សុភាសិតសង្គ្រាមមួយតែងលើកឡើងថា ស្គាល់សត្រូវ ១០០ដង នោះនឹងច្បាំងឈ្នះសត្រូវទាំង ១០០ដង។
ចំណុចនេះ គេចង់អប់រំឲ្យមនុស្សស្គាល់ចំណុចខ្លាំង ចំណុចខ្សោយ និងស្គាល់ពីតម្រូវការចាំបាច់របស់សត្រូវ ទើបអាចរៀបចំយុទ្ធសាស្ត្រច្បាំង ស្របតាមកាលៈទេសៈបានជោគជ័យ។
រំឭកឡើងវិញក្នុងសង្គមខ្មែរចាញ់ល្បិចសៀមបាចប្រាក់ដួង
តាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា សម័យលង្វែកជាសម័យថ្កុំថ្កើងបន្ទាប់ពីសម័យអង្គរ។ ក្រោយពេលព្រះអង្គចន្ទរាជាសោយទិវង្គតនៅឆ្នាំ ១៥៦៦ ដរាបតមកការបែកបាក់ផ្ទៃក្នុង រាស្ត្រជួបគ្រោះទុរភិក្ស ធ្វើឲ្យខ្មែរចាប់ផ្ដើមថមថយឥទ្ធិពលជាបន្តបន្ទាប់។
សៀមព្យាយាមវាយសង្គ្រប់លើខ្មែរ រហូតបន្ទាយលង្វែកបានរលំរលាយនៅឆ្នាំ ១៥៩៤។ មានមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននោះគឺ ក្រោយពេលសៀមព្យាយាមវាយបន្ទាយលង្វែកជាច្រើនខែមិនបានជោគជ័យ អាចសៀមដឹងចំណុចខ្សោយប្រជាជននៅក្រៅបន្ទាយលង្វែក ដែលរស់នៅក្រីក្រ ដូច្នេះសៀមបានបាញ់ប្រាក់ដួងជាច្រើន ចូលទៅក្នុងគុម្ពឫស្សី។
ទីបំផុត ប្រាក់ដួងពិតជាមានឥទ្ធិពលធ្វើឲ្យកំពែងគុម្ពឫស្សីដ៏ក្រាស់ឃ្មឹកការពារក្រុងលង្វែក រលំរលាយបាន គឺប្រជាជនខ្មែរកាប់ឆ្ការគុម្ពឫស្សីដើម្បីយកប្រាក់ដួងដែលនៅរាយប៉ាយទីនោះ។
មិនយូរប៉ុន្មាន សៀមបានលើកទ័ពមកម្ដងទៀត វាយបំបែកក្រុងបន្ទាយលង្វែក ចាប់យកស្ដេចខ្មែរ អ្នកប្រាជ្ញ បណ្ឌិត ក្បួនសាស្ត្រ និងរបស់មានតម្លៃរបស់ជាតិជាច្រើនផ្សេងទៀត។ ការវិនាសហិនហោចនេះ វាជាប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើងដោយសារភាពលោភលន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនខ្មែរខ្លួនឯង ដែលគិតផលប្រយោជន៍ចំពោះមុខជាធំ។
ប្រាក់ដុល្លារក៏ធ្វើឱ្យខ្មែរឈ្លក់វង្វែងជាតិដែរ នាសម័យនេះ
មេរៀនមហន្តរាយ ដ៏សោកសៅនេះបានដិតដាម តាមលងព្រលឹងកុលបុត្រខ្មែរគ្រប់គ្នាមកដល់បច្ចុប្បន្ន។
ក្រោយឆ្នាំ១៩៧៩ នៃការបញ្ចប់របបខ្មែរក្រហម កម្ពុជាបានបញ្ចប់រូបភាពសង្គ្រាមស៊ីសាច់ហុតឈាម និងកាន់តែប្រសើរមកដល់បច្ចុប្បន្ន។ តែ នេះគ្រាន់តែ ល្បិចថ្មី ប៉ុណ្ណោះ។ «ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ» ជាពាក្យសុភាសិតខ្មែរមួយទៀត ដែលដាស់តឿនឲ្យកូនខ្មែរចេះប្រុងប្រយ័ត្ន កុំទុកចិត្តភាពស្ងប់ស្ងាត់នោះថាវាពិតជាសន្តិភាព គ្មានសង្រាមកើតឡើង។ រាជសម្ភាទ្រង់បានផ្ដាំផ្ញើកូនចៅខ្មែរថា កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ត្រម៍ កុំទុកចិត្តអភិប្រាយ ថា សម័យនេះគ្មានប្រាក់ដួងទៀតទេ ប៉ុន្តែយុទ្ធសាស្ត្រប្រាក់ដួង មិនប្រាកដថាអត់នោះឡើយ។ យើងមើលឃើញថា គេប្រើប្រាក់ដុល្លារជំនួសប្រាក់ដួងវិញម្ដង។
ប្រាក់ដួងបាចចូលគុម្ពឫស្សី រលាយកំពែង បន្ទាយលង្វែក តែប្រាក់ដុល្លារគេបាចចូលហោប៉ៅបញ្ឈររបស់អ្នកមានឥទ្ធិពល និងប្រជាជនខ្មែរ គឺរលាយព្រៃ ធនធានធម្មជាតិ និងធ្វើឲ្យផ្លាស់ប្ដូរការសម្រេចផ្សេងៗ សទៅខ្មៅ ខ្មៅទៅសបាន។
ជនបរទេសចំណាយប្រាក់ដុល្លារដើម្បីបានសិទិ្ធប្រាស់ប្រាស់ប័ណ្ណសម្គាល់ជាពលរដ្ឋខ្មែរ
សូមលើកយកតែជ្រុងតួចមួយនៃឥទ្ធិពលប្រាក់ដុល្លារ ធ្វើឲ្យមន្ត្រីអត្រានុកូលដ្ឋាន បំពេញការងារផ្ទុយនឹងច្បាប់ស្ដីពីការចូលសញ្ជាតិ។
មានជនបរទេសមួយចំនួនចូលមករស់នៅជាជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែគេអាចចំណាយប្រាក់ដុល្លារ ដើម្បីអាចទទួលបានឯកសារគ្រប់ គ្រាន់បញ្ជាក់ថាគេមានសញ្ជាតិខ្មែរ និងអាចរស់នៅស្របច្បាប់ មានសិទ្ធិដូចពលរដ្ឋខ្មែរទូទៅដែរ ពិសេសសិទ្ធិនយោបាយ។ តាមការស្រាវជ្រាវមួយ ទោះជាមិនច្បាស់ការក៏ប្រភពដែលសុំលាក់ឈ្មោះនេះ បង្ហើបថា ជនបរទេសក្នុងមួយគ្រួសារមាន៥នាក់ គេអាចចំណាយ៣០០ដុល្លារជាការស្រេច ក្នុងការទទួលបាន អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ។
នៅពេលពួកគេមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ គឺ ជនបរទេសទាំងនោះ នឹងមានសិទ្ធិធ្វើសេចក្ដីសម្រេចជោគវាសនាប្រទេសជាតិដោយផ្ទាល់ក្នុងរយៈពេល៥ឆ្នាំម្ដង ពោលគឺចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសរើសតំណាងរាស្ត្រ។
បើជនបរទេសទាំងនោះមានចំនួនកាន់តែច្រើនទទួលបានសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិនេះ វាអាចជាមហិច្ឆតារបស់បរទេសនោះក្នុងការបន្តប្រើប្រាស់ឥទ្ធិពលគាបសង្កត់មកលើអ្នកនយោបាយកម្ពុជា ដោយ ក្រឡុកអំណាចនិងសេដ្ឋកិច្ចកម្ពុជាផងដែរ។
អាជ្ញាធរដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្សពួករបស់ខ្លួន នឹងក្លាយជាប្រជាជនដែលកាប់ឆ្ការគុម្ពឫស្សីបន្ទាយក្រុងលង្វែកនៅសម័យទំនើ់បនេះឬ គេលង្វែកទីពីរ។
ដូច្នេះវាជាកំហុសប្រវត្តិសាស្ត្រថ្មី កើតលើរឿងចាស់ ក្រោមរូបមន្តតែមួយ គឺគ្រាន់តែមួយបាចប្រាក់ឌួង មួយបាចប្រាក់ដុល្លារតែប៉ុណ្ណោះ។ ពាក្យចេញពីបបូរមាត់មនុស្សគ្រប់មជ្ឈដ្ឋាន គឺពិតជាមិនចង់ឲ្យបរទេសមានឥទ្ធិពលមកលើខ្លួន យើងចង់បានឯករាជ្យពេញបរិបូរណ៍គ្រប់វិស័យ យើងមិនចង់ឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពក្រុងលង្វែកម្ដងទៀតនោះទេ។
តើខ្មែរគប្បីធ្វើដូចម្ដេច?
មានមធ្យោបាយមួយចំនួន ពោលគឺបញ្ឈប់ឥទ្ធិពលការបាចប្រាក់ដុល្លារ និងឥទ្ធិពលផ្សេងទៀត ៖
ទី១ : មន្ត្រីមានឥទ្ធិពល មិនត្រូវប្រើ និងឈប់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការបង្គាប់បញ្ជាមន្ត្រីថ្នាក់ក្រោមឲ្យបំពេញការងារ ដែលខុសពីគោល ការណ៍ច្បាប់កំណត់ជាធរមានទាក់ទងនឹងការចេញឯកសារទទួលស្គាល់ជនបរទេសឲ្យរស់នៅកម្ពុជា។
ទី២ : មន្ត្រីអត្រានុកូលដ្ឋានដែលមានសមត្ថកិច្ចចេញលិខិតទទួលស្គាល់ និងអនុញាតឲ្យប្រជាជនរស់នៅស្របច្បាប់ មិនត្រូវចេញឲ្យជនអន្តោ ប្រវេសន៍ខុសច្បាប់ទាំងនោះទេ រឹតតែមិនត្រូវទទួលប្រាក់សំណូក ឬការសន្យាផ្សេងទៀតដែលជាប្រយោជន៍ផ្ទាល់ខ្លួន ជាថ្នូរនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណទាំងនោះទៅទៀត។
ទី៣ : មន្ត្រីអត្រានុកូលដ្ឋានត្រូវមានចំណេះដឹងគ្រប់គ្រាន់អំពីច្បាប់ស្ដីពីការចូលសញ្ជាតិ មិនត្រូវបំពេញតួនាទីទាំងងងឹតងងុលនោះទេ។
ទី៤:ល្អបំផុតបើក្រសួងពាក់ព័ន្ធហ៊ានសើរើចំពោះការផ្ដល់ឯកសារសម្គាល់អត្តសញ្ញាណជនបរទេសកន្លងមក និងដកសិទ្ធិពួកគេ ហើយផ្ដន្ទាទោសតាមច្បាប់ ប្រសិនបើពួកគេមានការឃុបឃិតដើម្បីទទួលបានឯកសារដោយមិនស្របច្បាប់និងអនុវត្តច្បាប់ស្ដីពីការ គ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យមានត្រឹមត្រូវ។។
រហូតមកដល់ពេលនេះគេ ពុំដឹងថា ជនបរទេសនៃប្រទេសណាខ្លះ កំពុងនាំកូននាំចៅមករស់នៅប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលឃើញនឹងភ្នែកគឺ ជន ជាតិវៀតណាមរស់នៅកម្ពុជា គ្រប់ខេត្តក្រុង៕