loader

អ្នក​និពន្ធ​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​រឿង​​ «​ជញ្ជីង​គ្មាន​ស្រ​មោល​»​​ ជា​អ្នក​ណា​?​

សំឡេង៖

ភ្នំពេញ​៖​ ​អ្នក​និពន្ធ​ស្រ្តី​ខ្មែរ​មួយ​រូប​ដែល​មិន​ត្រូវ​បាន​ទស្សនិក​ជន​ស្គាល់​មុខ​​​ ​ស្គាល់​ឈ្មោះ​ ប៉ុន្តែ​ស្នាដៃ​និពន្ធ​រឿង​ដ៏​មាន​ទេព​កោសល្យ​របស់​គាត់​ត្រូវ​​បាន​​គេ​ស្គាល់​ច្រើន​ស្ទើរ​តែ​ទូទាំង​ប្រទេស​។​ ស្នាដៃ​និពន្ធ​រឿង​ដ៏​ល្បី​ទាំង​នោះ​មាន​ដូចជា​ «​រឿង​ជញ្ជីង​គ្មាន​ស្រមោល​»​​ «​​រឿង​ជន​រង​គ្រោះ​​»​​​ ​ព្រម​ទាំង​​រឿង​អប់​រំ​​ និង​ស្ពត​ខ្លីៗ​​មួយ​​ចំនួន​ទៀត​​​ដែល​ទស្សនិក​ជន​ធ្លាប់​បាន​ទស្សនា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​។​ លើស​ពី​នេះ​ទៅ​ទៀ​ត​ ​ទស្ស​និក​ជន​គ្រាន់​តែ​​ដឹង​​ថា​​​​​​​​រឿង​ទាំង​នោះ​ ​ជា​រឿង​​ដែល​ផលិត​​ឡើង​ដោយ​មណ្ឌលព័ត៌មាន​ស្រ្តី​កម្ពុជា​តែ​ប៉ុណ្ណោះ​។​ ​ដូច្នេះ​អ្នក​និពន្ធ​ជា​នរណា​​?​​ ​​គាត់​មក​ពី​ណា​?​ តើ​គាត់​មាន​​វិធី​សាស្រ្ត​​​អ្វី​ខ្លះ​​​ ធ្វើ​ឱ្យ​ការ​សរសេរ​រឿង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​សាធារណជន​​?​

1
អ្នក​ស្រី​អ៊ុច​ ​ថាវី​ (ទី១ ខាងស្តាំដៃ) និងក្រុមការងារ ពេលចុះថតខ្សែភាពយន្តរឿង «ជនរងគ្រោះ»

ចំណាយ​ពេល​ប្រមាណ​ ១៤​ ឆ្នាំ​ក្នុង​ការ​តែង​រឿង​អប់រំ​ជា​ច្រើន​ អ្នក​និពន្ធ​ដែល​មិន​ដែល​ចេញ​មុខ​តាម​បណ្តាសារ​ព័ត៌មាន​រូបនេះ​ ពុំ​សូវ​មាន​ទស្សនិក​ជន​ស្គាល់​ឈ្មោះ​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​ ស្នា​ដៃ​របស់​អ្នកស្រី​ល្បី​សុះ​សាយ​ទូទាំង​ប្រទេស​ ជាក់​ស្តែង​កាល​ពី​ឆ្នាំ​ ២០០៦​ រឿង​ដែល​ល្បី​ជាង​គេ​​ ​គឺ​រឿង​ ​​​«​ម្ចាស់​កាំបិត​ត្នោត​»​។​ ប​ន្ទាប់មក​នៅក្នុង​ឆ្នាំ​ ២០១០​ រឿង​ «​ ជញ្ជីង​​គ្មាន​ស្រមោល​»​ ក៏ទទួល​បាន​ពាន​រង្វាន់​ពី​អាណាច​ក្រ​តារា​។​ ដោយ​មាន​ការ​គាំទ្រ​ច្រើន​​​​​​ពី​អ្នក​ទស្សនា​ ក្នុង​ឆ្នាំ​ ២០១៣​ រឿង​ «​រឿង​ជន​រង​គ្រោះ​​»​ ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​​ក្នុង​​រោង​ភាព​យន្ត​​​​នៃ​មហោ​ស្រព​កម្ពុជា​អន្តរជាតិ​ (CFCC)​ ហើយ​តួ​ឯក​ស្រី​ក្នុង​រឿង​នេះ​បាន​ទទួល​ពាន​ជា​តារា​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​2013​ ផង​ដែរ​។

មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះ​សូទិន​ ​ខេត្ត​កំពង់​ចាម​ ​អ្នកនិពន្ធ​ដែល​មាន​ទឹក​ដៃ​ល្អ​ ​អ្នកស្រី​ ​អ៊ុច​ ​ថាវី​ ​ជា​កូន​ស្រី​ច្បង​​ក្នុង​គ្រួសារ​​ដែល​មាន​​សមា​ជិក​ចំនួន​ ​៦​​ ​នាក់​ ​ព្រមទាំង​មាន​ឪពុក​ម្តាយ​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​ជីហែ​។​ ​ក្នុងឆ្នាំ​ ​១៩៩៩​ គ្រួសារ​របស់លោក​ស្រី​បាន​បង្ខំ​ចិត្ត​ផ្លាស់​ទី​លំ​នៅ​​មក​​​ទី​ក្រុង​ភ្នំពេញ​​ ដោយសារ​បញ្ហា​ខ្វះ​ដើម​ទុន​ក្នុង​ការ​បន្ត​អាជីវកម្ម​។​ ​ឆ្នាំ​ ​២០០១​ លោក​ស្រី​បាន​​បញ្ចប់​​ការ​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរនៅ​សាក​ល​វិទ្យា​​ល័យ​​ភូមិន្ទ​ភ្នំពេញ​ និង​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកនិពន្ធ​នៅ​មណ្ឌល​​​ព័ត៌មាន​ស្រ្តី​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

2ឆ្លើយ​នឹង​សំនួរ​ថា​ ​ហេតុ​អ្វី​អ្នកស្រី​ ​ស្រលាញ់​ការ​តែង​និពន្ធ​រឿង​?​ ​កំពុង​អង្គុយ​ក្នុង​បន្ទប់​ធ្វើ​ការ​ ភ្នែក​កំពុង​សម្លឹង​មើល​ទៅលើ​ជញ្ជាំង​ ​អ្នក​និពន្ធ​ស្រីវ័យ​ ៣៥ ឆ្នាំ​នេះ​បាន​មាន​បាន​ឆ្លើយ​តប​ថា​៖​ ​«​កត្តា​​សំខាន់​​បំផុត​​នោះ​ ​គឺ​ការ​ស្រលាញ់​ ​ចំណង់​ចំណូល​ចិត្ត​​ ឬ​ទេព​កោសល្យ​របស់​យើង​ម្នាក់ៗ​ ​ព្រោះ​ដើម្បី​សសេរ​បាន​ល្អ​ ​យើង​ត្រូវ​យក​​មនោស​ញ្ចេត​នា​​​​របស់​យើង​ដាក់​ទៅ​ក្នុង​រឿង​នោះ»​ ។​ ​អ្នកនិពន្ធ​ដ៏​ប៉ិន​ប្រសប់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ​ដើម្បី​ឲ្យ​ស្នា​ដៃ​និពន្ធ​ល្អ​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ ​ទាមទារ​​ឲ្យ​អ្នក​និពន្ធ​មាន​ការ​តស៊ូ​ព្យាយាម​ ​និង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ ក្នុង​​ការ​សិក្សា​ស្រា​វ​ជ្រាវ​ ដើម្បី​ផ្តល់​សារ​អប់រំ​ល្អ​ៗ​​ដល់​អ្នក​មើល​​និង​មិន​​ប្រើប្រាស់​​ការ​ស្រមើ​ស្រមៃ​ហួស​ហេតុ​នោះ​ទេ​។

អ្នក​ចូលចិត្ត​ទស្សនា​និង​គាំទ្រ​ស្នាដៃ​អ្នកនិពន្ធ​វ័យ​ ៣៥​ ​ឆ្នាំ​រូប​នេះ​ អ្នកស្រី​ ​សន​ សុជាតា​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ចូល​ចិត្ត​រឿង​របស់​គាត់​ដោយសារ​រឿង​គាត់​មាន​តម្លៃ​អប់រំ​ដល់​សង្គម​ ​គ្រួសារ​ ​ជាពិសេស​ស្រ្តី​។​ ​ការ​ប្រើ​ពាក្យ​ពេចន៍​របស់​គាត់​មាន​​លក្ខណៈ​ខ្លី​តែ​ខ្លឹម​ ​ងាយ​យល់​និង​មាន​បង្កប់​អត្ថន័យ​អប់រំ​ដល់​អ្នក​ទស្សនា​»​។

​​ជា​ការ​ពិត​ណាស់​ រាល់​វិថី​នៃ​ជោគជ័យ​តែង​តែ​មាន​ឧបសគ្គ​ ​មិន​ខុសគ្នា​នេះ​ដែរ​ ​អ្នកនិពន្ធ​ដ៏​មាន​ទេព​កោសល្យ​រូបនេះ​ បាន​រៀបរាប់​ពី​ការ​លំបាក​នៃ​ការ​ផលិត​ស្នាដៃ​មួយ​ចំនួន​រួមមាន​៖​ ការ​ជ្រើស​រើស​ប្រធាន​បទ​ ការ​ជ្រើស​រើស​តួ​ឲ្យ​សាក​សម​នឹង​សាច់​រឿង​ ​ការ​សិក្សា​ករណី​ពិត​ជាក់​ស្តែង​មុន​នឹង​សរសេរ​ ​ការ​ទាមទា​រ​ពេល​វេលា​ច្រើន​ក្នុង​ការ​និពន្ធ​ ព្រម​ទាំង​បញ្ហា​ថវិកា​ក្នុង​ការ​ផលិត​ជា​ដើម​។​

និយាយ​អម​​ដោយ​ស្នាម​ញញឹម​ និង​​រម្លឹក​រឿង​កាល​ពី​វ័យ​កុមារ​ភាព​ ​អ្នកស្រី​ ​ថាវី​គឺ​ជា​ក្មេង​ដែល​​ស្វា​ធ្យាយ​ក្នុង​ការ​ស្វះ​ស្វែង​រក​ចំណេះ​ដឹង​ និង​ចូលចិត្ត​ការ​អាន​សៀវភៅ​ប្រលោម​លោក​ច្រើន​ទាំង​ខ្មែរ​ ​និង​បរទេស​។​ ដោយ​មាន​មូលដ្ឋាន​គ្រឹះ​ខាង​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​ផង​ ធ្លាប់​ទទួល​បាន​ការ​សិក្សា​វគ្គ​ខ្លី​ៗ​ដែល​ទាក់​ទង​និង​ការ​តែង​និពន្ធ​ផង​ ព្រម​ទាំង​មាន​កូន​គំនិត​ចង់​ជួយ​សង្គម​ អ្នក​ស្រី​ក៏ស​ម្រេច​ចិត្ត​ចាប់​អាជីព​ជាអ្នក​និពន្ធ​តាំង​ពី​ឆ្នាំ ​២០០០ ​មក​។​

ស្រប​គ្នា​នេះ​ដែរ​ អ្នក​រចនា​ក្រា​ហ្វិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ ​ប៊ុន​ ​ធីម​ ក៏​បាន​សម្តែង​ជា​មតិ​យោបល់​ថា​៖​ ​«​រឿង​ដែល​គាត់​និពន្ធ​ភាគ​ច្រើន​គឺ​ផ្តោត​ទៅ​លើ​ការ​អប់រំ​ជា​ចម្បង​ ​ទាំង​អត្ថន័យ​អប់រំ​ឲ្យ​មនុស្ស​ចេះ​គិត​ពិចារណា​ យល់​ដឹង​ពី​ច្បាប់​ សិទ្ធិ​សេរីភាព​ ព្រម​ទាំង​ឲ្យ​មនុស្សក្លាហ៊ាន​តស៊ូ​មតិ​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​ជួប​ប្រទះ​ កុំ​លាក់​បញ្ហា​ ឬ​ខ្លាច​ការ​គៀប​សង្កត់​ពី​អ្នក​មាន​អំណាច​»​។​ ​លោក​បន្ថែម​ទៀត​ថា​ ក្រោយ​ពី​បាន​មើល​រឿង​ជា​ច្រើន​របស់​មណ្ឌល​ព័ត៌មា​ន​ស្រ្តី​កម្ពុជា​រួច​ លោក​បាន​ជួយ​ដល់​កុមារី​ម្នាក់​ ​ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ​ក្នុង​ភូមិ​របស់​លោក​ តាម​រយៈ​ការ​ផ្តល់​ជា​មតិ​យោបល់​ដល់​គ្រួសារ​ជន​រ​​ង​គ្រោះ​នោះ​ ឲ្យ​ប្តឹង​ទៅ​តុលា​ការ​ ​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ឲ្យ​កុមារី​ជន​រង​គ្រោះ​។​

3

ទន្ទឹម​នឹង​កា​រ​គាំទ្រ​ពី​សាធារណជន​​ ​បើ​ក្រឡេក​ទៅ​មើល​វិធី​សាស្រ្ត​នៃ​ការ​តែង​និពន្ធ​វិញ​ ​ជាទូទៅ​អ្នក​និពន្ធ​រូប​នេះ​ ចាប់​ផ្តើម​ការ​សរសេរ​រឿង​ដោយ​ការ​ចុះ​ទៅ​ស្វែង​យល់​ករណី​សិក្សា​ដោយ​ផ្ទាល់​ ជាមួយ​អង្គការ​ជា​ដៃ​គូ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ដោយ​ការ​ស្វែងរក​ដៃគូ​ប្រឹក្សា​យោបល់​ដូចជា​ ​គណៈ​កម្ម​ការ​ផ្តល់​យោបល់​ផ្នែក​បច្ចេក​ទេស​ដែល​មាន​មេធាវី​ តំណាង​អយ្យការ​ ព្រះ​រាជ​អាជ្ញា​ ​ដើម្បី​ឲ្យ​សាច់​រឿង​ទាំងមូល​បង្ហាញ​ពី​តថភាព​ជាក់​ស្តែង​ក្នុង​សង្គម​កម្ពុជា​ ដោយ​បូក​ផ្សំ​​និង​ការ​សម្តែង​មាន​លក្ខណៈ​ធម្មជាតិ​ ​និង​ការ​ជ្រើស​រើស​តួ​ឲ្យ​ស័កិ្ត​សម​ និង​​សាច់​រឿង​។​

សូម​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​ ​អ្នក​ស្រី​អ៊ុច​ ​ថាវី​ ​បា​ន​​និពន្ធ​រឿង​ជាច្រើន​ ​ហើយ​​ស្នាដៃដំបូង​ របស់​គាត់​ដែល​ត្រូវ​បាន​ទស្សនិក​ជន​ទទួល​ស្គាល់​ គឺ​រឿង​​​​ ​«​បង្កង​វល្លិ៍​មាស​»​ ​ដែល​មាន​ចាក់​ផ្សាយ​នៅ​តាម​ស្ថានីយ៍​ទូរទស្សន៍ក្នុង​ស្រុក​មួយ​ចំនួន​។​ ​បន្ទាប់​មក​ទៀត​ ទស្សនិក​​ជន​គាំទ្រ​សាច់​រឿង​ដែល​ជា​ទឹក​ដៃ​សសេរ​របស់​គាត់​មាន​ដូចជា​ រឿង​ជ​ន​រង​គ្រោះ​ រឿង​ម្ចាស់​កំបិត​ត្នោត​ ដើម​ក្រសាំង​​ ព្រម​ទាំង​រឿង​ខ្លី​ៗ​និ​ង​ស្ពត​អប់រំជា​​ច្រើន​ទៀត​។ រឿង​បង្គង​វល្លិ៍មាស និង​រឿង​ជញ្ជីងគ្មាន​ស្រមោល ជា​ការ​និពន្ធ​រួម​រវាង​អ្នក​និពន្ធ​ច្រើន​រូប ដែល​មាន​​អ្នក​​ស្រី ​​​ថាវី​ ​ជា​ប្រធាន​ក្រុម​និពន្ធ ​ចូល​រួម​សរ​សេរ កែ ​និងសម្រេច​លើ​រាល់​ពាក្យ​ពេចន៍ ខ្លឹម​សារ ព្រម​ទាំង​​ដំណើរ​នៃ​សាច់​រឿងទាំង​មូល​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត