en     km
en     km

ក្រសួងព័ត៌មានស្នើអាមេរិកជួយណែនាំវិទ្យុអាស៊ីសេរីកែតម្រូវការផ្សាយជំលោះដីធ្លីនៅខេត្តក្រចេះ

Share

ក្រសួងព័ត៌មាន កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសអាមេរិកឲ្យណែនាំវិទ្យុអាស៊ីសេរី ​កែតម្រូវអត្ថបទ​របស់ខ្លួនដែលបានចុះផ្សាយ​ជុំវិញបញ្ហាជម្លោះដីធ្លីនៅខេត្ត​ក្រចេះ​កាលពីសប្ដាហ៍មុន។

លិខិតរបស់ក្រសួងព័ត៌មានផ្ញើទៅកាន់ក្រសួងការបរទទេសអាមេរិក តាមរយៈក្រសួងការបរទេសកម្ពុជា ដោយធ្វើឡើង ថ្ងៃទី១៥ ខែ មីនា ។

លិខិតបានរៀបរាប់​ថា កាលពីថ្ងៃទី​០៨ ខែមីនា វិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមិនពិតថា មានពលរដ្ឋ ៦នាក់ ត្រូវ​បាន​សម្លាប់ និង ៤០នាក់​ទៀតរងរបួស​ក្នុងហេតុការណ៍ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ ជុំ​វិញជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ។

លិខិតនោះ ក្រសួងព័ត៌មានបានបញ្ជាក់ថា សាក្សី គឺអ្នកស្រី គិន សុភ័ក្រ ដែលធ្វើបទសម្ភាសជាមួយ​វិទ្យុអាស៊ីសេរី បានសារភាពប្រាប់ព្រះរាជអាជ្ញាខេត្តក្រចេះថា មុនពេលមានហិង្សាកើតឡើង​រវាងអាជ្ញាធរ​ជាមួយ​ពលរដ្ឋ មានអ្នកយកព័ត៌មានអាស៊ីសេរី​ម្នាក់ឈ្មោះ អេង បានដើរបំផុសបំផុលញុះញង់ឲ្យពលរដ្ឋតស៊ូប្រឆាំងនឹង​អាជ្ញាធរ កុំទទួលយកដំណោះស្រាយ ដែលឈានដល់ផ្ទុះហិង្សា។

លិខិតរបស់ក្រសួងព័ត៌មានបន្តថា ក្រោយផ្ទុះហិង្សា ក្រុមអ្នកយកព័ត៌មានអាស៊ីសេរី ប្រាប់អ្នកស្រី គិន សុភ័ក្រ អោយទទួលទូរស័ព្ទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដោយបង្គាប់ឲ្យរាយការណ៍ថា មានមនុស្ស ៦នាក់ស្លាប់ និងរងរបួស ៤០​​នាក់ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏លើកឡើងដែរថា អំពើ​ហិង្សាជុំ​វិញ​ទំនាស់ដីធ្លីនេះ គឺជាផែនការរបស់វិទ្យុអាស៊ីសេរី ដែលបាន​ឃុបឃិតជាមួយបក្សប្រឆាំង រៀបចំឡើងជាបន្តបន្ទាប់ ដើម្បីបំផុសបំផុលឲ្យពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល និង​អាជ្ញាធរ​មានសមត្ថកិច្ចបង្កឲ្យមានហិង្សា ដើម្បីទម្លាក់កំហុសប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុកគឹម សេង​បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃសៅរ៍ទី១៧មីនាថា ការដែលក្រសួងដាក់លិខិតស្នើសុំដូចនេះ ព្រោះតែ វិទ្យុអាស៊ីសេរីបានផ្សាយដដែលៗចំពោះឧបទ្ទវហេតុនោះ។  លោកបញ្ជាក់ថា ការផ្សាយរបស់វិទ្យុអាមេរិកផ្សាយជាខេមរៈភាសានេះ មិនមាន ភាពជាក់លាក់ ដែលត្រូវសុំការកែតម្រូវ។

នៅពេលសួរថាតើ​មានចំណាត់ការអ្វីបើក្រសួងការបរទេសអាមេរិក មិនធ្វើតាមសំណើនោះ ? អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា រឿងនេះ ត្រូវរង់ចាំការណែនាំពីរាជរដ្ឋាភិបាលម្ដងទៀត។

សំឡេង៖ លោក អ៊ុក គឹមសេង 

 

វិទ្យុស្រី្តមិនអាចសុំការឆ្លើយបតបភ្លាមៗពីអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ឬ មន្ត្រីព័ត៌មាននៃស្ថានទូតអាមេរិកបានទេ នៅរសៀលថ្ងៃសៅរ៍នេះ ដោយគ្មានប្រភពទាក់ទង។ តែយ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរីពុំមានស្នាក់ការធ្វើការនៅកម្ពុជានោះទេ ចាប់តាំងពីក្រសួងព័ត៌មានបានបង្គាប់ស្ថានីយវិទ្យុក្នុងស្រុក លែងជួលម៉ោងឱ្យវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ ។

គួរបញ្ជាក់ដែរថា សម្រង់ព័ត៌មានរបស់វិទ្យុអាស៊ីសេរីបានចុះផ្សាយតាមន័យដើមដូចនេះថា៖« ពលរដ្ឋជាង ២​០០​នាក់ កាល​ពី​ថ្ងៃ​ទី ​០៨ មីនា បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​ផល​ដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគ​ច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់​រះ​មក​លើ​ពលរដ្ឋ។ ក្រោយ​ពី​ការ​បាញ់​រះ សាក្សី​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ​ត្រូវ​អាជ្ញាធរ​គំរាម និងរឹតត្បិត​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ។ ចំណែក​សារព័ត៌មាន​របស់​រដ្ឋាភិបាលបាន​ស្រង់​សំដី​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ផ្សព្វផ្សាយក្នុង​បំណង​លាក់​បាំង​ការ​ពិត និង​ព្យាយាម​ការពារ​អាជ្ញាធរដែល​បាន​បង្ក្រាប​ដោយ​ហិង្សា​មក​លើ​ពលរដ្ឋ»។

វិទ្យុអាស៊ីសេរី បានស្រង់ប្រភពពលរដ្ឋនៅក្នុងហេតុការណ៍ខាងលើមកចុះផ្សាយថា មានមនុស្ស ៦នាក់ស្លាប់ និងរងរបួស ៤០​​នាក់ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ។ តែព័ត៌មាននេះ ត្រូវបានរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តក្រចេះ បដិសេធ ថា ពុំមានមនុស្សស្លាប់នោះទេ គឺមានតែ រងបួស២ នាក់ ចំណែកសមត្ថកិច្ចរងរបួស ៧ នាក់៕

Share

Image
Image
Image