loader

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាចមានបញ្ហាសុខភាព ប្រសិនបើមិនមានអនាម័យ។ ប៉ុន្ដែផ្ទុយទៅវិញ វារីជាតិដែលនៅក្នុងទឹកបានជួយកាត់បន្ថយមេរោគបានមួយចំណែកធំ តាមរយៈការប៊ឺតស្រូបរបស់ពួកវា។

ចុះបើផ្ទៃបឹង ឬទឹកកង្វក់ទាំងមូលត្រូវបានលុបដោយគម្រោងអភិវឌ្ឍន៍ណាមួវិញ វារីជាតិ ដែលមានដូចជា ត្រកួន កំប្លោក និងកញ្ឆែត នៅក្នុងបឹងនិងមានអ្វីកើតឡើង? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលនិយាយអំពី​អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគនៅក្នុងទឹកកង្វក់តាមរយៈវារីជាតិ ដូចតទៅ!

អង្គុយសកកំប្លោកជាចំរៀកៗក្បែរមាត់បឹង នៅទីក្រុងភ្នំពេញ អ្នកស្រី យែម រុន ដែលមានរាងកាយស្គមស្គាំង បានឱ្យដឹងថា គាត់រស់នៅក្បែរទឹកកង្វក់ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ តែបើនិយាយអំពីបញ្ហាសុខភាពវិញនោះ គាត់ពុំដែលបានចាប់អារម្មណ៍លើសុខភាពខ្លួនឯងទាល់តែសោះ។

អ្នកស្រី យែម រុន៖​«ស៊ាំទឹកអស់ហើយ លែងរមាស់ លែងអីអស់ហើយ ធ្លាប់ហើយ បើគេខ្លះមកចុះទឹកឡើងរមាស់អេះពេញខ្លួន ហើយបើពួកយើងកាន់ស្លែនៅហ្នឹងទៅហើយ »។

ពុះសកធាងកំប្លោកបណ្ដើរ និយាយបណ្ដើរ អ្នកស្រី យែម រុន បានឱ្យដឹងបន្ដទៀតថា អ្វីដែលគាត់យកចិត្តទុកដាក់ជាចម្បងនោះ គឺការរកប្រាក់សម្រាប់ចិញ្ចឹមជីវិតជារឿងសំខាន់។

អ្នកស្រី យែម រុន៖​«ម៉ោង ៥ព្រឹក ម៉ោង ៦ព្រឹក ចេញទៅហើយ(បេះត្រកួន) ពេលថ្ងៃ ម៉ោង ១០ ១១ មកដល់ផ្ទះហើយ មកដល់រោងហ្នឹងវិញ ។តែថ្ងៃនេះ អត់បានត្រកួន បានតែកំប្លោក ។កូនស្រី៖«ម៉ែយកទៅលក់ហើយ ម៉ោង៣ហើយ។ ម៉ែ៖«ទៅហឺកូន»»! ។

អ្នកស្រី យែម រុន មានកូនប្រុសស្រីចំនួន ២នាក់។ ដោយសារតែជីវភាពទីទ័លក្រ ទើបអ្នកស្រីត្រូវទ្រាំ និងការរស់នៅដូចនេះ ជាមួយនិងកូនស្រី។

យកដៃជូតមុខ និងថ្ងាសបន្ថិច រួចនិយាយបន្ដ។ អ្នកស្រី យែម រុន ៖«ដាក់បាន ៤ខ្សែនឹងគេដែរ ប្រហែល ១០ម៉ែត្រ ដើរបេះត្រកួនយូរៗទៅបានមានមុខរបរគេអោយធ្វើកំប្លោកធ្វើអីជួនកាលមករកត្រី ដាក់ម៉ង និងបេះត្រកួនខ្លះផ្សំគ្នា!»។

ក្នុងមួយថ្ងៃ អ្នកស្រី យែម ​រុន អាចរកប្រាក់បាន ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ពីរបរលក់ត្រកួននេះ។

ត្បិតថា ការដាំត្រកួនរបស់ស្រ្ដីវ័យ ៤១ឆ្នាំរូបនេះ មិនសូវជាទទួលបានកម្រៃច្រើនពិតមែន ប៉ុន្ដែគាត់នៅតែបន្ដដាំត្រកួនលើផ្ទៃបឹងទំហំ ១០ម៉ែត្រដដែល ជាមួយនិងឳពុក លុះត្រាតែ ដំណាំត្រកួនរបស់គាត់ចាក់ដីលុបអស់ទាំងស្រុង មិនតែប៉ុណ្ណោះ នៅថ្ងៃខាងមុខ គាត់គ្រោងដាំឈូក និងត្រកួនបន្ថែម លើដីបឹងទំហំ ១ហិកតាទៀតផង ។

អ្នកស្រី យែម រុន៖«មកនេះរកលុយអីគ្រាន់បានហូប បើថាយើងទៅស្រុកវិញវាពិបាករក មកហ្នឹងទៅគ្រាន់រកដៃកំប្លោកតិចតួចអីក៏បានលុយដែរ ។ តែបើគេត្រូវការដី ហើយគេបិទបឹងហ្នឹងជិតមិនដឹងទៅធ្វើម៉េចទេ មានតែទៅស្រុកហ្នឹងហើយ»។

ក្ដីប្រាថ្នារបស់អ្នកស្រី យែម រុន ស្របពេលដែលគម្រោងចាប់ដីលុបបឹងបានលេចចេញជារូបរាងជាបណ្ដើរៗ។

នៅក្នុងឯកសារមួយចំនួនដែលរាជរដ្ឋាភិបាលបានចេញផ្សាយនាពេលកន្លងមកឱ្យដឹងថា តំបន់​អភិវឌ្ឍន៍បឹងទំពុន និងតំបន់​ជើងឯក គឺជាទី​ក្រុង​រណប​មួយ ហើយ​រាជរដ្ឋាភិបាលមានបំណងកែប្រែតំបន់ទាំងនេះ អោយមាន​វិសាលភាព​ធំ​ ដូចជា កោះ​ពេជ្រ ជ្រោយចង្វា និង​ពោងពាយជាដើម។

បឹងទំពុន គឺជា​ប្រភព​ផ្គត់ផ្គង់ត្រកួនធំជាងគេ​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​ចែកចាយ​បន្ដទៅតាម​បណ្តា​ខេត្ត​មួយចំនួន​​។ ត្បិតថា ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងទំពុន​មិនទាន់​ត្រូវបាន​លាតត្រដាង ប៉ុន្តែ​សកម្មភាព​បូម​ខ្សាច់​លុប​ផ្នែក​ខ្លះ​នៃ​តំបន់​បឹងទំពុននាពេល​បច្ចុប្បន្ននេះ ឃើញ​ថា ផ្ទៃ​បឹង​ត្រកួន និង​កំប្លោក ​ដ៏ធំ​ល្វឹងល្វើយ​នៅ​តំបន់​បឹងទំពុនបាន​បាត់​រូបរាង​ជាបណ្ដើរៗ។

​ការបាត់រូបរាងជាបណ្ដើរនៃពពួកវារីជាតិទាំងនេះ ធ្វើ​ឲ្យ​អ្នកដាំដំណាំ​ត្រកួនមួយចំនួន បារម្ភ​ពីអំពីជីវភាពរស់នៅរបស់ខ្លួន។ ប៉ុន្ដែនៅក្នុងនោះ គេរកឃើញថា មិនមែនមានតែអ្នកដាំត្រកួន ឬអ្នកដែលប្រកបរបរពាក់ព័ន្ធនឹងវារីជាតិ នោះទេ ដែលមានក្ដីបារម្ភ ប៉ុន្ដែក៏ជាបញ្ហារួមសម្រាប់សុខភាពរបស់ប្រជាជនកម្ពុជាផងដែរ មុនពេលដែលទឹកកង្វក់ទាំងអស់នោះត្រូវបានហូរចូលទៅក្នុងទឹកទន្លេ ដោយពុំមែនការទប់ស្កាត់ និងប៊ឺតច្រោះពីពពួកវារីជាតិទាំងនេះ  ខណៈដែលកម្ពុជាពុំទាន់មានអាងប្រព្រឹត្ដកម្មទឹកកង្វក់នៅរាជធានីភ្នំពេញ។

លោក ថី ចន្ទោ  មន្រ្ដីទទួលបន្ទុកការងារអប់រំផ្នែកអនាម័យក្នុងសហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បឹងទំពុន ឬបឹងតាមោក ដែលភាគច្រើនតែងតែស្គាល់ថា ជាកន្លែងដែលសំបូរទៅដោយរុក្ខជាតិក្នុងទឹក និងត្រីរស់នៅបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់បរិស្ថាន និងការរស់នៅរបស់មនុស្ស។ ប៉ុន្ដែបើករណីផ្ទៃបឹងទាំងមូលត្រូវបានលុបអស់នោះ គឺជាបញ្ហាដែលថ្នាក់ជាតិត្រូវគិតគូរផងដែរ។

លោក ថី ច័ន្ទោ៖«ទឹកស្អុយចេញពីភ្នំពេញមក វាហូរចូលបឹងទំពុន! ហើយសួរថា ទឹកបឹងនេះ​វាធ្លាក់ទៅណា គឺវាធ្លាក់ទៅទន្លេតទៅទៀត។ ចឹងទាមទារអោយមុននិងទឹកនេះធ្លាក់ចូលទន្លេ ត្រូវតែមានប្រព័ន្ធច្រោះទឹកមួយធំ ដែលហៅថា មជ្ឈការ»។

ជុំវិញរឿងនេះដែរ លោក លឹម សុខតៃ អនុប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកង្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសាស្រ្ដចារ្យនៃសាលាតិចណូ លោកទទួលស្គាល់ថា នៅទីក្រុងភ្នំពេញសព្វថ្ងៃនៅមិនទាន់មានអាងប្រព្រឹត្តិទឹកង្វក់នៅឡើយទេ។  លោក លឹម សុខតៃ មានប្រសាសន៍ឱ្យដឹងទៀតថា ទឹកកង្វក់ដែលហូរធ្លាក់ចូលទៅក្នុងបឹង ដែលមានដូចជា បឹងទំពុន និងទន្លេ គឺទទួលបានពីការហូរច្រោះមេរោគ ពីត្រកួន និងកំប្លោកដែលជាពពួកវារីជាតិទាំងនោះ។

លោក លឹម​ សុខតៃ៖«យើងមិនមានស្ដង់ដាត្រឹមត្រូវ ប៉ុន្ដែយើងក៏មានជាលក្ខណៈអាងប្រព្រឹត្តិកម្មបែបធម្មជាតិ ដូចជា យើងឃើញបឹងទំពុន បើសិនណាយើងមើលពីកន្លែងបូមហូរចូលទឹកឡើងខ្មៅ ស្អុយ ប៉ុន្ដែបើយើងទៅមើលចុងម្ខាងទៀតនឹងឃើញទឹកស្អាតល្អ… »។

តាមមន្រ្ដីដដែលនេះ នៅឆ្នាំ ២០២០ រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់អាងប្រព្រឹត្តិកម្មទឹកកង្វក់មួយនៅរាជធានីភ្នំពេញ ដែលគម្រោងសាកល្បងនេះ អាចជួយច្រោះទឹកកង្វក់បាន ៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោក លឹម សុខតៃ៖«ប្រាំពាន់ម៉ែត្រគូបនៅក្នុងមួយថ្ងៃនេះ មិនមែនអាចដោះស្រាយបញ្ហទីក្រុងភ្នំពេញទាំងមូលបានទេ ព្រោះកំណើនប្រជាជនសព្វថ្ងៃ ការបំពុលពីទឹកបង្គន់ និងកាកសំនល់ផ្សេងៗវាលើសពីប្រាំពាន់ម៉ែត្រគូបទៅទៀត ប៉ុន្ដែនេះគ្រាន់តែជាគម្រោងសាកល្បងមួយដើម្បីដោះស្រាយបញ្ហាខ្លះសិនទេ ចឹងបើជាយើងមានដំណាក់កាលនិងគម្រោងជាបន្ដបន្ទាប់ទៀត ដើម្បីដោះស្រាយទៅលើការបំពុលនេះ »។

អ្វីដែល លោក លឹម សុខ តៃ លើកយកមកបង្ហាញនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមធ្វើអាងប្រព្រឹត្តិកម្មទឹកកង្វក់បែបមជ្ឈការ។

តាមការបញ្ជាក់ពីលោក លឹម សុខតៃ អនុប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកង្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានស្នើឲ្យភាគីជប៉ុនសិក្សាពីគម្រោងបង្កើតប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់មួយនៅតំបន់បឹងជើងឯក។

បញ្ជាក់ផងដែរថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកង្វក់នៅកម្ពុជាសព្វថ្ងៃមាន ៣កន្លែង រួមមាន ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

បច្ចេកទេសនៃការបំលែងទឹកកង្វក់អោយទៅជាទឹកស្អាតនៅក្នុងប្រទេសកម្ពុជា មាន ២ធំៗ គឺបែបមជ្ឈការ និងបែបវិមជ្ឈការ។ ប៉ុន្ដែដោយសារ តែកម្ពុជាមិនទាន់មានបច្ចេកទេស និងថវិកាគ្រប់គ្រាន់សម្រាប់ធ្វើប្រព្រឹត្តកម្មតាមបែបមជ្ឈការ ឬថ្នាក់ជាតិនៅឡើយ  ទើបការច្រោះទឹកកង្វក់ ត្រូវពឹងផ្អែកលើវារីជាតិមួយផ្នែកធំ។ តែអ្វីដែលគួរអោយព្រួយបារម្ភនោះ គឺការបាត់បង់ពពួកវារីជាតិទាំងនេះនៅថ្ងៃណាមួយពីគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល  ខណៈដែលគម្រោងសាងសង់អាងប្រព្រឹត្តកម្មច្រោះទឹកកង្វក់នៅរាជធានីភ្នំពេញស្ថិតនៅក្នុងគម្រោងសាកល្បង ដែលមិនទាន់លេចចេញជារូបរាង។

អ្នកស្រី យែម រុន ដែលរស់នៅបណ្ដោយផ្លូវ មហាវិថីតេជោ ឬហៅផ្លូវ ៦០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវ២៧១ ត្រង់ចម្រុះជ្រូកក្បាលថ្នល់ទៅផ្លូវជាតិលេ២ បានចូលរួមការពារបរិស្ថាន និងកាត់បន្ថយជាតិពុលនៅក្នុងទឹកបឹង តាមរយៈឆន្ទៈ និងសកម្មភាពប្ដេជ្ញាបន្ដការដាំត្រកួនរបស់គាត់។

អ្នកស្រី យែម រុន ៖«ទោះបីមិនជួបខែទឹកស្រក់អោយតែឃើញឈូកហ្នឹងពួកខ្ញុំជាអ្នកដាំ ហើយ។ ខ្ញុំថា ឆ្នាំនេះខ្ញុំដាក់ដាំដើមឈូកដែរហើយ ដាំអោយទាន់ដកយកក្រអាវ»។

បឹងដែលសំបូរទៅដោយវារីជាតិ ដូចជា ត្រកួន និងកញ្ឆែតជាដើមនោះ មិនត្រឹមតែជាដំណាំបន្លែដែលផ្ដល់នូវអាហារសម្រាប់មនុស្សយកទៅបរិភោគប៉ុណ្ណោះទេ។ ប៉ុន្ដែ ពពួកវារីជាតិទាំងនេះ ក៏ចូលរួមជួយកាត់បន្ថយមេរោគនៅក្នុងទឹកកង្វក់ផងដែរ។ គេបានហៅពួកវាថា ជាផ្ទៃអាងច្រោះទឹកកង្វក់បែបធម្មជាតិ ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គ[...]

យុវនារី មិនគួរបណ្ដែតបណ្ដោយឱ្យធ្លាក់ក្នុងសកម្មភាពទុំមុនស្រកៀលឡើយ

ភ្នំពេញ៖  ចាស់​បុរាណ បានបន្សល់ទុកពាក្យមួយ​ឃ្ល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត