en     km
en     km

ការ​យល់​ឃើញ​របស់​យុវវ័យ​ខ្មែរ​ចំពោះ​ស្ត្រី​ដែល​រួម​ភេទ​ជាមួយ​គូសង្សារ​មុន​រៀប​ការ​

Share

couple-pix-in-bed-cover

​នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​ កូនស្រី​តែងតែ​ត្រូវ​បាន​អាណាព្យាបាល​គ្រប់គ្រង​ និង​ប្រៀនប្រដៅ​យ៉ាង​តឹងរ៉ឹង​ជាង​កូនប្រុស​ ដោយហេតុ​ថា​មនុស្ស​ស្រី​ជា​ភេទ​ទន់ខ្សោយ​និង​ងាយ​រង​គ្រោះ​ទាំង​ផ្នែក​រាង​កាយ​ និង​ស្មារតី​ជាង​។​ កូនស្រី​ជា​តំណាង​កិ​តិ្ត​យស​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​ខ្មែរ​ ដូច្នេះ​ការ​ប្រៀនប្រដៅ​កូនស្រី​ឲ្យ​សក្តិ​សមជា​ស្ត្រី​ខ្មែរ​តែងតែ​មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​ពី​សង្គម​គ្រួសារ​។​ មាន​ក្បួនច្បាប់​ខ្មែរ​ជា​ច្រើន​ដែល​បាន​ចងក្រង​ដើម្បី​ប្រៀនប្រដៅ​ស្ត្រី​ ហើយ​ក្នុ​ន​ចំណោម​ដំបូន្មាន​ទាំងនោះ​ ការ​ហាម​មិន​ឲ្យ​កូនស្រី​មាន​ទំនាក់ទំនង​ផ្លូវភេទ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ គឺ​ត្រូវ​បាន​គេ​ប្រកាន់ខ្ជាប់​រហូត​មក​។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី​ នា​ពេល​បច្ចុប្បន្ន​នេះ​យុវជន​ យុវតី​មួយ​ចំនួន​មាន​ភាព​ក្លាហាន​ ហើយ​ហ៊ាន​បើកចំហ​ពី​ស្នេហា​របស់​ពូក​គេ​ច្រើន​ជាង​មុន​។​ យុវតី​ខ្លះ​ហ៊ាន​សម្រេចចិត្ត​ជ្រើសរើស​ដៃគូ​ស្នេហា​ និង​បាន​ឈាន​ដល់​ការ​រួម​ភេទ​មុន​រៀប​កា​ជាមួយ​ដៃគូរ​សង្សារ​ទៀត​ផង​ ដែល​សង្គម​ខ្មែរ​យល់​ថា​នេះ​ជា​ការ​ប្រព្រឹត្តិ​ខុស​ហើយ​ប្រាសចាក​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន​។​ តើ​យុវជន​កម្ពុជា​បច្ចុប្បន្ន​យល់​ឃើញ​យ៉ាងដូចម្តេច​ចំពោះ​យុវតី​ដែល​ហ៊ាន​រួមរស់​ ឫ​ រួម​ភេទ​ជាមួយ​គូសង្សារ​មុន​ពេល​រៀប​ការ​?

​ទាក់ទិន​នឹង​បញ្ហា​នេះ​ យុវតី​បូ​រ៉ា​ន​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ឃើញ​ថា​ យុវតី​ខ្មែ​មិន​គួរ​រួមរស់​ ឫ​ ក៏​រួម​ភេទ​ជាមួយ​ដៃគូ​ស្នេហា​មុន​ពេល​រៀប​ការ​នោះ​ទេ​។​ «​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​ ស្ត្រី​ខ្មែរ​ត្រូវ​couple-pixប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្លួន​ មិន​ត្រូវធ្វើ​វប្បធម៌​ទំនៀមទម្លាប់​បរទេស​នោះ​ទេ​។​ ទោះបីជា​មាន​មតិ​ខ្លះ​យល់​ថា​ទស្សន​បែប​នេះ​ហួស​សម័យ​ក្តី​ តែ​ត្រង់​រឿង​រួមរស់​ជាមួយ​គ្នា​ដោយ​មិន​បាន​រៀប​ការ​ គឺជា​រឿង​មិន​អាច​ទទួលយក​បាន​នៅ​ក្នុង​សង្គម​ខ្មែរ​ ព្រោះថា​វា​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ទាំងឡាយ​»​។​

​ស្រ​ដៀង​គ្នា​នេះ​ដែរ​ យុវជន​សំណាង​ជា​និស្សិត​ច្បាប់​ម្នាក់​បាន​បញ្ចេញយោបល់​ផង​ដែរ​ថា​ រឿង​រស់នៅ​ជាមួយ​គ្នា​រវាង​មនុ​ស្រី​ និង​ មនុស្ស​ប្រុស​ទាំង​មិន​បាន​រៀប​ការ​តាម​ប្រពៃណី​គឺជា​ការ​មិន​ត្រឹមត្រូវ​សោះឡើយ​ ទោះបី​ពួក​គេ​ជា​គូរ​សង្សារ​នឹង​គ្នា​ក្ដី​។​ សំណាង​សង្កត់ធ្ងន់​ថា​ ប្រពៃណី​ខ្មែរ​មាន​តំណម​យ៉ាង​តឹងរ៉ឹង​ខ្លាំង​ចំពោះ​កូនស្រី​ ហើយ​ពួក​គេ​អាច​រស់នៅ​ជាមួយ​ដៃគូ​ស្នេហា​បាន​លុះត្រាតែ​ឆ្លងកាត់​ការ​ក្រាប​ផ្ទឹម​រៀប​ការ​ដល់​កន្ទេល​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជា​មុន​សិន​។​

​និយាយ​ដោយ​ទឹកមុខ​ម៉ឺងម៉ាត់​ យុវជន​វ័យក្មេង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ «​នេះ​ជា​ទ​ង្វើ​ភ្លើតភ្លើន​មួយ​ពេល​តាម​រយៈ​ការ​ចម្លង​យក​វប្បធម៌​ពី​ខាងក្រៅ​ តែ​លទ្ធផល​យុវតី​ដែល​ប្រព្រឹត្តិ​បែប​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ខ្លួនឯង​ផ្ទាល់​ និង​ក្រុម​គ្រួសារ​ និង​តម្លៃសង្គម​ខ្មែរ​»​។​

​ជា​ការ​ពិត​ណាស់​ ការ​រស់នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ការ​ ពិតជា​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ ឫ​គាំទ្រ​ឡើយ​នៅ​ក្នុង​សង្គម​ខ្មែរ​ ជា​ពិសេស​គឺ​ភាគី​ជា​ស្រី​តែ​ម្តង​ ដោយហេតុ​ថា​ នោះ​ជា​កា​រប​ន្ថា​ប​បន្ថោក​តម្លៃ​គ្រួសារ​ ក៏​ដូច​ជា​ប្រពៃណី​ខ្មែរ​ទាំងមូល​។​ តែ​ទោះបីជា​មាន​មតិ​ប​ដិ​សេ​ដ​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​បែប​នេះ​ក្តី​ ក៏​នៅ​មាន​យុវជន​មួយ​ចំនួន​យល់​ថា​វា​មិនមែន​ជា​ការ​ខុស​ទាស់​អ្វី​នោះ​ទេ​។​

​ជាក់ស្តែង​ កញ្ញា​ វិ​ជ្ជ​នា​ ជា​និស្សិត​ផ្នែក​គីមីវិទ្យា​នៅ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ​វិញ​បាន​ឲ្យ​ដឹង​ថា​៖​ «​វា​ត្រឹមត្រូវ​ហើយ​ដែល​យើង​ជា​យុវតី​គួរតែ​គិតដល់​បញ្ហា​នេះ​បើ​គិតដល់​ទំនៀមទម្លាប់​វប្បធម៌​របស់​ជាតិ​ខ្លួន​ ប៉ុន្តែ​សម័យ​ឥឡូវ​គេ​មិនសូវ​គិត​ច្រើន​ពេក​នោះ​ទេ​ចំពោះ​រឿង​ហ្នឹង​។​ វា​មិនមែន​ជា​រឿង​ធំដុំ​ទេ​ដែល​គេ​ឈាន​ដល់​ការ​រួម​ភេទ​មុន​រៀប​ការ​ ពីព្រោះ​ថា​រឿង​ដែល​សំខាន់​នោះ​គឺ​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ ហើយ​គ្រាន់តែ​យុវតី​ខ្លួន​ហ្នឹង​ចេះ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ថ្លោះធ្លោយ​រហូត​ដល់​មាន​ផ្ទៃពោះ​…»​។​

​ចំណែកឯ​ ស្រី​ល័​ក្ខ​ ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក៏​មាន​ទស្សន​មិន​ខុស​ពី​ វិ​ជ្ជ​នា​ប៉ុន្មាន​ដែរ​។​ ស្រី​ល័​ក្ខ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ កញ្ញា​មាន​ទំនាក់ទំនង​ស្នេហា​រយៈពេល​២​ឆ្នាំ​កន្លះ​ និង​បាន​រួម​ភេទ​ជាមួយ​គ្នា​ប៉ុន្តែ​មិន​បាន​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ទេ​។​ ប៉ុន្តែ​នាង​ព្យាយាម​លាក់​រឿង​នេះ​មិន​ឲ្យ​ក្រុម​គ្រួសារ​ដឹង​ឡើយ​។​

Photo by Dennis Kaarsgaam-Couple
រូបតំណាង៖ Dennis Kaarsgaam-Couple

យុវ​និស្សិត​រូប​នេះ​បាន​ប្រាប់​ទៀត​ថា​ ម្តាយ​របស់​នាង​ក៏​បាន​ស្គាល់​មិត្ត​ប្រុស​របស់​នាង​ ប៉ុន្តែ​គាត់​មិន​បានដឹង​ពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​នាង​ និង​ មិត្ត​ប្រុស​។​ ស្រី​ល័​ក្ខ​ ប្រាប់​ថា​ម្តាយ​របស់​នាង​មិន​បាន​ប្រាម​មិន​ឲ្យ​នាង​មាន​សង្សារ​នោះ​ទេ​ តែ​សំខាន់​មិន​ឲ្យ​ប្រព្រឹត្តិ​ខុស​ប្រពៃណី​ដូច្នេះ​ហើយ​ទើប​នាង​លាក់​រឿង​រួម​ភេទ​ជាមួយ​ដៃគូរ​មិន​ឲ្យ​ម្តាយ​ដឹង​។​

​អង្គុយ​លើ​កៅអី​ ជិត​ស្រី​ល័​ក្ខ​នៅ​ក្នុង​បរិវេណ​សាលារៀន​មួយ​ នោះ​គឺ​ ភី​ឆៃ​ ជា​មិត្ត​ប្រុស​របស់​ស្រី​ល័​ក្ខ​។​ ញញឹម​បណ្តើរ​ ភី​ឆៃ​ឆ្លៀត​និយាយ​បណ្តើ​រថា​៖​ «​បើ​ទោះបីជា​ពួក​គេ​បាន​រួមរស់​ជាមួយ​គ្នា​មុន​រៀប​ការ​ក្ដី​ ខ្ញុំ​មិន​បាន​គិត​ថា​ស្រី​ល័​ក្ខ​ជា​ស្រី​ចិត្ត​ងាយ​ឡើយ​។​ សម្រាប់​ខ្ញុំស្រី​ល័​ក្ខ​ជានា​រី​ល្អ​ម្នាក់​ ហើយ​ជានា​រី​ដែល​ខ្ញុំ​ចង់​បានជា​គូរ​អនាគត​។​ ពួក​យើង​ក៏​មាន​គម្រោង​រៀបចំ​អនាគត​ជាមួយ​គ្នា​ពេល​ណា​រៀន​ចប់​ និង​មានការ​ងារ​រៀងៗ​ខ្លួន​»​។​

ពី​ជំនាន់​មុន​ ការ​រៀប​អាពាហ៍ពិពាហ៍​ភាគច្រើន​ជា​ការ​រៀបចំ​ឡើង​ដោយ​ឪពុក​ម្តាយ​ ហើយ​មាន​ពេល​ខ្លះ​ភាគី​កូនកំលោះ​កូនក្រមុំ​មិន​ទាំង​ធ្លាប់​ឃើញ​មុខ​គ្នា​ម្តង​ផង​មុន​ថ្ងៃ​រៀប​ការ​។​ ដោយឡែក​ ពេល​បច្ចុប្បន្ន​នេះ​ភាគច្រើន​គូស្នេហ៍​ស្វែង​យល់ចិត្ត​គ្នា​ជា​មុន​សិន​ទើប​គេ​ធ្វើការ​សម្រេចចិត្ត​រៀប​ការ​ជា​ក្រោយ​។​

​លោក​ លី​ម​ សុខ​ចិន្ដា​ ជា​គ្រូបង្រៀន​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ​បាន​មាន​យោបល់​ថា​ នេះ​ជា​ការ​វិវឌ្ឍន៍​របស់​សង្គម​ យុវជន​ហ៊ាន​ប្រឡូក​ក្នុង​រឿង​ស្នេហា​។​ ការ​រីក​ចំរើន​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​គ្រប់​ទីកន្លែង​ជា​កត្តា​ទាក់ទាញ​នាំ​ឲ្យ​គេ​ចង់​សាកល្បង​ការ​រួម​ភេទ​។​ ប៉ុន្តែ​ចំពោះ​យុវជន​ដែល​ស្រលាញ់​ការ​រៀនសូត្រ​គេ​ផ្តោត​ច្រើន​ទៅ​លើ​ការ​សិក្សា​ទោះបី​គេ​មាន​ស្នេហា​ប្រុស​ស្រី​ក្តី​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ Dj​ NaNa​ ជា​អ្នក​ដោះស្រាយ​វិបត្តិ​ស្នេហា​យុវវ័យ​ បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ «​យុវតី​ខ្លះ​ត្រូវ​បាន​បុរស​បោកប្រាស​ចិត្ត​នៅ​ពេល​ណា​គេ​លង់​ខ្លូ​ន​ដល់​ការ​រួម​ភេទ​។​ មិន​ថា​អ្នក​ដែល​ត្រៀមខ្លួន​រួច​ ឬ​មិន​ទាន់​ក្តី​យុវតី​ទាំងអស់​គួរតែ​ឆ្លាត​វៃ​ចំពោះ​អ្វី​ដែល​បាន​ខ្លួន​បាន​ធ្វើ​ និង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ Dj​ NaNa​ បាន​បញ្ជាប់​ប្រាប់​ផង​ដែរ​ថា​ តាម​រយៈ​ការ​កត់សម្គាល់​របស់​នាង​ គូស្នេហ៍​ដែល​រួមរស់​ជាមួយ​គ្នា​មុន​រៀប​ការ​គឺ​មានការ​កើន​ឡើ​ន​ច្រើន​ក្នុង​សង្គម​ខ្មែរ​ឥលូវ​នេះ​។​

​ស្រ​ដៀង​គ្នា​នេះ​ លោកស្រី​ធីតា​ ឃឹះ​ ជា​នាយិកា​ប្រធាន​អង្គការ​សីល​កា​បាន​មាន​ប្រសាសន៍​ថា​ យុវជន​នៅ​មានគំនិត​ក្មេងខ្ចី​នៅឡើយ​ប្រ​សិន​ណា​រួមរស់​ជាមួយ​គ្នា​មុន​រៀប​ការ​ជា​ពិសេស​គឺ​យុវតី​ដែល​ងាយ​រង​គ្រោះ​ជាង​បុរស​។​ ផល​លំបាក​ចំពោះ​យុវតី​ទាំងនោះ​រួម​មាន​ទាំង​បញ្ហា​ផ្លូវភេទ​ ផ្លូវ​ស្មារតី​ ហិរញ្ញ​វ​ត្តុ​ និង​កេ​រិ៍្ត​ឈ្មោះ​ ពីព្រោះ​លោកស្រី​មើលឃើញ​ថា​ពួក​គេ​ភាគច្រើន​នៅ​មិន​ទាន់​ត្រៀម​ខ្លូ​ន​រួចរាល់​នោះ​ទេ​សម្រាប់​ខ្លួនឯង​ និង​គ្រួសារ​ក៏​ដូច​ជា​សង្គម​ជាតិ​។​ ដូចនេះ​យុវជន​គួរ​គ​ម្បី​ស្វែង​យល់ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​រួមរស់​ជាមួយ​គ្នា​ដូច​ប្តី​ និង​ប្រពន្ធ​៕

Share

Image
Image
Image