មុនពេលរដ្ឋាភិបាលស៊ីវិល ត្រូវស្បថចូលកាន់តំណែង លោកប្រាយុទ្ធ បានចេញបញ្ជាជាលើកចុងក្រោយ ក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃទើបជាប់ឆ្នោតឱ្យបិទបញ្ចប់របបសឹកជាផ្លូវការ កាលពីថ្ងៃ អង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។
បណ្ដាញផ្សាយ ព័ត៌មាន CNA ចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹង ថា៖ បទបញ្ជារបស់លោក ប្រាយុទ្ធ គឺជាបទបញ្ជាចុងក្រោយបំផុតនៃរបបយោធាថៃ គឺក្នុងនោះក៏រួមមានការដកចេញវិញនូវបម្រាមនានា ដែលត្រូវបានដាក់ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការសម្រេចផ្ទេរសំណុំរឿងរដ្ឋប្បវេណី ពីតុលាការយោធាទៅកាន់តុលាការស៊ីវិលវិញផងដែរ។
លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលស៊ីវិលរបស់លោក នឹងឡើងគ្រប់គ្រងប្រទេសជាផ្លូវការនៅកំឡុងពាក់កណ្តាលខែកក្កដានេះ។ នៅក្នុងពិធីស្បថជាលើកដំបូងនៅក្នុងព្រះបរមរាជវាំង លោកប្រាយុទ្ធជាឧត្តមសេនីយ៍ចូលនិវត្តន៍ បានស្បថ ដឹកនាំប្រទេសដោយតំកល់ផលប្រយោជន៍ថៃ ជាធំនិងលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ចំណែកឯការផ្តល់អំណាចឲ្យប៉ូលិស និងកងទ័ពធ្វើការឆែកឆេរ កោះហៅ និងឃាត់ខ្លួនជនសង្ស័យបានរយៈពេល ០៧ថ្ងៃនោះ ដរាបណាត្រូវស្ថិតក្រោមហេតុ ផលសន្តិសុខជាតិធ្ងន់ធ្ងរ។ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាងាំ (Wissanu Kreangam) បាននិយាយថា៖ បទបញ្ជាទាំងឡាយដែលនឹងត្រូវរក្សាឲ្យនៅដដែល គឺដោយសារមានសារៈសំខាន់ ប៉ុន្តែសភាក៏អាចកែប្រែបទបញ្ជាទាំងនោះបានដែរ។
សភាថៃ បច្ចុប្បន្ន មាន គណបក្សនយោបាយ ជាប់ឆ្នោតជិត៣០គណបក្ស។ ប៉ុន្តែ ក្នុងចំណោមនោះមាន ២ប៉ូលប៉ុណ្ណោះគឺទីមួយក្រុមរាជរដ្ឋាភិបាលចម្រុះ១៩គណបក្សដឹកនាំដោយលោកប្រាយុទ្ធនិងក្រុមចម្រុះមួយទៀត មាន៧គណបក្ស ដឹកនាំដោយគណបក្សប្រឆាំងភឿថៃ គេហៅថា ក្រុមរណសិរ្យ ប្រជាធិបតេយ្យ។ សមាជិកសភាថៃមាន ៥០០ នាក់ ។ ក្រុមប៉ូលនយោបាយពីរនេះ មានតុល្យភាពនឹងគ្នាគឺមិនអាចសម្រេចអ្វីបានដោយងាយៗទៀតឡើយ។
សូមរំលឹក ថា ចាប់តាំងពីលោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០១៤មកនេះ រដ្ឋាភិបាលយោធារបស់លោកបានចេញនូវបទបញ្ជាសរុបចំនួន ៥០០បទបញ្ជា។ បទបញ្ជាទាំងនោះគឺស្ថិតនៅក្រោមមាត្រា៤៤នៃច្បាប់រដ្ឋធម្មនុញ្ញថៃ៕