en     km
en     km

គ្រោះរំាងស្ងួតនិងគ្រោះទឹកជំនន់ប៉ះពាល់ដំណំាស្រូវរាប់ម៉ឺនហិកតា

Share

​ភ្នំពេញ​៖​ គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​កសិករ​រាប់​ម៉ឺន​ហិ​កតា​នៅ​ខេត្តបាត់ដំបង​ ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង​ ខណៈ​ខេត្ត​ខ្លះ​ទឹកជំនន់​លិច​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិ​កតា​ទៀត​។​ ​ករណី​គ្រោះ​រាំង​ស្ងួត​មន្ត្រី​កសិកម្ម​ខេត្ត​កំពុង​ដុតដៃដុតជើង​ស្តារ​ប្រឡាយ​ជួយ​សង្គ្រោះ​ស្រូវ​កសិករ​។​

លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ បន្តចុះស្តារប្រឡាយ ០១ ខ្សែ ទៀត ដើម្បីនាំទឹកពីប្រឡាយមេវ៉ៃគោទី ២ ទៅសង្គ្រោះដំណាំស្រូវខ្វះទឹកប្រមាណ៥០០ហិកតានៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខែកញ្ញា ឆ្នំា ២០១៨។ រូបភាព៖ Facebook ក្រសួងធនធានទឹក

​គ្រោះ​រាំង​ស្ងូ​ត​បំផ្លាញ់​ដំណាំ​ស្រូវ​កសិករ​ប្រមាណ​ ៥​ ពាន់​ហិ​កតា​ និង​ស្រូវ​រាប់​ម៉ឺន​ហិ​កតា​រង​ផល​ប៉ះពាល់​ដោយសា​ខ្វះ​ទឹក​ស្រោចស្រព​។​ ករណី​នេះ​កើតឡើង​នៅ​ក្នុង​ ខេត្តបាត់ដំបង​ ខេត្ត​ស្វាយ​វៀង​ និង​ខេត្តព្រៃវែង​។​ បញ្ហា​គ្រោះ​រាំង​ស្ងួត​នេះ​មន្ទីរ​កសិកម្ម​បាន​ចាប់ផ្តើម​ស្តារ​ប្រឡាយ​ទឹក​ ដើម្បី​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវ​ទាំំ​ង​នោះ​។​

​លោក​ ឈឹ​ម​ វិ​ជ្ជ​រ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តបាត់ដំបង​ មាន​ប្រសាសន៍​ថា​ គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​ស្រូវ​ចំនួន​ ២០.១៩៦​ ហិ​កតា​ ក្នុងស្រុក​ថ្មគោល​ ស្រុក​មោងឫស្សី​ ស្រុក​រុក្ខ​គិរី​ ស្រុក​គាស់​ក្រឡ​ និង​ស្រុក​សង្កែ​។​ ក្នុង​នោះ​ស្រូវ​ខូច​ប្រមាណ​ ២៨០០​ ហិ​កតា​។​

​លោក​ ឈឹ​ម​ វិ​ជ្ជ​រ៉ា​៖«​យើង​ប៉ះពាល​ស្រូវ​ដោយ​គ្រោះ​ធម្មជាតិ​វា​ ២០.​ ១៩៦​ ហិ​កតា​ ប៉ុន្តែ​ឥឡូវ​ស្រូវ​លូតលាស់​ឡើង​វិញ​ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ ដូច​ស្រុក​កោះ​ក្រឡ​រស់​ឡើង​វិញ​ទាំងអស់​ ហើយ​ស្រុក​រុក្ខ​គិរី​យើង​គ្រាន់តែ​ខូ​ត​ខាត​ប្រហែល​២៨០០​ហិ​កតា​ ដោយ​រាំង​ស្ងួត​។​ខូចខាត​ដោយសារ​ទឹកជំនន់​គាត់​ច្រូត​វា​មិន​ទាន់​នៅ​ស្រុក​ឯក​ភ្នំ​៤០០០​ហិ​កតា​ជាង​ អាហ្នឹង​ខូច​ទាំងស្រុង​យើង​ចាត់​ទុក​ថា​ខូ​ត​»​។​

​ទោះបី​យ៉ាងណា​ លោក​ថា​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​បាន​ជួយ​ឱ្យ​ស្រូវ​លូតលាស់​ឡើង​វិញ​ជា​ច្រើន​ពាន់​ហិ​កតា​។​ ក្រៅ​គ្រោះ​រាំង​ស្ងួត​ លោក​ ឈឹ​ម​ វិ​ជ្ជ​រ៉ា​ បញ្ជាក់​ថា​ គ្រោះ​ទឹកជំនន់​លិច​រលួយ​ស្រូវ​ប្រមាណ​ ២០០០​ ពាន់​ហិ​កតា​ផង​ដែរ​។​

​បញ្ហា​គ្រោះ​រាំង​ស្ងួត​លោក​ ឈឹ​ម​ វិ​ជ្ជ​រ៉ា​ បញ្ជាក់​ថា​ អាជ្ញាធរ​នឹង​នាំ​ទឹក​ពី​ប្រឡាយ​ទឹក​ ១៨​ មេ​សា​ ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់​ ដើម្បី​មក​ជួយ​សង្គ្រោះ​ស្រូវ​កសិករ​កំពុង​ខ្វះ​ទឹក​ស្រោចស្រព​។​

​លោក​ ថា​ច់​ រតនា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តស្វាយរៀង​ ឱ្យ​ដឹង​ថា​ ស្រូវពង្រោះ​លើ​ផ្ទៃដី​ ២០៩០០​ ហិ​កតា​ រង​ផល​ប៉ះពាល់​។​ក្នុង​នោះ​ស្រូវពង្រោះ​ខូចខាត​ប្រមាណ​ ១២០០​ហិ​កតា​។​

​លោក​ ថា​ច់​ រតនា​ ប្រធាន​មន្ទីរ​កសិកម្ម​ បញ្ជាក់​ថា​ គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​យ៉ាងតិច​ស្រុក​ចំនួន​៦​ ប៉ុន្តែ​ស្រុក​រមាស​ហែក​គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​ស្រូវ​ខ្លាំង​ជាងគេ​រហូត​ដល់​ ១៦​ ១៦៧​ ហិ​កតា​។​

​លោក​ប្រធាន​មន្ទីរ​ ថា​ច់​ រតនា​ បន្ថែម​ថា​ ក្រោយ​ពី​មាន​ភ្លៀក​ធ្លាក់​ចំនួន​ពីរ​ថ្ងៃ​បាន​ជួយ​ឱ្យ​ស្រូវ​កសិករ​លូតលាស់​ឡើង​វិញ​បាន​ប្រមាណ​ ៦០០០​ ហិ​កតា​ ប៉ុន្តែ​បញ្ហា​គ្រោះ​រាំង​ស្ងួត​នៅ​មិន​ទាន់​ធូរស្រាល​នោះ​ទេ​។​

​លោក​ ថា​ច់​ រតនា​៖«​គ្រោះ​រាំង​ស្ងួត​យើង​ជួប​ប្រទះ​តាំងពី​ពាក់កណ្តាល​ស​ប្តា​ហ៍​ទី​១​ ខែ​ ៩​ រហូត​ឥឡូវ​នៅ​បន្ត​រាំង​ស្ងួត​នៅ​ស្រុក​រមាស​ហែក​ ក្រៅពី​នេះ​ស្រុក​ដទៃ​ទៀត​គឺ​ធូរស្រាល​ដោយសារ​ភ្លៀង​ពីរ​ថ្ងៃ​បាន​សម្រាល​ដល់​ការ​ខ្វះ​ទឹក​»​។​

​ក្រៅពី​ខេត្តបាត់ដំបង​ និង​ស្វាយ​រៀង​ ជួប​គ្រោះ​រាំង​ស្ថួ​ត​ ខេត្តព្រៃវែង​ស្រូវពង្រោះ​កសិករ​ជាង​២​ម៉ឺន​ហិ​កតា​កំពុង​ខ្វះ​ទឹក​ស្រោចស្រព​ដោយសារ​ជួប​គ្រោះ​រាំង​ស្ងួត​ដែល​ប់ះ​ពាល់​ស្រុក​ចំនួន​៧​គឺ​ស្រុក​បាភ្នំ​ ស្រុក​កំចាយ មារ​ ស្រុក​កំពង់ត្របែក​ ស្រុក​កញ្ជ្រៀច​ ស្រុក​មេ​សាង​ ស្រុក​ព្រះស្តេច​ ស្រុក​ស្វាយ​អ​ន្ទ​រ​។​ នេះ​បើ​តាម​លោក​ សំ​ សា​រុន​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តព្រៃវែង​។​ លោក​ថា​ ខេត្តព្រៃវែង​ក៏​ជាប់​គ្រោះ​ទឹកជំនន់​លិច​ស្រូវពង្រោះ​ប្រហែល​២​ម៉ឺន​ ៥​ពាន់​ ហិ​កតា​។​

​លោក​ សំ​ សា​រុន​៖«​ប៉ះពាល់​ជា​រួម​ដោយ​រាំង​ស្ងួត​វា​មាន​ប្រាំពីរ​ស្រុក​ផ្ទៃដី​ប៉ះពាល់​សរុប​២០៦៨២​ ហិ​កតា​ ហើយដោយ​ឡែក​ស្រុក​មេ​សាង​ប៉ះពាល់​ធ្ងន់​ជាងគេ​គឺ​៦០០៩​ ហិ​កតា​។​ ជួយ​សង្គ្រោះ​ស្រូវ​បាន​ហើយ​មួយទៀត​វា​មិន​ទាន់​ខូច​ទេ​ដោយសារ​ដី​នៅ​សើម​ ឥឡូវ​ទឹកទន្លេរ​វា​ទៅ​កៀក​ដែរ​ប្រហែលជា​យើង​ជួយ​សង្គ្រោះ​បាន​ពាក់ព័ន្ធ​រាំង​ស្ងួត​»​។​

​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បង្ហាញ​ថា​ គ្រោះ​ទឹកជំនន់​លិច​ដំណាំ​ស្រូវ​ចំនួន​ ៤៤.៨៤៦​ ហិ​កតា​។​ក្នុង​នោះ​ស្រូវ​ខូចខាត​អស់​២១.៣៩១​ ហិ​កតា​ និង​សំណាប​រលួយ​មាន​ចំនួន​  ១២​ ហិ​កតា​។​ ទឹកជំនន់​ប៉ះពាល់​ខេត្ត​ ក្នុង​ខេត្ត​ ស្ទឹង​ត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ កណ្ដាល​ តាកែវ​ និង​ខេត្ដ​កំពង់​ឆ្នាំ​។​ យ៉ាងតិច​មនុស្ស​ ៣៦​ នាក់​ស្លាប់​ដោយសារ​លង​ទឹក​ក្នុង​នោះ​ភាគច្រើន​ជា​ កុមារ​៕

Share

Image
Image
Image