en     km
en     km

ករណីបង្រាបគ្រឿងញៀននៅខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនជាង១៣០នាក់

Share

យ៉ាងតិចណាស់មនុស្ស១៥០នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន ក្នុងការឆ្មក់បង្ក្រាបក្នុងទីតាំងខារ៉ាអូខេដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃព្រហស្បតិ៍ ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ។ ក្នុងនោះ មានជនជនជាតិចិនជាង៩៥%(១៣៣នាក់) ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

លោក គួច ចំរើន ដឹកនាំប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ  បានបើកប្រតិ្តបត្តិការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងខារ៉ាអូខេមួយដែលមានឈ្មោះថា «អូប៉ាម៉ា KTV»  កាលពីថ្ងៃព្រហស្បតិ៍ ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅវេលាម៉ោង៣ទាបភ្លឺ។ក្នុងការចុះបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងខារ៉ាអូខេខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ១៥០នាក់ ដែលភាគច្រើនគឺជាជនជាតិចិន ព្រមទាំងមេការជនជាតិចិន១ នាក់ និងធ្វើការដកហូតបានថ្នាំញៀនមួយចំនួនធំ ក៏ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បានកំណត់ពីចំនួននៃថ្នាំញៀនដែលបានដកហូតនោះបាននៅឡើយទេ។ នេះយោងតាមគេហទំព័រសាលាខេត្តព្រះសីហនុ។

អ្នកមកលេងក្នុងការ៉ាអូខេ អូបាម៉ាដែលបានប្រើប្រាស់គ្រឿងញៀន។

យោងតាមប្រសាសន៏របស់លោក ជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុដែលវិទ្យុស្រ្តីបានធ្វើការទាក់ទងនៅថ្ងៃនេះ លោកបានប្រាប់វិទ្យុស្រ្តីដោយខ្លីថា  សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទ អ៊ំហ្វេតាមីន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ៣៨ ជ្រុញ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។

ជាការកត់សម្គាល់ មនុស្សទាំង ១៥០នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកាល ពីយប់មិញនេះ ក្នុងនោះជនជាតិចិនប្រមាណ ៩៥%  និងជនជាតិខ្មែរចំនួន៦នាក់ ហើយមានស្រីចំនួន៤៨នាក់ ។

លោក ជួន ណារិន ក៏បានបញ្ជាក់ថា មនុស្សដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទាំង ១៥០នាក់នេះ សមត្ថកិច្ចជំនាញកំពុងធ្វើការបែងចែកឲ្យបានច្បាស់លាស់ថារវាងអ្នកធ្វើការ អ្នកបម្រើ អ្នកចូលកំសាន្ត អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សម្ភារៈ និងគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន។

បើយោងតាម គេហទំព័រហ្វេសបុកសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ជំរាបជូនអំពីសភាពការណ៍ សន្តិសុខសុវត្ថិភាពក្នុងក្រុងព្រះសីហនុនាបច្ចុប្បន្ន ដោយបង្កើតក្រុមការងារចុះល្បាតជាប្រចាំនៅពេលយប់នៅតាមចំណុចស្មុគស្មាញមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានាដែលបានកើតឡើងឲ្យបានទាន់ពេលវេលាក្នុងភូមិសាស្ត្រ  ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។

នៅរយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៩នេះ  ក្រសួងមហាផ្ទៃ សហការជាមួយ កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស បានបើកយុទ្ធនាការេ លុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត​ និងកន្លែងសប្បាយនានានិងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ព្រមទាំងអនុវត្តនូវ​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ជាការកត់សម្គាល់ទៀតនោះ  គឺការចាប់ជនជាតិចិននៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ដែល​មាន ចំនួន ដ៏ច្រើននេះ គឺជាលើកដំបូង ហើយធ្វើការដឹកនាំរបស់អភិបាលខេត្តថ្មីគឺគួច ចម្រើន៕

Share

Image
Image
Image