loader

​អ្នកវិភាគ​៖​ បើ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​បាន​ច្រើន​ អាច​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​កំហុស​ប្រវត្តិសាស្ត្រ​ (មានសំឡេង)

ភ្នំពេញ៖ អ្នក​ដែល​ត្រូវ​បាន​ប្រវត្តិសាស្ត្រ​ ដាក់​បណ្ដាសា​មិនមែន​មាន​តែ​ អ្នកនយោបាយ​ ឬ​មេដឹកនាំ​ កំពូលៗ​នៃ​ប្រទេស​ជាតិ​នោះ​ទេ​ គឺ​ ពលរដ្ឋ​ ផង​ដែរ​។​ នៅ​គ្រប់​សម័យកាល​ នៃ​រាជាណាចក្រ​កម្ពុជា​ ប្រជារាស្ត្រ​គឺជា​អ្នក​ជួយ​កសាង​ប្រវត្តិសាស្ត្រ​។​

ពលរដ្ឋ​នៅ​ភូមិ​ក្រាំង​លាវ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ បាន​ចូលរួម​កែប្រែ​ចំណុច​ប្រវត្តិសាស្ត្រ​មួយ​នៅ​សម័យ​អាណានិគម​បារាំង​។​ ប្រជាជន​ភូមិ​នេះ​ បាន​ងើប​បះបោរ​ ប្រឆាំង​រដ្ឋអំណាច​របស់​បារាំង​ដែល​គាបសង្កត់​ជិះជាន់​រាស្ត្រ​យ៉ាង​ខ្លាំង​។​ ចំណែក​ការ​ចូលរួម​របស់​ពលរដ្ឋ​ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ តំណាង​របស់​ខ្លួន​ ក៏​ជា​ការ​ចូលរួម​ ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ ប្រវត្តិសាស្ត្រ​ដែរ​។​
elect-cam
​អ្នកវិភាគ​ថា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​បោះ​ឆ្នោត​បាន​ច្រើន​ គឺជា​ការ​ជួយ​កែប្រែ​កំហុស​ប្រវត្តិសាស្ត្រ​ ដែល​មិន​ចង់ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ ស្ដីបន្ទោស​។​ អ្នកវិភាគ​គិត​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​តិច​ ហើយ​ពេល​បោះ​ឆ្នោត​តិច​ទៀត​នោះ​ មាន​ន័យ​ថា​ពលរដ្ឋ​ខ្មែរ​ មិន​បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ គ្រប់គ្រាន់​ដែល​ជា​ការ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ អតីតកាល​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​។​

 

​តើ​មាន​ហេតុផល​អ្វីខ្លះ​បានជា​អ្នកវិភាគ​ យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​ បើ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ លើសលប់​ គឺជា​ការ​ចូលរួម​ចំណែក​នៃ​ការ​កែប្រែ​គុណវិបត្តិ​នៃ​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​?

​អ្វី​ដែល​អ្នកវិភាគ​បាន​លើក​ឡើង​ដូចនេះ​គឺជា​ការ​ពិនិត្យ​មើល​ទិដ្ឋភាព​សង្គម​កម្ពុជា​ មួយ​ជ្រុង​ទាក់ទិន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨​ ដែល​ ចំនួន​ពលរដ្ឋ​ខ្មែរ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​តិច​ នៅឡើយ​ បើ​ប្រៀបធៀប​នឹង​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ ជិត​១០​លាន​នាក់​។​

​តាម​របាយការណ៍​ របស់​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ពលរដ្ឋ​បាន​ទៅ​ចុះ​បោះ​ឈ្មោះ​ឆ្នោត​ គិត​មក​ត្រឹម​ថ្ងៃ​ទី​២២​វិច្ឆិកា​នេះ​ បាន​ជាង​៧​លាន​ ៤​សែន​នាក់​ គឺ​នៅ​សល់​ជាង​២​លាន​២​សែន​នាក់​ ទៀត​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​ ខណៈ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​។​ ចំនួន​នេះ​ បើ​ទោះជា​មាន​ ច្រើន​គួរសម​ក្ដី​ តែបើ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ តិច​ជាង​នេះ​ទៅ​ទៀត​ នឹង​ធ្វើ​លទ្ធផល​បោះ​ឆ្នោត​ មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆន្ទៈ​រួម​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​មាន​ប្រមាណ​ជា​១៥​លាន​នាក់​។​

​អ្នកវិភាគ​ ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ​ដែល​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ច្រើន​ដូច​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​១៩៩៣​ រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​មាន​ចំនួន​ច្រើន​ រហូត​ជិត​៩០​ភាគរយ​គឺជា​ព្រឹ​តិ្ត​ការណ៍​ មួយ​ដែល​អ្នកវិភាគ​ពិនិត្យ​ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​ពេល​នោះ​បាន​បង្ហាញ​ពី​ ឧត្តមគតិ​ជាតិ​ និង​កែប្រែ​ប្រវត្តិសាស្ត្រ​។​

​អ្នកវិភាគ​ថា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ក្ដី​ ឬ​ បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ក្ដី​  ពលរដ្ឋ​ខ្មែរ​ គួរ​ប្រើ​ ឧត្តមគតិ​និង​ឆន្ទៈ​ពិតៗ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដោយ​ត្រូវ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ លើសលុប​ទើប​គេ​ហៅ​ថា​ ជា​ព្រឹត្តិការណ៍​ ប្រវត្តិសាស្ត្រ​ថ្មី​ម្ដងទៀត​ ដូច​ឆ្នាំ​១៩៩៣​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ

លោក​ កឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ ក៏​យល់​ដូចនេះ​ដែរ​។​លោក​បាន​ពន្យល់​ដូចនេះ​ កំហុស​ប្រវត្តិសាស្ត្រ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រើ​អំណាច​ពលរដ្ឋ​ មិន​ ត្រឹមត្រូវ​។​ លោក​ថា​ចំពោះ​អ្នកនយោបាយ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ក៏​ចូលរួម​ ធ្វើ​ឱ្យ​មាន​កំហុស​ដែរ​។​

លោក​ កឹម សុខ  ៖« វាមិនមែនជាកំហុសពលរដ្ឋប៉ុន្មានទេ ក្នុងការបោះឆ្នោតកន្លងមក មែនទែនទេទៅគាត់ចង់បានការផ្លាស់ប្ដូរ និងគាត់ចង់ផ្លាស់ប្ដូរការដឹកនាំប្រទេសនិងហើយ  ក៏ប៉ុន្ដែវាពាក់ព័ន្ធទៅនឹងភាពមិនក្លាហានរបស់អ្នកនយោបាយដែលមិនប្រកួតប្រជែងដោយយុត្ដិធម៌ ទៅវិញទេ »។

លោក​ កឹ​ម​ សុខ​ និយាយ​ថា​ ពាក្យ​ថា ​កំហុស​ប្រវត្តិសាស្ត្រ​ មាន​ន័យ​ពេល​បោះ​ឆ្នោត​ប្រជាជន​ ត្រូវ​ប្រើ​ឆន្ទៈ​អោយ​បាន​ច្រើន​លើសលុប​ ដោះ​ដូរ​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​ ប្រទេស​និង​សង្គម​។​

លោក កឹម សុខ ៖«ដោយសារតែយើងឃើញថា ប្រសិនបើមិនមែនការចូលរួមរបស់គាត់ភាគច្រើននឹងហើយ ដែលមើលឃើញថា វាអាចច្រំៗដែលហ្នឹង ទើបយើងជម្រុញ ជម្រុញកុំឲ្យមានភាពច្រំដែលៗ ហើយរកការផ្លាស់ប្ដូរមួយសម្រាប់ប្រទេសជាតិដែលអាចឈានទៅដល់ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជារាស្រ្ដរួម»។

​មិន​ត្រឹមតែ​ជា​កំហុស​ប្រវត្តិសាស្ត្រ​ចំពោះ​ការ​ប្រើ​ឆន្ទៈ​ដោយសារ​ពលរដ្ឋ​មិន​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ ច្រើន​លើសលុប​នោះ​ទេ​ គឺ​ធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​។

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

លោក​ឡុ​ង​ គឹ​ម​ ឃ​ន​ អ្នក​សិក្សា​គោលនយោបាយ​ ការ​បរទេស​ យល់​ថា​ ជា​ការ​ពិត​បើ​ចរន្ត​ពលរដ្ឋ​​បោះ​ឆ្នោត​តិច​ ហើយ​ស្រប​ពេល​ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តិច​ទៀត​គឺជា​ កំហុស​មួយ​របស់​ពលរដ្ឋ​ ហើយ​កំហុស​នេះ​ ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​មានគុណ​វិបត្តិ​។​

លោក ឡុង គឹម ឃន ៖«ដោយយល់ឃើញថា វាអត់ប្រយោជន៍ ឬក៏មិនបានការ  ហើយក៏បាត់បង់ជំនឿ ទៅលើការបោះឆ្នោត ។ ដូចនេះ  វាប៉ះពាល់ទៅដល់ការកសាងប្រជាធិបតេយ្យ ពីព្រោះ មានន័យថា ប្រជាពលរដ្ឋគាត់លែងសូវខ្វល់ ឬក៏មិនសូវចូលរួមអោយបានខ្លាំងក្លា ឬក៏ប្រកបដោយអត្ថន័យ ។ដូច្នេះ​ការកសាងប្រជាធិបតេយ្យ វាមានការលំបាកទៅតាមហ្នឹង »។

​ជា​ការ​ពិត​ពលរដ្ឋ​ខ្មែរ​បាន​ប្រើ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ តំណាង​ប្រទេស​ជាតិ​ក្ដី​ ឬ​ តំណាង​របស់​ខ្លួន​ក្ដី​ មាន​ ៥​លើក​មក​ហើយ​ចាប់តាំងពី​ ឆ្នាំ​1993​។​ ការ​បោះ​ឆ្នោត​ដែល​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​ គឺ​មាន​២​ដង​គឺ​ ការ​បោះ​ឆ្នោត​ក្រោម​ការ​ជួយ​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ ដែល​អង្គការ​នេះ​មក​ជួយ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើង​វិញ​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​ និង​មួយ​លើក​ទៀត ​ការ​បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​២០១៣​ ដែល​យុវជន​ច្រើន​លើសលប់​ ចេញ​ទៅ​បោះ​ឆ្នោត​។​ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣​កន្លងមក​នេះ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នាំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​គំនិត​ចាស់​គំ​រិល​មួយ​ចំនួន​ នៃ​ការ​ដឹកនាំ​សង្គម​កម្ពុជា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត