loader

អង្គការសិទ្ធិមនុស្សUNនិងអាមេរិកទទូចជាថ្មីឱ្យកម្ពុជាធានាការគោរពសិទ្ធិនយោបាយ តែអ្នកនាំពាក្យថាអនុវត្តន៍ប្រសើរហើយ

ភ្នំពេញ៖ លោកស្រី មីឈែល បាឈេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិ​មនុស្ស បានបន្តចេញសេចក្ដីថ្លែងការណ៍ នៅមុននេះ ដោយបន្តទទូចសុំអោយរាជរដ្ឋាភិបាល កម្ពុជាត្រឡប់មករការគោរពសិទិ្ធមនុស្ស និងសិទ្ធិសេរីភាព ពលរដ្ឋ ដោយបារម្ភអំពីចំណាត់ការរបស់អាជ្ញាធរកម្ពុជាទៅលើអតីតមន្ត្រី និងអ្នកគាំទ្រអតីតបក្សប្រឆាំង ដែលបាននិងកំពុងតែអនុវត្ត ។ ស្របពេលនេះ អង្គការសិទ្ធិមនុស្ស អាមេរិក និង មន្ត្រីសិទ្ធិមនុស្សក្នុងស្រុក ក៏បង្ហាញក្ដីព្រួយបារម្ភ និងការមើលឃើញបែបនេះដែរ ។ យ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការអះអាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក នេះឈរលើរបាយការណ៍ចាស់ដោយ មិនបង្ហាញពីតថភាពសង្គមកម្ពុជាបច្ចុប្បន្នឡើយ ។

រាយការណ៍លម្អិតដោយលោក សោម លាភ៖

សារលិខិតរបស់លោកស្រី ត្រូវបានបបង្ហោះជាសាធារណៈ មានសេចក្ដី ដូចនេះថា ៖«នៅប្រទេសកម្ពុជា ទោះបីជាមានការទទួលស្គាល់ពីកិច្ចសហការដែលបន្តមានរបស់អាជ្ញាធរជាមួយការិយាល័យរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមានកង្វល់អំពីការបន្តមានការដាក់សម្ពាធទៅលើសមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងដ៏ធំមួយ ដែលបានរំលាយកាលពីចុងឆ្នាំ ២០១៧ ។

ចាប់តាំងពីដើមឆ្នាំនេះមក នគរបាល ឬតុលាការ បានធ្វើការសាកសួរមនុស្សជាង ១៣០ នាក់ និងយ៉ាងហោចណាស់ក៏មានសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ២២ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ឬត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌ ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ទៅនឹងការសម្តែងមតិនយោបាយរបស់ខ្លួន »។

លោកស្រី  មីឈែល បាឈេឡេត បន្ថែមថា សិទ្ធិទទួលបានការអភិវឌ្ឍ ចាំបាច់ត្រូវមានការចូលរួមពីជនគ្រប់រូបនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត រាប់ទាំង អ្នកទាំងឡាយដែលមានទស្សនៈរិះគន់ផងដែរ ។ យ៉ាងណា លោកស្រីជម្រុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទាំងឡាយដើម្បីធានាឲ្យមានកិច្ចសន្ទនាពិតប្រាកដ និងឲ្យមានការគោរពសេរីភាពជាមូលដ្ឋាន ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ១០ កញ្ញានេះថា ការអះអាងរបស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាការធ្វើឡើយដោយផ្អែកទៅលើព័ត៌មានចាស់ ដែលមានលក្ខណៈលម្អៀងផ្នែកនយោបាយ ហើយមិនបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជានោះទេ ។

អ្នកនាំពាក្យរូបនេះថា កម្ពុជាបានបង្កើតឱ្យមានវឌ្ឍនភាពថ្មីមួយនៃការគោរពសិទ្ធិមនុស្ស តាមរយៈការដាក់លោក កឹម សុខា ពីការជាប់ពន្ធនាគារមកនៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បើកឱ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជិតដប់នាក់ អាចធ្វើនយោបាយឡើងវិញ ហើយអ្នកដទៃមួយចំនួនទៀត ក៏បញ្ចប់នីតិវីធីដែល ខណៈអ្នកមួយចំនួនទៀត កំពុងសាកសួរ ។

លោកថា រាល់ការបាន និងកំពុងចាត់វិធានការទៅលើអ្នកគាំទ្ររបស់អតីតគណបក្សសង្រ្គោះជាតិ ជាសមត្ថកិច្ចរបស់តុលាការ ក្នុងការស្វែងរកបទល្មើសព្រហ្មទណ្ឌ ។

លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) មានប្រសាសន៍ថា លើកឡើងរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺជាការបង្ហាញនូវទិដ្ឋភាពបច្ចុប្បន្ននៅកម្ពុជាផ្ទាល់ ព្រោះការមើលឃើញអំពីសិទ្ធិមនុស្សរបស់អង្គការអន្តរជាតិមួយនេះ មិនខុសពីការមើលឃើញរបស់អង្គការសិទ្ធិមនុស្សជាតិ នៅកម្ពុជានោះទេ ។

ដោយឡែក គណៈកម្មាធិ​ការ​សិទ្ធិ​មនុស្ស​ Tom Lantos របស់​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ ថានឹង​បើក​សវនាការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ពលកម្ម​នៅ​ប្រទេសកម្ពុជា​នៅ​ថ្ងៃ​ពុធស្អែកនេះ ។

សេចក្ដីថ្លែងការរបស់គណៈកម្មាធិការ​នេះបញ្ជាក់ថា ​ចាប់តាំងពី​ឆ្នាំ​២០១៥​ មក​រដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេច ហ៊ុន សែន បាន​រឹតត្បិត​លើ​សកម្មភាព​នយោបាយរបស់​ពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ ​និង​កម្មវិធី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ផ្តល់​ថវិកា​ដោយ​បរទេស‍ទាំងឡាយ ។

សេចក្ដីថ្លែងការនោះទៀតសោតបញ្ជាក់បន្ថែមថា ការបើកសាវនការនេះ​ស្រប​ពេល​ដែល​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា មានការធ្លាក់ចុះជាខ្លាំង ។

ចំពោះសាវនការរបស់គណៈកម្មាធិការសិទ្ធិមនុស្ស របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក កត្តា​ អ៊ន ថាជាការបំពានច្បាប់អន្តរជាតិ ព្រោះកម្ពុជាជារដ្ឋឯករាជ្យមិនមែនជារដ្ឋរបស់សហព័ន្ធអាមេរិកនោះទេ ។

លោក អំ សំអាត ទទួចឱ្យកម្ពុជាអនុវត្តតាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នឱ្យ ។

គួររំលឹកថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត ធ្លាប់បាន​អំពាវនាវ​ឲ្យមានការ​ទម្លាក់​បទ​ចោទ​ប្រកាន់ទៅលើ​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និងធ្វើឱ្យមានតម្លាភាពក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជាផងដែរ ​។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសរសេរថាលើចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ២០១៨ ជាពិសេស នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

មជ្ឈមណ្ឌលនេះ បញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលមានឥទ្ធិពលខ្លាំងទៅលើដំណើរការតាក់តែងច្បាប់ ដែលនាំទៅរកការអនុម័តច្បាប់មួយចំនួន ដែលជាការរឹតត្បិតបន្ថែមទៀតទៅលើសេរីភាពខាងការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ ។

របាយការណ៍ដដែលបន្ថែមទៀតថា នៅឆ្នាំនោះ ក៏ឃើញមានការបង្ក្រាបទៅលើមតិជំទាស់ តាមរូបភាពមួយចំនួន ។ ការយាយីទៅលើអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តកើតឡើងជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិតាមពហុគំនិតផ្សេងៗ ដែលជាការរារាំងប្រជាពលរដ្ឋកម្ពុជាពីការទទួលបានព័ត៌មាន ។

កន្លងទៅ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយសម្តែងការសោកស្តាយ ទៅនឹងការប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។

ពាក់ព័ន្ធនឹងការអះអាងពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ជាការចោទប្រកាន់ម្តងហើយម្តងទៀត គឺគ្មានមូលដ្ឋាន និងផ្អែកលើព័ត៌មានតែមួយជ្រុងមកលើយន្តការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រំលឹកស្នាព្រះហស្ថព្រះមហាវីរក្សត្របរមរតនកោដ្ឋក្នុងខួបយាងសោយព្រះទិវង្គត៧ឆ្នាំ

នាងកញ្ញា លោក លោកស្រី ! គិតមកដល់ថ្ងៃទី១៥តុលាឆ្[...]

ក្រសួងសុខាភិបាលក្រសួងផែនការរួមនឹងUNFPAទទួលស្គាល់ថាគោលនយោបាយមិនទុកនរណាម្នាក់ចោលអនុវត្តមិនពេញលេញនៅឡើយ

ក្រសួង៤រួមនឹងUNFPAថាគោលនយោបាយមិនទុកនរណាម្នាក់[...]

មន្ត្រីយុត្តិធម៌ថាពលរដ្ឋសារភាពលែងគាំទ្រលោកសម រង្ស៊ីគឺជាការជួយសង្គមតែលោកសមរង្ស៊ីថាត្រូវក្រោកឈរដើម្បីជួយជាតិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត