en     km
en     km

កសិករ​ស្ត្រី​ឆ្នើម​ថា​ ខ្វះ​ទឹក​ ខ្វះទុន​ និង​ខ្វះ​​ទីផ្សារ​លក់​ផលិតផល​ជា​ឧបសគ្គ​ចំពោះ​វិស័យ​កសិកម្ម​

Share

ភ្នំពេញ​៖​ កសិករ​ស្ត្រី​ឆ្នើម​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា​ ខ្វះ​ទឹក​ ទុន​ និង​ទីផ្សារ​លក់​ផលិត​ផល​​​ជា​​ឧបសគ្គ​រាំងស្ទះ​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​ តំណាង​កសិករ​ស្ត្រី​ឆ្នើម​កម្ពុជា​ បាន​ចាត់​ទុក​បញ្ហា​ទឹក​សម្រាប់​ធ្វើ​កសិ​កម្ម​ ដើម​ទុន​កសិកម្ម​ និង​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ផលិតផល​កសិកម្ម​ ជា​អាយុជីវិត​របស់​កសិករ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។​  ​តើ​​កង្វះ​ទឹក​ ទុន​ និង​ទីផ្សារ​លក់​ផលិតផល​ជា​ឧបសគ្គ​ចំពោះ​វិស័យ​កសិកម្ម​យ៉ាងដូចម្តេច​?​

​វត្តមាន​ជា​តំណាង​កសិករ​ស្ត្រី​ឆ្នើម​មក​ពី​ខេត្តបាត់ដំបង​ នៅ​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦​ ស្តី​ពី​ «​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័​យ​​​កសិកម្ម​»​ ​អ្នកស្រី​ ខិល​ ខេ​ម​ បាន​និយាយ​ថា​ ក្តី​សង្ឃឹម​របស់​កសិករ​នៅ​ក្នុង​តំបន់​ដែល​អ្នកស្រី​រស់នៅ​ គឺ​ពឹង​​លើ​​ទឹក​​សម្រាប់​​ធ្វើ​​​កសិកម្ម​ចាំបាច់​បំផុត​។​ ស្ត្រី​វ័យ​ជាង​ ៥០​ ឆ្នាំ ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ខ្វះ​ទឹក​ និង​ ប្រព័ន្ធ​ធារាសាស្ត្រ​ កំពុង​ធ្វើ​ឱ្យ​ការ​បង្កបង្កើន​ផល​​កសិកម្ម​របស់​កសិករ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ព្រោះ​ប្រភព​ទឹក​នា​ពេល​បច្ចុប្បន្ន​ មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ផ្គត់ផ្គង់​តំរូវការ​កសិករ​។​

FARM-WOMEN4
អ្នកស្រី​ ខិល​ ខេ​ម​ កសិករ​ស្ត្រី​ឆ្នើម​មក​ពី​ខេត្តបាត់ដំបង

​តំណាង​កសិករ​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ​​រៀបរាប់​ឱ្យ​ដឹង​ទៀត​​ថា​ ​អ្នក​ស្រី​​​​នឹង​​កសិក​រ​ឯទៀត​នៅ​ក្នុង​ស្រុក​ភូមិ​ជាមួយ​​គ្នា​ មិន​​ខ្ជិល​ច្រអូស​ឡើយ​ក្នុង​​កិច្ច​ការងារ​​កសិ​កម្ម​ ព្រោះ​ការ​ធ្វើ​​កសិ​កម្ម​​មិន​​បាន​​ធ្វើ​ឱ្យ​សមា​ជិក​គ្រួសារ​​​​ចំណាក​​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​​ឡើយ​ ។​ អ្នកស្រី​ ខិល​ ខេ​ម​​ បានឱ្យ​ដឹង​ទៀត​ថា​៖ «កសិករ​ភាគច្រើន​នៅ​ក្នុង​តំបន់​​ភូមិ​​ស្រុកខ្ញុំ​គ្មាន​​​ប្រាក់​ ឬ​​ដើម​ទុន​​​គ្រប់​គ្រាន់​​សម្រា​ប់​ធ្វើ​​កសិកម្ម​​នោះ​​ទេ​។ ទន្ទឹម​គ្នា​នេះ​​​កសិករ​​​ភាគ​​ច្រើន​បាន​ខ្ចីប្រាក់​ពី​​គ្រឹ​ស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​​នានា​ មក​​ធ្វើ​ជា​ដើម​ទុន​ ដោយ​​រង់​ចាំ​​ដល់​​ពេល​ប្រមូល​​ផល​ក​សិកម្ម​​ទើប​សង​ប្រាក់​​ទៅ​គ្រឹ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​វិញ​»។​ អ្នកស្រី​ថា​ ពេល​លក់​ផលិត​ផល​​កសិ​​​កម្ម​ កសិករ​​បែរជា​គ្មាន​​ទីផ្សារ​សម្រាប់​លក់​ទៅ​វិញ​ ហើយ​បញ្ហា​នេះ​​កើត​​ឡើងជា​រៀង​រាល់​រដូវ​ប្រមូល​ផល​កសិកម្ម​។​

​អ្នកស្រី​ ខិល​ ខេ​ម​ បាន​ចាត់​ទុក​បញ្ហា​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​កសិករ​កម្ពុជា​ថា​ ដោយសារ​តែ​រដ្ឋាភិបាល​បាន​អនុ​ញ្ញាតិ​​ឱ្យ​ប្រទេស​ជិតខាង​នាំ​ចូល​ផលិតផល​កសិកម្មរ​វាយលុក​ដណ្តើម​យក​ទីផ្សារ​ផលិតផល​ក្នុងស្រុក​យ៉ាង​ខ្លាំង​។​ ក្នុង​នោះ​ដែរ​ តម្លៃ​​​​ប​ន្លែ​ផ្លែ​​ឈើ​ ឬ​ ផលិតផល​កសិកម្ម​នាំ​ចូល​មក​កម្ពុជា​ មាន​តម្លៃ​ថោក​ជា​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ជ្រើសរើស​ផលិត​​ផល​ទាំងនោះ​ភ្លាមៗ​តាម​តំរូវការ​។​​

កំពុង​ឈរ​ចាំ​បង្ហាញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​អ្នកចូលរួម​ និង​កសិករ​មក​ពី​ខេត្ត​ផ្សេង​ទៀត​ តំណាង​កសិករ​ស្ត្រី​ឆ្នើម​មក​ពី​ខេត្តកំពត​ អ្នកស្រី​ សុច​ ច​ន្ថា​ បាន​និយាយ​ថា​ កសិករ​នៅ​ខេត្តកំពត​កំពុង​ខ្វះ​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​របស់​ខ្លួន​។​ អ្នកស្រី​ថា​ កសិករ​លក់ក​សិ​ផង​ចេញ​ មាន​ស្រូវ​ជាដើម​ លក់​បាន​ក្នុង​តម្លៃ​ទាប​ ហើយ​ប្រាក់​ដែល​ទទួល​បាន​ មិន​អាច​កាត់កង​ទូទាត់​នឹង​ថ្លៃ​ដើមទុន​ក្នុង​ការ​ចំណាយ​បាន​ឡើយ​ ក្នុង​នោះ​ដែរ​កម្លាំង​នៃ​ការ​ផលិត​ទៀត​សោត​ ស្ត្រី​បាន​បំពេញ​កិច្ចការ​ក្នុង​វិស័យ​កសិកម្ម​ច្រើន​ជាង​បុរស​។​

FARM WOMEN
អ្នកស្រី​ ហ៊ុន​ សុខ​គា តំណាងកសិករ​ស្ត្រី​ឆ្នើមមក​ពី​ខេត្ត​កែប​

​កសិករ​ស្ត្រី​ឆ្នើម​មួយ​រូប​ទៀត​ មក​ពី​ខេត្ត​កែប​ អ្នកស្រី​ ហ៊ុន​ សុខ​គា​ បាន​និយា​យ​​​ថា​​៖ «បញ្ហា​ប្រឈម​ធំ​​បំផុត​របស់​កសិករ​នៅ​​ក្នុង​​សហ​​-​គមន៍​​​​ដែល​ខ្ញុំ​រស់​​នៅ​​​​គឺ​​​បញ្ហា​​​​ខ្វះ​​​ទឹក​​​ធ្វើ​​កសិកម្ម»​​​។​ កសិករ​រូប​នេះ​​បាន​ឱ្យ​ដឹង​​ថា​ ដោយ​សារ​​ខេត្ត​កែប​​​ជា​​តំបន់​ គ្រប​ដណ្តប់​​ដោយ​​ទឹក​ប្រៃ​ ព្រោះ​​ទឹកសាប​សម្រាប់​ធ្វើ​កសិកម្ម​មាន​​តិច​តួច​​បំផុត​ ហើយ​​ទឹក​សាប​មាន​នៅ​តាម​តំបន់​​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ​។​ ​ជា​​​តំ​ណា​ង​​​កសិ​ករ​​នៅ​​ខេត្ត​​កែប​ អ្នកស្រី​ ហ៊ុន​ សុខ​គា​ សុំ​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​ និង​ ភាគី​​​នានា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ជួយ​ដល់​កសិ​​ករ​​ដាំ​ដំណាំ​​តាម​​បែប​ធម្មជាតិ​ឱ្យ​បាន​ទូលំ​លាយ​ និង​ស្វែងរក​ទីផ្សារ​កសិ​កម្ម​​ផង​​ដែរ​​​។​

​និយាយ​បណ្តើរ​ លើក​បង្ហាញ​ពី​ផលិតផល​កសិកម្ម​មាន​បន្លែ​ និង​ ស្ករត្នោត​ដែល​ខ្លួន​ផលិត​ដាក់​តាំង​ក្នុង​វេទិការ​កសិករ​ថ្នាក់​ជាតិ​បណ្តើរ​ អ្នក​ស្ត្រី​ ហុយ​ ផា​រិ​ន​ កសិករ​ស្ត្រី​ឆ្នើម​មក​ពី​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​ គ្មាន​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ ជា​កង្វល់​ដ៏​ធំ​បំផុត​ចំពោះ​ស្ត្រី​ដែល​ដើរតួ​នាទី​ជា​អ្នករក​ចំណូល​រួមចំណែក​លើកកម្ពស់​ជីវភាព​គ្រួសារ​ ។​

Women-A
អ្នក​ស្ត្រី​ ហុយ​ ផា​រិ​ន​ កសិករ​ស្ត្រី​ឆ្នើម​មក​ពី​ខេត្តកំពង់ស្ពឺ

​ទន្ទឹម​គ្នា​នេះ​ អ្នក​ស្ត្រី​ ហុយ​ ផា​រិ​ន​ បាន​និយាយ​ថា៖​ «​ដ្បិត​ប​ច្ចប្ប​ន្ន​នេះ​​កសិក​រ​ផលិត​​កសិផល​បាន​ក៏​​​ពិត​មែន​​ ប៉ុន្តែ​​​ចំនួន​​​នៃ​​ការ​ផលិត​​ហាក់​​​នៅ​​មាន​​កម្រិត​​ទាប​​​នៅ​ឡើយ​​ ​ហើយ​​​​ប្រភព​ទឹក​ ទុន​ ព្រម​ទាំង​ទីផ្សារ​​​លក់​​ផលិត​ផល​​កសិ​កម្ម​​ជា​អ្វី​​ដែល​កសិករ​​ក្នុង​តំបន់​​អ្នកស្រី​ចង់​​បាន​​​​បំផុត​​»​។​

​ចំណែក​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​​រដ្ឋាភិ​បាល​​ស្ដី​​ពី​​កម្ពុជា​ មាន​​ប្រសាសន៍​​ថា​ ប្រសិន​បើ​​បញ្ហា​កសិ​កម្ម​​មិន​​ត្រូវ​​បាន​​ដោះ​ស្រាយ​ ឬ​ ​ស្វែង​រក​​ដំណោះ​ស្រាយ​​ឱ្យ​បាន​​សម​​ស្រប​​សម្រាប់​​​​កសិករ​​នោះ​​ទេ​ នោះ​​ប៉ះ​ពាល់​​លើ​​ជីវ​ភាព​គ្រួសារ​​កសិករ​​យ៉ាង​​ខ្លាំង​​។​ ទន្ទឹម​​គ្នា​​នេះ​ កសិក​រ​ស្ត្រី​បាន​​ដើរ​តួ​នាទី​​សំខាន់​​ក្នុង​​ដំណើរ​​ផលិត​កម្ម​​កសិ​កម្ម​​។​

លោក​មាន​ប្រសាសន៍​ថា​៖ ​«ដើ​ម្បី​ឱ្យ​ផលិត​ផល​កសិកម្ម​របស់​កសិករ​កម្ពុជា​ ​អាច​ប្រកួត​​ប្រជែង ​​និង ​​មាន​វត្ដ​មាន​​​នៅ​​ក្នុង​​ទីផ្សារ​ក្នុង​​តំបន់​​អាស៊ាន​​បាន​ ដរាប​ណា​តម្លៃ​នៃ​វ​ត្ថុធាតុ​ដើម​សម្រាប់​ធ្វើ​កសិក​ម្ម​មាន​តម្លៃ​ថោក ​ហើយ​​កសិករ​លក់​​កសិ​ផល​​​ចេញ​ទៅ​វិញ​​បាន​​ក្នុង​​តម្លៃ​​សម​រម្យ ​អាច​ឱ្យ​កសិករ​ទទួល​យក​បាន​ ពេល​នោះ​​កសិ​ករ​នឹង​បង្កើន​គុណ​ភាព​នៃ​ការ​ផលិត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​​​​»។

Tisakun-C
លោក​ ទី​ សុគន្ធ​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​

​ថ្លែង​​នៅ​​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​​ទី​​៦​ ស្តី​​ពី​​ «​​កសិ​ករ​​ស្ត្រី​ឆ្នើម​​ក្នុង​​វិស័​យ​​កសិ​កម្ម​​»​ ​លោក​​ ទី​ ​សុគន្ធ​ ​រដ្ឋ​លេខា​ធិការ​​នៃ​​ក្រសួង​កសិ​កម្ម​រុក្ខា​​ប្រមាញ់​​និង​​នេសាទ​ ​និង​​ជា​​សហ​​ប្រធាន​ក្រុម​ការ​ងារ​​បច្ចេក​ទេស​​កសិ​កម្ម​ និង​ ​ទឹក​ មាន​​ប្រសា​សន៍​​ថា​​ បញ្ហា​​កសិ​ករ​​ខ្វះ​​ទឹក​​ ខ្វះ​​ទុន​​ធ្វើ​​កសិ​កម្ម​ ​រាជ​រដ្ឋា​ភិបា​ល​​​កំពុង​​​ដោះ​​ស្រាយ​​​បញ្ហា​​នេះ​​ជូន​​កសិករ​​។​ ប៉ុន្តែ​​លោក​​មិន​​បាន​​បញ្ជាក់​​ពី​​ចំនួន​​ទឹក​ប្រាក់​​ដែល​​រដ្ឋា​ភិបាល​ផ្តល់​​​ជួយ​​ទ្រ​ទ្រង់​​ដល់​​​វិស័យ​​កសិ​កម្ម​​ឡើយ​ ដោយ​​លោក​​គ្រាន់​តែ​​បញ្ជាក់​ថា​ កន្លង​​ទៅ​​​​​រដ្ឋា​ភិ​បាល​ ​បាន​​យក​ចិត្ត​ទុក​ដាក់​​សម្រួល​​ដល់​​ការងារ​​កសិ​កម្ម​ ដូច​​ជា​ ការ​​មិន​​យក​ពន្ធ​​ដី​​កសិ​កម្ម​​ពី​​កសិ​ករ​ ការ​​នាំ​​ចូល​​ជី​​ វត្ថុ​ធាតុ​ដើម​​ ព្រម​ទាំង​​មិន​​យក​ពន្ធ​​លើ​​ការ​​នាំ​​ចូល​​ឧប​ករណ៍​​ប្រើ​ប្រាស់​​ក្នុង​​វិស័យ​​កសិ​កម្ម​​ជា​ដើម​​ ។​

Minister-of-Women
លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ ​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ

ទាក់​ទង​នឹង​​បញ្ហា​​កសិករ​​ស្ត្រី​​ក្នុង​​វិស័យ​​កសិ​​កម្ម​ ចំពោះ​​លោក​​​ស្រី​ អ៊ឹ​ង​ ក​ន្ថា​​ផា​វី​ រដ្ឋ​មន្ត្រី​ក្រសួង​​កិច្ច​ការ​​នារី​ មាន​​ប្រសា​សន៍​​ថា​ បញ្ហា​​​កសិ​ករ​​ខ្វះ​​ទឹក​ ខ្វះ​​ទុន​​ និង​​ខ្វះ​​ទីផ្សារ​​លក់​​ផលិត​​ផល​​កសិ​កម្ម​ ​ជា​​កង្វល់​​ដ៏​​ធំ​​បំ​ផុត​​របស់​​កសិ​ករ​ ជា​​ពិសេ​ស​​​កសិ​ករ​​​ជា​​ស្ត្រី​​ ហើយ​​បញ្ហា​​នេះ​​ក្រសួង​​ពាក់​ព័ន្ធ​​​​ ​ព្រមទាំង​ក្រសួ​ង​​​​​កិច្ច​ការ​​​នារី​​បាន​​យក​​ចិត្ត​​ទុក​ដាក់​​​លើ​​វិស័​យ​​​​នេះ​ ជា​មួយ​​អង្គ​ការ​​​ដៃ​គូ​​​មួយ​​ចំនួន​​។​ លោក​​ស្រី​​រដ្ឋ​មន្ត្រី​​បាន​​ឱ្យ​ដឹង​ទៀត​​ថា​ ដើម្បី​​ឱ្យ​​ផលិត​កម្ម​​កសិ​កម្ម​​មាន​​ទី​ផ្សារ​ ដំបូង​​ឡើយ​​កសិករ​​ត្រូវ​ យក​ចិត្ត​ទុក​ដាក់​​ទៅ​​លើ​​គុណ​ភាព​​នៃ​​ការ​​ផលិ​ត​​របស់​​ខ្លួន​​​ឱ្យ​​ បាន​​ល្អ​ជា​​មុន​​សិន​​ ហើយ​ការ​​បណ្តុះ​បណ្តាល​​កសិ​ករ​​ស្ត្រី​​​ក្នុង​​វិស័យ​​នេះ​​ជា​​រឿង​​ចាំ​ បាច់​​ដែល​​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ដែរ​​។​

តាមការ​ឱ្យ​ដឹង​ពី​វេទិ​កាក​សិករ​ថ្នាក​ជាតិ​លើក​ទី៦ នេះ​បាន​ឱ្យ​ដឹង​ថា​ នៅ​កម្ពុជា​ស្ត្រី​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​លើក​​កម្ពស់​សេដ្ឋ​កិច្ច​គ្រួសារ ​និង ​សន្តិ​សុខ​ស្បៀង​។ ក្នុង​នោះ​ដែរ ចំនួន​សរុប​នៃ​គ្រួសារ​ធ្វើ​កសិកម្ម​គឺ ២.៣ ​លាន​នាក់ ឬ ​ស្មើ​នឹង​ ៨៥ % នៃ​គ្រួសារ​សរុប​ក្នុង​ប្រទេស​។ ក្នុង​ចំណោម​នេះ ​មាន ៨០ ​% នៃ​គ្រួសា​រធ្វើ​កសិ​កម្ម ដែល​មេគ្រួសារ​ជា​បុរស ​និង ​២០ ​% មេ​គ្រួសារ​ជា​ស្ត្រី​។​

វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៩ ខែ​មីនា ឆ្នាំ ​២០១៦ ​នេះ ​​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​យេ​ន​ឌ័​រ​ និង​កុមារ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ដោយ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ចំនួន​ជាង​ ២០​ ព្រមទាំង​វិស័យ​ឯកជន​ផង​ដែរ​។​ វេទិកា​នេះ​ មាន​អ្នកចូលរួម​ប្រហែល​ ២៥០​ នាក់​ជា​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ ព្រមទាំង​កសិករ​មក​ពី​ប្រាំ​តំបន់​ក្នុង​ប្រទេស​កម្ពុជា​៕

Share

Image
Image
Image