en     km
en     km

កសិករដាំបន្លែស្រុកស្អាងពុំទាន់មានចំណេះដឹងគ្រប់គ្រាន់លើការប្រើប្រាស់ថ្នាំគីមីពុល

Share

ស្រុកស្អាង៖ កសិករមួយចំនួនក្នុងស្រុកស្អាងខេត្តកណ្តាល ដែលប្រកបរបបដាំបន្លែនៅតែពុំទាន់មានចំណេះដឹងនិងសមត្ថភាពគ្រប់គ្រាន់នៅឡើយ លើការប្រើប្រាស់ថ្នាំគីមីពុលបាញ់សម្លាប់សត្វល្អិតចង្រៃលើបន្លែ។ កសិករមួយចំនួនដែលអ្នកសារព័ត៌មាន ដឹកនាំដោយអង្គការ Gret បានជួបសម្ភាសន៍ បានប្រាប់ប្រហាក់ប្រហែលគ្នាថា ពួកគេបានផ្សំថ្នាំដោយខ្លួនឯងតាមការណែនាំពីម្ចាស់ដេប៉ូលក់ថ្នាំពុល និងខ្លះទៀតធ្វើតាមការណែនាំពីកសិករដូចគ្នា។ ចំណែកអ្នកជំនាញផ្នែកស្រាវជ្រាវកសិកម្ម និងប្រធានការិយាល័យកសិកម្មស្រុកស្អាង លើកឡើងថា កសិករមួយចំនួនបានប្រើប្រាស់ថ្នាំលើសចំណុះ និងមិនគោរពតាមមាត្រដ្ឋានកាលបរិច្ឆេទត្រឹមត្រូវ។ ដើម្បីជ្រាប់កាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយលោក កែវ សុខា ដូចតទៅ។

 

កម្ពុជាជាប្រទេសសេដ្ឋកិច្ចកសិកម្មមួយ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនបានចាត់ទុកកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១១ ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងពិភពលោក និងសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់ខ្លួនផងដែរ។ យោងតាមរបាយការណ៍មួយចំនួនបង្ហាញថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើងក្នុងរង្វង់ប្រមាណ៧.៧%ក្នុងមួយឆ្នាំ។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាអាចកាត់បន្ថយអត្រាភាពក្រីក្របានពាក់កណ្តាល ហើយឥឡូវនេះកំពុងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលទាបកម្រិតមធ្យម។ ក្នុងបរិបទនេះ ស្ថានភាពវិស័យកសិកម្មក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ នៅស្របពេលដែលកំណើនសេដ្ឋកិច្ចមានការរីកលូតលាស់ វិស័យកសិកម្មបានផ្លាស់ប្តូរផងដែរ។ បើទោះបីជាវិស័យកសិកម្មមានភាពជឿនលឿនបន្តិចក៏ពិតមែន តែសមត្ថភាពនៃការផលិតកសិផលនៅមានភាពយឺតយ៉ាវមិនទាន់អាចឆ្លើយតាមនឹងតម្រូវការទីផ្សារបាននៅឡើយ។

ភាពមិនទៀតទាត់លើការផ្គត់ផ្គង់បន្លែលើទីផ្សារ ជាហេតុមួយនាំឱ្យអាជីវករលក់បន្លែផ្លែឈើសម្រេចនាំចូលផលដំណាំពីប្រទេសជិតខាង មកចាក់បំពេញតម្រូវការប្រជាជនក្នុងស្រុក។ កម្ពុជាបាននាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាម និងថៃ រាប់រយ តោនក្នុងមួយថ្ងៃៗ។ យោងតាមរបាយការណ៍អង្កេតរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចូលបន្លែពីប្រទេសជិតខាងមានចំនួនពី២០០-៤០០តោនក្នុងមួយថ្ងៃ គិតជាទឹកប្រាក់ប្រមាណ ១៥០-២០០ លានដុល្លារក្នុងមួយឆ្នាំ។

                                            សកម្មភាពលក់បន្លែនៅផ្សារដើមគរ ក្រុងភ្នំពេញ នាពេលរាត្រី។រូបភាពCambonomist

 

ឈ្មួញធំៗដែលនាំផលិតផលមិនថារបស់ប្រើប្រាស់ឬផលិតផលបរិភោគ បន្លែ ត្រី សាច់នោះទេ ពួកគេត្រូវបានដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមន្រ្តីកម្ពុជា។ តម្រូវការចាំបាច់ ទំនាក់ទំនងផលប្រយោជន៍ បានបណ្តាលឱ្យមានភាពឆកល្វែងក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវគុណភាពទំនិញ។ អាជ្ញាធរកម្ពុជាបានដុតទំនិញ ផលិតផលខូចគុណភាព និងគ្រឿងឧបភោគបរិភោគផ្ទុកដោយសារធាតុគីមីរាប់រយតោនក្នុងមួយឆ្នាំៗ។

ងាកមិនការចរាចរណ៍លក់ថ្នាំគីមីពុលលើទីផ្សារក្នុងប្រទេសកម្ពុជាវិញ ក៏ពុំមានការគ្រប់គ្រង និងត្រួតពិនិត្យច្បាស់លាស់ផង ដែរ។ ចំណែកផលិតផលដែលខូចគុណភាព និងថ្នាំគីមីពុលហាមឃាតក៏នៅមានវត្តមានក្នុងតូបអ្នកលក់ថ្នាំបំពុលដដែល។ យោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោកឆ្នាំ២០១៦ រកឃើញថា កម្ពុជាបាននាំចូលថ្នាំគីមីពុលគ្រប់ប្រភេទមានទឹកប្រាក់ប្រមាណ ៣៨លានដុល្លារ។ ចំណែករបាយការណ៍របស់ National Report Census of Agriculture of the kingdom ឆ្នាំ២០១៣ បង្ហាញថា ប្រជាកសិករកម្ពុជាប្រមាណ ៧១ម៉ឺនគ្រួសារបានប្រើប្រាស់ថ្នាំគីមីទូទាំងប្រទេស។ ក្នុងនោះតំបន់ទំនាបមានប្រមាណជិត៤៥ម៉ឺនគ្រួសារ ខណៈតំបន់បឹងទន្លេសាបមានប្រមាណជាង ២ម៉ឺនគ្រួសារ។

                                                           ថ្នាំគីមីដែលបានដាក់លក់លើទីផ្សារ។រូបភាពAngrut News

 

ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់មានការដាំដុះបន្លែច្រើនជាងគេ ​ហើយបន្លែទាំងនេះត្រូវបានចរាចរផ្តត់ផ្គង់លើទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមប​ណ្តាលខេត្តនានា។ ស្រុកស្អាងមានផ្ទៃដីកសិកម្មសរុបជាង៣ពាន់ហិតា ចំណែកចំនួនគ្រួសារដែលប្រកបរបបកសិកម្មមានប្រមាណមួយម៉ឺនគ្រួសារ។

កសិករមួយចំនួនដែលក្រុមអ្នកសារព័ត៌មានបានជួបសម្ភាសន៍តួយ៉ាងលោក ឆាយ លន់ និយាយថា ការប្រើប្រាស់ថ្នាំបំពុលសម្លាប់សត្វល្អិត គឺធ្វើទៅតាមការបង្ហាញពីអ្នកលក់ថ្នាំតាមដេប៉ូលលក់ថ្នាំ ដោយមិនបានមើលលម្អិតពីសេចក្តីណែនាំលើសំបកដបនោះទេ។ ដោយឡែកថ្នាំភាគបំពុលភាគច្រើនជាផលិត ផលវៀតណាម និងថៃ ក៏មិនមានសេចក្តីពន្យល់ណែនាំជាខេរៈភាសាផងដែរ។

លោកបន្តថា នៅពេលប្រើប្រាស់ថ្នាំបាញ់បន្លែមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវ ពេលខ្លះពុលទាំងអ្នកបាញ់ក៏មាន។ កសិករដែលមានបទពិសោធន៍ដាំបន្លែជាង១០ឆ្នាំរូបនេះឱ្យដឹងថា ការប្រើប្រាស់ថ្នាំដើម្បីសម្លាប់សត្វល្អិត ក៏ព្រោះតែដំណាំភាគច្រើនត្រូវបានសត្វល្អិតចង្រៃស៊ីបំផ្លាញ ដូច្នេះដើម្បីការពារផលដំណាំមានតែជម្រើសបាញ់ថ្នាំបំពុលនោះទេទើបមានប្រសិទ្ធភាព។

                                           ​លោក ឆាយ លន់ កសិករស្រុកស្អាងប្រកបរបបដាំបន្លែជាង១០ឆ្នាំមកហើយ។

 

លោក ប៉ុក បញ្ញា អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យផ្នែកកសិករនៃសាកលវិទ្យាខេត្តបាត់ដំបង ដែលបានចុះទៅពិនិត្យផ្ទាល់នៅស្រុកស្អាងលើកឡើងថា កសិករមួយចំនួនបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនមុខក្នុងពេលតែមួយ ដែលបង្កផលប៉ះពាល់ខ្លះដល់សុខភាព។ លោកថាការប្រើប្រាស់ថ្នាំដែលមិនមានចំណេះដឹងច្បាស់លាស់ នាំឱ្យខាតបង់ទាំងពេលវេលា ថវិកា ពិសេសគឺសុខភាពទាំងអ្នកដាំ និងអ្នកបរិភោគ។

លោក ប៉ុក បញ្ញា បានចុះមកពិនិត្យការដាំបន្លែ ពិសេសការប្រើប្រាស់ថ្នាំគីមីលើបន្លែ ជាមួយក្រុមអ្នកសារព័ត៌មានដឹកនាំដោយអង្គការGret។

 

លោក អ៊ុក សុគុណ ប្រធានការិយាល័យកសិកម្មស្រុកស្អាងខេត្តកណ្តាលមានប្រសាសន៍ថា មន្រ្តីកសិកម្មស្រុកតែងតែចុះណែនាំកសិករជាញឹកញាប់ពីរបៀបប្រើប្រាស់ថ្នាំគីមីពុលក្នុងបន្លែ។ តែយ៉ាងណាកសិករមួយចំនួនមិនបានមកចូលរួមសិក្សា ហើយពលរដ្ឋមួយចំនួនក៏មិនបានអនុវត្តនោះទេ។

លោកស្រី អេវ ប៊ុយរ៉ូ-ប៉ង់(Eve Bureau-Point)អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត(CNRS) មានជំនាញសិក្សាពីការវិវត្តន៍នៃដំណើរការរស់នៅ និងផ្លូវចិត្តរបស់មនុស្ស ដែលបានមកសិក្សាពីរបៀបដាំដុះ និងប្រើប្រាស់ថ្នាំគីមីរបស់ប្រជាពលរដ្ឋស្រុកស្អាងជាច្រើនខែបានរកឃើញថា របៀបនៃការកម្ចាត់កត្តាចង្រៃរបស់កសិករគឺមានភាពស្មុកស្មាញ ពិសេសគឺការប្រើប្រាស់បំពុល។ លោកស្រីបន្តថា មូលហេតុដែលប្រជាកសិករបានប្រើប្រាស់ថ្នាំគីមីមិនទាន់មានភាពត្រឹមត្រូវនោះ ក៏ព្រោះតែការចរាចរលក់ថ្នាំគីមីបំពុលនៅមិនទាន់មានភាពល្អប្រសើរ ហើយថ្នាំគីមីនោះទៀតសោតក៏នៅកៀកកសិករ និងងាយរកទិញ។ដើម្បីទទួលសុវត្ថិភាពលើចំណីអាហារ ពិសេសបន្លែ គ្មានសារធាតុពុល ការចូលពីគ្រប់ភាគីគឺជាកត្តាមិនអាចខ្វះបាន។

                                      លោកស្រី អេវ បានមកសិក្សាពីដំណើរការផលិតកសិកម្មរបស់កសិករជាច្រើនខែនៅស្រុកស្អាង។

 

Share

Image
Image
Image