loader

អ្នកវិភាគ​៖​បើ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​បំណុល​ម៉ឺន​លាន​ដុ​លា្ល​រ​មែន​គឺ​កម្ពុជា​នឹង​ជួប​ហានិភ័យ​ខ្ពស់​បំផុត​

​ភ្នំពេញ​៖​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក​ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ ជិត​មួយ​ម៉ឺន​លាន​ដុល្លា​(៩៣១៨​លាន​ដុល្លារ​ )​  គិត​ត្រឹម​ឆ្នាំ​២០១៥​។​ តួលេខ​បំណុល​បរទេស​ ដែល​ធនាគារពិភពលោក​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៤​ ធ្នូ​  ឆ្នាំ​២០១៦​នេះ​ ត្រូវ​បាន​ស្រង់​មក​ចុះ​ផ្សាយ​បន្ថែម​ដោយ​គេហទំព័រ​VOD​ កាលពី​ថ្ងៃ​ពុធ​ ទី​២១​ ធ្នូ​ នេះ​។​  តែបើ​គិត​ពី​ចំនួន​ពលរដ្ឋ​កម្ពុជា​ជាង​ ១៥​លាន​នាក់​គឺ​ម្នាក់ៗ​ត្រូវ​ជំពាក់​បំណុល​បរទេស​ជាង​៦០០​ដុល្លារ​។​

34
តួលេខ​បំណុល​នេះ​ គឺ​កើនឡើង​ខ្ពស់​បើ​ធៀប​ទៅ​ឆ្នាំ​២០០៣​ ពេល​នោះ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ត្រឹម​ ៣​ពាន់​លាន​ដុល្លារ​។​ ករណី​បំណុល​ហក់​ឡើង​ដ៏​ខ្លាំង​នេះ​នាំ​ឱ្យ​មានការ​ព្រមាន​ពី​ការ​ជួប​ហានិភ័យ​ចំពោះ​ប្រទេស​កម្ពុជា​ខណៈ​ធនធានធម្មជាតិ​ត្រូវ​បាន​លក់​ និង​បំផ្លាញ​ស្ទើរ​អស់ហើយ​នោះ​។​បើយ៉ាងនេះ​មែន​ ថា​តើ​ពលរដ្ឋ​កម្ពុជា​ត្រូវ​ជួយ​ដោះស្រាយ​បំណុល​ដ៏​ច្រើន​នេះ​បាន​ដោយ​របៀប​ណា​ ​បើ​ម្នាក់ៗ​ជាប់បំណុលគេ​ ជាង​៦០០​ដុល្លារ​ហើយ​នោះ​។

​ដូចនេះ​មែនមាន​ន័យ​ថា​ កម្ពុជា​ប្រទេស​តូច​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ពិតជា​ល្បីឈ្មោះ​ខាង​ជំពាក់​បំណុល​បរទេស​។​ ការ​ជំពាក់​បំណុល​បរទេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ អាច​នាំ​ឱ្យ​មាន​ហានិភ័យ​ ឬ​ក៏​ទាញ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​វិបត្តិ​ណាមួយ​ដូច​ប្រទេស​ក្រិ​ច​តូច​មួយ​នៅ​អឺរ៉ុប​ជួប​វិបត្តិ​ទាំង​ការ​ធ្លាក់​ចុះ​វិនិយោគទុន​បរទេស​ ប្រជាជន​អត់​ការងារ​ធ្វើ​ ពលរដ្ឋ​ម្នាក់ៗ​មាន​ប្រាក់ខែ​កាន់តែ​តិច​ និង​ទាំង​សហគ្រាស​ឯកជន​និង​រដ្ឋ​តូច​ធំ​ក្ដី​ក៏​ធ្លាក់​ក្នុង​វិបត្តិ​នេះ​ដែរ​។​

​បើ​ធនធានធម្មជាតិ​ប្រទេស​នោះ​ ត្រូវ​បំផ្លាញ​ដោយ​កម្លាំង​ធម្មជាតិ​ក្ដី​ ឬ​កម្លាំង​មនុស្ស​ក្ដី​ គឺ​កាន់តែ​លំបាក​ ស្រប​ពេលGDP​(​ផលទុន​សរុប​)​ ប្រជាជន​របស់​ប្រទេស​នោះ​នៅ​ទាប​ខ្លាំង​នោះ​។​ ត្រង់នេះ​ហើយ​មើល ទៅ​ដែល​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ ឬ​គេ​ហៅ​ថា​អ្នកវិភាគ​បញ្ហា​សង្គម​យល់​ថា​ បំណុល​កម្ពុជា​ជំពាក់​បរទេស​ជិត​មួយ​ម៉ឺន​លាន​ដុល្លារ​នេះ​ គឺ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​រូបភាព​មួយ​ គឺ​ការ​ទុកចិត្ត​ពី​អ្នក​វិនិយោគ​បរទេស​ព្រោះ​គេ​ថា​ ប្រទេស​តូច​មួយ​មាន​បំណុល​បរទេស​ច្រើន​ដូចនេះ​ ថា​តើ​មាន​ទ្រព្យធន​អ្វីខ្លះ​ដើម្បី​សងបំណុល​គេ​។​ 

2

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ ស្ថានភាព​ជំពាក់​លុយ​គេ​រហូត​ទៅ​ដល់​ប្រមាណ​១​ម៉ឺន​លាន​ដុល្លារ​ តាម​របាយការណ៍​របស់​ World​ Bank​ មែន​នោះ​មើលទៅ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​។​ លោក​មើ​ល​ឃើញ​ថា​ ទ្រព្យធន​ធម្មជាតិ​កម្ពុជា​ ឥឡូវនេះ​គឺ​សឹង​រលាយ​អស់ ហើយ​ ថា​តើ​មាន​អ្វី​ជួយ​ដោះបំណុល​។​លោក​ គឹ​ម​ សុខ​៖​ «​រឿង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ យើង​ពិនិត្យ​មើល​ជាក់ស្ដែង​ពីរ​ បី​ ចំណុច​ ។​ឧទាហរណ៍​ យើង​ជំពាក់​គេ​រហូត​ទៅ​ដល់​ជិត​១​ម៉ឺន​ ឬ​ក៏​បាន​ ១​ម៉ឺន​លាន​ដុល្លារ​។​ ប៉ុន្ដែ​ចំនុច​ទី​មួយ​យើង​ត្រូវ​ពិ​ និត្យ​យើង​ជំពាក់​គេ​ហើយ​ រដ្ឋាភិបាល​យើង​នេះ​ លក់​ខ្ទេចខ្ទី​អស់​ ទ្រព្យសម្បតិ្ត​ជាតិ​ អាគារ​រដ្ឋ​  បឹង​រដ្ឋ​ ព្រៃឈើ​ រ៉ែ​ លក់​ខ្ទេចខ្ទី​។​យើង​មើល​ជញ្ជីង​សេដ្ឋកិច្ច​រវាង​ខ្មែរ​ហើយ​និង​អា​មេ​រិ​ក​កាំ​ង​ក្ដី​ រវាង​ខ្មែរ​-​ចិន​ រវាង​ខ្មែរ​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ជា​ដៃគូរ​ពាណិជ្ជកម្ម​នឹង​គឺ​ផ្អៀង​មែនទែន​…»​ ។​

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ បាន​បន្ដ​ទៀត​ថា​ ការ​ដោះស្រាយ​ដែល​ល្អ​សម្រាប់​កម្ពុជា​ក្នុង​រឿង​នេះ​ គឺ​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​  និង​កំចាត់​អំពើ​ពុក​រលួយ​អោយ​មាន​ប្រសិទ្ធភាព​។

​លោក​ គឹ​ម​ សុខ​៖«​ ដំណោះស្រាយ​សំខាន់​ ទី​មួយ​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ ជា​ពិសេស​ច្បាប់​វិនិយោគ​ ទាក់ទង​វិនិយោគ​របៀប​ម៉េច​ ដោយ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ។​ចំនុច​ទី​ពីរ​ ពិនិត្យ​ឡើង​មើល​ឡើង​វិញ​ នូវ​ទ្រព្យសម្បត្តិ​ជាតិ​ទាំងឡាយ​ណា​ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​ ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​លក់ដូរ​ ហើយ​ត្រូវ​ច្នៃ​ ឬ​ពង្រឹង​ការ​ផលិត​នៅ​ក្នុងស្រុក​ ហើយ​បង្កើន​ការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​លក្ខខណ្ឌ​ត្រឹមត្រូវ​។​ ទី​បី​ .​រដ្ឋាភិបាល​ត្រូវ​បញ្ជាក់​ជំហរ​គោលនយោបាយ​ជាតិ​មួយ​សម្រាប់​ប្រមូល​កំលាំង​ពលករ​នៅ​ក្រៅប្រទេស​មក​វិញ​ ដើម្បី​ពង្រីក​ផលិតកម្ម​ក្នុងស្រុក​»​។​

1

​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​គឺ​នៅ​ឆ្នាំ​២០០៣​ កម្ពុជា​ជាប់បំណុល​បរទេស​ ៣​ពាន់​ដុល្លារ​ ហើយ​សន្ទុះ​បំណុល​ឡើង​ខ្លាំង​នេះ​ គឺ​រយៈពេល​តែ​មួយ​ទស​វត្ស​ កន្លះ​ប៉ុណ្ណោះ​។​ តាម​ការ​ស្រាវ​ជ្រាវ​របស់អ្នក​សិក្សាការ​អភិវឌ្ឍ​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ច្រើន​ជាងគេ​ គឺ ប្រទេស​ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជ កម្ម​ធំ​ជាងគេ​នៅ​កម្ពុជា។​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សាស្រាវជ្រាវពីការ​អភិវឌ្ឍ​សង្គម​ បាន​អះអាង​ថា​ ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​​ច្រើន​ ខណៈ​ប្រទេស​នេះ​គ្មាន​លទ្ធភាព​សង​ទាន់​ពេលវេលា​ ហើយ​សូ​ម្បី​តែសងការ​ប្រាក់​ក៏​គ្មាន​ដែរ​ គឺ ​គ្រោះថ្នាក់​បំផុតហើយ​។​ លោក​ថា​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​គឺ​ធនធានធម្មជាតិ​ ។​ លោក​ មាស​ នី​ ថា​ ៖«​ ខ្ញុំ​ធ្លាប់​ឃើញ​ប្រទេស​ខ្លះ​ដល់​ពេល​ខ្ជី​លុយ​គេ​ច្រើន​ពេក​ទៅ​ លែង​បាន​សង​ដើម​ហើយ​ គឺ​ សង​តែ​ការ​ឱ្យ​គេ​ហើយ​វិស័យ​សេវាកម្ម​របស់​រដ្ឋ​ខ្លួន​នោះ​ទេ​  ក៏​ត្រូវ​កាត់​បន្ថយ​ ចឹ​ង​យើង​រស់នៅ​បាន​ត្រឹមតែ​សង​បំ​ណុ​ង​គេ​»។​

​របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​បង្ហាញ​កាល​ពី​ឆ្នាំ​២០១៥​  បញ្ជាក់​ថា​ កម្ពុជាបាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ភាព​ក្រីក្រ​របស់​ប្រជាជន​​យ៉ាង​ខ្លាំ​បើ​ធៀប​កាលពី​១០​ឆ្នាំ​មុន​គឺ ​មានជិត​៣០​ភាគរយ ​មក​ដល់ជិត​ ២០​ភាគរយ​។​ អ្នក​ស្រាវជ្រាវ​បាន​យល់​ស្រប​ដូចនេះ​ ប៉ុន្តែ​អ្នក​ស្រាវជ្រាវថា ពលរដ្ឋដើរ​ក្បែរ​ខ្សែបន្ទាត់​​ភាព​ក្រីក្រ​នៅ​មាន​ច្រើន​នៅឡើយ​។​ 

ជុំវិញរឿងនេះដែរ លោក​ ផៃ​ ស៊ី​ផា​ន​  អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​អះអាង​ថា​ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សព្វ​ថៃ្ង​នេះ​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​បាន​ច្រើន​ណាស់​ ។​ លោក​ថា​មិន​មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​ទេ​ ព្រោះ​កម្ពុជា​នៅ​មាន​លទ្ធភាព​សងបំណុល​គេ​បាន​គ្រប់ពេល​។​ ​នៅ​ពេល​សួរ​ថា​តើ​លោក​ទទួលស្គាល់​ទេ​ចំពោះ​ តួលេខ​ដែល​កម្ពុជា​ ជំពាក់​បំណុល​បរទេស​ច្រើន​ដូចនេះ​ អ្នកនាំពាក្យ​រូប​នេះ​ ចាត់​ទុក​តួ​លេខ​នេះ​ មិន​ត្រឹមត្រូវ​ឡើយ​។​ លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​អ្វី​ដែល​ខ្ញុំ​ដឹង​គឺថា​  បំណុល​របស់​យើង​វា​មិន​ឡើង​ទៅ​ដល់​ ៤០​ ភាគរយ​ នៃ​ចំនួន​ផលិតផល​ក្នុងស្រុក​នោះ​ទេ​ វា​អាច​នៅ​ចន្លោះ​ ២០​ ទៅ​៣០​ប៉ុណ្ណោះ​ឯង​។​ ដូច្នេះ​ការ​ខ្ចី​នេះ​ មិន​មាន​ហានិភ័យ​ក្នុង​ការ​ចលាចល​»​។​

​តែ​បែប​នេះ​ក្ដី​សម្រាប់​អ្នកវិភាគ​នៅ​តែ​ព្រមាន​ថា​ បើ​រដ្ឋ​ជំពាក់​បំណុល​បរទេស​មាន​ចំនួន​ច្រើន​ឡើង​ គឺ ​អ្នក​ជួយ​ចេញ​សង មិនមែន​អ្នកនយោបាយ​ ឬ​មេដឹកនាំ​ណា​ទេ​គឺ​ពលរដ្ឋ​ជា​អ្នក​បង់ពន្ធ​ជូន​រដ្ឋ​រាល់ថ្ងៃ​រាល់​ខែ​នោះ​ទៅ​វិញ​ទេ​ ជា​អ្នក​ត្រូវ​បំពេញ​កាតព្វកិច្ច​នេះ​៕​

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត