en     km
en     km

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ភីហ្គោ​ (Pigo)​ ត្រៀម​រៀប​ចំ​ព្រឹត្តិ​ការណ៍​លើក​កម្ពស់​សុចរិត​ភាព​ក្នុង​សង្គម​

Share

នៅ​​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ ខាង​មុខ​នេះ​ ​​នឹង​មាន​​ព្រឹត្តិការណ៍​  Pigo Challenge ​រយៈ​ពេល​មួយ​ថ្ងៃ​ដែល​រៀប​ចំ​ដោយ​​​ក្រុម​​យុវជន​​ស្ម័គ្រ​ចិត្ត​ ភីហ្គោ​ ធីម​ (Pigo Team) ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​លើក​កម្ពស់​​សុចរិត​ភាព​នៅ​ក្នុង​សង្គម​ និងអប់​រំ​​ដល់​ប្រជាពលរដ្ឋ​ឲ្យ​​យល់​ដឹង​​ពី​​អំពើ​ពុក​រលួយ​ ហើយរាយ​ការណ៍​​​អំពើ​ពុក​រលួយ​​នៅ​​កម្ពុជា​ ទៅ​កាន់​មជ្ឈម​ណ្ឌល​​តស៊ូ​​មតិ​និង​​ប្រឹក្សា​​យោបល់​​​ផ្នែក​​ច្បាប់​​ (ALAC)  ​។ ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទី​តាំង​ ៧​កន្លែង​​ផ្សេង​គ្នា​ក្នុ​ង​រាជា​ធានី​ភ្នំ​ពេញ​ និង​មាន​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​​​ចំនួន​ ៤២​នាក់​មក​ពី​សាកល​វិទ្យាល័យ​នានានៃក្រុង​​ភ្នំ​ពេញ​។

Pigo-2

យុវជន​ លី គីមសៀ ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ភីហ្គោ និង​ជា​អ្នក​ដឹក​នាំ​ព្រឹត្តិការណ៍​ Pigo Challenge បាន​និយាយ​ថា​​ «សកម្មភាព​របស់​ក្រុម​ភីហ្គោ​​ ​គឺ​ចង់​ផ្សព្វ​ផ្សាយ​ពី​ សេវាប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​របស់​មជ្ឈ​មណ្ឌល​តស៊ូ​មតិ​និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ (ALAC)​ ទៅ​កាន់​សាធារណជន​​។ ALAC គឺ​ជា​កម្ម​វិធី​មួយរបស់​​អង្គការ​​តម្លា​ភាព​​អន្តរ​ជាតិ​​កម្ពុជា​ដែល​អាច​​ជួយ​ប្រឹក្សា​យោបល់​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទូ​ទៅ​ពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​ផ្សេងៗ​ ជា​ពិសេស​ប្រជា​ពលរដ្ឋ​គ្រប់​រូប​អាច​រាយការណ៍​ពី​ អំពើ​ពុក​រលួយ​ដែល​ខ្លួន​ជួប​ប្រទះ​ ឬឃើញទៅកាន់ ALAC បានគ្រប់ពេល­­­­តាមរយៈលេខទូរស័ព្ទ ៧៧៧៧»។

Pigo Challenge ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អនុញ្ញាត​ឱ្យ​យុវជន​មាន​ឱកាស​ស្គាល់​គ្នា​កាន់​តែ​ស្និទ្ធ​ស្នាល​ និងអាច​​ចូល​រួម​សម្ដែង​មតិ​​យោបល់​ផ្សេងៗ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​បានជួប​ក្នុង​ពេល​កន្លង​ទៅ​នៅ​តាម​ទី​សាធារណៈ​ តាម​រយៈ​ការ​ចូល​រួម​​ប្រកួត​ប្រជែង​គ្នា​ជា​ក្រុម​។ អ្នក​ដឹក​នាំ​ព្រឹត្តិការណ៍​ Pigo Challenge វ័យ​ ១៩​ឆ្នាំ​រូប​នេះ​ បាន​ឱ្យ​ដឹង​ពី​ការ​រំពឹង​ថា​របស់​ក្រុម​​នឹងអា​ច​បញ្ជា្រប​ចំណេះ​ដឹង​ដល់​ពល​រដ្ឋ​​និង​​យុវជន​​ពី​មជ្ឈម​មណ្ឌល​ ALAC ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សុចរិតភាព​បាន​ ៨០ ភាគ​រយ​តាម​រយៈ​យុទ្ធនា​ការ​របស់​ខ្លួន​។​​ មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ប្រមាណ​ជាង​៧០០​ នាក់​ហើយ​ដែល​បាន​ទទួល​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​យុវជន​ ភីហ្គោ ពី​មធ្យោបាយ​រាយការណ៍​អំពើ​ពុក​រលួយ​ទៅ​កាន់​ ALAC​។

កញ្ញា លី ញុគ​ជិន​ ជា​សមាជិ​ក​ក្រុម​​យុវជន​​ស្ម័គ្រ​​ចិត្ត​​នេះ​សង្ឃឹម​ថា​ នឹង​យុវជន​ចូល​រួម​​ច្រើន​ក្នុង​ព្រឹត្តិការណ៍ Pigo Challenge ព្រោះ​កម្ម​វិធី​នឹ​ង​ធ្វើ​ឱ្យ​យុវជន​មាន​ភាព​ក្លា​ហ៊ាន​ និង​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​សុចរឹតភាព​។ «យើង​ពិត​ជា​ចង់​ឱ្យ​មាន​វត្តមាន​យុវជន​ចូល​រួម​ច្រើន​ ពី​​ព្រោះ​​វត្ត​មាន​​របស់​​ពួក​គេ​​ពិត​​ជា​​សំខាន់​​សម្រាប់​​ជួយ​​សង្គ​ម​​ជាតិ​​»។

សមាជិកក្រុម Pigo ថតរូបជាមួយតំណាងអ្នកដឹកនាំក្រុម ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងនៅស្ថានទូតអូស្រ្តាលី
សមាជិកក្រុម Pigo ថតរូបជាមួយតំណាងអ្នកដឹកនាំក្រុម ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងនៅស្ថានទូតអូស្រ្តាលី

ព្រឹត្តិការណ៍​ Pigo Challenge បាន​បែង​ចែក​យុវជន​ទាំង​ ៤២ នាក់​​ជា​ ៧​ក្រុ​ម​ ហើយ​ក្នុង​​ក្រុមនីមួយៗ​មាន​សមាជិក​ ៦​រូប​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​ធ្វើ​សកម្មភាព​នានា​នៅ​ទី​តាំង​ទាំង​ប្រាំ​ពីរ​។ ប្រធាន​ក្រុម​ Pigo រូប​នេះ​បាន​ឱ្យ​ដឹ​ងទៀត​ថា​៖ «អ្នក​ចូល​រួម​​ទាំង​អស់​​នឹង​​ជួប​ជុំ​គ្នា​​នៅ​​ទី​ស្នាក់​ការ​​របស់​​អង្គ​ការ​​តម្លា​ភាព​​អន្តរ​ជាតិ​​កម្ពុជា​ ដើម្បី​​ឆ្លើយ​​នឹង​​សំណួរ​​ជុំវិញ​​​​អំពើ​ពុក​រលួយ​ មុន​នឹង​​ពួក​គេ​​ចេញ​ដំណើរ​​ទៅ​កាន់​​តំបន់​​គោល​ដៅទាំង​ ៦កន្លែង​ផ្សេងៗ ដើម្បី​​ផ្សព្វ​ផ្សាយ​​និង​​លើក​កម្ពស់​​សុចរិត​​ភាព​»។

សូម​បញ្ជាក់​ថា​ ​ក្រុម​ទទួល​បានជ័យលាភី​លេខ១ ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​​​នឹង​ទទួល​បាន​ថវិកា​ ៣២​ម៉ឺន​រៀ​ន លេខ២​ ទទួល​បាន​ថវិកា​ ២៤​ម៉ឺន​រៀន​ ចំនែកឯលេខ​៣ ​ទទួល​បាន​ថវិកា​ ១៦​ម៉ឺន​រៀល ​និង​មានរង្វាន់​លើក​ទឹក​ចិត្ត​ផងដែរសម្រាប់​ក្រុម​យុវ​ជន​ដែល​ពុំ​ទទួល​បាន​ជ័យ​លាភី។   ​​

សូម​រម្លឹក​ថា​ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ភីហ្គោ​ បាន​បង្កើត​ឡើង​ដោយ​យុវជ​ន ៤​រូប​ជា​ក្រុម​អ្នក​ដឹក​នាំ​វ័យ​ក្មេង​មាន​យុវតី​ លី ញុ​គ​ជិន យុវជន​ លី គីម​សៀ យាន ប៊ុន​ហាវ​ និងយុវ​ជន​​ នួន អរុណ​វិសាល​ មក​ពី​សាកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ដឹក​នាំ​និង​បណ្តុះ​បណ្តាល​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ​កម្ពុជា​។ ចំនែក​ឯ​ពាក្យ​ពេញ​របស់​«Pigo»​​ គឺ​ Promote Integrity Go ​មាន​ន័យ​ថា​ «លើកកម្ពស់​សុចរិត​ភាព​»៕

Share

Image
Image
Image