loader

អ្នកនយោបាយ​ខ្មែរ​បន្ត​ឈ្លោះ​គ្នា ​បណ្ដាំ​សម្ដេច​តា​គ្មាន​ន័យ​🔊

ភ្នំពេញ​៖​ការ​បែកបាក់​រវាង​អ្នកនយោបាយ​ខ្មែរ​ នៅ​តែ​បន្ត​មិន​ឈប់​ក្នុង​អាណា​ត្តិ​ ទី​៥​នេះ​ ដែល​គេ​មើលឃើញ​ថា​ បាន​ដើរ​ចាក​ឆ្ងាយ​ ពី​គន្លង​នៃ​ព្រះរាជ​បណ្ដាំ​ ព្រះបាទ​នរោត្តម​ សីហ​នុ​ ៖«​ព្រះ​បរម​រតន​កោដ្ឋ​»​ ដែល​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ប្រជាជាតិ​។

samdachta
ព្រះបាទ​នរោត្តម​ សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ

​អ្នកវិភាគ​មើលឃើញ​ថា​ការ​ខ្វែងគំនិត​គ្នា​របស់​អ្នកនយោបាយ​ដែល​ឈាន​ដល់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ដៃគូ​ដាក់គុក​គឺជា​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​ ហើយ​ដើរ​ផ្ទុយ​ពី​បណ្ដាំ​របស់​ព្រះបាទ​នរោត្តម​សីហ​នុ​ដែល​ព្រះ​អង្គ​ អំពាវនាវ​សុំ​ឱ្យ​អ្នកនយោបាយ​ កុំ​បែកបាក់​គ្នា​នាំ​ឱ្យ​ប្រទេស​ជិតខាង​មើលងាយ​។​ អ្នកវិ ភាគ​មាន​ទស្សន​បែប​នេះ​ ស្រប​ពេល​សម្ដេច​ ហ៊ុន​ សែន​ និង​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​បក្ស​ប្រឆាំង​កាន់តែ​ក្លាយជា​សត្រូវ​នឹង​គ្នា​។

​ព្រះបាទ​នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​  ដែល​ព្រះ​អង្គ​បាន​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ សម្រាប់​ប្រទេស​ជាតិ​ ដូច​ជា​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​ជាដើម​ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់​ព្រះ​អង្គ​ថា​ ជា​ ព្រះ​វរ​រាជបិតា​ ឯករាជ្យ​បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​។​ ព្រះ​អង្គជា​បុរស​រដ្ឋ​ដែល​នាំ​មក​នូវ​ឯកភាព​ជា​ខ្មែរ​។​

​មួយ​ឆ្នាំ​មុន​ព្រះ​អង្គ​សោយ​ទិវង្គត​ នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១១​  សម្ដេច​តា​នៃ​យើង​បាន​ ផ្ដាំ​ជា​ច្រើន​ឱ្យ​អ្នកនយោបាយ​ ចេះ​ស្រឡាញ់​ជាតិ​  សាមគ្គី​គ្នា​ជា​សាច់ឈាម​ជាតិខ្មែរ​ ហើយ​បើ​ធ្វើ​បាន​ គឺ​ជាតិ​គង់វង្ស​និង​រីក​ចម្រើន​។​ ព្រះ​អង្គ​បន្ត​ថា​ មិនតែប៉ុណ្ណោះ​ ប្រទេស​ជិតខាង​ ក៏​គេ​កោតសរសើរ​គោរព​ខ្មែរ​ដែរ​។​ តែ​ផ្ទុយ​ទៅ​វិញ​ បើ​អ្នកនយោបាយ​ខ្មែរ​ បែកបាក់​សងសឹក​គ្នា​រក​ពេល​ត្រូវ​គ្នា​មិន​បាន​ គឺជា​គ្រោះថ្នាក់​ដល់​ជាតិ​។​

ta-king
សម្ដេច តា និងសម្ដេច ម៉ែ

​សម្តេច​តា​ ៖​«​យើង​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដែល​ន​ណា​ក៏​បំបែកបំបាក់​មិន​បាន​ដែរ​។​ ធ្វើ​ឱ្យ​ទន់ខ្សោយ​ទៅ​វិញ​ក៏​មិន​បាន​ដែរ​។​ យើង​ច្បាស់​ជា​ខ្លាំង​ទៅៗ​ ។​យើង​ចង់​តែ​ឲ្យ​គេ​ទទួលស្គាល់​ថា​ យើង​រួបរួម​គ្នា​ប្រែ​មក​ថា​ខ្លាំង​ ហើយ​ក្នុង​វិស័យ​ណា​ក៏​ដោយ​ក៏​យើង​ចេះ​តែ​ដើរទៅ​មុខ​ ដរាប​យើង​ចេះ​ពួតដៃគ្នា​កសាង​អ្វី​ដែល​ជា​ឧត្ដម​ប្រយោជន៍​ជាតិ​យើង​។​»

​តើ​អ្នកនយោបាយ​ខ្មែរ​បាន​ដើរ​តាម​ បណ្ដាំ​របស់​ព្រះបាទ​នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​  បាន​ត្រឹម ណា​ហើយ​។​ ការ​ពិត​គឺ​គ្មាន​ទេ​  គឺ​មាន​តែ​ សងសឹក​គ្នា​កាន់តែ​ខ្លាំង​ឡើង​។​ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​រដ្ឋ​សភាជាតិ​កាល​ថ្ងៃ​ទី​៣១​ មក​រា​ ឆ្នាំ​២០១៧​ សម្តេច​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ ខ្លាំងៗ​ វាយប្រហារ​ទៅ​លើ​ គូបដិបក្ខ​ របស់​លោក​ ដោយ​មិន​ត្រឹមតែ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ លោក​ សម​ រង្សី​ ទេ​តែ​ សម្តេច​ព្រមាន​ដាក់​ខ្នោះ​មេ​បក្ស​ប្រឆាំង​នេះ​ថែម​ទៀត​ បើ​ហ៊ាន​ចូល​ប្រទេស​វិញ​។​ ដោយ​មាន​កាយវិការ​ ដូច​ជា​ទប់​កំហឹង​លែង​ បាន​ នាយក​រដ្ឋមន្ត្រី​ ជើង​ចាស់​ឬ​គេ​ហៅ​ថា​ បុរស​ខ្លាំង​ ព្រមាន​រឹបអូស​ទ្រព្យសម្បតិ្ត​នឹង​លក់​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង​ ដែល​លោក​បាន​ប្ដឹង​មេ​បក្ស​ប្រឆាំង​ល្បីល្បាញ​ករណី​បរិហារកេរ្តិ៍​លោក​ថា​ បានឱ្យ​លុយ​ស្ត្រី​ម្នាក់​ ១​លាន​ដុល្លារ​ ជា​ឧបករណ៍​ បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​ សម្ដី​កាន់តែ​ មាន​កំហឹង​ គឺ​កាន់តែ​រក​ល្បិច​ផ្ដួល​គូប្រកួត​កាន់តែ​លែង​ឃើញ​ ។​ សម្ដេច​ថា​ ត្រូវ​ដាក់​ទណ្ឌិត​ក្រៅច្បាប់​ គឺ​មិន​ឱ្យធ្វើ​មេដឹកនាំ​គណបក្ស​នយោបាយ​ឡើយ​។​ នាយក​រដ្ឋមន្ត្រី​ថា​ បើ​ច្បាប់​នេះ​ចេញ​ហើយ​ គឺ​ទណ្ឌិត​គ្មាន​សិ​ទិ្ធ​ ធ្វើ​ជា​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​ឡើយ​។​ 

hun-sen-si
សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី

សម្តេច​ ហ៊ុន​ សែន​ ៖«​អ្នកឯង​ជាប់​ទោស​ប៉ង​ធ្វើ​បក្ស​អ្វី​ សូ​ម្បី​សិទ្ធិ​បោះ​ឆ្នោត​មិន​មាន​ផង​នឹង​ ឥឡូវ​ចូល​មក​ លឺ​ថា​គេ​ចេញ​អ្វី​ឯណា​ ចូល​មក​តែ​កុំ​ភ្លេច​ណា​ ដាក់​ខ្នោះ​គឺ​ដាក់​ឲ្យ​ទាល់តែ​បាន​។​»

​ចាប់តាំងពី​ បក្ស​កាន់​អំណាច​របូត​ ២២​អាសនៈ​ដោយសារ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​  បរិយាកាស​នយោ បាយ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ តំណាងរាស្ត្រ​បាន​ហែកហួរ​គ្នា​ ប្តឹងផ្តល់​គ្នា​ចប់​ពី​រឿង​ក្ដី​មួយ​ចូល​រឿង​ក្ដី​មួយទៀត​។​  ទាំង​ប្រមុខ​រដ្ឋាភិបាល​ និង​ ប្រធានរដ្ឋសភា​ បាន​ដាក់​ពាក្យបណ្ដឹង​ពីរ​ប្ដឹង​ លោក​ សម​ រ​ង្ស៊ី​ ករណី​បរិហារកេរ្តិ៍​ ដោយ​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ និង​ ទារ​សំណង​ជំងឺ​ចិត្ត​ ច្រើន​រយ​លាន​រៀល​ ឬ​មួយ​លាន​ដុ​លា្ល​រ​។​  ការ​ប្ដឹងផ្ដល់​គ្នា​មិន​ចេះ​ចប់​នេះ​ នាំ​ឱ្យ​កម្ដៅ​នយោបាយ​កាន់តែ​ខ្លាំង​ ហើយ​ប៉ះពាល់​ ដល់​ការ​កសាង​ប្រទេស​មួយ​ ក្រោម​ពាក្យ​ថា​ ជា​ប្រទេស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៣​។

​ជុំវិញ​ការ​ប្ដឹងផ្តល់​និង​ឈ្លោះ​គ្នា​ ឥត​ឈប់​ឈរ​របស់​ថ្នាក់ដឹកនាំ​ជាតិខ្មែ​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ អ្នកនយោបាយ​ខ្មែរ​មិន​បាន​គិតដល់​ព្រះរាជ​បណ្ដាំ​របស់​ព្រះ បាទ​នរោត្តម​ សីហ​នុ​ ហើយ​ក៏​មិន​គិត​ពី​បំណងប្រាថ្នា​ របស់​ប្រជាពលរដ្ឋ​ខ្លួន​ផង​ដែរ​។​ លោក​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា​ លោក​ខ្លាច​ខ្មែរ​មិន​អាច​រក្សា​ទឹកដី​ទុក​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ ព្រោះ​អ្នកនយោ បាយ​រវល់​ចង់​ឈ្នះ​គ្នា​ ដែល​ជា​ឱកាស​ហុច​ស្នៀត​កាំបិត​ ឱ្យ​ប្រទេស​ជិតខាង​កេង​ចំណេញ​លើ​ខ្មែរ​ ហើយ​អាច​យក​ផលប្រយោជន៍​ពី​ខ្មែរ​បាន​ទៀត​ផង​ ។​ លោក​បន្ត​ថា​ ការ​បែកបាក់​គ្នា​នេះ​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ ព្រឹត្តិការណ៍​ជាតិខ្មែរ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ ទៅ​ទៀត​។​ លោក​ថា​ ការ​ឈ្លោះ​គ្នា​នេះ​ជា​ការ​សប្បាយចិត្ត​របស់​ប្រទេស​ជិតខាង​ ហើយ​ធ្វើ​ឱ្យ​បណ្ដាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​គ្មាន​ន័យ​អ្វី​ឡើយ​។

meas-nee
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
​ លោក​ មាស​ នី​ ៖«​បក្ស​កាន់​អំណាច​ពី​ដើម​ឡើយ​មាន​តែ​ម្នាក់ឯង​ តែ​ដល់​ពេល​នេះ​គាត់​មាន​បក្ស​ស ង្គ្រោះ​ជាតិ​មក​ មានកំ​លាំង​ប្រហែល​គ្នា​អ​ញ្ចឹ​ង​ អ្វី​ដែល​យើង​ឃើញ​សកម្មភាព​រាល់ថ្ងៃ​ ប្រតិកម្ម​ដែល​យើង​ឃើញ​រាល់ថ្ងៃ​សុទ្ធតែ​ចេញ​មក​ពី​កា​ព្រួយបារម្ភ​បាត់បង់​អំណាច​របស់​បក្ស​កាន់​អំណាច​»​។​

​មិន​ថា​តែ​សម្ដេច​ ហ៊ុន​ សែន​ ប្រកាន់​ជំហរ​មិន​ចុះ​ញ៉ម​ គឺ​លោក​ សម​ រ​ង្ស៊ី​ ក៏​មិន​ចុះ​ញ៉ម​ដែរ​។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ឌឺដង​ថា​ ប្ដឹង​លោក​ច្រើន​កាលណា​ គឺ​កាន់តែ​ល្អ​ពេល​នោះ​ ព្រោះ​តុលាការ​ខ្មែរ​ មិន​ត្រូវ​បាន​ គេ​ទទួលស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ​និង​អ​ព្យា​ក្រឹត្យ​ឡើយ​។​ លោក​ថា​ ពលរដ្ឋ​នឹង​ប្ដឹង​សើរើ​រឿង​អយុត្តិធម៌​របស់​ពួក​គេ​ឡើង​វិញ​ គឺ​ពេល​នោះ​ហើយ​អ្នកកាត់ក្ដី​រឿង​អយុត្តិធម៌​ នឹង​ត្រូវ​ពលរដ្ឋ​ប្ដឹង​ដែរ​។​ នេះ​ជា​ការ​បង្កើត​ការ​សង​សឹង​គ្នា​មិន​ចេះ​ចប់​ឡើយ​។

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ បើ​អ្នកនយោបាយ​នៅ​តែ​បន្តសកម្មភាព​បែប​នេះ​វា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ជាតិ​មាន​ភាព​ផុត​ស្រួយ​និង​គ្រោះថ្នាក់​។​ លោក​បន្ត​ថា​ អ្នកដឹកនាំ​ពេល​នេះ​ដូច​ជា​គិត​ពី​ផលប្រយោជន៍​បុគ្គល​និយម​ជាង​ ផលប្រយោជន៍​ជាតិ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ប្រទេស​។​  លោក​បន្ត​ថា​ ដើម្បី​វិល​មក​រក​ភាព​ជានា​គ្នា​ឡើង​វិញ​គឺ​មាន​តែ​ការ​ផ្សះផ្សា​ជាតិខ្មែរ​និង​គិត​ជាតិ​ជា​ធំ​។​

em-sovanara
លោកសាស្រ្ដាចារ្យ ឯម សុវណ្ណារ៉ា

​ឯម​ សុ​វ​ណ្ណា​រ៉ា​ ៖«​ខ្ញុំ​មានការ​បារម្ភ​ ទៅ​លើ​ស្ថិរភាព​នយោបាយ​ និង​ ស្ថិរភាព​ការ​អភិវឌ្ឍ​ជាតិ​ ប្រទេស​ជិត​ខាងគេ​អភិវឌ្ឍ​អស់ហើយ​។​ ហើយ​កម្ពុជា​នៅ​តែ​មាន​ទស្សន​គំនិត​ប្រឈម​គ្នា​វាយប្រហា​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ហើយ​មិន​គិត​ពី​ប្រយោជន៍​ជាតិ​ គេ​ហៅ​ថា​ ភាព​អកុសល​របស់​ប្រជាជាតិ​ម្ពុ​ជា​ដែល​មាន​អ្នកនយោបាយ​មិនសូវ​គិត​ពី​ប្រយោជន៍​ជាតិ​»​។​

​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣​ ដែល​មានការ​ចូលរួម​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ ប្រ ទេស​កម្ពុជា​ក៏​មិន​មានការ​ស្រុះស្រួល​គ្នា​ដែរ​។​ កាល​ណោះ​សម្ដេច​ ក្រុមព្រះ​រោ​ត្តម​ រណ​ឬ​ទ្ធិ​ គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​។​ តែ​គណបក្ស​ប្រជាជន​របស់​សម្ដេច​ ហ៊ុន​ សែន​ ចាញ់ឆ្នោត​បាន​ចល័ត​ធ្វើ​អប្បគមន៍​នៅ​ភាគ​ខាងកើត​ប្រទេស​។​ ដោយ​មើលឃើញ​ពី​ការ​គ្រោះថ្នាក់​ជាតិ​ សម្ដេច​ ព្រះបាទ​ នរោត្តម​ សីហ​នុ​ បាន​សម្របសម្រួល​ឲ្យ​មាន​ផ្សះផ្សា​ជាតិ​វិញ​ ដោយ​បង្កើត​ឲ្យ​មាន​ សហនា យករដ្ឋមន្ត្រី​គឺ​ សម្ដេចក្រុមព្រះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ ហើយ​សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ទី​២​។​ នេះ​ជា​គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ​មួយ​ដែរ​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ខ្មែរ​ធ្លាក់​ក្នុង​សង្គ្រាម​ជា​ថ្មី​ទៀត​។​ តែ​ពេល​នេះ​ អស់ពី​ព្រះ​អង្គ​  អ្នកនយោបាយ​ ខ្មែរ​មិន​ត្រឹមតែ​មិន​ដើរ​តាម​បណ្ដាំ​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​បណ្ដាំ​របស់​ព្រះ​អង្គ​គ្មាន​ន័យ​ទៀត​ផង​៕​ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត