en     km
en     km

ទស្សនៈចម្រុះជុំវិញអនុក្រឹត្យស្ដីពីប្រតិទិនឈប់សំរាកការងារឆ្នាំ២០២០

Share

កម្ពុជាដែលពីមុនមកមានថ្ងៃឈប់សំរាក២៨ថ្ងៃកាត់មកត្រឹម២២ថ្ងៃប៉ុណ្ណោះ។នេះបើយោងតាមអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកការងាររបស់មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ស្របគ្នានេះដែរក៏លេចចេញនូវមតិសាធារណជនព្រោងព្រាតជុំវិញរឿងនេះ។

កញ្ញា ឆោម ពៅនិកា រាយការណ៍

សម្ដេចហ៊ុនសែនធ្លាប់បានលើកឡើងដោយប្រៀបធៀបអំពីថ្ងៃឈប់សម្រាកចន្លោះពី២៨ទៅ៣០ថ្ងៃរបស់កម្ពុជា និងថ្ងៃឈប់សម្រាករបស់ប្រទេសសិង្ហបុរីដែលមានត្រឹម១១ថ្ងៃប៉ុណ្ណោះ។សម្ដេចបានគូសបញ្ជាក់ថា«​ប្រទេស​កម្ពុជា​ក្រ ប៉ុន្តែ​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើនជាង​ប្រទេស​អ្នកមាន​ដ៏​ទៅ​ប៉ុន្មាន​ដងនោះ​»​។

ដូច្នេះនៅថ្ងៃទី០២សីហា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកការងាររបស់មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០និងប្រកាសឱ្យចាប់អនុវត្តតាំងពីថ្ងៃចុះហត្ថលេខានោះ។

ដោយគិតចាប់ពីថ្ងៃចេញផ្សាយជាសាធារណៈរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីកម្ពុជា ក៏ចាប់មានមតិសាធារណជន ខ្លះ គាំទ្រ ខ្លះរិះគន់និង ខ្លះទៀតសំណូមពរផ្សេងៗគ្នា។

ដោយចាប់ផ្ដើមពីអ្នកវិភាគសង្គមចំណាស់មួយរូប គឺលោក ឡៅម៉ុងហៃ  លោកថាការលុបចោលថ្ងៃឈប់សម្រាក ៦ថ្ងៃ នៅឆ្នាំ២០២០គឺជារឿងអយុត្តិធម៌។លោកសរសេរមានន័យដើមទាំងស្រុងថា ការលុបចោលថ្ងៃឈប់សម្រាក៦ថ្ងៃនៅឆ្នាំ២០២០គឺជារឿងអយុត្តិធម៌ ដល់និយោជិតនិងកម្មករដែលត្រូវធ្វើការនៅថ្ងៃទាំងនេះ ដើម្បីជួយកាត់បន្ថយតម្លៃទំនិញផលិតក្នុងស្រុក សម្រាប់ប៉ះប៉ញវទៅនឹងពន្ធបន្ថែម បើអស់EBA ។

លោកបន្ដរៀបរាប់ថាដើម្បីយុត្តិធម៌គេត្រូវបញ្ចូលថ្ងៃឈប់សម្រាកដែលទៅជាថ្ងៃធ្វើការទាំងនោះ ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតនិងកម្មករម្នាក់ៗទៅវិញ ។ គឺគេអាចយកថ្ងៃណាមួយក៏បាន ដើម្បីឈប់សម្រាកតាមការជ្រើសរបស់គេ ។

ដោយឡែក លោក វនពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រើសិទ្ធិបញ្ចេញមតិរិះគន់ថា  «លុបចោលបុណ្យទិវាសិទ្ធិមនុស្ស១០ធ្នូនិងលុបចោលបុណ្យ២៣តុលា!ដូចលុបគឺមិនគោរពសិទ្ធិមនុស្សនិងលុបសម្មិទ្ធផលក្រោយ២៣តុលាឆ្នាំ១៩៩១ដែរ!»

ស្រដៀងនឹងលោកវន ពៅនេះដែរ គឺ អ្នកគាំពារសិទ្ធិមនុស្សមួយរូបទៀត គឺ លោកស ម៉ូរ៉ា ជាប្រធានសហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជាវាយតម្លៃថា ការដែលកាត់បន្ថយថ្ងៃឈប់សម្រាកឆ្នាំ២០២០នេះគឺជាមិនឱ្យតម្លៃលើការសុវត្ថិភាពសុខភាពកម្មករ ដោយលោកថា«កម្មករស្រុកខ្មែរធ្វើមួយថ្ងៃពី៨ម៉ោងទៅ ១០ម៉ោងយ៉ាងតិច ហើយធ្វើការមួយអាទិត្យ៦ថ្ងៃ ។ឥឡូវនេះរដ្ឋាភិបាលបានកាត់បន្ថយថ្ងៃឈប់សំរាក់ទៀត ប្រហែលជាគេចាត់ទុកកម្មករខ្មែរជាម៉ាស៊ីន ឬគោក្របីហើយមើលទៅបានជាមិនគិតដល់សុខទុក្ខកម្មករសោះចឹង។ មួយវិញទៀត២៣តុលា និងសិទ្ធិមនុស្សលែងសំខាន់ហើយបានជាគេលុបចោល….។»

រាប់ថាជាមតិរិះគន់មួយផងដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគបញ្ហាសង្គមវ័យក្មេងបានសរសេរបង្ហោះលើបណ្ដាញសង្គមផងដែរដោយស្នើឱ្យមានការពិចារណាអំពីទិវាទាក់ទងទៅនឹងសិទ្ធិ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដដែលថា «👉មានទិវានារីអន្តរជាតិ តែអត់ទិវាសិទ្ធិមនុស្សអន្តរជាតិ ។មានថ្ងៃ ៧ មករា មានបុណ្យឯករាជ្យជាតិ តែអត់មានកិច្ចព្រមព្រៀងទីក្រុងបារីស ។ទិវាខ្លះពិតជាសំខាន់តែគ្រាន់តែអត់បានបម្រើរនយោបាយបុគ្គលខ្លះ ក៏អត់ដាក់គ្នាចូលជាថ្ងៃពិសេសដែរ ។សូម្បីតែថ្ងៃសម្រាកក៏ទទួលរងនូវ ភាពអយុត្តិធម៌ដែរ ។»

ទាក់ទង​ថ្ងៃ​ឈប់សម្រាក​ច្រើន​នេះ អ្នកវិនិយោគ និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ក៏​ធ្លាប់​រអ៊ូរទាំ​ពី​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​កន្លងមក​ដែរ​។ ការឈប់​សម្រាក​ច្រើន វា​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ និង​ស្ទះ ដែល​ធ្វើ​ឲ្យ​ការផលិត​មានការ​ចំណាយ​ខ្ពស់ ហើយ​ពិបាក​នឹង​ប្រកួតប្រជែង​។ 

​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ ក៏​មើលឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះដែរ​។ 

តាមរយៈ​ការ​គណនា​បែប​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ ធ្លាប់បាន​ព្យាករតាំងពីការប្រកាសលើកដំបូងរបស់សម្ដេចថាគ្រោងនឹងកាត់បន្ថយថ្ងៃឈប់សម្រាកដោយ​ថា កម្ពុជា នឹង​កើន​ចំណូល​ថវិកាជាតិ​យ៉ាងតិច ១៥០​លាន​ដុល្លារ​អាមេរិក បើសិនជា​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​ថ្ងៃ​បុណ្យជាតិ​មិន​សំខាន់​ចំនួន ៧ ថ្ងៃ ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បច្ចុប្បន្ននេះ​។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលទិវានិងបុណ្យជាតិចំនួន ៧ថ្ងៃ តែត្រូវបានថែម ១ថ្ងៃមកវិញ ដូចខាងក្រោមពោលគឺ ថ្ងៃមាឃបូជា ១ថ្ងៃ ថ្ងៃចងចាំ ១ថ្ងៃ ថ្ងៃចូលឆ្នាំខ្មែរ ថែម ១ថ្ងៃ ១៣ មេសា  ថ្ងៃចម្រើនព្រះជន្ម ២ថ្ងៃ ថ្ងៃសិទ្ធិកុមារ ១ថ្ងៃ ថ្ងៃ២៣ តុលា ១ថ្ងៃ និង ថ្ងៃសិទ្ធិមនុស្ស ១០ធ្នូ ១ថ្ងៃ។

បើតាមប្រភពគេហទំព័រ World Atlas ចេញផ្សាយនៅឆ្នាំ២០១៨ថាតើប្រទេសអាស៊ី ណាដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេក្នុងមួយឆ្នាំៗ។គេហទំព័រនេះបានគូសសម្គាល់ថា កម្ពុជារីករាយនឹងថ្ងៃឈប់សម្រាកជាច្រើនខណៈ សិង្ហបុរីមានថ្ងៃឈប់សម្រាកតិចបំផុត ស្របពេលដែលសិង្ហបុរីជាប្រទេសដែលមាន ទំហំសេដ្ឋកិច្ចដោយផ្អែកលើGDPលំដាប់ទី៤ក្នុងសមាគមASEANអំឡុងពេលដែលលេខលំដាប់ទី១ជារឿយៗកាន់កាប់ដោយប្រទេសឥណ្ឌូនេស៊ីព្រោះកត្តាកម្លាំងពលកម្មច្រើន។

ជារួម គេមើលឃើញថា គោលបំណងមួយនៃការកាត់បន្ថយ ថ្ងៃឈប់សម្រាករបស់រដ្ឋាភិបាលគឺលើកកម្ពស់ម៉ាក្រូសេដ្ឋកិច្ចរបស់ជាតិ ខណៈក្រុមអ្នកគាំពារសិទ្ធិមនុស្សព្រួយបារម្ភអំពីសិទ្ធិសំរាកលំហែពីការងារ របស់និយោជិត និង ចំណុចដែលរដ្ឋាភិបាលមិនប្រមូលផ្ដុំសិទ្ធិនារី និង​សិទ្ធិកុមារចាត់ទុកថាជាសិទ្ធិមនុស្សតែមួយ ស្របនឹងក្រុមអ្នកវិភាគបញ្ហាសង្គម មើលឃើញអំពីរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាពន្លេចតែព្រឹត្តិការណ៍ជាផលប្រយោជន៍ខ្លួន៕

Share

Image
Image
Image