប់គ្រងពីសំណាក់ចិន។ពេលនោះហើយកុម្មុយនីស្ដវៀតណាមបានប្រះឆានឹងកុម្មុយនីស្ដខ្មែរដែលមួយទៅរកចិនមួយទៅរកសូវៀត។ឯអាមេរិលែងរវីរវល់នឹងកម្ពុជានៃរដ្ឋការលោកលន់នុលក្លាយជាទីលានគ្មានកងទ័ពអាមេរិកតាមកិច្ចសន្យានឹងចិន។ការប្រឈមមុខនឹងគ្នាកើតឡើងរហូតដល់ពេលមួយដែលកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស១៩៧៣ប្រសូតឡើងអាមេរិកដកទ័ពអស់ចេញពីវៀតណាមផ្ដាច់ជំនួយយោធាទាំងវៀតណាមខាងត្បូងទាំងសាធារណរដ្ឋខ្មែរ។ពេលនោះហើយរបបសាធារណរដ្ឋទាំអពីរនេះគ្មានពំនឹងមានតែបណ្ដោយតាមយថាកម្មរហូតដល់សង្គ្រាមចុងក្រោយនៃដង្ហើមជីវិតរបបសាធារណរដ្ឋខ្មែរដែលដាច់ត្រឹមថ្ងៃទី១៧មេសា១៩៧៥។

រាប់ឱ្យគត់បីឆ្នាំប្រាំបីខែ២០ថ្ងៃខ្មែរក្រហមបានកែប្រែសង្គមកម្ពុជាទាំងស្រុងក្នុងមាគ៌ាមហាលោតផ្លោះមហាអស្ចារ្យបង្ខំឱ្យធ្វើការហួសប្រមាណ សំលៀងឱ្យក្លាយជាសង្គមដែលគ្មានវណ្ណៈ សង្គមដែលពោរពេញដោយការហាត់ពត់លុតដំ ក្រាលដោយមូលដ្ឋានវប្បធម៌ថ្មី ក្រោមការដឹកនាំរបស់ជនកុម្មុយនីស្ដម្នាក់ឈ្មោះថាសាឡុតស ឬប៉ុលពត។ របបឈុតខ្មៅខ្មែរក្រហមបានធ្វើទុក្ខបុកម្នេញពលរដ្ឋកម្ពុជាច្រើនរូបភាពក្នុងទម្រង់ជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍ បណ្ដាលឱ្យមនុស្សប្រមាណពីរលាននាក់ត្រូវបានសម្លាប់និង ស្លាប់ព្រោះតែជំងឺតម្កាត់ភាពអត់ឃ្លាន ការដែលជាសត្រូវនិងជាជនសង្ស័យនឹងរបបដឹកនាំ ដែលប៉ុលពតហៅថាកម្ទេចខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើសមុទ្រវេណេហ្សូអេឡាអាចទេជាទីលានប៉ះទង្គិចអាវុធអ៊ីរ៉ង់អាមេរិក?

ខណៈវេណេហ្សូអេឡា ដែលជាប្រទេសផលិតប្រេងធំទី៤ នៅល[...]

តើកូរ៉េខាងជើងចាំបាច់អី្វលេងល្បែងសុខភាពរបស់លោកគីមជុងអ៊ុន ស្លាប់ឬរស់នៅពេលនេះ?

 មកដល់ពេលនេះ  នៅពុំទាន់ទទួលបានដំណឹងជាផ្លូវការ[...]

តើលោកគីមជុងអ៊ុនគេចពីរបៀបវារៈជាតិធំៗទៅលំហែកំសាន្ដឬ?

អាមេរិកបានចាប់យករូបថតរថភ្លើងប្រចាំត្រកូលលោកគី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត