en     km
en     km

ក្រសួង​អប់រំ​ចាប់ផ្ដើម​សិក្សា​ពី​មេរៀន​សុខភាព​ផ្លូវភេទ​ និង​បន្ដ​ពូជ​ ដើម្បី​ដាក់​ក្នុង​កម្មវិធី​អប់រំ​

Share

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ ក្រសួង​អប់រំ​ សហការ​ជាមួយ​អង្គការ​មួយ​ចំនួន​ កំពុង​សិក្សា​ពី​មេរៀន​អំពី​សុខភាព​បន្ដ​ពូជ​ និង​សុខភាព​ផ្លូវភេទ​ ដើម្បី​ដាក់​ចូល​ក្នុង​កម្មវិធី​អប់រំ​។​ យ៉ាងណា​ក្រសួង​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ ថា​ មេរៀន​នេះ​ នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​កម្មវិធី​អប់រំ​ចាប់ពី​ថ្នាក់​ណា​ ហើយ​ផ្ដើម​ពី​ឆ្នាំ​ណា​ទៅ​។​ ការ​នេះ​នាយិកា​អង្គការ​ GAD/C​ គាំទ្រ​ ប៉ុន្ដែ​យល់​ថា​ ក្រសួង​អប់រំ​គួរ​បន្ថែម​មេរៀន​និយាយ​អំពី​សិទ្ធិ​ស្ដ្រី​ និង​បុរស​បន្ថែម​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កាលពី​ខែវិច្ឆិកា​ ក្នុង​កម្មវិធី​ផ្ដល់​ថវិកា​សម្រាប់​ មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ​ (CDPF)​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ម្នាក់​ បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ថា​ ក្រសួង​អប់រំ​បាន​សិក្សា​រួច​មក​ហើយពី​មេរៀន​អំពី​សុខភាព​បន្ដ​ពូជ​ និង​សុខភាព​ផ្លូវភេទ​ ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​។​

​លោក​ ណាត​ ប៊ុ​ន​រឿ​ន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​សិក្សា​ពី​កម្មវិធី​សុខភាព​ផ្លូវភេទ​ ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​នេះ​ គឺជា​ការ​រៀបចំ​កម្មវិធី​សិក្សា​ថ្មី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​ថ្មី​នៃ​សង្គម​។​

​កម្មវិធី​សិក្សា​ថ្មី​នេះ​ គឺ​សិក្សា​ទាំង​កម្មវិធី​សិក្សា​នៅ​ក្នុង​តំបន់​ និង​សកលលោក​។​ លោក​បញ្ជាក់​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​សម្រេច​ជា​ក្រប​ខណ្ឌ​សិក្សា​ក៏​ប៉ុន្ដែ​មិន​ទាន់​បាន​ចងក្រង​ជា​សៀវភៅ​សិក្សា​នៅឡើយ​ទេ​ ៖«​កម្មវិធី​នេះ​យើង​បាន​សម្រេច​ហើយ​ជា​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​ឆ្នាំ​២០១៨​នេះ​យើង​បាន​ចប់​ហើយ​ អ​ញ្ចឹ​ង​យើង​ត​ពី​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​។​ យើង​ត្រូវធ្វើ​កម្មវិធី​សិក្សា​លម្អិត​ បន្ដ​ពី​ហ្នឹង​ទៀត​បាន​យើង​រៀបចំ​សៀវភៅ​សិក្សា​ ឥឡូវនេះ​អត់​ទាន់​បាន​ដល់​ធ្វើ​សៀវភៅ​សិក្សា​ទេ​ នៅ​ក្នុង​កម្មវិធី​សិក្សា​លម្អិត​នៅឡើយ​ អ​ញ្ចឹ​ង​វា​ទាមទារ​ពេលវេលា​ ព្រោះ​ការ​សរសេរ​សៀវភៅ​វា​ត្រូវការ​ពេល​ច្រើន​»​។​

​បន្ថែម​ពី​នេះ​លោក​ ណាត​ ប៊ុ​ន​រឿ​ន​ បញ្ជាក់​ថា​ ក្រសួង​អប់រំ​កំពុង​តែ​សិក្សា​នៅឡើយ​ ចំពោះ​កម្រិត​ថ្នាក់​ និង​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្ដើម​ ដាក់​បញ្ចូល​មេរៀន​នេះ​។​

​ទាក់ទិន​រឿង​នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​តាម​រយៈ​អ្នកបកប្រែ​ នា​ពេល​កន្លង​ទៅ​លោកស្រី​ រី​ហ្ស​វី​ណា​ ដឺ​អាល់​វិល​ តំណាង​អង្គការ​ UNFPA​ ប្រចាំ​នៅ​កម្ពុជា​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ដទៃ​ទៀត​ ដែល​បាន​ចូលរួម​សិក្សា​ពី​កម្មវិធី​នេះ​ដែរ​ បាន​បញ្ជាក់​ថា​ កម្មវិធី​សិក្សា​ពី​មេរៀន​អំពី​សុខភាព​បន្ដ​ពូជ​ និង​សុខភាព​ផ្លូវភេទ​នេះ​នឹង​ត្រូវ​ដាក់​ប​ញ្ចូ​ន​ក្នុង​កម្មវិធី​អប់រំ​ទៅ​ដល់​សាលា​ទាំងអស់​ចាប់ពី​បឋម​សិក្សា​ រហូត​ដល់​វិទ្យាល័យ​។​

​តំណាង​អង្គការ​ UNFPA​ បន្ដ​ថា​ កម្មវិធី​នេះ​នឹង​ផ្ដល់​ឲ្យ​សិស្ស​នូវ​ចំណេះដឹង​មួយ​ចំនួន​ ការ​យល់​ដឹង​អំពី​រាង​កាយ​ ការ​យល់​ដឹង​អំពី​ការ​សម្រេចចិត្ដ​ដ៏​សម​សម្រប​ នៅ​ក្នុង​ការ​សម្រេចចិត្ដ​ប្រឡូក​ទាក់ទិន​នឹង​ផ្លូវភេទ​ ៖«​អ​ញ្ចឹ​ង​កម្មវិធី​នេះ​ជា​កម្មវិធី​មួយ​ដែល​ធ្វើ​ឲ្យ​សិស្ស​គាត់​អាច​មានចំណេះ​ដឹង​ជា​ទុន​ នៅ​ក្នុង​ការ​រស់នៅ​របស់​គាត់​ ដែល​យល់​ដឹង​ច្រើន​អំពី​សុខភាព​បន្ដ​ពូជ​របស់​គាត់​ រួម​ទាំង​ការ​ពេញវ័យ​ រួម​ទាំង​ការ​ថែទាំ​អនាម័យ​ ហើយ​និង​ការ​ជ្រើសរើស​ការ​សម្រេចចិត្ដ​ត្រឹមត្រូវ​»​។​

​ជាមួយ​គ្នា​នេះ​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GAD/C)​ សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​អប់រំ​ ពី​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​អំពី​សុខភាព​ផ្លូវភេទ​សម្រាប់​សិស្សានុសិស្ស​ ។​ ក៏​ប៉ុន្ដែ​លោកស្រី​យល់​ឃើញ​ថា​ វា​មិន​គ្រប់គ្រាន់​ទេ​ ដែល​គ្រាន់តែ​បង្រៀន​ពី​សុខភាព​ផ្លូវភេទ​ ពោល​គឺ​ក្រសួង​អប់រំ​គួរតែ​ដាក់​បញ្ចូល​បន្ថែម​ទៀត​នូវ​មេរៀន​ស្ដី​អំពី​សិទ្ធិ​រវាង​ស្ដ្រី​ និង​បុរស​។​

​លោកស្រី​អះអាង​ថា​ វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​បំផុសស្មារតី​ពលរដ្ឋ​ឲ្យ​យល់​ច្បាស់​ពី​សិទ្ធិ​ស្ដ្រី​ និង​បុរស​ ដែល​មិន​អាច​មាន​ខាង​ណា​មាន​សិទ្ធិ​វាយដំ​លើ​ខាង​ណា​នោះ​ទេ​។​ លោកស្រី​បន្ថែម​ថា​ បើ​យល់​ដឹង​តែ​ពី​សុខភាព​ផ្លូវភេទ​ តែ​សិទ្ធិ​មិន​បាន​យល់​ដឹង​នោះ​អំពើ​ហិង្សា​ និង​ការ​បំបិទ​សិទ្ធិ​ស្ដ្រី​ក៏​នៅ​តែ​មាន​ ៖«​អ​ញ្ចឹ​ង​សុខភាព​ផ្លូវភេទ​អ្នកឯង​គ្រាន់បើ​ ប៉ុន្ដែ​ទទួល​រង​នូវ​អំពើ​ហិង្សា​នៅ​តែ​កើតឡើង​ ហើយ​ការ​រំលោភ​បំពាន​ទៅ​លើ​សេពសន្ថវៈ​ក៏​នៅ​តែ​មាន​ឡើង​ ហើយ​ការ​បង្ខិត​បង្ខាំង​សិទ្ធិ​ស្ដ្រី​មិន​ឲ្យ​គាត់​រៀនសូត្រ​ខ្ពស់​ឬ​ក៏​មិន​ឲ្យ​គាត់​ដើរទៅ​ឆ្ងាយ​អី​នៅ​តែ​មាន​កើតឡើង​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ វា​ដើរ​ហ្នឹង​មិន​ទាន់​ទន្ទឹម​គ្នា​»​។​

​លោកស្រី​ សុភាព​ បន្ដ​ថា​ ការ​ដែល​មិន​ទាន់​មានការ​បញ្ជ្រាប​អំពី​សិទ្ធិ​ស្ដ្រី​ និង​បុរស​ ឲ្យ​បាន​យល់​ដឹង​ដល់​ពលរដ្ឋ​គ្រប់​រូប​ទេ​ អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​តែ​កើត​មាន​មិន​អាច​កាត់​បន្ថយ​បាន​ទេ​ បើ​ទោះជា​បង្រៀន​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​ពី​ពេលវេលា​សម​សម្រាប់​ក្នុង​ការ​ប្រឡូក​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ​ក៏​ដោយ​៕

Share

Image
Image
Image