loader

​អ្នកវិភាគ​ ៖​ ករណី​ជម្លោះដីធ្លី​នាំ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ និង​គ្រោះថ្នាក់​ 

​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​បញ្ហា​ដីធ្លី​នៅ​តែ​ជា​ជម្ងឺ​ដ៏​រ៉ាំរ៉ៃ​នៅឡើយ​សម្រាប់​កម្ពុជា​  ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​អ្នកវិភាគ​យល់​ ថា​ ជម្ងឺ​ដ៏​រ៉ាំរ៉ៃ​នេះ​ នាំ​ឱ្យ​ពលរដ្ឋ​ ធ្លាក់ខ្លួន​ក្រីក្រ​  និង​កើត​មាន​គ្រោះថ្នាក់​ដោយ​ហិង្សា​ណាមួយ​ផង​ដែរ​។​ បើ​តាម​អ្នកវិភាគ​ដដែល​ កាលណា​បញ្ហា​ទាំង​អស់នេះ​ មិន​ត្រូវ​បាន​ព្យាបាល​ឱ្យទាន់​ពេលវេលា​គឺ​កាន់តែ​ធ្វើ​អោយ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​។​​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូន​សេចក្ដី​ពិស្ដារ​លើ​បទ​វិភាគ​នេះ​៖

 

សកម្មភាពតវ៉ាជាលក្ខណធ្វើពិធីបុណ្យស្រន់តាមជំនៀសាសនា រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCIC នៅសង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញ។រូបភាពពីWMC

សកម្មភាពតវ៉ាជាលក្ខណធ្វើពិធីបុណ្យស្រន់តាមជំនៀសាសនា រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន OCIC នៅសង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញ។រូបភាពពីWMC

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បញ្ហា​ដីធ្លី​នៅ​តែ​ជា​រឿង​ក្ដៅ​ក៏​គុក​រវាង​ពលរដ្ឋ​ និង​រដ្ឋាភិបាល​ ឬ​ក្រុមហ៊ុន​ពាក់​ព័​ន្ទ​ ដែល​គេ​សង្កេត​ឃើញ​ថា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​ទាំង​ការ​ទួញ​យំសោក​របស់​ប្រជាពលរដ្ឋ​  និង​ការ​ស្រែក​ទាមទារ​សុំ​កិច្ច​អន្ដរាគមន៍​មិន​ចេះ​ចប់ឡើយ​។​ 
​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ ពលរដ្ឋ​មក​ពី​ខេត្តស្វាយរៀង​ ​ខេត្តកោះកុង​ ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ខ្លះ​ទៀត​មក​ពី​ខេត្តព្រះវិហារ​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​តវ៉ា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​។​ ពួក​គាត់ត្រូវ​ចំណាយទាំង​លុយកាក់​ថែម​ទៀត​។​ 

​ជាក់ស្ដែង​ប្រជាពលរដ្ឋ​មក​ពី​ខេត្ដកោះកុង​ជិត​ ២០០​នាក់​ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​វត្ដ​មួយ​នៃ​រាជធានី​ភ្នំពេញ​ បាន​រង់ចាំ​ដំណោះស្រាយ​រឿង​ដីធ្លី​ ។​ ពួក​គាត់​មក​​ស្នាក់​នៅ​វត្ត​ជា​ច្រើន​ស​ប្ដា​ហ៍​ហើយ​។​

​មិនតែប៉ុណ្ណោះ​ទៀត​  កាលពី​ថ្ងៃ​ទី ​១៤​ ខែ មករា​ ២០១៧​  សហគមន៍​ជ្រោយចង្វារ​បាន​ធ្វើ​ពិធីសែនព្រេន​មួយ​ ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​បញ្ហា​ដី​ទំនាស់​របស់​ពួក​គេ​ជាមួយ​សាលាក្រុង​ភ្នំពេញ​ និង​ក្រុមហ៊ុន​ OCIC​ ដែល​មាន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។​  

​បញ្ហា​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​អោយ​អ្នកវិភាគ​យល់​ថា​ ករណី​ជម្លោះដីធ្លី​នាំ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ និង​កើត​មាន​គ្រោះថ្នាក់​ដោយ​ហិង្សា​នោះ​។​

​លោក​បណ្ឌិត ​មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ដូចនេះ​៖​ «​សព្វថ្ងៃ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាន​ជម្លោះ ដីធ្លី គឺ ​បញ្ហា​សេដ្ឋកិច្ច​របស់​ពួក​គាត់​ជួប​ការ​លំបាក​ ដោយសារ​ទី​មួយ​.​ធន​ធាន​ធម្មជាតិ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​គាត់​គឺ​ អត់​មានអី​ទេ​គាត់​ទៅរ​ស់នឹង​គឺ​នៅ​តែ​ចាំ​ដី​នឹង​ឯង​ ហើយ​ចាំ​ដី​មួយទៀត​គាត់​អត់​ហ៊ាន​ដាំ​ដុះ​អី​ដែល​ កាលណា​ដាំ​ដុះ​ទៅ​ ខ្លាច​ក្រែង លោ​វា​មិន​ច្បាស់លាស់​ថ្ងៃក្រោយ​គេ​មក​ឈូស​ចោល​អស់​។​ ដល់​ចឹ​ង​ទៅ​វា​ធ្វើ​អោយ​គាត់​រស់នៅ​ក្នុង​សង្គម​ខ្លួន​មួយ​ដែរ​ ក៏​ប៉ុន្ដែ​អនាគត​សម្រាប់​រៀបចំ​ជីវិត​គឺ​មើល​អត់​ឃើញ​ដល់​មើល​អត់​ឃើញ​វា​ពិបាក​ចឹ​ង​បានជា​នៅ​ក្នុងស្រុក​យើង​កើតរឿង​រ៉ាវ​។​ គ្រោះថ្នាក់​មួយទៀត​ កាល ណា​ដំណោះស្រាយ​ធ្វើ​ទៅ​មិន​បាន​ត្រឹម​ត្រូវ​មិន​បាន​យុត្ដិធម៌​វា​អាច​កើត​ទៅ​ជា​ហិង្សាហើយ​បន្ទាប់​ពី​ហិង្សា​ទៅ​វា​ធ្វើ​អោយ​បាត់បង់​ជំនឿ​រវាង​ប្រព័ន្ធ​គ្រប់គ្រង​ ហើយ​និង​ពលរដ្ឋ​»​។​

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​សហគមន៍​ណាមួយ​ជំ​លោះ​ដីធ្លី​ ជាមួយ​អ្នកមាន​អំណាច​ក្ដី​ មាន​លុយកាក់​ក្ដី​ គឺ ​តែង​ធ្លាក់ខ្លួន​ក្រ​។​ 

​លោក​ មឿ​ន​ តុលា​ ៖«កាលណា​យើង​អត់​យក​ច្បាប់​ដែល​មាន​ស្រាប់​យក​មក​អនុវត្ត​ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ហើយ​យើង​អនុវត្ត​តាម​របៀប​បក្សពួក​និយម​ អ្នក​ណា​មាន​លុយ​គឺ​អ្នក​នឹង​ឈ្នះ​ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ទន់ខ្សោយ​ ឬ​អ្នក​ដែល​អត់​មាន​ខ្សែ​ មាន​ខ្នង​គឺ​ទទួល​រង​គ្រោះ​ដោយសារ​អំពើ​អយុត្ដិធម៌​សង្គម​ហ្នឹង​។​កាលណា​មាន​អំពើ​អយុត្ដិធម៌​ច្រើន​ ធ្វើ​អោយ​ពលរដ្ឋ​យើង​កាន់តែ​ក្រ​ មិន​អាច​រំដោះខ្លួន​ផុត​ចេញពី​បន្ទាត់​ក្រីក្រ​ទេ​ ហើយ​ធ្វើ​អោយ​គំលាត​រវាង​អ្នកមាន​ និង​ក្រ​កាន់តែ​ច្រើន​ ហើយ​អ្នក​ចំណាកស្រុក​កាន់តែ​មានការ​កើនឡើង»​។​ 

​តើ​បញ្ហា​ទាំង​អស់នេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​?

​តាម​ការ​កត់សម្គាល់​ក្នុង​រឿង​ពលរដ្ឋ​នៅ​ខេត្តកោះកុង​ដែល​ឡើង​មក​ទីក្រុង​ភ្នំពេញ​ សុំ​កិច្ច​អន្ដរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ គឺ​ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ លោក​ ទេព​ ធន​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ពី​ខេត្ដកោះកុង​នេះ​ ក្រសួង​បាន​ព្យាយាម​សម្របសម្រួល​ទាំង​ភាគី​ពលរដ្ឋ​ និង​ភាគី​ក្រុមហ៊ុន​ជា​ច្រើន​លើក​ច្រើន​សារ​ប៉ុន្ដែ​ មូលហេតុ​ដែល​រហូត​មក​ដល់​ពេល​នេះ​ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ ពីព្រោះ​តែ​ភាគី​ក្រុមហ៊ុន​មិន​ទាន់​ផ្ដល់​ចម្លើយ​ជាក់លាក់​ណាមួយ​ មក​ឱ្យ​ក្រសួង​។​ បន្ថែម​ពី​នេះ​លោក​បន្ដ​ថា​ ដីធ្លី​ទាំងនោះ​ គឺ សុទ្ធតែ​ជា​ដី​របស់​រដ្ឋ​ដែល​ផ្ដល់​ការ​វិនិយោគ​ដល់​ក្រុមហ៊ុន​។​ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​ ក្រសួង​ក៏​នៅ​តែ​បន្ដ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពលរដ្ឋ​ទាំងអស់​។​ ប៉ុន្ដែ​ បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​រហូត​មក​ដល់​ពេល​នេះ​គឺ​ពួក​គាត់​នៅ​តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​

អ្នកស្រី ផាវ ញ៉ឺង ដែលបានមកតវ៉ារឿងដីធ្លី 

​ក្រៅពី​មូលហេតុ​ជាក់ស្ដែង​ទាំងនេះ​ហើយ​ថា​តើ​នៅ​មាន​កត្តារួម​ផ្សំ​អ្វីខ្លះ​ទៀត​ ?

​លោក​ បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​រឿង​ នេះ​ដោយសារ​តែ​មក​ពី​មិន​ស្វែងរក​ការ​ទុកចិត្ត​ជាមួយ​គ្នា​ និង​ផ្សះផ្សា​ទើប​កើត​មាន​ជម្លោះ​ ។​

​លោក​ មាស​ នី​ ៖«​ ព្រោះ​រឿង​ពី​មុន​ដែល​ច្រើន​តែ​មាន​បញ្ហា​គឺ​មក​ពី​ការ​ប្ដឹងផ្ដល់​ហើយ​ ច្រើន​តែ​កប់​ទុក​ ដល់​ចឹ​ង​ធ្វើ​ឱ្យ​បាត់​ដំណឹង​ មិនឃើញ​ប្រាប់​អី​ទៅ​គាត់​ថា​ដើរ​ដល់​ណា​ហើយ​ ធ្លាក់​ទៅ​លើ​ដៃ​អ្នក​ណា​ ដល់​ពេល​ចាំ​យូរៗ​មិនឃើញ​ នាំ​គ្នា​ឡើង​មក​តវ៉ា​ទៀត​ទៅ​»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ (Central)​   មាន​ប្រសាសន៍​ដែរ​ថា​ រឿង​នេះ​មក​ពី​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋ​មិន​មាន​ទស្សនវិស័យ​ ច្បាស់លាស់​។​

លោក​ មឿ​ន​ តុលា​ ៖ «​ខ្ញុំ​យល់​ថា​ប្រព័ន្ធ​យើង​វា​អត់​ទាន់​ដើរ​ ការ​ដឹកនាំ​របស់​យើង​សព្វ​ថ្ងៃនេះ​ យើង​អត់​មាន​ទស្សនវិស័យ​អី​ច្បាស់លាស់​ ដូច​ជា​មុន​នឹង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ យើង​អត់​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ភូមិបាល​ឱ្យ​បា​ច្បាស់លាស់​ ដូច​ជា​ច្បាប់​ភូមិបាល​តម្រូវ​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​  ល​ និង​ ល​ ទី​មួយ​។​  ទី​ពីរ​.​ដោយសារ​តែ​អំណាច​យើង​ប្រមូល​មក​ថ្នាក់​កណ្ដាល​ច្រើន​ពេក​ ដែល​ធ្វើ​អោយ​ថ្នាក់​ក្រោម​ខ្លាច​ក្នុង​ការ​អនុវត្ត​ »​។​

​ទាំង​លោក​ បណ្ឌិត​ មាស​ នី​  និង​ លោក​ មឿង​ តុលា​ ទទូច​ថា​ដំណោះស្រាយ​ក្នុង​រឿង​នេះ​ដ៏​ល្អ​បំផុត​ គឺ​ បង្កើត​យុទ្ធនាការ​ថ្នាក់​មូលដ្ឋាន​ ហើយ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ និង​ចុះ​តាមដាន​ផ្ទាល់​ក្នុង​រឿង​នេះ​ ឱ្យ​បាន​ឆាប់រហ័ស​។​

​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ឥ​សាន្ត​ ធ្លាប់​បាន​អះអាង​ថា​ បក្ស​កាន់​អំណាច​ មិន​បណ្ដោយ​ឱ្យ​រឿង​ជំ​លោះ​ដីធ្លី​រ៉ាំ​រ៉ៃទេ​ ដោយ​ត្រូវរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ ដែល​លោក​ថា​គោលនយោបាយ​បក្ស​ប្រជាជន​ចាត់​ទុក​ប្រជាជន​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ដែរ​។​

​កាលពីដើម​ឆ្នាំ​២០១៦​ គេ​សង្កេត​ឃើញ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ចូលខ្លួន​អន្តរាគមន៍​ផ្ទាល់​ ជួយ​ ឱ្យ​ពលករ​ដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ដោយ​សម្ដេច​បង្ខំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​ ឆាប់​ចេញ​មុខ​ដោះស្រាយ​ ប្រយោជន៍​កុំឱ្យ​មាន​ហិង្សា​កើត ឡើង​។ ​ក្នុង​កិច្ច​អន្តរាគមន៍​នេះ​ សម្ដេច​ស​ម្រ​ច​ឱ្យ​ពលរដ្ឋ​ទទួល​យុត្តិធម៌​ទៀត​ផង​។​ តែ​ចុង​ក្រោយ​នេះ​ គេ​ពុំ​សូវ​ឃើញ​ ប្រមុខ រដ្ឋ​ចេញ​អន្តរាគមន៍​រឿង​នេះ​ទៀត​ទេ​។​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​ សង្ឃឹមថា​ មាន​តែ​សម្ដេច​ហ៊ុន​សែន​ទេ​ទើប​អាច​ឱ្យ​ពួក​គាត់​ឆាប់​បាន​យុត្តិធម៌​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមិនចង[...]

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត