en     km
en     km

អង្គការ Freedom House ដាក់ចំណាត់ថ្នាក់កម្ពុជានៅតែជារដ្ឋមួយ​បំបិទសេរីភាពរបស់ពលរដ្ឋ

Share

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House បានបន្តដាក់ពិន្ទុ​សេរីភាព​នៅ​កម្ពុជាឆ្នាំ២០២១ដើមឆ្នាំនេះ ​ធ្លាក់​ចុះ​មួយ​ពិន្ទុ ក្រោមឆ្នាំ២០២០គឺ លេខ ២៤ លើ​ ១០០ពិន្ទុ។

តាមសេចក្ដីថ្លែងការណ៍របសស់អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House ពិន្ទុ ១០០ មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ។

សេរីភាព​ដែល​អង្គការ Freedom House វាយតម្លៃនេះ គឺ​សំដៅ​ដល់សិទ្ធិ​នយោបាយ និង​សិទ្ធិពលរដ្ឋ។ បើ​តាម​អង្គការ​នេះ សិទ្ធិនយោបាយ​របស់​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​ស្ទើ​តែ​ដល់​កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋ​វិញ ក៏​ស្ថិត​ក្នុង​ភាពរឹតត្បិត​ជាខ្លាំងគឺធ្លាក់ក្រោមពាក់កណ្ដាលនៃតារាង ពិន្ទុ១០០។

របាយការណ៍​សេរីភាព​ពិភពលោក​ឆ្នាំ២០២១ របស់​អង្គការ Freedom House ពិនិត្យ​មើល​ការអនុវត្ត​សេរីភាព​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ២០២០ ។ អង្គការ Freedom House ហៅ​ឆ្នាំ២០២១នេះ​ថា ជា​ឆ្នាំ​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​គំរាមកំហែង។

អង្គការ​នេះ​ថា ជំងឺរាតត្បាត​សាកល អសន្តិសុខ​សេដ្ឋកិច្ច អសន្តិសុខ​ផ្លូវកាយ និង​ជម្លោះ​ហិង្សា បាន​បំផ្លិចបំផ្លាញ​ពិភពលោក​ក្នុង​ ឆ្នាំ២០២០ កន្លងទៅ។ អង្គការ​នេះបន្តថា ក្រុមអ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទទួល​រង​នូវ​ធ្វើទុក្ខបុកម្នេញ ក្នុង ​ការ​តស៊ូ​របស់​ពួកគេ​ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​ផ្តាច់ការ ។

សម្រាប់នៅ​​តំបន់អាស៊ីអាគ្នេយ៌គឺ ពិន្ទុ​សេរីភាព​របស់​កម្ពុជា​អន់ជាង​ប្រទេសភូមា មុនប្រទេសនេះ ធ្លាក់ក្នុងរដ្ឋប្រហារ  អន់ជាងប្រទេសប្រ៊ុយណេជាប្រទេស របបរាជានិយម អន់ជាង ប្រទេសថៃ ដែលធ្លាក់ក្នុងការគ្រប់គ្រងបរបស់ ពួកយោធា ដែលបានធ្វើរដ្ឋប្រហារ​កាលពីឆ្នាំ​២ឥ១៤ ហើយក៏អន់ជាងនិង​ប្រទេស​ម៉ាឡេស៊ី ។ តែពិន្ទុ​សេរីភាព​របស់​កម្ពុជា ល្អជាង ប្រទេសកុម្មុយនិស្ត ឡាវ និង​វៀតណាម ។

វិទ្យុស្ត្រីពុំទាន់បានសុំការឆ្លើយតបពី អ្នកនាំពាក្យ នៃស្ថាប័នជំនាញ នៃប្រទេសកម្ពុជានោះនៅឡើយទេ ដើម្បីឆ្លងតបនឹងការដាក់ពន្ទុរបស់ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House។

តែបែបណា ទាំងអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាដែលជាគណបក្សកាន់អំណាច អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល អ្នកនាំពាក្យ រដ្ឋាភិបាល រួមទាំង តំណាង បេសកម្មកម្ពុជា នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស តែងតែច្រានចោល ការវាយបន្ថោកថា កម្ពុជា ជារដ្ឋ បំបិទសេរីភាព របស់ពលរដ្ឋខ្លួនឯង ដោយអះអាងថា សិទិ្ធមនុស្ស សេរីភាពនយោបាយ ត្រូវតែដើរស្របនឹងការអនុវត្តច្បាប់នៅកម្ពុជា ។ អ្នកនាំពាក្យទាំងនោះ តែងតែអះអាងថា កម្ពុជាមានលំហសេរីភាពសិទិ្ធមនុស្ស ល្អជាងប្រទេសខ្លះក្នុងតំបន់ទៀតផង៕

Share

Image
Image
Image