loader

អង្គការ WCS រកឃើញថាចំនួនសត្វខ្សឹបនៅកម្ពុជាបានធ្លាក់ចុះ

ភ្នំពេញ៖ យ៉ាងហោចណាស់សត្វខ្សឹប ឬសត្វទ្រមាក់អណ្តើកឈ្មោលជាង ១០០ ក្បាល បានបាត់បង់ពីតំបន់ទំនាបលិចទឹកទន្លេសាបនៃប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)នៅថ្ងៃទី១០ មិថុនាឆ្នាំ២០១៩នេះ។

(លោក ​កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

សេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាន់នៅថ្ងៃនេះ ដែលជាការសហការសិក្សាស្រាវជ្រាវរវាងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) និងក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វខ្សឹប ឬសត្វទ្រមាក់អណ្តើកនៅកម្ពុជាបានថយចុះនៅសល់ត្រឹមតែ ១០៤ក្បាលប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ទៅ ២១៦ក្បាល។

ការស្រាវជ្រាវបានរកឃើញថា ក្នុងឆ្នាំ ២០១៨ សត្វខ្សឹបដែលរស់នៅតាមតំបន់ទំនាបលិចទឹកបឹងទន្លេ សាបក្នុងប្រទេសកម្ពុជា នៅសល់ប្រមាណ ១៣៨ក្បាល ហើយសត្វខ្សឹបឈ្មោលមានច្រើនជាង ៣ ដងនៃសត្វខ្សឹបញី។

                                                                                           សត្វខ្សឹប។ រូបភាពពីWCS

 

យ៉ាងណាសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សកម្មភាពអភិរក្សសត្វខ្សឹបនេះក៏មានសកម្មភាពផុសផុលផងដែរ។

លោក ហុង ចំណាន អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្ម ជាតិនៃក្រសួងបរិស្ថាននិយាយថា  ការអភិរក្សសត្វខ្សឹបនៅតំបន់ស្ទោងជីក្រែទទួលបានជោគជ័យល្អ។ លោកបន្តថា សកម្មភាពអភិរក្សសត្វខ្សឹបនឹងចាប់ផ្តើមពង្រីកកម្មវិធីទៅកាន់តំបន់ដីសើមនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានពពួកសត្វនេះរស់នៅ។

តាមរបាយការណ៍ស្រាវជ្រាវរួមគ្នារបស់អង្គការ WCS និងក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ចំនួនសត្វខ្សឹបនៅតំបន់ស្រុកស្ទោង និងស្រុកជីក្រែងស្ថិតក្នុងតំបន់ការពារទេសភាពភាគខាងជើងទំនាបទន្លេសាប នៅមានចំនួនថេរ។ តំបន់នេះមានសកម្មភាពអភិរក្សដោយផ្អែកលើសហគមន៍ត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តក្រោមការគាំទ្រពីអង្គការ WCS។

លោក ស៊ុំ ភារុណ ទីប្រឹក្សាបច្ចេកទេសរបស់អង្គការWCS ប្រចាំតំបន់ទំនាបលិចទឹកបឹងទន្លេសាបឱ្យដឹងថា អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ជួយសង្គ្រោះសត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា កិច្ចការពារតំបន់ស្មៅធម្មជាតិលិចទឹកនៅតាមតំបន់លិចទឹកបឹងទន្លេសាប គឺជាចំណាត់ការដ៏មានសារៈសំខាន់ ដើម្បីធានាដល់ការស្តារឡើងវិញ និងការរស់រានយូរអង្វែងរបស់សត្វដ៏កម្រទាំងនេះ។

សូមជំរាបជូនថា សត្វខ្សឹប ឬសត្វទ្រមាក់អណ្តើក(Bengal florican)នេះ ត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វស្លាបដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ប្រភេទសត្វស្លាបនេះ បច្ចុប្បន្ន ស្ទើរតែជិតផុតពូជអស់ទៅហើយនៅក្នុងតំបន់ទំនាបបឹងទន្លេសាបប្រទេសកម្ពុជា។

លទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថា ចំនួនសត្វខ្សឹប នៅតំបន់អាស៊ីអាគ្នេយ៍បានថយចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០១២មក។

យោងតាមរូបភាព ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការ WCS សត្វខ្សឹបនេះ មានរូបរាងនិងទំហំមាឌប៉ុនសត្វ កុក។ វាមានជើង និងករបស់វាវែងៗ។ តែសម្បុររបស់សត្វខ្សឹបនេះមានពណ៌ ដូចសម្បកផ្លែត្រសក់ស្រូវ។ វាអាចបន្លំភ្នែកសត្រូវបាន ព្រោះសម្បុររបស់វាប្រហាក់ប្រហែលនឹងស្មៅងាប់ៗដុះមាត់បឹងដូច្នេះដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាអបអរសាទរចម្រើនព្រះជន្មព្រះ​មហាក្សត្រីនរោត្តម មុនីនាថ សីហនុយាងចូល​៨៤ព្រះវស្សា

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ [...]

ប្រទះឃើញពងសត្វ«ក្រពើត្រី»ជាសត្វកម្រចំនួន ៤៨ នៅព្រែកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ ក្រុមអភិរក្សសត្វព្រៃនៃរដ្ឋបាលជលផល និង[...]

លោក សម រង្ស៊ី សួរសម្ដេច ហ៊ុន សែន ថាហេតុអ្វីមិនប្ដឹងលោកទៅតុលាការបារាំង

លោក សម រង្ស៊ី នៅតែបន្តចោទសួរទៅនាយករដ្ឋមន្ត្រី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត