en     km
en     km

កម្មករទល់ដែនប៉ោយប៉ែតផ្ទុះការតវ៉ាជាថ្មីពាក់ព័ន្ធការកៀបយកលុយ​​​​​​​

Share

ក្រុម​កម្មករ​ និង​អាជីវ​ករ​ដែល​រស់​នៅ​ទល់​ដែន​ប៉ោយ​ប៉ែត​ជិត​២០០​នាក់​​ បាន​ស្រែក​តវ៉ា​សុំ​ឱ្យ​មន្ត្រី​នគរបាល​ អន្ដោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​​ប៉ោយ​ប៉ែត​​បញ្ឃប់​ការ​កៀប​សង្កត់​យក​លុយ​ពី​កម្មករ​ និង​បន្ធូរ​បន្ថយ​លើ​ការ​បង់​ពន្ធ​នានា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​នេះ​។

11304349_1614954462082068_2109088837_n
លោក​សៀង​ ប្រុស​ ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​ជំរិត​យក​ប្រាក់​ពី​មន្រ្ដី​នគរបាល​ ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ « ក្រុម​កម្មករ​ធ្វើ​ការ​​តវ៉ា​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​គោល​បំណង​សុំ​ឱ្យ​មន្រ្ដី​នគរបាល​នៅ​ប្រចាំ​តំបន់​នេះ​បញ្ឃប់​រឿង​រឹត​បន្ថឹង​ យក​ប្រាក់​ពី​អ្នក​រក​ស៊ី​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​នេះ​»។ លោក​ សៀង​ ប្រុស​ បន្ដ​ថា​ កម្មករ​អូស​រទេះ​ម្នាក់​នៅ​ពេល​ចេញ​ចូល​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​តាម​ព្រំ​ដែន​ប្រទេស​ថៃ​ ត្រូវ​ប​ង់​ពន្ធ​ទៅ​អោយ​មន្រ្ដី​ ប្រចាំ​តំបន់​​ក្នុង​ម្នាក់​ ១ពាន់​រៀល​ រហូត​ដល់​៦​ម៉ឺន​រៀល​ ឬ​៦០​ម៉ឺន​ ទៅ​ជិត​២​លាន​រៀល​។
កម្មករ​អូស​រទេះ​មួយ​រូប​ទៀត​ លោក​ វិចិត្រ​ បាន​អោយ​ដឹង​ផង​ដែរ​ថា​ មូល​ហេតុ​ដែល​កម្មករ​ និង​អាជីវករ​ ចូល​រួម​តវ៉ា​នៅ​ថ្ងៃ​នេះ​ពី​ព្រោះ​តែ​កន្លង​មក​មន្រ្ដី​នគរបាល​នៅ​ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ បាន​ជំរិត​យក​ប្រាក់​ពី​កម្មករ​លើស​ការ​កំនត់​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​សមត្ថភាព​រក​ប្រាក់​សម្រាប់​បង់​ឡើយ​។ ​លោក​ វិចិត្រ​ ស្នើរ​អោយ​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ ចុះ​ទៅ​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​ការ​ដោះស្រាយ​លើ​ករណី​នេះ​ជា​បន្ទាន់​។
​ជុំវិញ​បញ្ហា​នេះ​ដែរ​ វិទ្យុ​ស្រ្ដី​មិន​អាច​ទាក់​ទង​លោក​ ស៊ឹម​ សំអាត​ នាយ​ប៉ុស្ដិ៍​នគរបាល​អន្ដោ​ប្រវេសន៍​ ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​ បាន​នោះ​ទេ​នៅ​ថ្ងៃ​នេះ​។

ចំនែក​ឯ​មន្រ្ដី​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ ប្រចាំ​ខេត្ត​បាត់ដំបង​ លោក​ ស៊ុម​ ចាន់គា​ ថ្លែង​ថា​បញ្ហា​នេះ​ កើត​ឡើង​ជា​ច្រើន​លើក​ ច្រើន​សារ​មក​ហើយ​ តែ​រាជ​រដ្ឋាភិបាល​ មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​។

បន្ទាប់​ពី​ក្រុម​កម្មករ ​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ដោយ​មិន​ព្រម​ចូល​តុ​ចរចា​ ក្រុម​អាជ្ញាធរ ​និង​កង​កម្លាំង សមត្ថកិច្ច​ ជា​ច្រើន​នាក់​ បាន​ធ្វើ​ការ​បំបែក​ពួក​គេ​ និង​បាន​យក​ រទេះ​រុញ​ដែល​ពួក​គេ​ដាក់​ កណ្ដាល​ផ្លូវ​ចេញ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ចរាចរណ៍​ឡើង​វិញ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ រវាង​ភាគី​ទាំង​ពីរ​ បាន​បណ្ដាល​ឱ្យ​បុរស​កម្មករ​ម្នាក់​សន្លប់​ និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភា្លមៗ​ផង​។ ​​រីឯ​មន្ត្រី​សន្តិ​សុខ​ទី​ស្នាក់​ការ​គយ​ម្នាក់​ក៏​បាន​រង​របួស​ផង​ដែរ ​ព្រម​ទាំង​មាន​រថយន្ត​មន្ត្រី​គយ​៣​គ្រឿង​រង​ការ​ខូច​ខាត​៕

Share

Image
Image
Image