loader

​អ្នកវិភាគ​៖​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ (មានសំឡេង)

ភ្នំពេញ៖ គិត​មក​ដល់​ថ្ងៃ​ទី​ ៣១​ តុលា​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​ចាក​ចេញពី​ប្រទេស​ជាង​មួយ​ឆ្នាំ​ហើយ​  ដោយសារ​តែ​លោក​ជាប់​ពិរុទ្ធភាព​ នៃ​ការ​តាម​ចាប់ខ្លួន​ ក្រោម​បណ្ដឹង​បរិហារកេរ្ដិ៍​ លោក​ ហោ​ ណាំ​ហុង​ អតីត​រដ្ឋការ​បរទេស​ ដែល​ សាលដីការ​ចាប់​ខ្លួ​នេះ​ ធ្វើ​ឡើង​ដោយ​ សាលាឧទ្ធរណ៍​ គាស់​រឿង​ចាស់​ឱ្យ​ក្លាយទៅជា​រឿង​ថ្មី​ ដែល​អ្នកវិភាគ​ថា​ ជា​បញ្ហា​នយោបាយ​សុទ្ធសាធ​។​

ខាងស្តាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។
ខាងស្តាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ប្រធាន​គណបក្សប្រឆាំង​ដ៏​ល្បីល្បាញ​បាន​ ព្រមាន​ជា​ញឹកញាប់​ដោយ​លោក​បាន​ពោល​ពាក្យ​ចំអក​ថា​ លោក​ត្រូវ​តែ​ត្រឡប់​មក​វិញ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ចាប់ខ្លួន​លោក​ ជា​ប្រយោជន៍​នៃ​ការ​ដោះ​លែង​អ្នកទោស​ស្នេហា​ជាតិ​ជា​ច្រើន​នាក់​ដែល​កំពុង​ជាប់​ខ្លួន​ នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ​។​

​ទំនង​ដោយសារ​ការ​ថ្លែង​ចំអក​នេះ​ហើយ​ បានជា​រដ្ឋាភិបាល​ចេញ​បម្រាម​ ទប់ស្កាត់​លោក​គ្រប់​ច្រកល្ហក​ទាំងអស់​មិន​ឱ្យ​ចូល​ប្រទេស​បាន​។​

​រដ្ឋាភិបាល​ដែល​អះអាង​ថា​ បច្ចុប្បន្ន​កម្ពុជា​ពោរពេញ​ដោយ​សន្ដិភាព​ តែបើ​មេ​ បក្ស​ប្រឆាំង​រូប​នេះ​ត្រឡប់​មក​វិញ​ និង​នាំ​អោយ​អសន្ដិសុខ​សង្គម​។​

​ចំណែក​អ្នកវិភាគ​គិត​ថា​ លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​កម្ពុជា​វិញ​ គឺ​អាច​ជួយ​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​នូវ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វត្តមាន​មេ​បក្ស​ប្រឆាំង​នេះ​ អាច​នាំ​ឱ្យ​មានការ​ឯកភាព​ជាតិ​ទៀត​ផង​។​

​អ្នកវិភាគ​ដែល​វិទ្យុ​ស្ដ្រី​បាន​សុំ​ធ្វើ​អត្ថាធិប្បាយ​ ពួក​គាត់​ទទូច​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ឆាប់​ត្រឡប់​មក​វិញ​អោយ​បាន​ឆាប់​បំផុត​។​

​តើ​ហេតុ​អ្វី​បានជា​អ្នកវិភាគ​ ពោល​អះអាង​ដូចនេះ​?​ សូម​ស្ដាប់​ការ​វិភាគ​ដែល​រៀបរៀង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​នៅ​សល់​តែ​ប្រាំពីរ​ខែ​ទៀត​តែ​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ខ្លួន​ អាច​ដណ្ដើម​បាន​អាសនៈ​មេឃុំ​ យ៉ាងច្រើន​នោះ​  នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​នេះ​ហើយ​។​ ​ប៉ុន្ដែ​អ្វី​ដែល​ម​ជ្ឈ​ដា្ឋ​ន​មួយ​ចំនួន​ មានការ​ចាប់អារម្មណ៍​នោះ​ ហេតុ​អ្វីបានជា​ លោក​ សម​ រ​ង្ស៊ី​ បន្ដ​ស្ថិត​នៅ​ក្រៅប្រទេស​ ទុក​ឱ្យ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​មុខ​ យ៉ាងដូច​នេះ​។​

​អ្នកវិភាគ​យល់​ថា​ លោក​ សម​ រ​ង្ស៊ី​ វិល​ត្រឡប់​មក​វិញ​ មិន​ត្រឹមតែ​មាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​លោក​នោះ​ទេ​ សូ​ម្បី​តែ​បក្ស​និង​ជាតិ​ក៏​មាន​ផលប្រយោជន៍​ដោយសារ​វត្តមាន​របស់​លោក​ផង​ដែរ​។​

​លោក​ គឹ​ម​ សុខ​  អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​និង​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ លោក​ សម​ រ​ង្ស៊ី​ គួរតែ​ចូល​មក​ប្រទេស​វិញ​ឱ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​បាន​ គឺ​ ដើម្បី​បង្ហាញ​ថា​គាត់​ជា​អ្នកនយោបាយ​ មាន​ភាព​ក្លាហាន​ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

លោក​ គឹ​ម​ សុខ​ ថា​៖​ «​​ ប្រសិនបើ​គាត់​នៅ​ចេះ​តែ​ បង្ហើរ​សារ​នយោបាយ​ ថា​ នឹង​ចូល​ ហើយ​ចូល​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ បែប​នេះ​ វា​ជា​ការ​បង្ហាញ​ភាព​មិន​ច្បាស់លាស់​មួយ​ថា​គាត់​ចូល​ឬ​អត់​ ហើយ​គ្រាន់តែ​ជា​ការ​បង្ហាញ​នូវ​ស្មារតី​មួយ​ដែល​មិន​មាន​គោលបំណង​ចូល​ឱ្យ​បាន​ច្បាស់លាស់​ ក្នុង​ការ​មក​ប្រឈម​និង​ដឹកនាំ​បក្សនយោបាយ​មួយ​ ដែល​មាន​កម្លាំង​នយោបាយ​ស្រាប់​ ហើយ​ដែល​ខ្លាំង​ស្រាប់​។​ ដូច្នេះ​ដើម្បី​ជម្រុញ​ឱ្យ​គណបក្ស​នយោបាយ​ដែល​គាត់​កំពុង​ដឹកនាំ​នឹង​ខ្លាំង​  ហើយ​មានដំណើរ​ទៅ​មុខ​ល្អ​ក្នុង​ស្មារតី​មួយ​រួម​គ្នា​ដោយ​មិន​មានការ​បែកបាក់​ ទាំង​គំនិត​ និង​ផ្លូវ​អារម្មណ៍​ និង​ស្មារតី​របស់​គណបក្ស​នយោបាយ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ពិសេស​ សកម្មជន​ និង​ថ្នាក់ដឹកនាំ​ គាត់​គួរតែ​ចូល​មក​ឱ្យ​ឆាប់​បង្ហាញ​ភាព​ក្លាហាន​ នៅ​ក្នុង​ការ​ប្រឈម​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​»​។​

​មាន​មូលហេតុ​អ្វីខ្លះ​បានជា​អ្នកវិភាគ​  អះអាង​បែប​នេះ​?

​លោក​ គឹ​ម​ សុខ​ បន្ដ​ថា​ លោក​ សម​ រ​ង្ស៊ី​ ទើប​សក្ដិ​សមជា​ដៃគូរ​សន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។​ ប៉ុន្ដែ​ លោក​ថា​ បញ្ហា​ជាតិ​ធំៗ​ លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ដោះស្រាយ​បាន​ទេ​ ព្រោះ​កូនសោរ​របស់​ជាតិ​ នៅ​លើ​នាយក​រដ្ឋមន្ដ្រី​ទៅ​ហើយ​ លើកលែងតែ​លោក​ សម​ រ​ង្ស៊ី​ ក្លាយជា​នាយក​រដ្ឋមន្ដ្រី​។​

​លោក​ គឹ​ម​ សុខ​ ៖«​មូលហេតុ​គាត់​ត្រូវ​មក​ឱ្យ​បាន​ឆាប់​ មិន​មាន​មូលហេតុ​អ្វី​ផ្សេង​ដែរ​ គឺ​មក​ដើម្បី​ពង្រឹង​ជំហរ​ស្មារតី​គោលនយោបាយ​បក្ស​របស់​គាត់​ នឹង​ទេ​ ពីព្រោះ​បើ​យើង​និយាយ​អំពី​បញ្ហា​ជាតិ​ និយាយ​ឲ្យ​ចំ​ទៅ​ ទោះបីជា​គាត់​មក​ឆាប់​ ឬ​ក៏​យឺត​  វា​គ្មាន​អី​នឹង​អាច​ដោះស្រាយ​បាន​ទេ​ ពីព្រោះ​បើសិនជា​គាត់​ចង់​ដោះស្រាយ​ប្រទេស​ជាតិ​បាន​ វា​លុះត្រា​គាត់​មក​នឹង​គាត់​អាច​និយាយ​ជាមួយ​និង​ដៃគូ​របស់​គាត់​  ដៃគូ​ប្រជែង​នយោបាយ​របស់​គាត់​ គឺ​ លោក​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ក្នុង​ស្មារតី​ជាតិ​រួម​។​ ប៉ុន្ដែ​មើលទៅ​អត់​មាន​ទេ​ បើ​អត់​មានការ​ជជែក​គ្នា​ទេ​ តើ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​វិធី​ណា​ ពីព្រោះ​ អ្នក​ដែល​ត្រូវ​ដោះស្រាយ​យ៉ាងណា​ គឺ​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​»​។​

​លោក​ សម​ រ​ង្ស៊ី​ បច្ចុប្បន្ន​មាន​សញ្ជាតិ​ពីរ​ គឺ​ សញ្ជាតិ​ខ្មែរ​ និង​សញ្ជាតិ​បារាំង​ ប៉ុន្ដែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ តែងតែ​ប្រាថ្នា​ស្លាប់​រស់​ជា​និច្ច​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។​

​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​គេ​ដាក់​រហ័ស្ស​នាម​ ថា​ ជា​អ្នកនយោបាយ​ពូជ​មាន់​ ជល់​។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ធ្លាប់​ឆ្លងកាត់​រលក​ជីវិត​គ្រប់​បែប​យ៉ាង​ទាំងអស់​ កាលពី​ថ្ងៃ​ទី​៣០​ មិ​នា​ ឆ្នាំ​ ១៩៩៧​ ដែល​កាល​ណោះ​ លោក​ រង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​៤​គ្រាប់​ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ ពេល​លោក​ ដឹកនាំ​បាតុកម្ម​ទាមទារ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ ។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ ថា​ លោក​ សម​ រ​ង្ស៊ី ដែល​ធ្លាប់​ភ្លក្ស​ការ​ឈឺចាប់​ដូចនេះ​ គួរ​ត្រឡប់​មក​ប្រទេស​វិញ​ឱ្យ​បាន​ឆាប់​ ប្រយោជន៍​ទាញ​ប្រជាប្រិយភាព​ ពី​ប្រជាពលរដ្ឋ​ឡើង​វិញ​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា​៖«​រឿង​គាត់​ចូល​មក​ចំនេញ​ ឬ​ខាត​ បើសិនជា​និយាយ​ពី​បក្សនយោបាយ​របស់​គាត់​ គឺ​ គាត់​ចំនេញ​ច្រើន​។​ ចំនេញ​រឿង​អី​?​ រឿង​ទី​មួយ​.​ មេ​បក្ស​នៅ​ក្នុង​រួម​គ្នា​ ជាមួយ​ឯកឧត្ដម​ កឹ​ម​ សុខា​ នឹង​ធ្វើ​អោយ​ស្ថានភាព​មិនសូវ​មាន​បញ្ហា​ និង​បែក​ញ៉ែ​ក​សំលេង​ ដែល​អាច​អោយ​រួបរួម​គ្នា​បាន​»​។​

​តាម​សាស្ដ្រាចារ្យ​ ឯម​ សុវណ្ណ​រ៉ា​ បើ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ ទោះ​រដ្ឋាភិបាល​ចេញ​ប​ញ្ញ​តិ្ដ​ចាប់​ ប​ញ្ចូ​ន​ខ្លួន​លោក​ឱ្យ​ត្រឡប់​ទៅ​វិញ​ ក៏​លោក​នៅ​តែ​អាច​ចូល​ស្រុក​វិញ​បាន​ ដរាបណា​រដ្ឋាភិបាល​មិន​ទាន់​ សម្រេច​ លុប​សញ្ជាតិ​លោក​សម​ រ​ង្ស៊ី​ ចេញ​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា​៖​ «​ បើ​យើង​និយាយ​សាមញ្ញ​ ទៅ​គាត់​ជា​ពលរដ្ឋ​កម្ពុជា​ ពុំ​ទាន់​មានទោស​ណាមួយ​ដកសិទ្ធិ​ពលរដ្ឋ​ ពី​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ឬ​លុប​សញ្ជាតិ​ចោល​ ដកសិទ្ធិ​ជា​ពលរដ្ឋ​ចោល​ទេ​ ចឹ​ង​គាត់​មាន​សិទ្ធិ​ចូល​មក​ប្រទេស​។​ ​រឿង​គាត់​ចូល​មក​ប្រទេស​ គណបក្សកាន់អំណាច​ ចាប់​កាត់ទោស​ ជា​រឿង​របស់​គណបក្សកាន់អំណាច​ យើង​កុំ​និយាយ​ ជាប់​ទោស​ ឬ​មិន​ជាប់​ទោស​ ប៉ុន្ដែ​គាត់​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​វិល​ត្រឡប់​មក​ កម្ពុជា​វិញ​»​។​

​យ៉ាងណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​គេ​រំពឹង​ថា​ នៅ​ស​ប្ដា​ហ៍​នេះ​ ថ្នាក់ដឹកនាំ​បក្ស​របស់ខ្លួននឹង​ជួប​ប្រជុំ​គ្នា​ ដើម្បី​កំណត់​ជោគវាសនា​របស់​លោក​ សម​ រ​ង្ស៊ី​ ថា​តើ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​ ឬ​បន្ដ​ស្នាក់​នៅ​ក្រៅប្រទេស​បន្ថែម​ទៀត​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត