loader

​វិភាគ​៖​ ហេតុ​អ្វី​បានជា​ស្ថានភាព​ លោក​ សម​ រ​ង្ស៊ី​ កាន់តែ​ឡើង​កំ​ដៅ​ហើយ​ស្ថានភាព​ លោក​ កឹ​ម​ សុខា​ ថមថយ​ទៅ​វិញ​? (មានសំឡេង)

ភ្នំពេញ៖ ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ស្ថានភាព​របស់​លោក​ សម​ រ​ង្ស៊ី​ ក្នុង​ជម្លោះ​នយោបាយ​ កាន់តែ​ធ្ងន់ធ្ងរ​ ដែល​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ ហាម​មិន​ឱ្យ​លោក​ ចូល​ក្នុង​ប្រទេស​ជា​ដាច់ខាត​គឺ​ ត្រូវ​តែ​ចាប់ខ្លួន​បញ្ជូន​ទៅ​វិញ​។​ ស្ថានភាព​លោក​ សម​ រ​ង្ស៊ី​ ពេល​នេះ​ ឡើង​កម្ដៅ​ ច្រើន​ជាង​លោក​កឹ​ម​ សុខា​ ដែល​កំពុង​ឃុំ​ខ្លួនឯង​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី នាពេលកន្លងមក។
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី នាពេលកន្លងមក។

​លោក​ កឹ​ម​ សុខា​ កាលពីមុន​ស្ទើរតែ​មិន​ហ៊ាន​ចេញ​មុខ​ជួប​សកម្មជន​របស់​ខ្លួន​ ទោះបី​នៅ​ខាង​មុខ​ស្នាក់​ការ​បក្ស​ក៏​ដោយ​ តែ​ពេល​នេះ​ លោក​ បាន​ចេញ​មុខ​មក​ថ្លែង​សុរ​ន្ទ​កថា​ទៅ​កាន់​អ្នកគាំទ្រ​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៀត​ផង​ ។​

​ចំណែក​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ ហើយ​ក៏​គ្មាន​ឱកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ផង​ដែរ​ ខណៈ​ដែល​សំនុំរឿង​របស់​លោក​ ដែល​ប្ដឹងផ្ដល់​ដោយ​មន្ដ្រី​បក្ស​កាន់​អំណាច​កាន់តែ​កើនឡើង​ គឺ​ មាន​រហូត​ដល់​បណ្ដឹង​ដែល​ប្ដឹង​ដោយ​ប្រធានរដ្ឋសភា​ និង​ប្រមុខ​ រដ្ឋាភិបាល​ទៀត​ផង​ ។​

​ហេតុ​អ្វី​បានជា​ ស្ថានភាព​លោក​ សម​ រ​ង្ស៊ី​ ធ្ងន់ធ្ងរ​ជាង​លោក​ កឹ​ម​ សុខា​ ទៅ​ទៀត​នោះ​?
​អ្នកវិភាគ​ដែល​វិទ្យុ​ស្ដ្រី​ បាន​សុំ​ធ្វើការ​បកស្រាយ​លើ​ប្រធានបទ​នេះ​ ពួក​គាត់​មាន​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ថា​ គឺ​ ចង់កំ​ចាត់​លោក​ សម​ រ​ង្ស៊ី​ ច្រើន​ជាង​លោក​ កឹ​ម​ សុខា​ ព្រោះ​គេ​មិន​ចង់អោយ​ មេ​បក្ស​មួយ​រូប​នេះ​ មក​ប្រកួត​លើ​សង្វៀន​ដែល​គេ​ត្រៀម​ឱ្យ​មាន​ប្រៀប​លើ​បក្ស​ប្រឆាំង​។​

​ដើម្បី​ជ្រាប​សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​នៅ​ពេល​ដែល​ប្រជាជន​កំពុង​តែ​បាញ់​ឆ្ពោះទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​ និង​បោះ​ឆ្នោត​សភា​ គឺ​ គណបក្សប្រឆាំង​នេះ​ក៏​ត្រូវ​គេ​រុញ​ឱ្យ​ខ្ទប់​ជញ្ជាំង​ ផង​    ដែរ​។​ មាន​ន័យ​ថា​ លោក​ សម​ រ​ង្ស៊ី​ ចាកចោល​ប្រទេស​ ខណៈ​លោក​ កឹ​ម​ សុខា​ អនុប្រធាន​បក្ស​ ស្ថិត​ក្នុង​ស្ថានភាព​បាត់បង់​សិទ្ធិ​ធ្វើ​ដំណើរ​ ជួប​និង​អ្នកគាំទ្រ​ខ្លួន​នៅ​តាម​ជនបទ​។​

​ស្ថានភាព​ប៉ុន្មាន​ខែ​មុន​នេះ​ គឺ​ ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ស្ថិត​ក្នុង​ទ្វេរ​គ្រោះ​ដូច​គ្នា​។​ តែ​នៅ​ពេល​នេះ​ ករណី​របស់​លោក​ កឹ​ម​ សុខា​ ហាក់ដូចជា​ ថមថយ​បន្ដិច​ បន្ទាប់​ពី​សហ​គម​ន៍​អន្ដរជាតិ​ជា​ច្រើន​បាន​ចូល​ទៅ​ជួប​លោក​នៅ​ស្នាក់​ការ​បក្ស​។​

​អ្វី​ដែល​គេ​មើលឃើញ​ថា​ស្ថានភាព​ លោក​ កឹ​ម​ សុខា​ ថយ​ចុះ​បន្ដិច​នោះ​ ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ ទំនង​បក្ស​កាន់​អំណាច​ចង់​ទុក​មួយ​ និង​ កំចាត់​មួយ​ ដើម្បី​ប្រយោជន៍​អោយ​អ្នក​ខ្លាំង​ មាន​តែ​មួយ​លើ​សង្វៀន​ប្រកួត​ជាមួយ​ដៃគូ​ខ្លួន​ គឺ​ មាន​ន័យ​ថា​ ត្រូវ​រក​វិធី​អោយ​លោក​ សម​ រ​ង្ស៊ី​ ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​លោក​ កឹ​ម​ សុខា​ ។​

​ត្រង់​ចំនុច​នេះ​ លោក​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មើលឃើញ​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ស្រុក​ គឺ​ ភាគី​ប្រកួតប្រជែង​ពិបាក​ទប់ទល់​ ព្រោះ​អ្នក​ខ្លាំង​របស់​ សង្គ្រោះ​ជាតិ​មាន​រហូត​ដល់​ពីរ​នាក់​។​

​លោក​ សាស្ដ្រាចារ្យ​ មាន​ប្រសាសន៍​ដូចនេះ​ថា​ ៖«​ តាម​ពិត​ទៅ​បើ​យើង​គិត​អំពី​យន្ដការ​នៃ​ការ​រៀបចំ​នយោបាយ​កន្លង​មក​វា​អត់​មានអី​ប្រែប្រួល​ខ្លាំង​ទេ​ ក៏​ប៉ុន្ដែ​ដោយសារ​តែ​លោក​ សម​ រ​ង្ស៊ី​  ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ហើយ​ក៏​ប៉ុន្ដែ​នៅ​ក្នុង​នឹង​មាន​យន្ដការ​ជា​បន្ដបន្ទាប់​ដែល​មានការ​ហាមប្រាម​ ប្រកាស​ណែនាំ​ មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​មក​តាម​រយៈ​យន្ដហោះ​ ធ្វើ​អោយ​ឱ្យ​ប៉ះពាល់​ទៅ​នឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។​ ប៉ុន្ដែ​យើង​មើល​លក្ខណៈ​នេះ​ វា​ធ្វើ​ឱ្យ​ស្ថានភាព​ប្រឈម​គ្នា​រវាង​មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​ ហើយ​មេ​បក្ស​ក្នុង​រដ្ឋាភិបាល​ មានការ​ឡើង​កម្ដៅ​»​ ។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​ដាច់ខាត​ថា​ ទោះជា​ត្រូវ​ចាប់​លោក​ យក​ទៅ​ពន្ធ​ធនាគារ​ ឬ​សម្លាប់​លោក​ក៏​ដោយ​ ក៏​លោក​ត្រូវ​តែ​ចូល​ប្រទេស​ឱ្យ​បាន​ ដោយ​យ៉ាង​ហោច​ណាស់​ នៅ​មុន​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ ។​

សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក កឹម សុខា នាពេលកន្លងមក
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក កឹម សុខា នាពេលកន្លងមក

លោក​ សាស្ដ្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ពិនិត្យ​ឃើញ​ទៀត​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ចាប់ខ្លួន​ ចូល​ពន្ធ​ធនាគារ​ គឺ​ រដ្ឋាភិបាល​ កាន់តែ​ទទួល​សំពាធ​ធ្ងន់​ពី​អន្ដរជាតិ​ ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំង​ ដែល​លោក​ថា​ បក្ស​ម្ខាង​ទៀត​ គឺ​ គេ​មាន​យុទ្ធសាស្ដ្រ​ ដើម្បី​ ទប់ទល់​ស្ថានភាព​នេះ​ ។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ពន្យល់​ទៀត​ថា​ ៖«​ ហេតុផល​ទី​មួយ​ គឺ​ គាត់​ភ័យ​បារម្ភ​ ដែល​កាលណា​លោក​ សម​ រ​ង្ស៊ី​ នៅ​ក្នុង​គុក​ សន្ទុះ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​  ចឹ​ង​ធ្វើ​អោយ​ប្រជាប្រិយភាព​បក្ស​របស់​គាត់​មានការ​ប៉ះទង្គិច​ កន្លែង​នេះ​ គណបក្សកាន់អំណាច​មានការ​ភ័យ​បារម្ភ​  ព្រួយបារម្ភ​។​ ប៉ុន្ដែ​ការ​ហាមប្រាម​ ការ​ភ័យ​បារម្ភ​ហ្នឹង​  បើសិនជា​គណបក្ស​ទាំង​ពីរ​ ពិចារណា​ ហើយ​អនុវត្ត​តាម​ផ្លូវច្បាប់​ បញ្ហា​ផ្សេងៗ​វា​នឹង​មិន​ប្រឈម​ ដូច​ការ​តានតឹង​សព្វ​ថ្ងៃនេះ​ទេ​»​។​

​ហេតុ​អ្វី​បានជា​កំ​ដៅ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ សម​ រ​ង្ស៊ី​ កាន់តែ​ឡើង​កំ​ដៅ​ ហើយ​រឿងរ៉ាវ​លោក​ កឹ​ម​ សុខា​ ថមថយ​?

​សំនួរ​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ម្នាក់​ទៀត​ គឺ​ លោក​ គឹ​ម​ សុខ​ ជា​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​មើលឃើញ​ថា​ ភាគី​ម្ខាង​ចង់អោយ​ករណី​របស់​លោក​ កឹ​ម​ សុខា​ ថយ​កំ​ដៅ​នោះ​ ដោយសារ​តែ​ សំនុំរឿង​គណបក្សប្រឆាំង​រូប​នេះ​ មិន​ត្រឹមតែ​ខ្លួន​គាត់​តែ​ម្នាក់​នោះ​ទេ​ គឺ​ជាប់​ពាក់ព័ន្ធ​រហូត​ដល់​មនុស្ស​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​ ទាំង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទៀត​ផង​ ។​លោក​ គឹ​ម​ សុខ​ មើលឃើញ​ថា​ នេះ​ជា​យុទ្ធសាស្ដ្រ​ថ្មី​មួយទៀត​ របស់​ភាគី​ម្ខាង​ទៀត​។​

​លោក​ គឹ​ម​ សុខ​ ៖«​បាទ៎​ករណី​លោក​ កឹ​ម​ សុខា​ មែនទែន​ទៅ​ ដូច​ជា​ ថមថយ​បន្តិច​ហើយ​ ថមថយ​មិនសូវ​លេចលឺ​នូវ​រឿងរ៉ាវ​ទាក់ទង​នឹង​គាត់​ ប៉ុន្ដែ​ច​ម្ង​ល់​ពី​ការ​ថមថយ​នឹង​ ក៏​វា​ទុក​អោយ​នូវ​រឿងរ៉ាវ​ច្រើន​ ឧទាហរណ៍​ ដែល​យើង​ឃើញ​ស្រាប់​ មាន​អ្នក​ជាប់គុក​ដោយសារ​ករណី​ពាក់ព័ន្ធ​នឹង​ករណី​ច្រើន​ តែ​យ៉ាងណា​ការ​ថមថយ​ ឬ​មិន​ថមថយ​អី​ វា​មិន​ប៉ះពាល់​អី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។​ ការ​ពិត​ទៅ​រឿង​សំខាន់​បំផុត​ រឿង​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ និង​មិន​ចូល​ស្រុក​ទេ​ ហើយ​រឿង​ដែល​សំខាន់​ជាងគេ​ គឺថា​ តើ​វត្តមាន​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ មានការ​គំរាមកំហែង​អី​ ទៅ​ដល់​ភាព​ចាញ់​ ឬ​ឈ្នះ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ ពីព្រោះ​វត្តមាន​របស់​លោក​ បើ​យើង​មើល​អោយ​ច្បាស់​ទៅ​ ការ​ចូល​ស្រុក​របស់​គាត់​ ការ​ចាប់ដៃ​ជាមួយ​លោក​ កឹ​ម​ សុខា​ ក្នុង​ការ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ វា​ ជា​សេចក្ដី​ប្រាថ្នា​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកគាំទ្រ​ »​។​

​នៅ​ចំនុច​ដែល​ លោក​ កឹ​ម​ សុខា​ ថមថយ​ តើ​លោក​ កឹ​ម​ សុខា​ អាច​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ផ្សេងៗ​ដែល​ធ្លាប់​មាន​ពី​មុន​ដែរ​ឬទេ​?

​ចំពោះ​ការ​ឆ្លើយ​តប​នឹង​សំនួរ​ដូចនេះ​ លោក​ គឹ​ម​ សុខ​ មើលឃើញ​ថា​ បើ​គេ​គិត​ថា​ គេ​អោយ​ លោក​ កឹ​ម​ សុខា​ រួចខ្លួន​ពី​ការ​ផ្ដន្ទាទោស​ ហើយ​គេ​ឈ្នះ​ឆ្នោត​ គឺ​ លោក​ កឹ​ម​ សុខា​ អាច​នឹង​រួច​ផុត​ពី​ទោស​ តែបើ​លោក​ កឹ​ម​ សុខា​ មានទោស​ ភាគី​នោះ​នៅ​តែ​ឈ្នះ​ឆ្នោត​ គឺ​ ត្រូវ​តែ​ឱ្យ​លោក​ កឹ​ម​ សុខា​ មានទោស​។​

​លោក​ គឹ​ម​ សុខ​ ៖«​ គេច​ផុត​ ឬ​មិន​គេច​ផុត​ វា​ស្ថិត​នៅ​លើ​សន្ទុះ​នយោបាយ​មួយ​ដែល​យើង​មើលឃើញ​ ថា​តើ​គណបក្ស​ប្រជាជន​ប្រលែង​ ឬ​អត់​ប្រលែង​ នៅ​ត្រង់​ចំនុច​ថា​តើ​គេ​អាច​រក​វិធី​ឈ្នះ​ដោយ​ការ​ប្រលែង​ ឬ​ក៏​រក​វិធី​ឈ្នះ​ដោយ​ការ​ដាក់ទោស​លោក​ កឹ​ម​ សុខា​ ឬ​ដោយ​ការ​ចាប់​លោក​ កឹ​ម​ សុខា​ ឬ​គំរាម​លោក​ កឹ​ម​ សុខា​ ឬ​ក៏​បិទ​សិទ្ធិ​លោក​ កឹ​ម​ សុខា​ លើ​ជីវភាព​នយោបាយ​របស់​គាត់​ផ្នែក​ណាមួយ​។​ នេះ​ចង់​បញ្ជាក់​ថា​ លោក​ កឹ​ម​ សុខា​ រួចខ្លួន​ ឬ​ មិន​រួចខ្លួន​ វា​ស្ថិត​នៅ​ត្រង់​ថា​ តើ​គណបក្ស​ប្រជាជន​ ទុក​ឱ្យ​លោក​ កឹ​ម​ សុខា​ រួចខ្លួន​ គេ​ចំនេញ​ ហើយ​គេ​អាច​រក​ផ្លូវ​ឈ្នះ​ឃើញ​ ឬ​ក៏​អោយ​លោក​ កឹ​ម​ សុខា​ នឹង​ត្រូវ​ចោទ​ក្នុង​បទ​ដែល​គេ​រៀបចំ​ទុក​ ហើយ​គេ​អាច​រក​ផ្លូវ​តាម​វិធី​នឹង​ដើម្បី​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​អត់​»​។​

​យ៉ាងណា​ក៏​ដោយ​ បើ​ទោះជា​ លោក​ សម​ រ​ង្ស៊ី​ មាន​លទ្ធភាព​វិល​មក​វិញ​ បាន​ដោយ​វិធី​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​នាំ​ខ្លួន​ចូល​ក្នុង​ពន្ធ​ធនាគារ​ ដើម្បី​អនុវត្ត​ទោស​។​ លោក​ សុខ​ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពី​មុន​ធ្លាប់​ព្រមាន​ថា​ អោយ​តែ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ គឺ​ ចាប់​ប​ញ្ចូ​ន​ត្រឡប់​ទៅ​វិញ​ តែ​ពេល​នេះ​បែរជា​លោក​ និយាយ​ថា​ លោក​ សម​ រ​ង្ស៊ី​ ចូល​មក​ត្រូវ​តែ​ចាប់​ដាក់គុក​។​

​លោក​ សុខ​ឥ​សាន្ដ​ ៖«​ នេះ​រឿង​ស្រេច​តែ​គាត់​តើ​ គាត់​ចង់​មក​ទៅ​ នរណា​ហាមឃាត់​គាត់​ ប៉ុន្ដែ​មក​គឺ​ត្រូវ​អនុវត្ត​ច្បាប់​ គឺ​ត្រូវ​មក​ចូល​គុក​មែន​មក​បោះ​ឆ្នោត​ទេ​ ព្រោះ​ដីការ​តុលាការ​មាន​រួច​ហើយ​ សាលក្រម​តុលាការ​មាន​រួច​ហើយ​ ដីការ​ចាប់ខ្លួន​ដើម្បី​អនុវត្ត​សាលក្រម​មាន​ហើយ​  ដូច​ច្នេះ​វា​មាន​តែ​ពិបាក​អី​»​។​

​តែ​បែប​នេះ​ក្ដី​ លោក​ សម​ រ​ង្ស៊ី​ ដែល​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អន្ដរជាតិ​ជា​ខេមរភាសា​ កាលពី​ថ្ងៃ​ទី​២៧​តុលា​ បាន​អះអាង​ថា​ អ្វី​ដែល​គេ​បិទ​ច្រក​លោក​មិន​ឱ្យ​ចូល​ស្រុក​គឺជា​ការ​សារភាព​មួយ​ថា​ មិន​ហ៊ាន​ ប្រកួត​ជាមួយ​លោក​រួច​ទៅ​ហើយ​។​ លោក​ថា​ គ្មាន​ន័យ​ទេ​ ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ខណៈ​ដែល​លោក​ប្ដេជ្ញា​ថា​ ត្រូវ​ចូល​ប្រទេស​វិញ​ឱ្យ​ខាន​តែ​បាន​។​

​លោក​ សម​ រ​ង្ស៊ី​៖«​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ឥលូវ​នេះ​ចូល​មក​ដល់​ថ្នាក់​ហ្នឹងហើយ​ រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​ម្នាក់​ចូល​មក​ប្រទេស​ខ្លួនឯង​វិញ​ មា​ន័យ​ថា​ អស់សង្ឃឹម​ហើយ​ មិនដឹង​ជា​រក​ផ្លូវ​ណា​ទេ​។​ អា​ផ្លូវ​អស់សង្ឃឹម​ អា​ផ្លូវ​ចុង​ក្រោយ​នេះ​ ប៉ុន្ដែ​ផ្លូវ​នេះ​ ត្រូវ​គេ​ថ្កោលទោស​ ត្រូវ​គេ​មើលងាយ​ ថា​ រដ្ឋាភិបាល​នេះ​ខ្សោយ​ ហើយ​អន់​មែនទែន​ អត់​មាន​មធ្យោបាយ​អី​ទប់ស្កាត់​មិន​ឱ្យ​ខ្ញុំ​ សម​ រ​ង្ស៊ី​ ចូល​មក​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​»​។​

​យ៉ាងណា​ក៏​ដោយ​ អ្នកវិភាគ​ គិត​ដូចៗ​គ្នា​ថា​ វិបត្តិ​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​រឿង​នយោបាយ​ ដែល​សហគមន៍​អន្ដរជាតិ​ អាច​នឹង​នាំ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​វិញ​ ព្រោះ​កម្ពុជា​ ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។​

​ទំនង​ដូចនេះ​ហើយ​ បានជា​ឧបការី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ ដា​នី​ញ៉ែ​ល​ រ៉ូ​ល​ហ្សែ​ល​  ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ​ បាន​ប្រាប់​ទៅ​ភាគី​ បក្ស​កាន់​អំណាច​ ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់​ លុះត្រាតែ​ មាន​វត្តមាន​របស់​លោក​ សម​ រ​ង្ស៊ី​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត