loader

អាយុ ៧២ ឆ្នាំ «យាយ​ម៉ា​មី» ស្ត្រី​សកម្មជន​ដីធ្លី​​ និង ជាមេគ្រួសារដ៏រឹងមំា

ភ្នំពេញ​៖​ បន្ទាប់​ពី​តស៊ូ​ក្រាញននៀល​ ជំនះ​គ្រប់​ឧបសគ្គ​ រង​របួស​ដោយសារ​ការ​ចាប់ចង​ ការ​វាយដំ​ រ​ហូរ​សន្លប់​ ជាប់ពន្ធនាគា ២​ ដ​ង​ បង្ក​ឡើង​ដោយ​កងកម្លាំងប្រដាប់អាវុធ​សាលា​រាជធានី​ភ្នំពេញ​ ខណៈ​ក្រុម​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហ​គ​ម​ន៍​របស់​ខ្លួន​។​ អ្នកស្រី​ ង៉ែត​ ឃុន​ ឬអ្នកបឹងកក់ដាក់ឈ្មោះក្រៅថា យាយ​ម៉ា​មី មាន​អាយុ​ ៧២​ ឆ្នាំ​ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​ ចុះ​ផ្សាយ​រឿង​រ៉ាវ​​ជុំវិញ​សកម្មភាព​ទាមទារ​រក​យុត្តិធម៌​របស់​គាត់​ ទាក់ទង​នឹង​បញ្ហា​ដីធ្លី​ ។ ប៉ុន្តែ​ខ្សែជីវិត​នៅ​ក្រោយខ្នង​នៃ​ការ​ទាមទារ​ទាំងនោះ​ ហាក់​ពុំ​ទាន់​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ពី​ជីវប្រវត្តិ​ និង​ការ​តស៊ូ​របស់​ស្ត្រី​សកម្មជន​ដីធ្លី​វ័យ​ចំណាស់​ម្នាក់​នេះ​ឡើយ​។​

150902-Samnang-mamey-feature-kimoan-1

​និយាយ​បណ្តើរ​ភ្នែក​សម្លឹង​មើលទៅ​ដំបូក​ផ្ទះ​ថ្មី​ប្រក់​ស័​ង្ហ​សី​ រួច​ងាក​សម្លឹង​មើលទៅ​ភរិយា​របស់ខ្លួន​ លោក​ អេ​ង​ ស៊ា​ង​ ជា​ស្វាមី​របស់​អ្នកស្រី​ ង៉ែត​ ឃុន​ បាននិយាយដោយសំឡេងស្អកៗ​ថា​៖​ «​ ខ្ញុំ​អាណិត​ភរិយា​ខ្លាំង​ណាស់​ គាត់​ខំ​រកស៊ី​គ្រប់​បែប​យ៉ាង​ដើម្បី​គ្រួសារ​តាំងពី​ដើម​…​ រឿង​ចេញ​ទៅ​តវ៉ា​រឿង​ដីធ្លី​អី​ ខ្ញុំ​តែង​ប្រាប់​ឃាត់​គាត់​ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ កុំឱ្យ​គាត់​ចេញ​ឈរ​នៅ​ខាង​មុខ​គេ​ ប៉ុន្តែ​ឃាត់​គាត់​ គាត់​មិន​ព្រម​ស្តាប់​ មានអី​ មាន​តែ​តាម​ហ្នឹង​ទៅ​…»​។​

នៅក្នុងកាយវិការបង្ហាញពីទឹកចិត្តអាណិតចំពោះម្តាយ ​អ្នកស្រី​ អេ​ង​ គឹ​ម​ជួ​ អាយុ​ ៤៤​ ឆ្នាំ​ ជា​កូនស្រី​ទី​ពីរ​របស់អ្នកស្រី​ ង៉ែត​ ឃុន បាននិយាយររៀបរាប់ថា «​ គាត់​ជា​មនុស្ស​ម្នាក់​ តស៊ូ​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ដើម្បី​គ្រួសារ​ តាំងពី​ខ្ញុំ​ធំ​ដឹងក្តី​មក​ ម៉ែ​គាត់​បាន​ដើរតួ​នាទី​រ៉ាបរង​ស្ទើ​ទាំងអស់​…​ ជីវិត​របស់​គាត់​ជួប​រឿងរ៉ាវ​ច្រើន​ណាស់​ មិន​សមសោះ​អាជ្ញាធរ​ សមត្ថកិច្ច​ បែរជា​មក​ធ្វើ​បែប​នេះ​ដាក់​គាត់​ គាប់សង្កត់​យក​ដី​យក​ផ្ទះសម្បែង » ​។​

បង្អង់សម្តីបន្តិចអ្នកស្រីបន្តទៀតថា ៖ « ខ្ញុំ​អាណិត​គាត់​ណាស់​ គាត់​ចាស់​ហើយ​…​ គាត់​ចេញ​ទៅ​តវ៉ា​ពេល​ខ្លះ​ត្រូវ​គេ​វាយ​ធ្វើបាប​ ពេល​ខ្លះ​ត្រូវ​គេ​បាញ់​ គេ​ឆក់​ ចាប់​ដាក់គុក​ច្រ​វ៉ា​ក់​ គាត់​ចង់​យុត្តិធម៌​ ចង់បាន​ដី​បាន​ផ្ទះ​មក​វិញ​ ខ្ញុំ​ជា​កូន​បាន​ត្រឹមតែ​ជួយ​តាម​មើល​គាត់​ពេល​ចេញ​ទៅ​តវ៉ា​ម្តងៗ​ មិន​អាច​ឃាត់​គាត់​បាន​ទេ​» ​។​  ​

150902-Samnang-mamey-feature-kimoan-2អ្នកស្រី​ ង៉ែត​ ឃុន​ កើត​នៅ​ឆ្នាំ​ ១៩៣៩​ នៅ​ភូមិ​អង្កាញ់​ ឃុំ​ប្រាំបី​មុំ​ ស្រុក​ត្រាំ​ ខេត្តតាកែវ​ ។ គាត់​បាន​រៀប​ការ​ជាមួយ​លោក​ អេ​ង​ ស៊ា​ង​ មានកូន​ស្រី​ប្រុស​ទាំង អស់​ ១០​ នាក់​ ប៉ុន្តែ​កូនប្រុស​ ៣​ នាក់​ត្រូវ​បាត់បង់​ជីវិត​ក្នុង​សម័យ​ខ្មែរក្រហម​។​

នៅ​ឆ្នាំ​ ១៩៨០​ គ្រួសារ​របស់អ្នកស្រី​បាន​មក​រស់​ទីក្រុង​ភ្នំពេញ​សារ​ជា​ថ្មី​ ដោយ​ប្រកបរ​បរជា​អ្នក​ធ្វើ​នំក្រូច​ នំកង​ បន្តិចបន្តួច​គ្រាន់​ជួយ​ដល់​ជីវភាព​គ្រួសារ​។

​​បច្ចុប្បន្ន​អ្នកស្រី ង៉ែត​ ឃុន​ រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​ទាំងអស់​ចំនួន​ ១០​ នាក់​។​ ក្នុង​នោះ​មានកូន​ស្រី​ប្រុស​ចំនួន​ ៥​ នាក់​ មានកូន​ស្រី​ ២​ នាក់​ធ្វើ​ជា​កម្មការិនី​រោងចក្រ​ និង​កូនប្រុស​ម្នាក់​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​។​ ដោយឡែក​អ្នកស្រី មិន​អាច​ប្រកប​របរ​អ្វី​ក្រៅពី​លក់ដូរ​ចាប​ហ៊ួ​ច​បន្តិចបន្តួច​ជាមួយ​កូនស្រី​ នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ឡើយ​។

​ចាប់តាំងពី​ឆ្នាំ​ ១៩៨០​ មក​ ទោះបី​មានកូន​ស្រី​ប្រុស​ ៧​ នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ អ្នកស្រី​ ង៉ែត​ ឃុន​ មិន​បានឱ្យ​ស្វាមី​របស់​គាត់​ចេញ​មុខ​រកស៊ី​ជួយ​ដូរ​ជំនួស​គាត់​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ស្វាមី​របស់​គាត់​បាន​ក្លាយជា​មេផ្ទះ​ជំនួស​គាត់​ រៀបចំ​បាយ​ទឹក​ និង​មើលថែ​ទាំ​កូន​ទាំងអស់។​ ចំណែក​អ្នកស្រី​ ត្រូវ​ចេញ​ដើរ​ជួញដូរ​ផ្លែ​ឈើ​ ក្រណាត់​ លក់ឆ្នាំង​ចាន​ ចុះ​ទៅ​តាម​ខេត្តបណ្តា​មួយ​ចំនួន​។​

«​គ្រួសារ​ខ្ញុំ​ គាត់​ប្រុស​អ៊ីចឹង​ ! គាត់​មិនសូវ​ចេះ​មាត់ក​ទេ​…​ ទុក​ឱ្យ​គាត់​នៅផ្ទះ​មើល​កូនចៅ​ទៅ​ ខ្ញុំ​អ្នក​ចេញ​មុខ​រកស៊ី​វិញ​។​ ពី​មុន​មក​គ្រួសារ​ខ្ញុំ​មិន​ពិបាក​អី​ទេ​ រឿងរ៉ាវ​ចំណាយ​ចំណូល​ផ្សេងៗ​ក្នុង​គ្រួសារ​ខ្ញុំ​អ្នករ៉ាប់រង​ទាំងអស់​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​ទើបតែ​ពិបាក​នៅ​ដែល​គេ​ចាប់ផ្តើម​ដេញ​ខ្ញុំ​ចេញ​មិន​ឱ្យ​នៅផ្ទះ​នេះ​ ចាប់តាំងពី​ឆ្នាំ​ ២០០៧​ ហ្នឹង​មក ​»​ ។​

លោក​ អេ​ង​ ស៊ា​ង​ ជា​ស្វាមី​អ្នកស្រី​ ង៉ែត​ ឃុន​ មាន​អាយុ​ ៨៨​ ឆ្នាំ​បាន​និយាយ​ពី​ខ្សែជីវិត​ប្តី​ប្រពន្ធ​របស់​គាត់​អម​ដោយ​កាយវិការ​លើកដៃ​ជា​សញ្ញា​បញ្ជាក់​បន្ថែម​ថា​ បន្ទាប់​ពី​រៀប​ការ​រួច​ក្នុង​ឆ្នាំ​ ៦០ ជាង​ រូប​លោកនិង​ភរិយា​ បាន​ចាប់ដៃ​គ្នា​រកស៊ី​ ដោយ​បើករ​បរជា​អ្នកលក់​និង​ជួសជុល​វិទ្យុ​នៅ​ម្តុំ​ផ្សារ​ដើម​គ​។​ រកស៊ីមិន​បាន​ប៉ុន្មាន​ លោក​ក៏​បាន​ចាប់​របរ​ថ្មី​មួយទៀត​ គឺ​បើក​កន្លែង​កាត់​សក់​​មួយ​ ប៉ុន្តែ​ជា​អកុសល​អ្វី​គ្រប់យ៉ាង​ដែល​គ្រួសារ​លោក​មាន​ ត្រូវ​បាន​បាត់បង់​អស់​នៅ​ក្នុង​ឆ្នាំ​ ១៩៧៥​ ខណៈ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​ ប៉ុ​ល​ ពត​ បាន​ចូល​មក​ដល់​។​

លោក​ អេ​ង​ ស៊ា​ង​ ៖ «​ពេល​នោះ​គ្រួសារ​ខ្ញុំ​មិន​ខុស​ពី​គ្រួសារ​ខ្មែរ​ដទៃ​ទៀត​ ត្រូវ​បាន​ខ្មែរក្រហម​ជំលៀស​ឱ្យ​ចាក​ចេញពី​ទីក្រុង​ ហើយ​ឆ្នាំ​ ១៩៨០​ ខ្ញុំ​បាន​នាំ​គ្រួសារ​ត្រលប់​ពី​ខេត្តតាកែវ​ មក​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ​ … ​ភរិយាខ្ញុំ​រកស៊ីលក់​នំ​ ផ្លែ​ឈើ​ លើក ​និង​ទទួល​ទំនិញ​បោះ​ឱ្យ​គេ​តិចតួច​»​។​
150902-Samnang-mamey-feature-kimoan-3
មុន​ឆ្នាំ​ ២០០៧​ គ្រួសារ​អ្នកស្រី​ ង៉ែត​ ឃុន​ បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​សង្កាត់​ស្ទឹង​មាន​ជ័យ​ មក​រស់នៅ​ក្នុង​តំបន់​បឹង​កក់​។​ ការ​ផ្លាស់​ប្តូរ​ទីលំនៅ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ គ្រួសារអ្នកស្រី​ជួប​បញ្ហាដោយ​រង​ការ​បណ្ដេញ​ពី​លំនៅ​ឋាន​ពី​អ្នកមាន​អំណាច​ មាន​លុយ​ និង​រាជ​រដ្ឋាភិបាល​យក​ដី​តំបន់​បឹង​កក់​សម្រាប់​អភិវឌ្ឍ​។​ នេះបើតាមការរៀបរាប់របស់ស្ត្រីវ័យចំណាស់ ង៉ែត​ ឃុន​ ។

ទារុណ​ផ្លូវចិត្ត​ កើត​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពីផ្ទះ​សម្បែងកើតឡើងចាប់បីឆ្នាំ ២០០៧ មិន​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រី​រស់នៅ​ដោ​យ​​​សុខ​ស្រួល​ឡើយ​ ទោះ​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្តី​។​ ស្ត្រីមាន​អាយុ​ ៧២ ឆ្នាំ​រូប​នេះ​ បាន​បន្ត​និយាយ​ទៀត​ថា​ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ រួម​ទាំង​គ្រួសារ​គាត់​ ចាប់ផ្តើម​បាត់បង់​ដី​នឹង​លំនៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០០៧​ ។​ នៅ​ពេល​បាត់បង់​ដី​និង​ផ្ទះ​​ប្រជាពលរដ្ឋ​រង​គ្រោះ​ បាន​ប្រជុំ​នាំ​គ្នា​ចេញ​តវ៉ា​ដើម្បី​ទាមទារ​ ប៉ុន្តែ​រាល់​ការ​ជួបជុំ​ ការ​តវ៉ា​ត្រូវ​បាន​អាជ្ញាធរ​ និង​ក្រុម​សមត្ថ​កិច្ច​​ចេញ​មុខ​រំខាន​មិន​ឱ្យ​មានការ​ជួបជុំ​គ្នា​ដាច់ខាត់​ ព្រោះ​អាជ្ញាធរ​ សមត្ថកិច្ច​គេ​ចោទ​ថា​ប្រឆាំង​គម្រោង​អភិវឌ្ឍ​ន៍។​

អ្នកស្រី ង៉ែត ឃុន ផ្តល់បទសម្ភាសន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅខាងមុនផ្ទះចាស់របស់ខ្លួន ។
អ្នកស្រី ង៉ែត ឃុន ផ្តល់បទសម្ភាសន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅខាងមុនផ្ទះចាស់របស់ខ្លួន ។

«​បន្ទាប់​ពី​ខ្ញុំ​ចេញ​ធ្វើ​សកម្មភាព​តវ៉ា​ នៅ​ថ្ងៃ​ខ្លះ​ខ្ញុំ​អត់​មាន​លុយ​សម្រាប់​ទិញ​អង្ករ​ទេ​ សូ​ម្បី​តែ​លុយ​ពីរ​ពាន់​រៀល​ក៏​អត់​ដែរ​ ព្រោះ​ខ្ញុំ​អត់​មាន​ពេល​រកស៊ី​ ហើយ​កូន​ធ្លាប់​មាន​មុខរបរ​លក់ដូរ​នៅ​កន្លែង​ស្នងការ​ប៉ូ​លី​ស​ ក៏​ត្រូវ​គេ​បញ្ឈប់​ដោយសារ​គេ​ថា​ម្តាយ​ហ្នឹង​ជា​សកម្មជន​តវ៉ា​ដីធ្លី​»​។​

អារម្មណ៍ក្តុកក្តួលកើតឡើងចំពោះអ្នកស្រីមួយរំពេច ពេលដែលនិយាយដល់ចំណុចនេះ ហើយ​បាន​និយាយ​បន្ថែម​ទៀត​ថា​៖​ «​រឿងរ៉ាវ​ខ្វះខាត​មុខក្រោយ​នេះ​ ខ្ញុំ​មិន​ដែល​និយាយ​ចេញ​ឱ្យ​គេ​ដឹង​ឮ​ច្រើន​នោះ​ទេ​ មាន​តែ​មិត្តភក្តិ​ និង​អ្នក​ស្គាល់​ជិត​ស្និទ្ធ​តែ​ប៉ុណ្ណោះ​ដែល​ដឹងរឿងខ្ញុំ…​ ហើយ​ខ្ចី​គេ​បណ្ដោះអាសន្ន​ម៉ាពេលៗ​សិន​ទៅ​…​ អ្នកខ្លះ​គេ​ថា​ខ្ញុំ​ត្រូវ​គេ​ជួល​ឱ្យ​ចេញ​តវ៉ា​ គេ​ឱ្យ​លុយ​ មានអី​ណា​ ? តាម​ពិត​ខ្ញុំ​ខំតស៊ូ​តវ៉ា​ដើម្បី​ផ្ទះ​នៅ»​។​150902-Samnang-mamey-feature-kimoan-2

​សកម្មជន​តវ៉ា​ដីធ្លី​តំបន់​ដីទំនាស់បឹង​កក់​រូប​នេះ​ បាន​និយាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ថា​ អ្នកមាន​លុយ​មាន​អំណាច​នៅ​ក្នុង​សង្គម​កម្ពុជា​ចង់បាន​ដី​ពលរដ្ឋ​ក្រីក្រ​ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ រំលោភ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ក្រីក្រ​ ។ «ពលរដ្ឋ​បាត់បង់​ផ្ទះសម្បែង​ ​គ្មាន​ជម្រក​ បាន​ត្រឹមតែ​រង​គ្រោះ​ រង​ទុក្ខ​គ្រប់ពេល​។​ ដូច្នេះ​ ការ​ឈឺចាប់​ទាំងនេះ​ហើយ​ ជំរុញ​ចិត្ត​​ឱ្យខ្ញុំ​ប្រថុយ​គ្រប់​ឧបសគ្គ​ដើម្បី​ទាមទារ​យុត្តិធម៌​ និង​បានសំណង​សម​ស្រប​មក​វិញ​…»។​

និយាយដោយសំឡេងច្បាស់ៗ មានទំនុកចិត្តលើ​ការ​ប្រឹងប្រែងរបស់ខ្លួន ទោះបី​កម្លាំងកាយ​ចុះ​ថយ​ខ្សោយ​ ​ជីវិត​ជួប​ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណាក្តី​ ក៏​ប៉ុន្តែ​កម្លាំងចិត្ត​របស់​អ្នកស្រី​ ង៉ែត​ ឃុន​ មិន​បាន​បាត់​បង់​​នោះ​ទេ​ ។ អ្នកស្រី​បាន​បញ្ជាក់​​ថា ​ក្រុម​គ្រួសារ​ និង​កូនចៅ​ទាំងអស់​តែង​ជួយ​ជ្រោមជ្រែង និង​លើកទឹកចិត្ត​ជា​និច្ច​។​

«​ទាំងអស់​គ្នា​ មាន​គ្រួសារ ​និង​កូន​របស់ខ្ញុំ​ទាំងអស់​ គាត់​ឈឺចិត្ត​នៅ​ពេល​ដែល​ឃើញ​សមត្ថកិច្ច​ធ្វើបាប​មក​លើ​រូប​ខ្ញុំ​…​ពួក​គេ​សុខចិត្ត​បោះបង់​ការងារ​ដើម្បី​មក​ជួយ​ខ្ញុំ​»​។​

ក្នុងការតវ៉ាដើម្បីដីនិងផ្ទះរបស់ខ្លួន លោកយាយ​ម៉ា​មី​ បានឱ្យដឹង​ថា​៖​ «​រាល់​ការ​តវ៉ា​ទាំងអស់​ ក្រុម​ប្រជាពលរដ្ឋ​មិន​ដែល​មាន​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​ មាន​តែ​សមត្ថកិច្ច​ទេ​ដែល​ប្រើ​ហិង្សា​…​ ខ្ញុំ​ធ្លាប់​បាន​អង្គការ​មួយ​ចំនួន​ មក​ពន្យល់​ណែនាំ​ពី​ច្បាប់​និង​សិទ្ធិ​ក្នុង​ការ​តវ៉ា​ផ្សេងៗ​ ក្នុង​ការ​ធ្វើ​បាតុកម្ម​មិន​ឱ្យ​ប្រើ​អំពើ​ហិង្សា​ ដូច្នេះ​គ្រប់ការ​តវ៉ា​ទាំងអស់​មិន​ហិង្សា​ទេ​»​។​

អស់រយៈពេល​ជាង​ ៨​ ឆ្នាំ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​និង​សំណង​សមស្របពី​រាជរដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​ ២៨​ កក្កដា​ ឆ្នាំ​ ២០១៥​ សាលា​រាជធានី​ភ្នំពេញ​ បាន​សម្រេច​​ប្រគល់​​ប័ណ្ណ​ដី​កម្មសិទ្ធិ​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​ ង៉ែត​ ឃុន​ ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​ផ្តល់​ដី​មាន​ទំហំ​ ៨​ គុណ​ ១៨​ ម៉ែត្រ​នៅ​នៅ​ភូមិ​ ២២​ តំបន់​បឹង​កក់​ សង្កាត់​ស្រះ​ចក​។​

នៅពីក្រោយខ្នង មុន​នឹង​ទទួល​បាន​ប័ណ្ណ​ដី​កម្មសិទ្ធិ​សកម្មជន​ស្ត្រី​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹង​កក់​រូប​នេះ​ ត្រូវ​អាជ្ញាធរ​វាយ​ឱ្យ​របួស​ច្រើន​ដង​ ចាប់​ដាក់​ពន្ធនាគារ​ពីរ​លើក​ កាលពី​ឆ្នាំ​ ២០១២​ និង​ឆ្នាំ​ ២០១៤​ ។​

ឈរនិយាយបណ្តើរ ​លើកដៃ​ចង្អុល​ទៅ​កាន់​ផ្ទះ​ចាស់​របស់​ខ្លួនបណ្តើរ​ ដែលមានសភាពចាស់ទ្រុឌទ្រោម មាន​ជញ្ជាំង​ក្តា​ ប្រក់​ស័​ង្ហ​សី​ចាស់ៗ​ច្រេះ​ជា​អន្លើៗ​ ជញ្ជាំង​ផ្ទះ​ត្រូវ​បាត់​ស្រុតអស់​ម្ខាង​ ជុំវិញ​ផ្ទះ​ព័ទ្ធ​ដោយ​ទឹកខ្មៅ​កខ្វក់​ សំរាម​សំបក​ថង់​ប្លា​ស្ទិ​ក​អណ្តែត​ត្រៀប​ត្រា​ស្អេកស្កះ​ រសាយ​មក​ផ្តុំ​ រុញច្រាន​ដោយ​លំហូរ​ខ្សាច់​ដែល​សាលា​រាជធានី​ភ្នំពេញ​ចាក់​ព័ទ្ធ​ជុំវិញ​ ។

មាន​ស្បែក​មុខ​ជ្រាវ​ជ្រួញ​ ឈ្នួត​ក្បាល​ដោយ​ក្រមា​ក្រឡា​ល្អិត​ខៀវ​ពីលើ​សក់សទាំងព្រម​ អ្នកស្រី ង៉ែត​ ឃុន​ ឈប់រៀបរាប់ពីរឿងរ៉ាវរបស់ខ្លួន ប្រែ​បង្ហាញ​ទឹកមុខ​ញញឹម​ និយាយ​ពី​ដី​និងផ្ទះជា​ថ្នូរនឹង​ផ្ទះ​ចាស់​របស់​គាត់ដែលសាលា​រាជធានី​ភ្នំ​ផ្តល់ឱ្យ។​ «​ពេល​ដែល​គេ​ផ្តល់​ដី​ឱ្យ​វិញ​ ខ្ញុំ​សប្បាយចិត្ត​ ព្រោះ​គិត​ថា​មានផ្ទះ​មាន​សម្រាប់​នៅ​ដូច​គេ​វិញ​ ឈប់​ពិបាក​…​ គិត​ថា​ការ​តវ៉ា​របស់ខ្ញុំ​កន្លង​មក​មាន​ប្រសិទ្ធិ​ភាព​ អាច​យក​អ្វី​ដែល​យើង​បាត់បង់​បាន​មក​វិញ​»​។​

ដីនឹងផ្ទះថ្មី ដែលសាលារាជធានីប្រគល់ជូនគ្រួសារលោកយាយនាពេលកន្លងមកថ្មីៗនេះ
ដីនឹងផ្ទះថ្មី ដែលសាលារាជធានីប្រគល់ជូនគ្រួសារលោកយាយនាពេលកន្លងមកថ្មីៗនេះ

មួយស្របក់ក្រោយមក ភាព​រីករាយ​ហាក់​រសាត់​បាត់​ឆ្ងាយ​អ្នកស្រីភ្លាម នៅ​ពេល​ឆ្លើយនឹងសំណួរថា​ តើ​ហេតុ​អ្វី​បានជា​អ្នកស្រី ​មិនខ្លាចចំពោះការតវ៉ាទាមទារដីធ្លី​ ? គាត់ឆ្លើយភ្លាមថា ៖​ « ខ្ញុំ​ចង់បាន​យុត្តិធម៌​ ចង់ឱ្យ​សង្គម​ខ្មែរ​មាន​យុត្តិធម៌​ ហើយ​យុត្តិធម៌​មិនមែន​មាន​សម្រាប់​តែ​អ្នកមាន​លុយ​មាន​អំណាច​ ប្រើប្រាស់​អាជ្ញាធរ​មក​ប្លន់​យក​ដី​ពី​ពលរដ្ឋ​នោះ​ទេ​ យុត្តិធម៌​មាន​សម្រាប់​ទាំងអស់​គ្នា​» ។​

ត្បិត​ដី​នឹង​ផ្ទះ​ត្រូវ​បាន​សាលា​រាជធានី​ប្រគល់​ជូន​ដល់​គ្រួសារ​លោកយាយ​វិញ​ក៏​ដោយ​ ប៉ុន្តែ​ស្ត្រី​វ័យ​ ៧២​ ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​ការ​ផ្តល់​យុត្តិធម៌​សម្រាប់គ្រួសារអ្នកស្រី​ ព្រមទាំងមានចិត្ត​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ដូចគ្នា រហូត​ដល់​បញ្ហា​ត្រូវ​មាន​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​។​ នេះ​ជា​ការ​បញ្ជាក់​គោល​ជំហរ​របស់​អ្នកស្រី ង៉ែត​ ឃុន​ ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី​ ​។​

​សូម​បញ្ជាក់​ថា​ ដី​របស់អ្នកស្រី ង៉ែត​ ឃុន​ ដែល​មាន​ជម្លោះ​និង​អាជ្ញាធររាជធានី​ក្នុង​ពេល​កន្លង​ទៅ ត្រូវបានក្រុមគ្រួសារ​របស់គាត់​ទិញ​នៅ​ឆ្នាំ​ ២០០៥​ មាន​លិខិត​ផ្ទេរ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​​ មាន​ទទឹង​ ៦​ ម៉ែត្រ​ និង​បណ្ដោយ​ ៣១​ ម៉ែត្រ​ ។​ បច្ចុប្បន្ន​គ្រួសារ​លោកយាយម៉ាមី ​ទទួល​បាន​ដី​មាន​ទំហំ​ ៨​ គុណ​ ១៨​ ម៉ែត្រ​នៅ​នៅ​ភូមិ​ ២២​ តំបន់​បឹង​កក់​ សង្កាត់​ស្រះ​ចក​ ជា​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ​។​  នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​ដីធ្លី​ លោកយាយ​ ង៉ែត​ ឃុន​ បាន​ជាប់​ពន្ធនាគារ​ពីរ​លើក​នៅ​ឆ្នាំ​ ២០១២​ មាន​អស់​រយៈពេល​ ១​ ខែ​  ក្រោយមក​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ អាជ្ញាធរ​បាន​ចាប់​ដាក់​ពន្ធនាគារ​ម្តងទៀត​ ឃុំខ្លួន​រយៈពេល​ ៥​ ខែ​ ទើប​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត