en     km
en     km

ក្រសួងមហាផ្ទៃ​ ទុក​ពេល​ឲ្យ​ថៅកែ​ និង​ពលករ​ ជា​ជនបរទេស​មក​រកស៊ី​នៅ​កម្ពុជា​ ១​ខែ​ ដើម្បី​បង់ពន្ធ​

Share

ភ្នំពេញ​ ៖​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ និង​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ កាលពី​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​ បាន​រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង​ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ​ទាំង​ ២៥​រាជធានី​ ខេត្ដ​ ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ជាង​ ៤០០​ សមាគម​និយោជក​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​ ប្រាប់​ទៅ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ ដែល​កំពុង​រកស៊ី​ និង​ធ្វើការ​នៅ​កម្ពុជា​ឲ្យ​ ធ្វើ​ប័ណ្ណ​ និង​សៀវភៅ​ការងារ​ជនបរទេស​ ដើម្បី​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ

 

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្ដរក្រសួង​នេះ​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ការងារ​ បាន​សម្រេច​ទុក​ពេល​ឲ្យ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ ១​ខែ​ ដើម្បី​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ សម្រាប់​ជនបរទេស​ទាំងឡាយ​ណា​ ដែល​ខកខាន​បង់ពន្ធ​កាលពី​ឆ្នាំ​២០១៧​។​

​លោកនាយ​ឧត្ដមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ជា​ជំ​ហ៊ាន​ដំបូង​គណៈ​អភិបាលខេត្ដ​ទទួល​បន្ទុក​ទាំង​ ២៥​ រាជធានី​ ខេត្ដ​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​បន្ដ​ ដល់​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​នានា​ ដែល​មិន​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ ឲ្យ​បានដឹង​ ថា​ រដ្ឋាភិបាល​ ទុក​ពេល​ឲ្យ​ពួក​គេ​ ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០១៨​ នេះ​ ដើម្បី​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ ក្នុង​នាម​ជា​ជនបរទេស​ ដែល​មក​ធ្វើការ​ និង​រកស៊ី​នៅ​កម្ពុជា​។​

​លោក​ សុខ​ ផល​៖«​ហើយ​បន្ទាប់​ពី​នេះ​ទៀត​ គឺ​យើង​ទុក​ពេល​មួយ​ខែ​ តាម​ស្មារតី​អន្ដរក្រសួង​រហូត​ទៅ​ដល់​ថ្ងៃក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឡើ​ងិ​វ​ញ​។​ តើ​អវត្ដមាន​ដែល​គាត់​មិន​បាន​បង់​ទៅ​តាម​សៀវភៅ​ និង​ប័ណ្ណ​ការងារ​នេះ​ គាត់​បាន​ប៉ុន្មាន​បង់​ ហើយ​យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ជំ​ហ៊ាន​មួយទៀត​»​។​

​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​កម្ពុជា​មាន​ជាង​ ១៦​ម៉ឺន​នាក់​ ក៏​ប៉ុន្ដែ​មាន​ជនបរទេស​ប្រមាណ​តែ​ ៥​ម៉ឺន​ ៧​ពាន់​នាក់​តែ​ប៉ុណ្ណោះ​ ដែល​មាន​ប័ណ្ណ​ការងារ​ស្រប​ទៅ​តាម​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ សេង​ សក្កា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​ថា​ ការ​ដែល​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ ចំពោះ​ជនបរទេស​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នេះ​ ពី​ព្រោះតែ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ អ្នក​ដែល​គោរព​ច្បាប់​ល្អ​ហើយ​ យក​គំរូ​តាម​ជន​ទាំងនោះ​។​

​លោក​ សេង​ សក្កា​ ៖«​យើង​ឃើញ​ថា​ ជនបរទេស​គោរព​ច្បាប់​ជា​បន្ដបន្ទាប់​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​ដោយ​យើង​ជំរុញ​ថា​ ឲ្យ​អ្នក​ដែល​មិន​គោរព​ច្បាប់​ មក​គោរព​ច្បាប់​ទៅ​តាម​អ្នក​គោរព​ច្បាប់​ ។​ បើ​យើង​នៅ​តែ​បណ្ដោយ​អ​ញ្ចឹ​ង​ វា​ទៅ​ជា​ប្រទេស​អត់​មានការ​គោរព​ច្បាប់​ ហើយ​អ្នក​ដែល​គោរព​ច្បាប់​គាត់​បែរជា​លែង​គោរព​ច្បាប់​វិញ​ អ​ញ្ចឹ​ង​យើង​ប្រឹង​ថា​ ធ្វើ​ម៉េច​ឲ្យ​ជនបរទេស​ហ្នឹង​មានការ​គោរព​ច្បាប់​»​។​

​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ កាលពី​ចុងខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា​ ដោយ​មិន​ស្របច្បាប់​ទៀត​នោះ​ទេ​។​ សម្ដេច​បន្ដ​ថា​ ការ​ដែល​មាន​ជនបរទេស​ធ្វើ​ការងារ​នៅ​កម្ពុជា​ ដោយ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ គឺ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​របស់​រដ្ឋ​ និង​ឱកាស​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​។​ សម្ដេច​ ស​ ខេ​ង​ បន្ដ​ថា​ រដ្ឋាភិបាល​បាន​បាត់បង់​ប្រាក់​ចំណូល​ក្នុង​មួយ​ឆ្នាំៗ​ ជាង​ ២០​លាន​ដុល្លារ​ ព្រោះតែ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មួយ​ចំនួន​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​។​

​លោកនាយ​ឧត្ដមសេនីយ៍​ សុខ​ ផល​ បាន​បញ្ជាក់​ថា​ ជនបរទេស​ទាំង​ថៅកែ​ និង​ពលករ​ នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ ឬ​ក៏​ស្នើ​ទៅ​តុលាការ​ សុំ​ឲ្យ​ផ្ដន្ទាទោស​រយៈពេល​ ៣​ខែ​ រួច​បណ្ដេច​ញ​ចេញពី​កម្ពុជា​ ក្នុង​ករណី​ពួក​គេ​ រឹងរូស​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ​ ក្រោយ​ពី​ការ​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ការងារ​៕​

Share

Image
Image
Image