loader

អតីតមេដឹកនាំរដ្ឋប្រហារថៃសន្យាបម្រើពលរដ្ឋថៃដោយមិនរើសអើងបក្សនយោបាយ

លោកប្រាយុទ្ធចាន់អ៊ូចា ដែលត្រូវបានសភាទាំងពីរថ្នាក់បោះឆ្នោតឲ្យធ្វើ​ជានាយករដ្ឋមន្រ្តីថៃកាលពី​ថ្ងៃអង្គារទី១១មិថុនា បានស្បថចូលកាន់​តំណែង​​នៅក្នុងព្រះបរមរាជវាំង។ ក្នុងពិធីនោះ អតីតឧត្តម​សេនីយ៍ដែល​​ជា​មេរដ្ឋប្រហារ បាន​ឡើងថ្លែងប្តេជ្ញាចិត្តស្តាប់សំឡេងរបស់​ប្រជាជនមកពីគ្រប់​និន្នាការ​នយោបាយទាំងអស់ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយសន្យា​មិនរើស​អើង​បក្សនយោបាយឡើយ។

កញ្ញាអ៊ុំ ចន្ទលក្ខិណា ជូនសេចក្តីប្រែសម្រួល

ក្នុងពិធីស្បថចូលកាន់តំណែង ឋានៈជានាយករដ្ឋមន្ត្រី  លោកប្រាយុទ្ធ បានខិតខំស្ដាប់ គម្ពីរ​របស់ រាជវាំង ដែលមន្ត្រីវាំងបានអានអោយលោកស្ដាប់។ ក្នុងគម្ពីរនោះ និយាយអំពីកេរ្តិ័តំណែលជាតិ​ដែល​​បុព្វបុរសថៃបានរក្សាទុក។ លោកប្រាយុទ្ធដែលទទួលបានការអនុម័តពីមហាក្សត្រ​ជា​នាយក​​រដ្ឋមន្ត្រី​ថៃទី២៩ លោកត្រូវបានមន្ត្រីវាំងណែនាំអោយឡើងថ្លែងប្ដេជ្ញា​ចិត្តដើម្បី​ប្រទេស​ជាតិថៃ។ ក្នុងពិធីនោះ អតីតឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ បានស្បថថាខិតខំការពារអត្ថ​ប្រយោជន៍​ជាតិថៃ ហើយសន្យាស្ដាប់​សំឡេងរបស់ប្រជាជនថៃ ទោះជាមក​ពីបក្ស​នយោ​បាយ​ណាក៏ដោយ។ លោកក៏បានសន្យា ធ្វើអោយរាជាណាចក្រថៃ ប្រកាន់ខ្ជាប់នូវគោលការណ៍​ប្រជា​​ធិបតេយ្យជាសាកល ក្រោមដំបូលនៃអង្គព្រះមហាក្សត្រ។ ជាមួយគ្នានេះ លោកប្ដេជ្ញា​ជំរុញ​​ឱ្យ​រាជាណាចក្រនេះមានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយ​ជីវភាព​ប្រជា​ជនរុងរឿង។

លោកប្រាយុទ្ធ នៅឆ្នាំនេះ មានអាយុ៦៥ ឆ្នាំ។ លោកត្រូវបានសភាទាំងពីរថ្នាក់ បោះឆ្នោត​គាំទ្រ​លោកធ្វើជានាយករដ្ឋមន្ត្រី ដោយសំឡេងឆ្នោត ៥០០ទល់នឹង២៤៤សំឡេង។ លោ​កគឺ​ជា​ក្បាល​ម៉ាស៊ីនរដ្ឋាភិបាលស៊ីវិលដែលមាន១៩គណបក្ស​។រដ្ឋាភិបាលទំរង់បែបនេះ ត្រូវគេហៅថារដ្ឋាភិបាលចម្រុះ ។

គណៈរដ្ឋមន្ត្រី

តាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃពុធទី១២មីថុនានេះថា សមាជិកកំពូលៗ​នៃរាជ​រដ្ឋាភិបាល​ថៃក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ គឺមាន២៥រូប ក្នុងនោះឧបនាយ​ករដ្ឋ​មន្ត្រី​មាន៦រូប។ ក្នុងតំណែងកំពូលនេះ មានឧបនាយករដ្ឋមន្ត្រី២រូបមកពីគណបក្ស​ដៃគូគឺ​គណ​បក្ស​ប្រជាធិបតេយ្យនិងគណបក្សភូមចៃថៃ។នៅក្នុងតំណែងនេះ គឺឧត្តសេនីយ Prawit Wongsuwon  ត្រូវបាន​តែង​តាំង​ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍Anupong Paojinda ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមកពីគណបក្ស​បាល័ង្គ​ប្រាចា​រ៉ាត់​ជាគណបក្សឈ្នះឆ្នោតលំដាប់ទី២បន្ទាប់ពីគណបក្សប្រឆាំងធំជាងគេ គឺបក្សភឿ​ថៃ។បក្សប្រជាធិបតេយ្យ បក្សភូមចៃថៃ និងបក្សចៃថៃប៉ាន់តាណា ទទួលបានមុខតំណែងថ្នាក់រដ្ឋមន្រ្តី៦រូប។

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ នឹងទៅសុំការអនុម័តពីសមាជិករដ្ឋសភា ក្នុងអំឡុង​១៥​ថ្ងៃទៀតហើយគណៈរដ្ឋមន្ត្រីទាំងមូលនឹងស្បថចូលកាន់តំណែងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ។

រដ្ឋាភិបាលចម្រុះទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភានិងព្រឹទ្ធសភា

នៅរាជាណាចក្រថៃ នៅក្នុងស្ថានភាពនេះ គឺមានប៉ូលនយោបាយធំពីរ នៅក្នុងរដ្ឋសភា។ ប៉ូលនយោបាយធំទីមួយ គឺក្រុមរណសិរ្យប្រជាធិបតេយ្យ ដែលមាន៧គណបក្ស ហើយដឹក​នាំដោយបក្សភឿថៃ ។ ក្រុមនេះ គេហៅថាក្រុមប្រឆាំងសំឡេងភាគច្រើនក្នុងរដ្ឋសភា ។ ក្រុម​នេះបូកបញ្ជូលគ្នា មានសំឡេង ២៥២ នៃអាសនៈសរុប ចំនួន៥០០។ ចំណែកឯក្រុមមួយទៀត គឺកម្លាំងរួបរួមក្រោមឆ័ត្ររបស់គណបក្សលំអៀងពួកយោធាគឺ គណបក្សបាល្ល៍ងប្រាចារ៉ាត់​ដែល​​​លោកប្រាយុទ្ធជានាយករដ្ឋមន្ត្រី។ តុល្យភាពនៃកម្លាំងនយោបាយពីរនេះងាយ​នឹង​ប្រឈម​គ្នានៅក្នុងរដ្ឋសភាទោះជាប្រធានរដ្ឋសភា មកពីបក្សប្រជាធិបតេយ្យក៏ដោយ។​តែបើនិយាយពី តុល្យភាពនៃព្រឹទ្ធសភាវិញ គឺប៉ូលនយោបាយ នៃក្រុមរណសិរ្យប្រជា​ធិប​តេយ្យ ស្ទើរតែពុំមានឡើយព្រោះសមាជិកព្រឹទ្ធសភា រើសចេញពីក្រុមប្រឹក្សាយោធាមាន​ដល់​ទៅ​១៩៤​រូបក្នុងចំណោម២៥០រូប។ មានន័យថា ការទទួលខុសត្រូវដំបូងរបស់រដ្ឋាភិបាលថ្មីនេះ គឺនៅចំពោះមុខរដ្ឋសភា ហើយក្រោយមកគឺព្រឹទ្ធសភាព្រោះនាយករដ្ឋមន្ត្រីជ្រើស​រើស​ចេញ​ពីសភា​ទាំងពីរថ្នាក់នេះ។

ទស្សនពលរដ្ឋថៃ

ពលរដ្ឋថៃដែលធ្លាប់ឆ្លងកាត់ការធ្វើរដ្ឋប្រហារ១៩លើកមកហើយ ហាក់ដូចមិនជាការចាប់​អារម្មណ៍​​ច្រើនទេការចូលកាន់តំណែងឡើងវិញរបស់អតីតមេរដ្ឋប្រហារ ឧត្តមសេនីយ៍​ប្រាយុទ្ធចាន់អូចា។​ ការពិតលោកប្រាយុទ្ធ បានដឹកនាំរាជរដ្ឋាភិបាលថៃចាប់តាំងឆ្នាំ២០១៤ បន្ទាប់​ពីលោក បានដឹកនាំទ័ពចូលកាន់កាប់រាជធានីបាងកកដើម្បីផ្ដួលរំលំ គណៈរដ្ឋមន្ត្រីរបស់​បក្សភឿថៃដឹកនាំដោយលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា។ ឧត្តមសេនីយ៍រូបនេះ បានដឹកនាំ​រដ្ឋាភិ​បាលយោធានិយម ហើយបង្កើតក្រុមប្រឹក្សាយោធានិង​ព្រឹទ្ធសភា​ដើម្បីគ្រប់​គ្រង​សភាព​ការណ៍​នយោបាយដោយបំបាត់សំឡេងបក្សប្រឆាំងនៅក្នុងរដ្ឋសភា។ នៅរយៈ៥ឆ្នាំ រាជា​ណាចក្រ​នេះ ពុំមានរដ្ឋសភាស៊ីវិលនោះទេ។រាល់ការតាក់តែងច្បាប់ គឺក្រុមប្រឹក្សាយោធា និង​ព្រឹទ្ធសភា ជាអ្នកអនុម័ត។ មកដល់ពេលនេះ ច្បាប់ទាំងឡាយ ដែលប្រើប្រាស់សព្វថ្ងៃគឺ​ជា​ច្បាប់​​​របស់​ពួកយោធា។ កាសែតថៃភាគច្រើន ដែលបានចុះស្រង់សម្ដីពលរដ្ឋថៃ បានចុះ​ផ្សាយ​ថា ភាគច្រើនពលរដ្ឋថៃហាក់មិនចាប់អារម្មណ៍ច្រើនទេគណៈរដ្ឋមន្ត្រីថ្មីរបស់លោកប្រាយុទ្ធ។ ពួកគេថាទោះជារដ្ឋាភិបាលចម្រុះក្ដីតែ អំណាចនៅលើគណបក្សបាល្ល័ង្កប្រាចារ៉ាត់ ដែលស្និទ្ធនឹង​ពួក​យោ​ធា។

យ៉ាងណា អ្នកវិភាគថៃមួយចំនួន មើលឃើញថា ទោះជាបក្សបាល្ល័ង្កប្រាចារ៉ាត់ មានកម្លាំងចម្រុះ១៩​គណបក្ស​ក៏ដោយ តែក៏ពិបាកក្នុងការធ្វើសេចក្ដីសម្រេចលើកិច្ចការធំៗរបស់ជាតិថៃដែរព្រោះពេលនេះ កម្លាំង​ប្រឆាំង​ធំមួយមាននៅក្នុងរដ្ឋសភា។ម្យ៉ាង​គណៈរដ្ឋមន្ត្រីថ្មីនេះ​ក៏មានទស្សនៈ​ចម្រុះ​និង​ការ​ខ្វែង​គំនិតគ្នាផងដែរគឺមានន័យថាបក្សធំនៅក្នុងរាជរដ្ឋាភិបាលត្រូវយល់ចិត្តរបស់បក្សតូចជាមុនសិន មុន​នឹងធ្វើសេចក្ដីសម្រេចលើកិច្ចការជាតិធំៗ៕

អត្ថបទដោយ នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស៊ីជីងភីង វាយតម្លៃខុសអំពីទឹកចិត្តប្រជាជនក្រុងហុងកុង

ស៊ីជីងភីង អធិរាជជំនាន់ថ្មី ច្បាមយកអំណាចប្រធាន[...]

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩

សង្គមកម្ពុជា មិនទាន់ទប់ស្កាត់បានល្អប្រសើរនៅឡើ[...]

រលកសង្គ្រាមលើឈូងសមុទ្រពែក្សដើរដល់ចំណុចប្រកាសអាសន្នតែអាមេរិកស៊ីអ៊ីរ៉ង់ដោយរបៀបណា?

រលកសង្គ្រាមលើឈូងសមុទ្រពែក្សកំពុងដើរដល់ចំណុចប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត