en     km
en     km

ក្រុមប្រឹក្សាបោះឆ្នោត វេណេហ្សូ អេឡា ដើរសុំអន្តរជាតិទទួលស្គាល់ការបោះឆ្នោត ខណៈ UN មិនឆ្លើយតប

Share

វេណេហ្សូអេឡា៖ ដំណើរការបោះឆ្នោតប្រធានាធិបតីដែលប្រថុយនឹងការមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចាប់ផ្ដើមហើយនៅ ប្រទេសវេណេហ្សូអេឡា ក្រោមការដឹកនាំនាំបក្សសង្គមនិយម នៃលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ ដោយបារម្ភពីការបាត់បង់ភាពស្របច្បាប់នៅ ឯអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសអាមេរិកឡាទីនដែលកំពុងធ្លាក់ក្នុងវិបតិ្ត នយោបាយ និងសេដ្ឋកិច្ច បានចែកគ្នាដើរសុំ សហគមន៍អន្តរជាតិ ជួយគាំទ្រការរៀបចំបោះឆ្នោតរបស់ខ្លួន។ តែបែបនេះក្ដី ការស្នើសុំ អង្គការសហប្រជាជាតិបញ្ជូនអ្នកសង្កេតការណ៍ហាក់មិនទទួលបានការឆ្លើយឡើយ។

 

                         ការបោះឆ្នោត​នៅប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ប្រទេសដែលបង្ហាញជំហរមុនគេក្នុងការគាំទ្រការបោះឆ្នោតប្រធានាធិបតីនៃប្រទេស វេណេ ហ្សូអេឡា គឺប្រទេសមហាអំណាច រុស្ស៊ី ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្លាឌី មៀពូទីន។ ក្រៅពីនេះ មានប្រទេស តូចៗមួយចំនួននៅទ្វីបអាមេរិក​ឡាទីនដែលមានប្រព័ន្ធគ្រប់គ្រង មិនមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដូចជាប្រទេសបូឡឹវីជាដើម។  ប៉ុន្តែប្រទេសធំៗ ដូចជា កូឡំប៊ី ប្រេស៊ិល អាហ្សង់ទីន កូស្តារិកា ប៉េរូជាដើម បានប្រកាសមិនគាំទ្រការបោះឆ្នោតនេះទេ។ តែជាមួយគ្នានេះ ប្រទេសមហាអំណាចចិនទោះជាមិនទាន់បង្ហាញជំហរក៏ដោយ តែប្រទេសសេដ្ឋកិច្ចធំទី២នេះធ្លាប់បានប្រកាសថា ទោះជាការបោះឆ្នោតមានបក្សប្រឆាំងចូលរួមក្ដី ឬមិនចូលរួមគ្ដី គឺសម្រាប់ក្រុងប៉េកាំង សូមគាំទ្ររដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះ។ ក្រុងប៉េកាំងបានបង្ហាញជំហរថា ទោះបីការបោះឆ្នោត ត្រូវគេវាយតំម្លៃថា ធ្វើឡើងមិនប្រកបដោយភាពសេរីនឹងត្រឹមត្រូវក៏ដោយ តែនេះជារឿងផ្ទៃក្នុងរបស់ ប្រទេសវេណេហ្សូអេឡា។

វិបត្តិសេដ្ឋកិច្ច និងនយោបាយ

                                                                                                  បាតុករផ្ទុះការតវ៉ា

ការឃោសនាបោះឆ្នោត បានចាប់ផ្ដើមពីរថ្ងៃមកហើយ តែប្រជាជនរបស់ប្រទេស វេណេហ្សូអេឡា ភាគច្រើនហាក់មិនមានអារម្មណ៍ នឹងការបោះឆ្នោតនេះទេ ព្រោះតែ ប្រទេសនេះកំពុងតែជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធ្ងរ ដែលនាំអោយមានចំណាកស្រុករាប់លាននាក់ ។

នៅពេលវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង តាំងពីចុងឆ្នាំ ២០១៦ ឃើញថា ពលរដ្ឋក្រីក្ររបស់ប្រទេសផលិតប្រេងដ៏ធំនេះ បានចាកចេញទៅរកការងារធ្វើនៅប្រទេសជិតខាងជាច្រើនម៉ឺននាក់រួច​ទៅហើយ តែដល់ពេលប្រទេសធ្លាក់ក្នុងវិបតិ្តនយោបាយ គឺពលរដ្ឋកាន់តែច្រើនឡើងបានក្លាយជាជនភៀសខ្លួន សេដ្ឋកិច្ច ផងនិងនយោបាយផង។ ប្រទេសដែលជាគោលដៅទៅសុំសិទ្ធិជ្រក កោន គឺប្រទេសកូឡំប៊ី ដែលមានព្រំដែនជាប់គ្នា។ ប្រទេសកូឡំប៊ីដែលទទទួលយកពលរដ្ឋវេណេហ្សូអេឡា ជាបណ្ដោះអាសន្ននេះ ព្រោះតែ​ប្រទេសនេះមិនគាំទ្រ ការបង្រ្កាបរបស់លោកម៉ាឌូរ៉ូ ទៅលើក្រុមប្រឆាំង។ បន្ថែមលើសនេះ កូឡំប៊ីបានថ្កោលទោស លោក ម៉ាឌូរ៉ូ ថា ជាមេដឹកនាំទាញទម្លាក់មុខមាត់ តំបន់ អោយខូចឈ្មោះ ដោយសារខ្លួនព្យាយាមពង្រីកអំណាច។ប្រទេសប៉េរូ និងសាធារណរដ្ឋដូមីនីច ចង់ធ្វើខ្លួនជាអ្នកសម្រួលនយោបាយតែ ហាក់មិនសូវបានការសាទរពីលោក ម៉ាឌូរ៉ូនោះទេដែល ភាពទាល់ច្រកនោះបានធ្វើប្រទេសនេះ ប្រកាសទទួលជនចំណាកស្រុកដែរ។ ក្រៅពីប្រទេសជិតខាង ពលរដ្ឋដែលមានស្មារតី ស្រឡាញ យុត្តិធម៌ បានរត់ទៅប្រទេសអាមេរិក និងប្រទេសកាណាដាដែរ។ ភាគច្រើនពួកគេ ជាអ្នកនយោបាយ និងសកម្មជនបក្សប្រឆាំង ដែលរងទុក្ខបុកម្នេញពីសំណាក់អាជា្ញធររបស់លោកម៉ាឌូរ៉ូ។ ក្រុមនេះ ទទួលបានការគាំទ្រ ជាខ្លាំងពីសមាជិកសភាសហរដ្ឋ អាមេរិក និង រដ្ឋការរបស់លោកដូណាល់ត្រាំ ដោយលើកទឹកចិត្តដល់ពួកគេ អោយខំតស៊ូ ប្រឆាំងរបបរបស់លោក ម៉ាឌូរ៉ូហើយថា អាមេរិកពិតជានៅពីក្រោយ។

សហភាពអឺរ៉ុបនិងអាមេរិក មិនទទួលស្គាល់ការបោះឆ្នោតនាំអោយUNក៏ពិបាកទទួលស្គាល់ដែរ

 

កាលពីខែមេសា​  ក្រុមប្រឹក្សាបោះឆ្នោតវេណេហ្សូអេឡា បានដាក់លិខិតទៅ កាន់អគ្គលេខាធិការអង្គការសហប្រជាជាជាតលោក អង់តូនីញូ ហ្គូនតេរេស ស្នើអោយបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោត មកឃ្លាំមើលការបោះឆ្នោតនេះ តែមិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ។ លោក ហ្គូនតេរេស បែរជាបានទទូចសុំការបោះឆ្នោតនោះត្រូវតែមានវត្តមានបក្សប្រឆាំងនិរទេសខ្លួនចូលរួម ។ បន្ថែមលើសនេះ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចថា ការបោះឆ្នោតមិនបានធ្វើឡើងផ្អែកលើមូលដ្ឋានសិទ្ធិមនុស្សនោះទេ ព្រោះ ការបង្រា្កបនយោបាយ នាំអោយស្លាប់ជាច្រើនរយនាក់គឺជាទង្វើឃោរឃៅមួយយ៉ាងពិតប្រាកដ។ សម្រាប់ សហរដ្ឋអាមេរិក ប្រទេសកាណាដា និងសហភាពអឺរ៉ុប ប្រទេសអង់គ្លេស បានសន្យារួចហើយថា បើគ្មានវត្តមានបក្សប្រឆាំងចូលរួមការបោះឆ្នោតទេនោះ គឺការដាក់ទណ្ឌកម្ម ដំណាក់កាលទី២ដែល បិទកូតា នាំប្រេងពីប្រទេស វេណេ ហ្សូអេឡា អាចនឹងអនុវត្តភ្លាម។ ប្រទេសទាំងនេះក៏បានទទូចអោយ អង្គការសហប្រជា​ជាតិ កុំទទួលស្គាល់ការបោះឆ្នោតនេះដែរ។
តែបែបនេះក្ដីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២០ឧសភានោះ ទំនងមិនមានភាពសេរីនិងត្រឹមត្រូវនោះទេ ខណៈមានសេចក្ដីរាយការណ៍ ថាការឃោសនារកសំឡេងឆ្នោត របស់បក្សកាន់អំណាចដឹកនាំដោយលោកម៉ាឌូរ៉ូពោរពេញដោយ ការទិញទឹកចិត្ត និងគំរាមកំហែងអ្នកបោះឆ្នោត ជាខ្លាំងគឺមាននៅទូទាំងប្រទេស៕

Share

Image
Image
Image