en     km
en     km

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

Share

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា បណ្តាញសារព័ត៌មានជាច្រើននៅតែផ្សព្វផ្សាយព័ត៌មានបំពានលើស្រ្តីជាជនរងគ្រោះ តាមរយៈការបង្ហាញអត្តសញ្ញាណ ឈ្មោះ ទីតាំងរស់នៅ ពិសេសការបង្ហាញនូវរូបភាពជនរងគ្រោះដោយមិនបានបិទបាំង ឬបិទបាំងតិចតួច។ ការរកឃើញនេះត្រូវបានដាក់បង្ហាញក្នុងកម្មវិធីកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន និងការបញ្រ្ចាប យេនឌ័រ ក្រោមប្រធានបទ ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី នៅថ្ងៃទី០៣-០៤ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ។

 

វាគ្មិនក្នុងកម្មវិធីកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន និងការបញ្រ្ចាបយេនឌ័រ ក្រោមប្រធានបទ ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ។

 

របាយការណ៍ស្រាវជ្រាវខ្លីមួយរបស់អង្គការ Action AIDS កម្ពុជាបង្ហាញថា ស្ថាប័នព័ត៌មានជាង១០ ដែលកំពុងមានប្រជាប្រិយភាពពីសំណាក់អ្នកអាន​ នៅតែបន្តផ្សាយអត្ថបទព័ត៌មានដោយប្រើពាក្យពេចន៍ និងរូបភាពប្រមាថ បំពានលើស្រ្តីដែលជាជនរងគ្រោះ។ ការផ្សព្វផ្សាយព័ត៌មានបែបនេះ អ្នកជំនាញលើកឡើងថា ធ្វើឱ្យជនរងគ្រោះជាស្រ្តីមានអារម្មណ៍ថា ខ្លួនរងការប្រមាថពីអត្ថបទសារព័ត៌មាន និងពីមហាជនទូទៅដែលស្គាល់។ ការស្រាវជ្រាវរបស់អង្គការ Action AIDS ​នេះ ធ្វើឡើងបន្ទាប់ពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី​ ត្រូវបានដាក់ឱ្យអនុវត្តរយៈពេលមួយឆមាសក្នុងឆ្នាំ២០១៨។

កញ្ញា ឃួន ច័ន្ទទេវី បុគ្គលិកផ្នែកកម្មវិធីសិទ្ធិស្រ្តីនៃអង្គការ Action AIDS កម្ពុជា និយាយថា សារព័ត៌មានមួយចំនួនទាំងសារព័ត៌មានចាស់វស្សាក្តី និងសារព័ត៌មានមហាជន ឬហ្វេសប៊ុកក្តី នៅតែសរសេរ និងដាក់រូបភាពដែលអាចសម្គាល់បានពីអត្តសញ្ញាណជនរងគ្រោះ ដែលប្រការនេះបានប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងអារម្មណ៍របស់ជនរងគ្រោះ។ កញ្ញាបន្តថា ស្ថាប័នសារព័ត៌មានទាំងអស់ គប្បីបិទបាំងរូបភាពស្រ្តីជនរងគ្រោះ និងមិនត្រូវប្រើពាក្យពេចន៍ប្រមាថ​ ម៉ាកងាយ ស្តីបន្ទោសក្នុងអត្ថបទឡើយ។

កញ្ញា ឃួន ច័ន្ទទេវី៖«តែយើងនៅតែមើលឃើញថា សារព័ត៌មានទាំងអស់ហ្នឹងគាត់នៅតែបង្ហាញអត្ថសញ្ញាណជនរងគ្រោះ ទោះបីសារព័ត៌មានខ្លះបិទមុខដាក់ព្រាលៗ តែរូបព្រាលៗនៅតែអាចកំណត់បានអត្តសញ្ញាណជនរងគ្រោះ ហើយបើទោះបីជាប្រកាសបាននិយាយមិនបង្ហាញឈ្មោះ ទីកន្លែង អាស្រ័យដ្ឋានរបស់ជនរងគ្រោះ តែក្នុងសារព័ត៌មានបានដាក់រូប ឈ្មោះទាំងអស់តែម្តង»។

                                                                           ​កញ្ញា ឃួន ច័ន្ទទេវី អង្គុយនៅចុងខាងឆ្វេង។

 

ស្ថាប័នសារព័ត៌មានធំៗមួយចំនួនដែលអង្គការ Action AIDS កម្ពុជា បានរកឃើញថា នៅសរសេរ និងដាក់រូបភាពបំពាន លើជនរងគ្រោះជាស្រ្តីនោះរួមមាន កាសែត Khmer Times កាសែតភ្នំពេញប៉ុស្តិ៍ រស្មីកម្ពុជា កម្ពុជាថ្មី អង្គភាពសារព័ត៌មាន Fresh News  កោះសន្តិភាព និងសារព័ត៌មានខ្មែរឡូតជាដើម។

លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជាមានប្រសាសន៍ថា អ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់ គប្បីមានស្មារតីប្រុងប្រយ័ត្ននៅពេលចេញផ្សាយអត្ថបទព័ត៌មានទាក់ទងបញ្ហាស្រ្តី ដូចជាករណីរំលោភ និងហិង្សាលើស្រ្តីជាដើម។ លោកបន្តថា ប្រសិនបើអ្នកសារព័ត៌មានខ្វះការយល់ដឹង ដោយចេញផ្សាយអត្ថបទដាក់រូបភាពច្បាស់ៗ ​ប្រាប់ឈ្មោះ ទីលំនៅជនរងគ្រោះជាស្រ្តី នោះនឹងធ្វើឱ្យជនរងគ្រោះកាន់តែរងគ្រោះទ្វេដងក្រោយកើតហេតុ។

លោក ឆាយ សុផល៖«គាត់គឺរូបគ្រោះមួយដោយសារការរំលោភនេះ ពេលដែលយើងបង្ហាញរូបគាត់ជាសាធារណៈ ធ្វើឱ្យគាត់រងគ្រោះឈឺចាប់ម្តងទៀត»។

                                                              ​លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា។

 

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ម៉ាន ចន្តា​ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ដើម្បីរក្សាបានភាពថ្លៃថ្នូររបស់ស្រ្តី ពីការវាយប្រហារពីសំណាក់បណ្តាញសារព័ត៌មានមួយចំនួន ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានដាក់ចេញនូវប្រកាសរួម ស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដើម្បីឱ្យអ្នកសារព័ត៌មានអាចបញ្ចៀសបានការធ្វើសេចក្តីរាយការណ៍ដែលប៉ះពាល់លើស្រី្តជាជនរងគ្រោះ និងរក្សាបានក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ជាងនេះទៀតក្រមប្រតិបត្តិនេះ មានបំណងជំរុញឱ្យអ្នកសារព័ត៌មានអាចចូលរួមសរសេរនូវអត្ថបទដោយថ្កោលទោសឱ្យបានខ្លាំងក្លាលើជនល្មើស និងផ្តល់ការអប់រំបញ្ឈប់អំពើហិង្សាលើស្រ្តីជាដើម។

លោកស្រី ប៉ែន រ៉ានី ប្រធានផ្នែកនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) លើកឡើងថា អ្នកសារព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឈានទៅលុបបំបាត់អំពើហិង្សាលើស្រ្តីនៅក្នុងសង្គមម។ តែយ៉ាងណាលោកស្រីសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវរាយការណ៍ដោយត្រូចលាក់អត្ថសញ្ញាណជនរងគ្រោះ ដើម្បីរក្សាបានកិត្តិយសជនរងគ្រោះ និងបញ្ចៀសបាននូវការរើសអើង និងវាយប្រហារលើស្រ្តីផងដែរ។

លោកស្រី ប៉ែន រ៉ានី៖«គាត់រងគ្រោះម្តងហើយ ប្រសិនបើយើងយករូបគាត់មកដាក់ក្នុងសារព័ត៌មានរហូតដាក់ទាំងរូបភាពនៃការប្រព្រឹត្តិហ្នឹងទៀត ហើយដាក់ទាំងឈ្មោះ ទាំងអាស័យដ្ឋានរបស់គាត់ អីចឹងវាប៉ះពាល់ដល់កិត្តិយសរបស់គាត់ធ្វើឱ្យអ្នកផ្សេងបានដឹងបានលឺ ហើយវាអាចឈានទៅដល់ការរើសអើងរបស់ជនរងគ្រោះក្នុងសហគមន៍ភូមិឃុំរបស់គាត់ទៀត។ សរុបមកវិញអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអំពីអំពើហិង្សាដោយគោរពតាមក្រម ចូលរួមអប់រំប្រជាពលរដ្ឋដើម្បីឱ្យយលដឹងពីបញ្ហានេះ ដែលជាបញ្ហាអវិជ្ជមានក្នុងសង្គម ហើយប្រជាជនធ្វើយ៉ាងលុបបំបាត់អំពើហ្នឹងទាំងអស់គ្នា »។

                                               ​លោកស្រី ប៉ែន រ៉ានី ប្រធានផ្នែកនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។

 

សូមបញ្ជាក់ថា ប្រកាសរួមស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដែលមាន ១៥ មាត្រា បានបង្កប់សារសំខាន់ៗដោយជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ ត្រូវគោរពសិទ្ធិ ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ កិតិ្តយស សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងក្រុមគ្រួសារ ពេលធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តី។ ក្រមនេះក៏ជួយដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរ ដែលធ្វើឱ្យជនរងគ្រោះមានក្តីសង្ឃឹមលើការរកសេវា។ ជាងនេះទៀត ក្រមនេះក៏បានផ្តល់ការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឱ្យផ្លាស់ប្តូរឥរិយាបថ ទម្លាប់អវិជ្ជមាន និងផ្នត់គំនិតដែលយល់ខុសចំពោះជនរងគ្រោះដោយអំពើហិង្សា៕

Share

Image
Image
Image