en     km
en     km

តើ​បណ្ណា​ការ​ថ្លៃ​ ពិតជា​ជួយ​លើក​កិត្ដិយស​ស្ដ្រី​ពេល​រៀប​ការ​មែន​ទេ​?

Share

ភ្នំពេញ​ ៖​ បច្ចុប្បន្ន​នេះ​ ប្រាក់​ថ្លៃ​បណ្ណា​ការ​ បាន​ក្លាយជា​រឿង​ដែល​កូនប្រុស​ភាគច្រើន​មាន​កង្វល់​ ខណៈ​ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​ម្ដងៗ​ ម្ដាយ​ ឪពុក​ គេ​ តែងតែ​បង្គាប់​ថ្លៃ​បណ្ណា​ការ​ ដល់​រាប់​ពាន់​ ឬ​ក៏​ឈាន​ដល់​ម៉ឺន​ដុល្លារ​ទៀត​ផង​។​ ចំពោះ​ការ​ទារ​ថ្លៃ​បណ្ណា​ការ​ខ្ពស់​ពេក​នេះ​ ទាំង​នាយិកា​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​ប្រឹក្សា​យោបល់​ និង​ស្ដ្រី​ខ្លួនឯង​ សុទ្ធតែ​យល់​ថា​ កិត្ដិយស​ស្ដ្រី​ពេល​រៀប​ការ​ មិនមែន​បាន​មក​ពី​ថ្លៃ​បណ្ណា​ការ​ច្រើន​នោះ​ទេ​។​

លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​ទំនៀមទម្លាប់​ ខ្មែរ​ពី​បុរាណ​មក​ ចាត់​ទុក​ពិធី​រៀប​មង្គលការ​ ពិតជា​មាន​សារសំខាន់​ណាស់​ មុន​ពេល​ដែល​ បុរស​ និង​ ស្ដ្រី​ ទៅ​រួមរស់​ជាមួយ​គ្នា​។​ តាំងពី​បុរាណ​មក​ កាលណា​បុរស​ ស្រឡាញ់​ស្ដ្រី​ណា​ម្នាក់​ គេ​ត្រូវ​ទៅ​ចូល​ស្ដីដណ្ដឹង​ស្ដ្រី​រូប​នោះ​ពី​ឪពុក​ ម្ដាយ​របស់​នាង​ ហើយ​នៅ​បម្រើ​គ្រួសារ​ខាង​ស្រី​ ទៅ​តាម​រយៈពេល​កំណត់​ណាមួយ​ ទើបបាន​រៀប​ការ​។​ ​តែ​បច្ចុប្បន្ន​ ទម្លាប់​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ទៅ​ជា​ ការ​ប្រគល់​ប្រាក់​កាក់​ជូន​ទៅ​ឪពុក​ ម្ដាយ​ ខាង​ស្រី​វិញ​ ដើម្បី​យក​ប្រាក់​នោះ​ទៅ​រៀបចំ​ពិធី​មង្គលការ​។​

​ចាស់ៗ​មួយ​ចំនួន​តែងតែ​និយាយ​ថា​ ការ​ទារ​ថ្លៃ​បណ្ណា​ការ ឬ​ហៅ​ថា​ ថ្លៃទឹកដោះ​ បាន​ច្រើន​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​ ខ្ពស់​មុខ​ខ្ពស់​មាត់​ ព្រោះ​កូនស្រី​របស់​ខ្លួន​ល្អ​ ទើប​កូនប្រុស​ដែល​ចូល​ស្ដីដណ្ដឹង​គេ​ហ៊ាន​ តាម​ការ​បង្គាប់​របស់​មេបា​ខាង​ស្រី​។​

​តែ​យ៉ា​ណា​ ទាក់ទិន​មតិ​មួយ​នេះ​ នាយិកា​អង្គការ​សង្គម​ស៊ី​វិល​មួយ​រូប​ មិន​គាំទ្រ​នោះ​ទេ​ ហើយ​ចាត់​ទុក​ថា​ ការ​បង្គាប់​ថ្លៃបណ្ណា​ការ​ខ្ពស់​ពេក​ គឺ​ប្រៀប​បាន​និង​ការ​លក់​កូនស្រី​របស់​ខ្លួន​ទៅ​វិញ​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C​ មាន​ប្រសាសន៍​ថា​ លោកស្រី​ ទទួលស្គាល់​ថា​ ក្នុង​ពិធី​មង្គលការ​មួយ​ គឺ​ត្រូវ​ចំណាស​ប្រាក់​អស់​ច្រើន​ ក៏​ប៉ុន្ដែ​ការ​ទារ​ថ្លៃ​​បណ្ណា​ការ​កប់​មេឃ​ពី​ខាង​ប្រុស​ វា​នឹង​ធ្វើ​ឲ្យ​ស្ដ្រី​ក្លាយជា​ជន​រង​គ្រោះ​ដោយ​មិនដឹង​ខ្លួន​។​ លោកស្រី​ សុភាព​ ចាត់​ទុក​ថា​ ការ​បង្គាប់​ថ្លៃ​បណ្ដា​ការ​ខ្ពស់​ គឺ​ស្មើ​និង​ការ​លក់​កូនស្រី​ ហើយ​វា​ជា​រឿង​អាម៉ាស់​បំផុត​ ៖«​ជីវិត​របស់​ស្ដ្រី​ និង​ខ្លួន​របស់​ស្ដ្រី​ គឺ​មាន​តម្លៃ​ណាស់​មិន​អាច​កាត់ថ្លៃ​បាន​ទេ​ ហើយ​បើ​យក​​បណ្ណា​ការមក​ធ្វើ​ខែល​ សម្រាប់​លក់ដូរ​ វា​គឺជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ស្ដ្រី​ហ្នឹង​ គាត់​នៅ​ទទួល​រង​ដូច​ថា​ តួនាទី​របស់​គាត់​ត្រូវ​តែ​ជា​អ្នក​ផ្ដល់​សេវា​សម្រាប់​ប្ដី​ដែល​ជា​ដៃគូ​របស់​គាត់​»​។​

លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GAD/C)

 

​លោកស្រី​ សុភាព​ បន្ដ​ថា​ ការ​បង្គាប់​ថ្លៃ​​បណ្ណា​ការនេះ​ គឺ​បាន​ផ្ទុយ​និង​ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០០៥​ និង​ព្រឹទ្ធសភា​ អនុម័ត​ និង​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ដែល​បាន​ចែង​ថា​ ការ​រៀប​ការ​រវាង​ស្ដ្រី​និង​បុរស​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ ហើយ​ជា​ការ​សម្រេចចិត្ដ​ដោយសា​ម៉ី​ខ្លួន​ទាំង​ពីរ​។​ លោកស្រី​បន្ថែម​ទៀត​ថា​ កា​រស់នៅ​ចុះសម្រុង​គ្នា​ មិនមែន​ទាល់តែ​ការ​រៀប​ការ​នោះ​ ចំណាយ​អស់​លុយរាប់​លាន​នោះ​ទេ​។​ លោកស្រី​ រស់​ សុភាព​ ចាត់​ទុក​ថា​ ការ​ប្រឹង​ទារ​ថ្លៃ​​បណ្ណា​ការពី​គ្រួសារ​ខាង​ប្រុស​ច្រើន​ របស់​ឪពុក​ ម្ដាយ​ខាង​ស្រី​ គឺជា​លេះ​ចង់បាន​មុខមាត់​ខ្លួន​គាត់​តែ​ប៉ុណ្ណោះ​ ៖«​ខ្ញុំ​គិត​ថា​ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​ អាច​និង​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយចិត្ដ​ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​គិត​ថា​ អ្វី​ដែល​ធ្វើ​នេះ​គ្រាន់តែ​ជា​លេះ​ទេ​ សម្រាប់​ឪពុក​ ម្ដាយ​ ដែល​ចង់បាន​មុខ​ បាន​មាត់​។​ ប៉ុន្ដែ​គាត់​ក៏​ត្រូវ​គិត​ដែរ​ថា​ ពិធីការ​ធំដុំ​នេះ​ តើ​ទៅ​ថ្ងៃ​អនាគត​ កូន​ បើសិនជា​គាត់​ រៀបចំ​ការ​ហើយ​ជំពាក់​បំណុល​គេ​ ឬ​មួយ​ក៏​កូន​រស់នៅ​មិន​ចុះសម្រុង​គ្នា​ តើ​មុខមាត់​គាត់​យ៉ាងម៉េច​»​។​

​លោកស្រី​ សុភាព​ សំណូមពរ​ថា​ ឪពុក​-​ម្ដាយ​ គ្រប់​រូប​ គួរ​គិត​ឡើង​វិញ​ ពី​ករណី​នេះ​។​ ការ​ធ្វើ​តាម​ទំនៀមទម្លាប់​ដូនតា​ គឺ​មិន​ខុស​ទេ​ ក៏​ប៉ុន្ដែ​គួរ​រៀបចំ​ត្រឹម​ល្មម​ មួយ​សមរម្យ​ ជា​ជាង​ប្រឹង​រៀបចំ​អធិកអធម​ថ្ងៃ​ការ​ ហើយ​ក្រោយ​រៀប​ការ​រួច​ កូនចៅ​ត្រូវ​រកស៊ី​ដោះបំណុល​ថ្លៃ​ចំណាយ​មង្គលការ​។​

​ទាក់ទិន​បញ្ហា​ថ្លៃ​បណ្ដា​ការ​នេះ​ដែរ​ Dj​ NaNa​ ដែល​ត្រូវ​បាន​ស្រទាប​យុវ​ជ័យ​ និង​អ្នក​វ័យ​កណ្ដាល​មួយ​ចំនួន​ធំ​ បាន​ស្គាល់​ ថា​ ជា​អ្នក​ប្រឹក្សា​យោបល់​ ដ៏​មាន​ប្រជាប្រិយ៍​មួយ​រូប​ យល់​ថា​ ថ្លៃ​បណ្ណា​ការ​ពិតជា​មាន​សារសំខាន់​ ក៏​ប៉ុន្ដែ​វា​មិនមែន​សំខាន់​សម្រាប់​តែ​កូនស្រី​នោះ​ ពោល​គឺ​វា​សំខាន់​សម្រាប់​ទាំង​កូនស្រី​ និង​កូនប្រុស​។​ តែ​យ៉ាងណា​អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​ មិន​គាំទ្រ​ទេ​ ការ​ចំណាយ​លុយ​ច្រើន​លើសលប់​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​នោះ​ ព្រោះ​កញ្ញា​យល់​ថា​ កិត្ដិយស​ស្ដ្រី​ មិនមែន​ទាល់តែ​បាន​ថ្លៃ​​បណ្ណា​ការ​ច្រើន​ ឬ​ក៏​ការ​រៀបចំ​ពិធី​មង្គលការ​ធំដុំ​នោះ​ទេ​ ៖«​ខ្ញុំ​ខ្លួនឯង​ក៏​ជា​មនុស្ស​ស្រី​ ប៉ុន្ដែ​ខ្ញុំ​នឹង​ឆ្លើយ​ថា​ កិត្ដិយស​របស់ខ្ញុំ​មិនមែន​បាន​មក​ពី​បណ្ណា​ការច្រើន​ ធ្វើ​ពិធី​បែប​ធំដុំ​ទេ​។​ ខ្ញុំ​គិត​ថា​ កិត្ដិយស​របស់ខ្ញុំ​បាន​មក​ពី​អំពើ​ល្អ​ បាន​មក​ពី​ភាព​ត្រឹមត្រូវ​ បាន​មក​ពី​ភាព​ជា​សុភាពបុរស​ ឬ​ក៏​ការ​ស្រឡាញ់​ភរិយា​មនុស្ស​ដែល​ខ្ញុំ​អាច​រៀប​ការ​ជាមួយ​បាន​ហៅ​ថា​ស្វាមី​ ខ្ញុំ​គិត​ថា​ នោះ​ទើប​ជា​កិត្ដិយស​ពិតប្រាកដ​ ក៏​ប៉ុន្ដែ​ម្ដងទៀត​ វា​អាស្រ័យ​ទៅ​និយម​ន័យ​របស់​មនុស្ស​ រៀងៗ​ខ្លួន​ តែបើ​សួរ​ខ្ញុំ​ ខ្ញុំ​គិត​ថា​អត់​ទេ​»​។​

Dj NaNa អ្នកប្រឹក្សាយោបល់ ដោះស្រាយវិបត្ដិស្នហា គ្រួសារ និងការសិក្សា

 

​ចំពោះ​ Dj​ NaNa​ អត្ថន័យ​ នៃ​ការ​រៀប​មង្គលការ​ គឺ​គ្រាន់តែ​ជា​ពិធី​ដែល​គូ​ស្វាមី​ ភរិយា​ ថ្មី​នោះ​ ធ្វើ​ឡើង​ដើម្បី​គួរសម​ជាមួយ​សាច់ញាតិ​ ឬ​ភ្ញៀវ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ជា​សាក្សី​សម្រាប់​ស្នេហា​របស់​ពួក​គេ​។​ ប៉ុន្ដែ​អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​ សង្កត់ធ្ងន់​ថា​ ការ​បាន​ថ្លៃ​​បណ្ណា​ការច្រើន​ ឬ​តិច​ មិនមែន​ជា​ កត្ដា​កំណត់​ថា​ គូ​ស្វាមី​ ភរ​យា​ នោះ​ នឹង​រស់​ជាមួយ​គ្នា​រហូត​ ឬ​ក៏​យ៉ាងណា​នោះ​ទេ​។​

​ដូច​គ្នា​និង​អ្នក​ប្រឹក្សា​យោបល់​នេះ​ដែរ​ កញ្ញា​ រស់​ ឃុ​ណ​ណា​ង​ អាយុ​ ២៤​ឆ្នាំ​ ជា​មន្ដ្រីរាជការ​មួយ​រូប​ បំពេញការងារ​ក្នុង​ខេត្ដបាត់ដំបង​ បាន​និយាយ​ថា​ សុភមង្គល​របស់​ប្ដី​ប្រពន្ធ​ពីរ​នាក់​ មិន​អាស្រ័យ​ទៅ​លើ​ថ្លៃ​​បណ្ណា​ការ​តិច​ឬ​ច្រើ​ទេ​ តែ​វា​អាស្រ័យ​ទៅ​លើ​គូ​ស្វាមី​ ភរិយា​នោះ​ ស្រឡាញ់​គ្នា​ និង​ យល់ចិត្ដ​គ្នា​ប៉ុណ្ណា​។​ បន្ថែម​ពី​នេះ​ កញ្ញា​ ឃុ​ណ​ណា​ង​ យល់​ឃើញ​ថា​ ការ​បង្គាប់​ថ្លៃ​​បណ្ណា​ការ ក៏​មិន​អាស្រ័យ​ទៅ​លើក​ត្ដា​ជីវភាព​គ្រួសារ​ខាង​ណា​នោះ​ដែរ​ ៖«​យើង​មើលទៅ​លើ​ស្ថានភាព​យើង​ដែរ​ មិនមែន​ថា​ គ្រួសារ​យើង​ក្រ​ល្មម​យើង​ទារ​បណ្ណា​ការគេ​ខ្ពស់​ ឬ​ក៏​មាន​យើង​ត្រូវ​ទារ​គេ​ឲ្យ​ច្រើន​ក៏​អត់​ត្រូវ​តាម​ហ្នឹង​ដែរ​។​ លក្ខណៈ​ថា​ យើង​មើលទៅ​មួយ​សម​ល្មម​អ្វី​ដែល​យើង​អាច​ទទួល​បាន​ យក​មក​រៀបចំ​ពិធី​ហ្នឹង​បាន​ ឲ្យ​មើលទៅ​បំពេញ​អ្វី​ដែល​យើង​ទទួល​បាន​ យើង​រៀបចំ​ទៅ​ បំពេញមុខ​គេ​ខាង​ណោះ​ ក៏​វា​មួយ​ល្មម​ មើលទៅ​មួយ​សម​ទាំងអស់​គ្នា​»​។​

កញ្ញា រស់ ឃុណណាង អាយុ ២៤ឆ្នាំ ជាមន្រ្ដីរាជការមួយរូប រស់នៅក្នុងខេត្ដបាត់ដំបង

 

​ជុំវិញ​ថ្លៃ​​បណ្ណា​ការនេះ​ មជ្ឈដ្ឋាន​ខ្លះ​ គឺ​ចាំតែ​តាមដាន​និង​រិះគន់​តែ​ប៉ុណ្ណោះ​ ជា​ពិសេស​អ្នក​ជិតខាង​។​ អ្នកខ្លះ​ថា​ កូនស្រី​ ដែល​ទទួល​បាន​បណ្ដា​ការ​តិច​តូច​ពី​ខាង​ប្រុស​ ព្រោះតែ​ស្ដ្រី​រូប​នោះ​មាន​ទំនាក់ទំនង​ដល់​រូប​កាយ​ ទើប​ឪពុក​ ម្ដាយ​ របស់​នាង​ យល់ព្រម​លើក​កូនស្រី​ឲ្យ​ ទាំង​ដែល​ទទួល​បាន​ថ្លៃ​បណ្ណា​ការ​ មិន​ស្មើនឹង​អ្នក​មេម៉ាយ​ផង​។​

​ត្រង់​ចំណុច​នេះ​ សម្រាប់​កញ្ញា​ ឃុ​ណ​ណា​ង​ នាង​មិន​ចាប់អារម្មណ៍​លើ​ពាក្យ​សម្ដី​ អ្នក​ជិតខាង​របស់​នាង​ទេ​ ព្រោះ​នាង​គិត​ថា​ គឺជា​រឿង​សាមញ្ញ​ទៅ​ហើយ​ ដែល​អ្នក​ជិតខាង​ តែងតែ​បេះបោច​រឿងរ៉ាវ​របស់​អ្នក​ដទៃ​។​ តែ​ចំណុច​សំខាន់​ គឺ​មាន​តែ​សា​ម៉ី​ដើមការ​ប៉ុណ្ណោះ​ ដែល​ដឹង​រឿង​ផ្ទៃក្នុង​។​ ជាង​នេះ​កញ្ញា​ ថា​ ទាំង​ក្រុម​គ្រួសារ​ខាង​ស្រី​ និង​ស្ដ្រី​ខ្លួនឯង​ មិន​គួរ​ទៅ​ចាប់អារម្មណ៍​ពេក​ទេ​ រឿង​រៀបចំ​ពិធី​មង្គលការ​ធំដុំ​ តែ​គួរតែ​ចាប់អារម្មណ៍​ រឿង​ដែល​នឹង​កើតឡើង​ក្រោយ​ពេល​រៀប​ការ​វិញ​ទើប​ជា​ការ​ប្រសើរ​ ៖«​និយាយ​ចំ​ អ្នក​ជិតខាង​ តែ​យើង​ធ្វើ​ទៅ​វា​ឃើញ​ធំដុំ​គាត់​ថា​ល្អ​ហើយ​ តែ​យើង​ធ្វើ​មក​តិច​តូច​ គាត់​មើល​មក​លក្ខណៈ​ថា​ តាមតែ​មាត់​គាត់​និយាយ​។​ តែ​សំខាន់​គឺ​សា​ម៉ី​ខ្លួន​ពួក​យើង​ទើប​ដឹង​ច្បាស់​។​ ហើយ​មួយទៀត​មិន​ប្រាកដ​ថា​ យើង​យក​បណ្ដា​ការ​គេ​មក​ច្រើន​ យើង​ធ្វើ​អ្វី​រៀបចំ​ទៅ​ឲ្យ​អធិក​ ប៉ុន្ដែ​លទ្ធផល​ គឺ​នៅ​ខាងក្រោយ​ពេល​ដែល​យើង​រៀបចំ​រួច​ យើង​អត់​គិត​ថា​ ត្រូវ​ចំណាយ​អីៗ​ផ្សេង​ហ្នឹង​វា​នៅ​បាន​អី​!​ ខ្ញុំ​គិត​ថា​ សំខាន់​នៅ​ពេល​យើង​រៀបចំ​មួយ​ល្មម​អ​ញ្ចឹ​ង​ទៅ​ យើង​រៀប​ការ​ទៅ​ សំខាន់​គឺ​អ្វី​ជា​លទ្ធផល​ក្រោយ​យើង​នៅ​ជាមួយ​គ្នា​ទេ​»​។​

​យ៉ាងណា​ជុំវិញ​ថ្លៃ​​បណ្ណា​ការនេះ​ នារី​ម្នាក់​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា​ ម៉ា​ ឆី​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​នាង​ថា​ មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​នាង​ពី​ថ្លៃ​​បណ្ណា​ការ​ ដែល​នាង​បាន​ទទួល​ពី​គូ​ដណ្ដឹង​របស់​នាង​ ហើយ​ពួក​គេ​ម្នាក់ៗ​ សុទ្ធតែ​បោះពាក្យ​សម្ដី​ប្រហាក់ប្រហែល​គ្នា​ថា​ ថ្លៃ​​បណ្ណា​ការរបស់​នាង​ហេតុ​អ្វី​ក៏​បាន​តិច​ម្លេះ​។​ លើស​ពី​នេះ​អ្នក​ទាំងនោះ​ ចំអក​ថា​ ថ្លៃ​បណ្ដា​ការ​របស់​នាង​ជា​ស្រី​ក្រមុំ​ មិន​ស្មើ​និង​មេម៉ាយ​ផង​ ៖«​មិន​តិច​នាក់​ទេ​ ដែល​គេ​សួរ​ខ្ញុំ​ថា​ បង្គាប់​បាន​ន្មា​ន​។​ បាន​ ១​ម៉ឺន​ដុល្លារ​អត់​?​ អត់​បាន​!​ ម៉េច​ក៏​ថោក​ម្លេះ​ យ៉ាប់​ជាងគេ​មេម៉ាយ​ទៀត​។​ គេ​មេម៉ាយ​សោះ​បាន​ច្រើន​ជាង​ហ្នឹង​ផង​»​។​

​កញ្ញា​ ម៉ា​ ឆី​ បន្ដ​ទៀត​ថា​ នាង​មិន​ខឹង​ ក៏​មិន​អន់ចិត្ដ​អ្វី​ដែរ​ ចំពោះ​ការ​ចោទសួរ​ដូច្នេះ​។​ ប៉ុន្ដែ​នាង​ឆ្ងល់​ថា​ តើ​ស្ដ្រី​គ្រប់​រូប​ត្រូវ​តែ​រើស​យកប្ដី​អ្នកមាន​ ហើយ​បង្គាប់​ថ្លៃ​​បណ្ណា​ការ​ច្រើន​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឬ​ក៏​យ៉ាងណា​ ។​ ស្ដ្រី​រូប​នេះ​ ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​គិត​ឡើង​វិញ​ ពី​ការ​បង្គាប់​ថ្លៃ​​បណ្ណា​ការ ដែល​ជា​ការ​ពិត​មង្គលការ​គឺ​ចាំបាច់​ត្រូវការ​លុយ​ ក៏​ប៉ុន្ដែ​តើ​វា​ចាំបាច់​ទេ​ ដែល​ត្រូវ​បង្គាប់​ថ្លៃ​​បណ្ណា​ការជា​ច្រើន​ម៉ឺន​ដុល្លារ​ ទាំង​ដែល​ខ្លួន​មិនមែន​ជា​អ្នករក​លុយ​នោះ​ផង​ ហើយ​មិនតែប៉ុណ្ណោះ​តើ​អ្នក​អាច​យក​លុយ​ដែល​គេ​ខំ​រក​យ៉ាង​លំបាក​មក​ចាយ​ដោយ​ស្រួល​បាន​យ៉ាងដូចម្ដេច​៕

Share

Image
Image
Image