en     km
en     km

តើ​កង្វះ​បង្គន់​អនាម័យ​តាម​សាលា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​សុខភាព​ និង​គុណភាព​សិក្សា​របស់​សិស្ស​ស្រី​មែនឬ​?

Share

រូបតំណាង (ពីអង្គការ unicef)
រូបតំណាង (ពីអង្គការ unicef)

ជា​ទូទៅ​នៅ​តាម​សាលារៀន​រដ្ឋ​មួយ​ចំនួន​ ការ​សាងសង់​បង្គន់​អនាម័យ​នៅ​ក្នុង​សាលារៀន​ មិន​ទាន់​សម​ស្រប​ទៅ​តាម​ស្តង់ដារ​នៅឡើយ​ ក្នុង​នោះ​មាន​ទាំង​អនាម័យ​ ទាំង​សមាមាត្រ​បែងចែក​បង្គន់​ស្រី​ និង​បង្គន់​ប្រុស​ពុំ​ទាន់​ល្អ​ប្រសើរ​  រួម​ផ្សំ​ទាំង​កង្វះ​ប្រព័ន្ធ​ទឹក​ស្អាត​ និង​អគ្គិសនី​ផង​។​ តើ​កង្វះ​បង្គន់​អនាម័យ​តាម​សាលារៀន​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខភាព​ និង​ការ​ក្រេបជញ្ជក់​ចំណេះដឹង​របស់​សិស្ស​ស្រី​ជាង​សិស្ស​ប្រុស​មែនឬ​?​
សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ជូន​ដោយ​លោក​ ធូ​ វិ​រៈ​ ដូច​តទៅ​៖

​អ្នកវិភាគ​សង្គម​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​បាន​លើក​ឡើង​ថា​ បញ្ហា​បង្គន់​អនាម័យ​នៅ​តាម​សាលារៀន​រដ្ឋ​មួយ​ចំនួន​ធំ​ នៅ​ពុំ​ទាន់​មាន​ស្តង់ដារ​នៅឡើយ​។​ បញ្ហា​បង្គន់​អនាម័យ​តាម​សាលារៀន​រដ្ឋ​ ដែល​មិន​គោរព​តាម​ស្តង់ដារ​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស​ ពិសេស​ប៉ះពាល់​សតិអារម្មណ៍​របស់​សិស្ស​ស្រី​ ដោយសារ​ពួក​គេ​មិន​អាច​រំដោះទុក្ខ​បាន​។​

​អ្នកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា​ ការ​សាងសង​បង្គន់​អនាម័យ​មិន​គ្រប់គ្រាន់​ដោយ​មិន​បាន​បែងចែក​បង្គន់​សម្រាប់​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​។​ អ្នកស្រី​ ថា​ ពិសេស​ បង្គន់​អនាម័យ​ គ្មាន​ស្តង់ដារ​ ហើយ​បញ្ហា​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ដល់​សុខភាព​សិស្សានុសិស្ស​ និង​ពេល​ខ្លះ​អាច​ធ្វើ​ឱ្យ​សិស្ស​បោះបង់​ការ​សិក្សា ​ក៏​អាច​ថា​បាន​ដែរ​។​

​អ្នកស្រី​ វ​ណ្ណាត​ បាន​បន្ថែម​ថា​ ដើម្បី​ឱ្យ​បង្គន់​អនាម័យ​នៅ​តាម​សាលារៀន​មាន​អនាម័យ​ល្អ​ ទាំង​នាយក​សាលា​ លោកគ្រូ​-​អ្នកគ្រូ​ រួម​ទាំង​សិស្សានុសិស្ស​គួរតែ​ប្រើប្រាស់​បង្គន់​រួម​គ្នា​ ដោយ​មិន​ចាំបាច់​បែងចែក​បង្គន់​សម្រាប់​សិស្ស​ និង​គ្រូ​ឡើយ​។​ អ្នកស្រី​ ថា​ ធ្វើ​បែប​នេះ​អាច​នឹង​ចេះ​អនាម័យ​បន្ទប់​ទឹកបាន​ល្អ​។​

ស្រ​ដៀង​គ្នា​នេះ​ដែរ​ លោក​ កៅ​ ពឿ​ន​ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍ​ជាតិ​បានឱ្យ​ដឹង​ថា​ សាលារៀន​រដ្ឋ​ភាគច្រើន​សាងសង់​បង្គន់​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​ល្អ​ អាច​ទទួលយក​បាន​នៅឡើយ​ទេ​។​ លោក​ ពឿ​ន​ ថា​ ការ​ខ្វះ​ស្តង់ដារ​បង្គន់​នេះ​ អាច​ជា​បញ្ហា​មួយ​ជះ​ឥទ្ធិពល​ទៅ​ដល់​សិស្ស​ស្រី​ក្នុង​ការ​ទទួលយក​ចំណេះដឹង​ ទោះបីជា​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ពី​ហេតុផល​នេះ​ដ៏​ដោយ​។​

លោក​បន្ត​ថា​ ពេល​ខ្លះ​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​បង់ថ្លៃ​ជួល​បន្ទប់ទឹក​ ដើម្បី​ឱ្យ​កូន​ពួក​គេ​អាច​ប្រើប្រាស់​បង្គន់​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​ និង​ផា​សុខភាព​ ក៏​ព្រោះតែ​បង្គន់​អនាម័យ​តាម​សាលារៀន​ខ្វះ​ការ​អនាម័យ​។​

​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍ​ជាតិ​រូប​នេះ​ បញ្ជាក់​ថា​ មាន​កត្តា​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​ការ​សាងសង់​បង្គន់​អនាម័យ​មិន​មាន​ស្តង់ដារ​គ្រប់លក្ខណៈ​គឺ​ ខ្វះ​ប្រព័ន្ធ​ទឹក​ និង​អគ្គិសនី​ ប្រើប្រាស់​តាម​សាលា​គ្រប់គ្រាន់​។​ ម្យ៉ាងទៀត​សេវាកម្ម​ភ្ជាប់​ប្រព័ន្ធ​ទឹក​ និង​អគ្គិសនី​ មាន​តម្លៃ​ខ្ពស់​ផង​។​

ទាំង​អ្នកវិភាគ​សង្គម​ និង​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ពាក់ព័ន្ធ​ទៅ​នឹង​សាលា​សាធារណៈ​របស់​រដ្ឋ​បាន​លើក​ឡើង​ដូច​គ្នា​ថា​ តាម​ការ​អង្កេត​របស់​អ្នក​ទាំង​ពីរ​ខាងលើ​ឃើញ​ថា​ ការ​សាងសង់​បង្គន់​តាម​សាលារៀន​មួយ​ចំនួន​ធំ​ គឺ​មិន​បាន​គិត​ពី​ចំនួន​បង្គន់​អនាម័យ​ឱ្យ​មាន​សមាមាត្រ​គ្នា​ជាមួយ​សិស្ស​ដែល​ជា​អ្នក​ប្រើប្រាស់​ និង​មិន​ទាន់​មាន​ស្តង់ដារ​ត្រឹមត្រូវ​អាច​ទទួលយក​បាន​នៅឡើយ​។​

យោង​តាម​អ្នកវិភាគ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ខាងលើ​ទាំង​ពីរ​ អាច​ធ្វើការ​សន្តិ​ដ្ឋា​ន​បាន​ថា​ ការ​ខ្វះ​បង្គន់​អនាម័យ​តាម​សាលារៀន​របស់​រដ្ឋ​ អាច​ធ្វើ​ប៉ះពាល់​កង្វះ​អនាម័យ​សុខភាព​ដល់​សិស្សានុសិស្ស​ ហើយ​បញ្ហា​នេះ​បណ្តាល​ឱ្យ​ប៉ះពាល់​គុណភាព​សិក្សា​របស់​សិស្ស​ ពិសេស​សិស្ស​ស្រី​ រហូត​អាច​ឱ្យ​ស្រី​ទាំងនោះ​បោះបង់​ការ​សិក្សា​ផង​ក៏​មិនដឹង​។​

​ទោះបីជា​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ពី​បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា​ដោយសារ​បញ្ហា​បង្គន់​អនាម័យ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ទាំង​អ្នកវិភាគ​សង្គម​ និង​ទាំង​មន្ត្រី​សង្គម​ស៊ី​វិល​បាន​ផ្តល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​ ឱ្យ​យកចិត្តទុកដាក់​ទៅ​លើ​ការ​សាងសង់​បង្គន់​អនាម័យ​តាម​សាលារៀន​របស់​រដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​នោះ​គឺ​ រាជរដ្ឋាភិបាល​ត្រូវ​តែ​មាន​យន្តការ​ច្បាស់លាស់​ធ្វើ​យ៉ាងណា​ធានា​នៅ​ប្រព័ន្ធ​ទឹក​ស្អាត​ និង​ភ្លើង​ រួម​ទាំង​សេវា​លាង​សម្អាត​បង្គន់​ មាន​គ្រប់​សាលា​ដោយ​ស្តង់ដារ​តែ​មួយ​ដូច​គ្នា​ ពិសេស​ក្រសួង​អប់រំ​ត្រូវ​តែ​បង្កើន​កញ្ចប់​ថវិកាជាតិ​ទៅ​លើ​ផ្នែក​នេះ​ឱ្យ​បាន​គ្រប់គ្រាន់​៕

Share

Image
Image
Image