en     km
en     km

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

Share

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ថាលោក កឹម​ សុខា នឹងធ្វើឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំនៅឆ្នាំ ២០២០ ខណៈកញ្ញាថា ក្រុមលោក សម រង្ស៊ី កំពុងធ្វើនយោបាយដ៏គម្រក់ ។ សកម្មភាពរបស់មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ មកពីសមាសភាពគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី កំពុងតែទាញឱ្យសមាសភាពរួមគ្នា ឱ្យបែកបាក់គ្នាទៅវិញ ។​ អ្នកវិភាគគម្រាមថា បើមានការបែកបាក់ គឺជាបរាជ័យយ៉ាងធំ ហើយសម្លេងគាំទ្រក៏នឹងធ្លាក់ចុះជាងមុនការរួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិទៀតផង ។

រាយការណ៍ដោយ លោក សោម លាភ

កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានសរសេរលើគណនីហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ៤ ខែធ្នូថា លោក កឹម សុខា ឆ្នាំ២០២០ នឹងជំរុញឱ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំ ដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់ ។ កញ្ញាថា លោក កឹម សុខា នឹងបំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់ជាតិ លើកកម្ពស់កិត្តយសកម្ពុជាលើឆាកអន្តរជាតិ ដើម្បីបន្ត និង ពង្រីក ទាញយកប្រយោជន៍ពីប្រទេសជាមិត្តក្នុងការស្តារសង្គមជាតិ និងសេដ្ឋកិច្ចកម្ពុជា ។

កាលពីថ្ងៃទី ៣ វិច្ឆិកា កញ្ញាកឹម មនោវិទ្យា ក៏បានសរសេរពាក់ព័ន្ធនឹងការបញ្ជូនសំណុំរឿងក្ដីឧពុករបស់កញ្ញាទៅជំនុំជម្រះក្ដីក្នុងន័យដើមថា «តុលាការបក្សប្រជាជនកំពុងព្យាយាមកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិ ថាជាអាយ៉ងអាមេរិក បន្ទាប់ពីការចាប់ខ្លួនគាត់យ៉ាងព្រៃផ្សៃនិងឃុំគាត់ទាំងខុសច្បាប់ ជាង២ឆ្នាំមក»

កញ្ញាបន្តថា ទន្ទឹមនឹងនេះ «ក្រុម លោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថាជាអាយ៉ងបក្សកាន់អំណាច ដោយភ័យជ្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ»

កញ្ញាហៅការធ្វើនយោបាយបែបនេះថា ជានយបាយដ៏គម្រក់ ដែលកញ្ញាថាត្រូវតែប្តូរអោយបានជាដាច់ខាតពីកម្ពុជា ។

ជាការឆ្លើយតប កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត  នៅថ្ងៃទី ៤ ធ្នូ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា កញ្ញាពិតជាកូនកតញ្ញូរបស់ឪពុករបស់កញ្ញាពិតមែន ប៉ុន្តែមិនមែនបានន័យថា កញ្ញាកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ ។

អតីតចៅសង្កាត់អូចារមកពីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្តថា អ្វីដែលកញ្ញាកឹម មនោវិទ្យាលើកឡើង គឺមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្សឡើយ ។ កញ្ញាបន្ថែមទៀតថា កញ្ញាកឹម មនោវិទ្យា ក៏មិនឱ្យតម្លៃ ទៅលើអ្នកគាំទ្រនៅក្រៅប្រទេសដែលខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យមាន​ដោះលែងលោក កឹម សុខា ទាំងដែលភាគច្រើនបំផុតគ្មានកញ្ញាកឹម មនោវិទ្យាចូលរួមនោះទេ ។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត ថា កញ្ញា កឹម មនោវិទ្យា តែងតែនិយាយថា ប្រជាធិបតេយ្យជាប់តែមាត់ ។

កាលពីថ្ងៃទី ០៣ ធ្នូ ក៏បានសរសេរលិខិតចំហរជូនលោក កឹម សុខាលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនដោយកញ្ញាបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា លោក កឹម សុខា នឹងមិនបែកផ្លូវពីលោក សម រង្ស៊ី ដែលជាអតីតសហស្ថាបនិកនៃអតីតគណបក្សសង្គ្រោះជាតិ ។

អតីតចៅសង្កាត់អូចាររូបនេះបង្ហាញក្ដីសង្ឃឹមថា លោក កឹម សុខា នឹងនៅតែគោរពស្មារតីដោយមិនធ្វើអ្វីឱ្យអតីតសកម្មជន និងពលរដ្ឋអស់សង្ឃឹម រួមទាំង រក្សាបាននូវកិត្តិយសដែលពលរដ្ឋផ្តល់ជូនឱ្យបានស្ថិតស្ថេរមិនប្រែប្រួលជាដាច់ខាតផងដែរ ។

មានការលើកឡើងថា លោក កឹម សុខា អាចនឹងដើរចេញពីលោក សម រង្ស៊ី ដើម្បីធ្វើនយោបាយ ក្រោយពេលដែលមានការសម្រេចពីតុលាការ ហើយលោកមានសេរីភាពវិញដោយប្រការណាមួយ ។

លោក ឯម សុវណ្ណារ៉ាអ្នកវិភាគនយោបាយមានប្រសាសន៍ថា បើលោក កឹម សុខា នឹងលោក សម រង្ស៊ី ចែកផ្លូវនយោបាយគ្នា នោះផលប្រយោជន៍ធំនឹងបានទៅគណបក្សប្រជាជនកម្ពុជា ខណៈនេះជាអ្វីដែលគណបក្សនេះចង់បាន ។

យ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា គ្មាននរណាបំបែកបាក់លោក សម រង្ស៊ី និងលោក កឹម សុខានោះទេ តែអ្នកនយោបាយទាំងពីរនេះ បែកបាក់គ្នាដោយខ្លួនឯង ។

មិនត្រឹមតែមិនអាចផ្សះផ្សារជាតិនោះទេ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍បន្ថែមថា លោក កឹម សុខា និងលោក សម រង្ស៊ី បើចែកផ្លូវនយោបាយគ្នា ខុសពីឆន្ទៈប្រជាពលរដ្ឋនោះនឹងមានតែការខាត ខណៈលោក កឹម សុខា រកតែបីកៅអីដូចមុនបង្កើតគណបក្សសង្គ្រោះជាតិក៏គ្មានផង  ។

គួរំលឹកថា សំណុំរឿងក្ដីលោក កឹម សុខា ក្រោយពេលដែលមានការបើការស៊ើបសួរអស់រយៈពេលជាងពីឆ្នាំមក ចៅក្រមស៊ើបសួរនៃសាលានៃដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនរឿងទៅជំនុំជម្រះហើយ ។

ខណៈមានការបញ្ជូនរឿងទៅជំនុំជម្រះបែបនេះ សហមេធាវីរបស់លោក កឹម សុខា បានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការ​សម្រេច​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២​ធ្នូ​កន្លង​ទៅ​ ៕

Share

Image
Image
Image