en     km
en     km

តុលាការរាជធានីភ្នំពេញ ចេញដីកាកោះហៅលោកសមរង្ស៊ីចូលខ្លួនថ្ងៃទី៣១កក្កដា

Share

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា កោះហៅលោកសម រង្ស៉ី អតីតមេដឹក​នាំបក្សប្រឆាំង ឱ្យបំភ្លឺនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ តបតាមបណ្តឹងរបស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង អ្នកនយោបាយល្បីរូបនេះអំពីបទញុះញង់។

ដីកានេះចេញដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨កកក្កដា ឆ្នាំ២០១៩នេះ។

តាមដីកានេះ គឺក្រុមមេធាវីសម្តេច ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៉ី អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេច ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានបង្ហោះសារ អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានដាក់ការសង្ស័យថា សម្តេច ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយថា លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេច ស ខេង។ សម្ដេចស ខេងបានប្រាប់អ្នកសារព័ត៌មានថា ករណីការប្ដឹង លោកសមរង្ស៊ី គឺដើម្បីបង្រ្កាបអ្នកនយោបាយនេះ កុំចេះតែនិយាយញុះញុងផ្ទៃក្នុងគណបក្សប្រជាជន​កម្ពុជា អោយបែកបាក់គ្នា។

សម្តេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី ទៅតុលាការនេះ គឺជាបណ្តឹងលើកដំបូង ក្នុង១ឆាកជីវិតរបស់សម្ដេច។​

សូមជម្រាបថា លោកសមរង្ស៊ី បានជាប់បណ្ដឹងជាងដប់បណ្ដឹងនៅតុលាការ។ ដោយសាល​ក្រមផ្តន្ទាទោស​​លោក មួយករណីរាប់ឆ្នាំហើយផាកពីន័យរាប់រយលានរៀល។ ក្នុងបណ្ដឹងនោះ មានទាំងបណ្ដឹងរបស់សម្ដេច ហ៊ុនសែន និងសម្ដេចហេងសំរិនផងដែរ។

យ៉ាងណាលោកសមរង្ស៊ី ចាត់ទុក ជារឿងនយោបាយ ប្រឆាំងនឹងលោក។ លោកចាត់ទុកតុលាការ​ជាឧបករណ៍របស់ អ្នកនយោបាយកាន់អំណាច។ គេរំពឹងថា លោកសមរង្ស៊ីនឹងវិលចូលកម្ពុជាវិញ នៅ​ប៉ុន្មានសប្ដាហ៍ទៀតនេះ៕

Share

Image
Image
Image